ថ្នាក់ដឹកនាំសហជីពណាហ្គាវើលដ៍ (NAGA World) ចំនួន ៨នាក់ ត្រូវបានដោះលែងឱ្យនៅក្រៅឃុំបណ្ដោះអាសន្នកាលពីយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ ខណៈសមាជិក ៣នាក់ទៀតនៅក្នុងពន្ធនាគារ បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានដឹកនាំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធកន្លងមក។
ការដោះលែងនេះ បានធ្វើឡើងបន្ទាប់ពីថ្នាក់ដឹកនាំសហជីពក្រុមហ៊ុនណាហ្គាវើលដ៍ទាំង ៨នាក់បានដាក់លិខិតទៅក្រសួងការងារ និងក្រសួងយុត្តិធម៌ ដើម្បីស្នើសុំនៅក្រៅឃុំបណ្ដោះអាសន្ន ក្រោយពីសាលាឧទ្ធរណ៍បានបដិសេធបណ្ដឹងសុំនៅក្រៅឃុំរបស់ពួកគេកាលពីថ្ងៃទី១០ ខែមីនា។
បើតាមលិខិតចំនួន៨ ដាច់ដោយឡែកពីគ្នា តែមានអត្ថន័យដូចៗគ្នា បញ្ជាក់ថា បុគ្គលិក និងកម្មករកំពុងធ្វើកូដកម្មមិនទាន់បានចូលធ្វើការវិញ សូមចូលធ្វើការទាំងអស់គ្នា ដើម្បីការពារផលប្រយោជន៍នៅកន្លែងការងារ និងបង្កបរិយាកាសសម្រាប់ដោះស្រាយវិវាទតាមផ្លូវច្បាប់ ខណៈបុគ្គលិកដែលក្រុមហ៊ុនបញ្ឈប់ពីការងារ សូមសម្រាកនៅផ្ទះ ឬរក្សាភាពស្ងប់ស្ងាត់ ដើម្បីបង្កបរិយាកាសល្អសម្រាប់ការចរចា។
ថ្នាក់ដឹកនាំសហជីពទាំង ៨រូបដែលត្រូវបានដោះលែង ក្នុងនោះមានកញ្ញា ឈឹម ស៊ីថរ អ្នកនាង សុន ស្រីពេជ្រ លោក សុខ ណារិទ្ធ អ្នកស្រី ទូច សិរីមាស អ្នកស្រី រី សុវណ្ណឌី អ្នកស្រី ឃ្លាំង សុបិន្ដ អ្នកស្រី ឈឹម សុខន និងអ្នកស្រី ហៃ សុភាព។
ចំណែកសកម្មជនសហជីពចំនួន ៣នាក់ទៀត ត្រូវបានសមត្ថកិច្ចចាប់ឃុំខ្លួននៅពន្ធនាគារភ្នំពេញ ក្រោមបទចោទថា «ល្មើសបម្រាមសុខាភិបាល» បន្ទាប់ពីធ្វើកូដកម្មអហិង្សាទាមទារឱ្យក្រុមហ៊ុនដោះស្រាយវិវាទការងារ និងដោះលែងថ្នាក់ដឹកនាំពួកគេ។
ថ្នាក់ដឹកនាំសហជីពណាហ្គាវើលដ៍ទាំង ៨នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីខែមករា ឆ្នាំ២០២២ ក្រោមបទចោទប្រកាន់ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។
ចំណែកចំពោះបុគ្គលិកដែលបានចូលរួមធ្វើកូដកម្មកន្លងមក សូមក្រុមហ៊ុនកុំមានគំនុំគុំកួន ឬដាក់ទោសទណ្ឌ ឬបង្ខំធ្វើកិច្ចសន្យាផ្សេងៗទៀត។ ក្នុងលិខិតនោះ ពួកគេក៏បានសន្យាថាមិនតវ៉ាដែលនាំឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គមជាតិឡើយ។
នាយិកាប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) លោកស្រី ចក់ សុភាព បានសរសេរលើទំព័រហ្វេសប៊ុកនៅ នាថ្ងៃទី១៤ ខែមីនា ដោយបង្ហាញក្ដីសង្ឃឹមថា ការដោះលែងថ្នាក់ដឹកនាំសហជីពទាំង ៨រូបនេះជាការវិវឌ្ឍដ៏ប្រសើរក្នុងការស្វែងរកដំណោះស្រាយដល់វិវាទការងារដែលអូសបន្លាយយូរហើយនោះ។
យ៉ាងណាក៏ដោយ ការដោះលែងថ្នាក់ដឹកនាំសហជីពក្រុមហ៊ុនណាហ្គាវើលដ៍ទាំង ៨រូប ធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានដឹកនាំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធកាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ ដើម្បីស្វែងរកដំណោះស្រាយវិវាទនៅក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍។
នៅថ្ងៃទី១៥ មីនា សមាជិកសហជីពក្រុមហ៊ុនណាហ្គាវើលដ៍ប្រមាណ ១០០នាក់បាននាំគ្នាបន្តចេញធ្វើកូដកម្មនៅខាងមុខអគារណាហ្គាវើលដ៍ ដើម្បីទាមទារឱ្យមានដំណោះស្រាយវិវាទការងារ និងដោះលែងសមាជិក ៣នាក់ទៀតដែលមិនទាន់ត្រូវបានដោះលែងពីពន្ធនាគារ។ ប៉ុន្តែការព្យាយាមទៅប្រមូលផ្ដុំមុខក្រុមហ៊ុនរបស់ក្រុមសមាជិកសហជីពនេះ ត្រូវបានអាជ្ញាធររារាំង និងបំបែក ខណៈអាជ្ញាធរបានបញ្ជាឱ្យអ្នកឃ្លាំមើលសិទ្ធិមនុស្សមួយចំនួនបញ្ឈប់ការថតរូប ហើយត្រូវចាកចេញពីទីកន្លែងនោះ។
អាជ្ញាធរបានឃាត់សួរដេញដោល និងបង្ខំឱ្យអ្នកឃ្លាំមើលសិទ្ធិមនុស្សរបស់អង្គការលីកាដូម្នាក់ចាកចេញ ហើយអាជ្ញាធរនៅតែប្រើពាក្យសម្ដីបំពារបំពាន និងរុញច្រានកូដករឱ្យចូលទៅក្នុងឡាន ដើម្បីដឹកពួកគេយកទៅមណ្ឌលចត្តាឡីស័កខណ្ឌព្រែកព្នៅ។
កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ ឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ក៏បានជំរុញទៅអាជ្ញាធរកម្ពុជា ចូលរួមពិភាក្សាដោះស្រាយតាមការទាមទាររបស់កូដករណាហ្គាវើលដ៍តាមផ្លូវច្បាប់ និងបញ្ឈប់ការរារាំង ធ្វើទុក្ខបុកម្នេញកូដករដែលធ្វើកូដកម្មដោយសន្តិវិធី ក្រោមហេតុផលទប់ស្កាត់កូវីដ-១៩ បន្តទៀត ខណៈឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា ក៏បានអំពាវនាវជាថ្មីឱ្យភាគីពាក់ព័ន្ធវិលចូលតុចរចាក្នុងការដោះស្រាយបញ្ចប់វិវាទការងារនៅក្រុមហ៊ុនមួយនេះ៕