អ្នកឃ្លាំមើលចាត់ទុកកិច្ចសហប្រតិបត្តិការលើការគ្រប់គ្រងពាណិជ្ជកម្មអាវុធមហាប្រល័យជាមួយអាមេរិក បង្ហាញពីនយោបាយការទូតរបស់កម្ពុជា ល្អជាងមុនចំពោះអាមេរិក ដែលមិនផ្កាប់មុខទៅលើសម្ពន្ធមិត្តណាមួយដូចពេលកន្លងមក។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២ តុលា នេះថា ការសម្រេចចិត្តក្នុងកិច្ចសហការលើការគ្រប់គ្រងពាណិជ្ជកម្មអាវុធមហាប្រល័យ គឺជាដំណើរដ៏ត្រឹមត្រូវរបស់កម្ពុជា ក្នុងការចូលរួមទប់ស្កាត់ការជួញដូរអាវុធខុសច្បាប់ និងទប់ស្កាត់ការផលិតអាវុធមហាប្រល័យផងដែរ។
លោក ម៉ែន ណាត លើកឡើងថា កិច្ចសហការនេះក៏អាចធានាការពារកម្ពុជា ពីការប្រើប្រាស់អាវុធនានាចំពោះការឈ្លានពានរបស់ប្រទេសជិតខាងទៅថ្ងៃមុខដែរ។ ជាក់ស្តែង ដូចជា ប្រទេសថៃ ដែលបានប្រើយន្តហោះចម្បាំង F-16 របស់អាមេរិក មកលើទឹកដីកម្ពុជា ក្នុងសង្គ្រាម ៥ថ្ងៃ កាលពីចុងខែកក្កដា កន្លងទៅ ជាដើម។
លោកជំរុញឱ្យរដ្ឋាភិបាលកម្ពុជា កសាងវិស័យយោធា សេដ្ឋកិច្ច និងវិស័យការទូតជាមួយអាមេរិកឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ដូចជា ការចាត់វិធានការច្បាប់លើក្រុមឧក្រិដ្ឋជនដែលពាក់ព័ន្ធនឹងមន្ត្រីរបស់ខ្លួន ព្រោះថាការអនុវត្តវិធានការច្បាប់ទាំងនេះឱ្យបានល្អ ក៏ជាចំណែកមួយដ៏ធំសម្រាប់ការកសាងទំនុកចិត្តជាមួយអាមេរិកក្នុងការការពារកម្ពុជា។
កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ស្ថានទូតអាមេរិក បានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួនថា សហរដ្ឋអាមេរិក និងកម្ពុជា បានឯកភាពគ្នាលើកិច្ចសហការជំរុញយុទ្ធសាស្ត្រគ្រប់គ្រងពាណិជ្ជកម្មអាវុធមហាប្រល័យ ដើម្បីបង្កើនការការពារសន្តិសុខនៅតាមបន្ទាត់ព្រំដែនរបស់កម្ពុជា។
ស្ថានទូតអាមេរិក បញ្ជាក់ថា គំនិតផ្ដួចផ្ដើមនេះ ក៏នឹងរួមចំណែកដល់ការជំរុញកំណើនសេដ្ឋកិច្ច ដើម្បីធ្វើឱ្យប្រទេសទាំងពីរកាន់តែមានសុខសុវត្ថិភាពខាងផ្នែកផ្លាស់ប្ដូរពាណិជ្ជកម្មទំនិញអាវុធមហាប្រល័យរវាងប្រទេសទាំងពីរផងដែរ។
ជុំវិញបញ្ហានេះ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ រដ្ឋសភាកម្ពុជា បានអនុម័តលើសេចក្តីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងបន្ថែមលើសន្ធិសញ្ញាស្ដីពីតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ ដើម្បីលើកកម្ពស់សន្តិភាព សន្តិសុខតំបន់ និងសកលលោក ដែលច្បាប់នេះនឹងក្លាយជាឧបករណ៍នាំឱ្យតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ និងគ្មានអាវុធប្រល័យលោក៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

