35 C
Phnom Penh

កង​ស្វ័យ​ការពារ​ជើងទឹក​ជប៉ុន​ទស្សនកិច្ច​កម្ពុជា​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​កាន់តែ​មាន​ភាព​ជិតស្និទ្ធ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា អះអាង​ថា ការ​បំពេញ​ទស្សនកិច្ច​របស់​កង​ស្វ័យ​ការពារ​ជើងទឹក​ជប៉ុន គឺ​បង្ហាញ​ពី​ការ​ពង្រឹង​នូវ​កិច្ចសហប្រតិបត្តិការ​រវាង​កងទ័ព​ជើងទឹក​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​មាន​ភាព​ជិតស្និទ្ធ និង​រីកចម្រើន​បន្ថែម​ទៀត។

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា លោក ទៀ បាញ់ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០២២ ថា ក្រសួង​ការពារ​ជាតិ​កម្ពុជា​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​កង​ស្វ័យ​ការពារ​ជើងទឹក​ជប៉ុន ដែល​បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​នៅ​ពេលនេះ ហើយ​ក៏​ជា​ការ​រួម​អបអរ​សាទរ​ខួប​លើក​ទី​៣០ ដែល​កង​ស្វ័យ​ការពារ​ជប៉ុន​បាន​មក​បំពេញ​បេសកកម្ម​រក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ​នៅ​កម្ពុជា​លើកដំបូង​ផង​ដែរ។

លោក ទៀ បាញ់ អះអាង​ថា កង​ស្វ័យ​ការពារ​ជើងទឹក​របស់​ជប៉ុន នឹង​បង្កើន​ចំនួន​នាវា​កងទ័ព​ស្វ័យ​ការពារ​ជើងទឹក​ចូល​ចត​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​កាន់តែ​ច្រើន ដើម្បី​ហ្វឹកហ្វឺន​រួមគ្នា​ក្នុង​ការ​លើក​កម្ពស់​សមត្ថភាព​លើ​ជំនាញ​ជួយ​សង្គ្រោះ​គ្រោះ​មហន្តរាយ ប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម និង​វិស័យ​មនុស្សធម៌ ជាដើម។

កង​ស្វ័យ​ការពារ​ជើងទឹក​ជប៉ុន បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈពេល ២​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០២២ តាម​នាវា​ការពារ​ជើងទឹក​ចំនួន​ពីរ​គ្រឿង ដែល​មាន​ឈ្មោះ​ថា JS URAGA និង JS HIRADO ដែល​បាន​ចូល​ចត​នៅ​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ ដើម្បី​អបអរ​សាទរ​ខួប​លើក​ទី​៣០​ឆ្នាំ​នៃ​ការ​បញ្ជូន​កម្លាំង​រក្សា​សន្តិភាព​ជប៉ុន​ទៅ​កម្ពុជា​កាលពី​ពេល​កន្លងទៅ។

កាលពី​ថ្ងៃ​ទី​១៤ ខែ​មីនា ឆ្នាំ​២០២២ ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ថា រដ្ឋាភិបាល​ជប៉ុន​សង្ឃឹម​យ៉ាង​មុតមាំ​ថា ការ​ធ្វើ​ទស្សនកិច្ច​របស់​នាវា​កងកម្លាំង​ស្វ័យ​ការពារ​ជើងទឹក​ជប៉ុន ក្នុង​ខួប​លើក​ទី​៣០ នៃ​ការ​បញ្ជូន​កង​រក្សា​សន្តិភាព​របស់​ជប៉ុន មក​បំពេញ​បេសកកម្ម​នៅ​កម្ពុជា នឹង​ជួយ​ជំរុញ​ការ​អភិវឌ្ឍ​នូវ​ទំនាក់ទំនង​ក្នុង​វិស័យ​សហប្រតិបត្តិការ​ការពារ​ជាតិ​រវាង​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​រឹងមាំ​បន្ថែម​ទៀត។

ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១៥ មីនា ដោយ​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​រក្សា​ជំហរ​អព្យាក្រឹត​របស់​ខ្លួន​ឱ្យ​បាន​ល្អ​ប្រសើរ ចៀសវាង​ការ​ងាក​ជ្រុល​ទៅ​ប្រទេស​ណា​មួយ ដែល​នាំ​ឱ្យ​មាន​វិបត្តិ​នយោបាយ​ការទូត​របស់​ខ្លួន​កាន់តែ​ធ្ងន់ធ្ងរ ដែល​នឹង​បង្ក​ឱ្យ​ខូច​ប្រយោជន៍​កម្ពុជា​កាន់តែ​ខ្លាំង​ទៅ​ថ្ងៃ​មុខ។

ចាប់ពី​ឆ្នាំ​២០១៨ រហូត​ដល់​ឆ្នាំ​២០២២ នេះ កង​ស្វ័យ​ការពារ​ជើងទឹក​ជប៉ុន បាន​ចូល​ចត​ទស្សនកិច្ច​នៅ​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ ចំនួន ៩​លើក​ហើយ ដែល​មាន​នាវា​សរុប​ចំនួន ២៤​គ្រឿង និង​ធ្វើការ​ហ្វឹកហ្វឺន​រួមគ្នា​សំដៅ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ដើម្បី​លើក​កម្ពស់​សមត្ថភាព​កងទ័ព​ជើងទឹក​នៃ​ប្រទេស​ទាំង​ពីរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស