មន្ត្រីជាន់ខ្ពស់នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បង្ហាញការគាំទ្រចំពោះចំណាត់ការរបស់អាជ្ញាធរថៃ ដែលបានបញ្ជូនមន្ត្រី និងនាវាកងទ័ពជើងទឹករបស់ខ្លួនមកកាន់ប្រទេសកម្ពុជា ដើម្បីប្រមូលជនជាតិថៃ ចំនួន ៣០០០នាក់ចេញពីទីតាំងដែលបម្រើការនៅក្រុមប្រតិបត្តិការឆបោកតាមប្រព័ន្ធអនឡាញនានានៅកម្ពុជាឱ្យត្រឡប់ទៅប្រទេសថៃវិញ។
បើតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post កាលពីថ្ងៃទី២៧ ខែមីនា អគ្គស្នងការនគរបាលជាតិថៃ លោក សុរាជិត ហាក់ផន (Surachate Hakparn) បានឱ្យដឹងថា អាជ្ញាធររបស់ខ្លួននឹងធ្វើដំណើរមកកាន់ប្រទេសកម្ពុជានៅថ្ងៃទី២ ខែមេសា ខាងមុខនេះ ដើម្បីជួយសង្គ្រោះ និងបញ្ជូនជនជាតិថៃ ចន្លោះពី ២៨០០នាក់ទៅ ៣០០០នាក់ ចេញពីទីតាំងប្រតិបត្តិការឆបោកខុសច្បាប់នៅកម្ពុជា។
សារព័ត៌មានដដែលឲ្យដឹងថា អគ្គស្នងការនគរបាលជាតិថៃ លោក សុរាជិត ហាក់ផន នឹងដឹកនាំនគរបាលជាន់ខ្ពស់មួយក្រុមទៅកាន់ទីក្រុងភ្នំពេញ និងទីប្រជុំជនផ្សេងទៀត ខណៈដែលកងទ័ពជើងទឹកថៃ នឹងរៀបចំនាវាមួយគ្រឿងដើម្បីជួយបញ្ជូនពលរដ្ឋរបស់ខ្លួនត្រឡប់ទៅកាន់ប្រទេសថៃវិញ។
អាជ្ញាធរថៃរូបនេះអះអាងថា ជនជាតិថៃនានានឹងត្រូវជួយសង្គ្រោះចេញពីទីតាំងនៃប្រតិបត្តិការឆបោកខុសច្បាប់ទាំងឡាយដែលត្រូវបានរកឃើញក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ហើយពួកគេទាំងអស់នោះក៏នឹងត្រូវសាកសួរបន្ថែមទៀតក្នុងប្រទេសថៃ ដើម្បីសម្រេចថាតើពួកគេនឹងត្រូវទទួលរងនូវវិធានការផ្លូវច្បាប់ ឬយ៉ាងណា។
វិធានការរបស់អាជ្ញាធរថៃនាពេលនេះ ធ្វើឡើងស្របពេលអ្នកដែលត្រូវបានជួយសង្គ្រោះភាគច្រើនក៏មានចេញពីទីតាំងប្រតិបត្តិការឆបោកដែលមានទំនាក់ទំនងជាមួយអ្នកជំនួញដ៏មានឥទ្ធិពល និងឥស្សរជននយោបាយកម្ពុជាមួយចំនួន រួមមានសមាជិកព្រឹទ្ធសភានៃគណបក្សប្រជាជនកម្ពុជា លោក កុក អាន ស្ថាបនិកក្រុមហ៊ុន ផាយផេ (Pi Pay) លោក ឫទ្ធី សំណាង ម្ចាស់ក្លឹបបាល់ទាត់ធំមួយនៅកម្ពុជា និងឧកញ៉ា ទ្រី ភាព ដែលជាប់ក្នុងបញ្ជីខ្មៅរបស់សហរដ្ឋអាមេរិក ជាដើម៕