31 C
Phnom Penh

លោក ស ខេង អះអាង​ថា​ឃាតកម្ម​កន្លង​មក​កំពុង​ស្ថិត​ក្នុង​ការ​ស្រាវជ្រាវ​របស់​សមត្ថកិច្ច

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ អះអាង​ថា ករណី​ឃាតកម្ម​មួយ​ចំនួន​ដែល​បាន​កើតឡើង​នា​ពេល​កន្លងមក កំពុង​ស្ថិត​ក្នុង​ការ​តាមដាន​ស្រាវជ្រាវ​របស់​សមត្ថកិច្ច។

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង អះអាង​ទៅកាន់​អ្នក​រាយការណ៍​ពិសេស​ទទួល​បន្ទុក​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​របស់​អង្គការ​សហប្រជាជាតិ លោក Vitit Muntarbhorn តាម​ប្រព័ន្ធ​វីដេអូ​សន្និសីទ​កាលពី​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០២២ ថា ចំពោះ​ករណី​ឃាតកម្ម​ដែល​បាន​កើតឡើង​នៅ​កម្ពុជា​មួយ​ចំនួន អាជ្ញាធរ​មាន​សមត្ថកិច្ច​កំពុង​បន្ត​នីតិវិធី​ស្រាវជ្រាវ​នៅឡើយ។

លោក​បញ្ជាក់​ថា ឃាតកម្ម​ដែល​បាន​កើតឡើង​នៅ​កម្ពុជា​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​នោះ មាន​មួយ​ចំនួន​ត្រូវ​បាន​ស្ថាប័ន​តុលាការ​កម្ពុជា​ធ្វើការ​សម្រេច​រួចរាល់​ហើយ ប៉ុន្តែ​ក្នុង​ចំណោម​រឿង​ទាំងនោះ ករណី​ខ្លះ​កំពុង​ស្ថិត​ក្នុង​ការ​ស៊ើបអង្កេត​របស់​អាជ្ញាធរ និង​ករណី​ខ្លះ​ទៀត​កំពុង​ដំណើរ​តាម​នីតិវិធី​របស់​តុលាការ​តាម​លំដាប់លំដោយ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​រិះគន់​ជាបន្តបន្ទាប់​នូវ​ការ​ទទួល​ខុសត្រូវ​របស់​រដ្ឋាភិបាល​កម្ពុជា ដែល​មិន​អាច​ស្វែងរក​ឃាតក​ពិត​មក​ផ្ដន្ទាទោស​តាម​ច្បាប់​ចំពោះ​ករណី​ឃាតកម្ម​ទាំងនោះ។

កាលពី​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០២២ កន្លងទៅ អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា លោក Vitit Muntarbhorn បាន​ផ្ញើ​របាយការណ៍​មួយ​ស្ដីពី​ការ​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​ច្បាប់​នៅ​កម្ពុជា ទៅកាន់​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​របស់​រដ្ឋាភិបាល​កម្ពុជា​ប្រចាំ​ទីក្រុង​ហ្សឺណែវ ថា​ពួកគេ​មាន​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​អំពី​ការ​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​ច្បាប់​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ។

អ្នក​រាយការណ៍​ពិសេស​រូប​នេះ​បាន​ចាត់ទុក​ថា ការ​បរាជ័យ​ក្នុង​ការ​ស៊ើបអង្កេត​លើ​ការ​សម្លាប់​ជីវិត​មនុស្ស​ក្រៅ​ប្រព័ន្ធ​ច្បាប់​នៅ​កម្ពុជា ហើយ​រក​មុខ​ឃាតក​មិន​ឃើញ​ពី​សំណាក់​រដ្ឋាភិបាល គឺជា​ការ​រំលោភ​បំពាន​លើ​សិទ្ធិ​រស់រាន​មាន​ជីវិត​របស់​ពលរដ្ឋ​ខ្មែរ​យ៉ាង​ធ្ងន់ធ្ងរ។

ចាប់តាំង​ពី​ឆ្នាំ​១៩៨៥ ដែល​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ត្រូវ​បាន​រដ្ឋាភិបាល​វៀតណាម​លើក​បន្តុប​ឲ្យ​ដឹកនាំ​កម្ពុជា ត្រូវ​គេ​មើល​ឃើញ​ថា កម្ពុជា​កើត​មាន​អំពើ​ឃាតកម្ម​ក្រៅ​ប្រព័ន្ធ​ច្បាប់​រាប់​មិន​អស់។

លោក ហ៊ុន សែន ក៏​ត្រូវ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ Human Rights Watch អះអាង​ថា បាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ឃាតកម្ម​ទាំងនោះ​យ៉ាង​ជ្រៅ​ផង​ដែរ ជាពិសេស​ឃាតកម្ម​ខ្លះ​ក៏​ត្រូវ​គេ​ចោទ​ថា​មាន​ជាប់​ពាក់ព័ន្ធ​នឹង​សាច់ញាតិ ដូចជា​ភរិយា និង​កូនៗ​របស់​គាត់​ថែមទៀត។

ក្រោម​ការ​ដឹកនាំ​ជាង ៤០​ឆ្នាំ​របស់​លោក ហ៊ុន សែន បាន​រីក​ធំធាត់​នូវ​អំពើ​ឃាតកម្ម​ធំៗ​ក្រៅ​ប្រព័ន្ធ​ច្បាប់​យ៉ាង​ច្រើន រួម​មាន៖

  • ការ​សម្លាប់​តារា​របាំ​ព្រះ​រាជ្យទ្រព្យ​ក្នុង​ទសវត្ស​ទី​៩០ អ្នកស្រី ពិសិដ្ឋ ពីលីកា នៅ​ខែ​កក្កដា ឆ្នាំ​១៩៩៩។
  • ការ​សម្លាប់​អតីត​ប្រធាន​សហជីព​សេរី​កម្មករ​កម្ពុជា លោក ជា វិជ្ជា នៅ​ឆ្នាំ​២០០៤។
  • ការ​បាញ់​ប្រហារ​ទៅលើ​ព្រះ​ភិក្ខុ សំ ប៊ុនធឿន ក្នុង​ឆ្នាំ​២០០៣។
  • ឃាតកម្ម​លើ​ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ លោក ឈុត វុទ្ធី នៅ​ក្នុង​ឆ្នាំ​២០១២។
  • នៅ​ខែ​តុលា ឆ្នាំ​២០១៦ ឃាតកម្ម​ក្រៅ​ប្រព័ន្ធ​ច្បាប់​នេះ​បាន​ផ្តាច់​ជីវិត​អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត កែម ឡី។

ប្រធាន​គណបក្ស​ពលរដ្ឋ​ខ្មែរ លោក ងួន សឿរ ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​កាលពី​ថ្ងៃ​ទី​២៥ ខែ​មករា ថា លោក ហ៊ុន សែន គឺជា​មេខ្លោង​បង្កើត​ឲ្យ​មាន​ឧក្រិដ្ឋកម្ម​នយោបាយ​ជាច្រើន​នៅ​កម្ពុជា។ លោក​ថា​មូលហេតុ​ដែល​លោក​ដឹង​រឿងរ៉ាវ​ឧក្រិដ្ឋកម្ម​នយោបាយ​បែប​នេះ ព្រោះ​លោក​ធ្លាប់​ធ្វើជា​អគ្គនាយករង​នគរបាល​ជាតិ​ពី​កូតា​គណបក្ស​ហ៊្វុនស៊ិនប៉ិច​នៃ​រដ្ឋាភិបាល​ចម្រុះ ដែល​បង្កើត​ឡើង​ក្រោយ​ការ​បោះឆ្នោត​រៀបចំ​ដោយ​អ៊ុនតាក់ (UNTAC) កាលពី​ឆ្នាំ​១៩៩៣។

ជុំវិញ​ការ​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​ច្បាប់​នេះ កាលពី​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ អតីត​កម្មាភិបាល​ខ្មែរក្រហម លោក ហ៊ុន សែន បាន​អះអាង​ក្នុង​ពិធី​មួយ​នៅ​មជ្ឈមណ្ឌល​កោះពេជ្រ​ក្នុង​ទីក្រុង​ភ្នំពេញ​ថា លោក​ពិតជា​មាន​ការ​សោកស្តាយ​ខ្លាំង​ណាស់​ដែល​លោក​មិន​បាន​សម្លាប់​ក្រុម​អ្នក​ប្រឆាំង ដែល​មាន​ផែនការ​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់​លោក​កាលពី​ឆ្នាំ​២០១៣។

ជុំវិញ​បញ្ហា​នេះ កាលពី​ឆ្នាំ​២០១៩ នាយក​អង្គការ​លើកលែង​ទោស​អន្តរជាតិ ប្រចាំ​តំបន់​អាស៊ី លោក Nicholas Bequelin រិះគន់​ថា ភាព​ព្រងើយកន្តើយ​របស់​អាជ្ញាធរ​កម្ពុជា អាច​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​មាន​ចេតនា​ដើម្បី​ការពារ​មេខ្លោង​នៃ​ឃាតកម្ម​ប៉ុណ្ណោះ។ លោក​បន្ត​ថា សកម្មជន​សង្គម​ដ៏​ក្លាហាន​ដែល​តែងតែ​ជួយ​សង្គម​ជាតិ​កម្ពុជា សម​នឹង​ទទួល​បាន​យុត្តិធម៌​ពី​រដ្ឋាភិបាល​របស់​ខ្លួន​ដោយ​ពិតប្រាកដ មិនមែន​ការ​មិន​អើពើ​ដោយ​ឥត​អៀនខ្មាស​ដូច​ដែល​រដ្ឋាភិបាល​ខ្មែរ​ធ្វើ​នា​ពេល​កន្លងមក​បែប​នេះ​ទេ។

របាយការណ៍​ស្ដីពី​នីតិរដ្ឋ​ឆ្នាំ​២០២១ នៃ​គម្រោង​យុត្តិធម៌​ពិភពលោក (The World Justice Project) បាន​រក​ឃើញ​ថា កម្ពុជា​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​ទី​១៣៨ ក្នុង​ចំណោម​ប្រទេស​១៣៩ ដោយសារតែ​ការ​ដឹកនាំ​គ្មាន​តម្លាភាព មាន​ការ​គំរាមកំហែង​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ និង​ការ​មិន​ធានា​បាន​នូវ​ប្រព័ន្ធ​យុត្តិធម៌​របស់​ខ្លួន ជាដើម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស