31 C
Phnom Penh

តុលាការ​បង្គាប់​ឱ្យ​នាំ​ខ្លួន​អតីត​ស្ថាបនិក​បក្ស​បេះដូង​ជាតិ​ចូល​សាកសួរ​មុន​ថ្ងៃ​ទី​២៥​មេសា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បង្គាប់​ឱ្យ​កម្លាំង​សមត្ថកិច្ច​នាំ​ខ្លួន​អតីត​តំណាង​ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ ដែល​កំពុង​ជ្រកកោន​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ភ្លើង​ទៀន យក​មក​សាកសួរ​ឱ្យ​បាន​មុន​ថ្ងៃ​ទី​២៥ ខែ​មេសា ពី​បទ «ក្លែង​បន្លំ និង​ប្រើប្រាស់​លិខិត​ក្លែង» អំឡុង​ពេល​បង្កើត​គណបក្ស។

នៅ​ក្នុង​ដីកា​បង្គាប់​ចុះ​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០២២ ចេញ​ដោយ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក លិ សុខា បាន​ឱ្យ​ដឹង​ថា ដើម្បី​ធានា​ដល់​ការ​ស៊ើបសួរ​ឱ្យ​បាន​ពេញលេញ តុលាការ​បង្គាប់​ឱ្យ​កម្លាំង​សមត្ថកិច្ច​នាំ​ខ្លួន​តំណាង​ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ លោក សៀម ភ្លុក ចូល​បំភ្លឺ​ឱ្យ​បាន​មុន​ថ្ងៃ​ទី​២៥ ខែ​មេសា ឆ្នាំ​២០២២ ជា​កំហិត។

ដីកា​បង្គាប់​ដដែល​ថា ការ​សម្រេច​បែប​នេះ​ដើម្បី​ចាត់ការ​តាម​ច្បាប់​ពាក់ព័ន្ធ​នឹង​សំណុំរឿង «ក្លែង​បន្លំ និង​ប្រើប្រាស់​លិខិត​ក្លែង» អំឡុង​ពេល​ដែល​លោក សៀម ភ្លុក បង្កើត​គណបក្ស​បេះដូង​ជាតិ។

ការ​ចេញ​ដីកា​ឱ្យ​សមត្ថកិច្ច​នាំ​ខ្លួន​របស់​ចៅក្រម​ស៊ើបសួរ ធ្វើឡើង​បន្ទាប់ពី​លោក សៀម ភ្លុក មិន​បាន​ចូល​បំភ្លឺ​នៅ​តុលាការ​នា​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០២២ ពាក់ព័ន្ធ​នឹង​រឿង​ក្លែង​បន្លំ​ស្នាម​មេដៃ​សមាជិក។ ប៉ុន្តែ​បើ​តាម​លោក សៀម ភ្លុក អះអាង​ថា មូលហេតុ​ដែល​លោក​មិន​អាច​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី​២២ ខែ​មីនា នោះ ដោយសារ​លោក​មិនទាន់​ទទួល​បាន​ដីកា​កោះ​ពី​តុលាការ​នៅឡើយ។

គណបក្ស​បេះដូង​ជាតិ ដែល​ទើប​បង្កើត​ឡើង​ថ្មីថ្មោង ត្រូវ​បាន​គេ​សង្ស័យ​ថា លោក សម រង្ស៊ី ជា​អ្នក​នៅ​ពី​ក្រោយ​នៃ​ការ​បង្កើត​គណបក្ស​មួយ​នេះ ខណៈ​គណបក្ស​នេះ​ត្រូវ​ក្រសួង​មហាផ្ទៃ​ចោទប្រកាន់​ថា «ក្លែង​ស្នាម​មេដៃ និង​មាន​ចេតនា​ទុច្ចរិត»។

កាលពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ក្រសួង​មហាផ្ទៃ​បាន​សម្រេច​បដិសេធ​ចំពោះ​ការ​ស្នើសុំ​ចុះឈ្មោះ​ក្នុង​បញ្ជី​បង្កើត​គណបក្ស​នយោបាយ​របស់​ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ លោក សៀម ភ្លុក។

ដោយ​មិន​សុខចិត្ត​នឹង​ការ​សម្រេច​នេះ នៅ​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា ឆ្នាំ​២០២១ លោក សៀម ភ្លុក ក៏​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​កំពូល ដើម្បី​តវ៉ា ប៉ុន្តែ​តុលាការ​កំពូល​បាន​សម្រេច​ច្រានចោល​បណ្ដឹង​ប្រឆាំង​នឹង​សេចក្ដី​សម្រេច​ក្រសួង​មហាផ្ទៃ​កាលពី​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ឆ្នាំ​២០២១។

ក្រោយពី​ក្រសួង​មហាផ្ទៃ មិន​ចុះបញ្ជី​ឱ្យ​នោះ លោក សៀម ភ្លុក បាន​សម្រេច​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ភ្លើង​ទៀន ហើយ​ក៏​បាន​ណែនាំ​ឱ្យ​សមាជិក​របស់​ខ្លួន​ទៅ​គាំទ្រ ឬ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ភ្លើង​ទៀន ដែល​ជា​គណបក្ស​ចាស់​របស់​លោក សម រង្ស៊ី ផង​ដែរ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស