តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ ដែលត្រូវជាកូនប្រុសបង្កើតរបស់មេដឹកនាំក្រាញអំណាច លោក ហ៊ុន សែន លើកឡើងថា ការខ្វែងទស្សនៈគ្នាដោយការតបតគ្មានក្រមសីលធម៌ គឺជាធាតុផ្សំមួយយ៉ាងសំខាន់ដែលអាចបង្កើតឲ្យមានបដិវត្តន៍ពណ៌គ្រប់ពេលវេលា ហើយដែលនៅមិនទាន់ទៅណាឆ្ងាយពីទឹកដីកម្ពុជានៅឡើយទេ។
ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលត្រូវជាកូនប្រុសបង្កើតបុរសខ្លាំងដើរបញ្ច្រាសទិសនៅកម្ពុជា លោក ហ៊ុន ម៉ានី បានសរសេរលើគណនីហ្វេសប៊ុករបស់លោកកាលពីចុងសប្តាហ៍កន្លងទៅថា បដិវត្តន៍ពណ៌មិនទាន់ទៅណាឆ្ងាយពីទឹកដីកម្ពុជានៅឡើយទេ ដូច្នេះការប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌នៅកម្ពុជា គឺអាចកើតមានគ្រប់ពេល។
លោក ហ៊ុន ម៉ានី អះអាងថា ការខ្វែងទស្សនៈគ្នាដោយការតបតដែលគ្មានក្រមសីលធម៌ គឺជាឧទាហរណ៍ជាក់ស្តែងមួយក្នុងការបង្ហាញឲ្យឃើញកាន់តែច្បាស់ថា ការប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ពិតជាមិនទាន់ទៅណាឆ្ងាយពីទឹកដីកម្ពុជានៅឡើយទេ។
ការអះអាងនេះ ធ្វើឡើងស្របពេលដែលមេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន តែងតែគំរាមតាមកម្ទេចអ្នកដែលប្រឆាំងនឹងការដឹកនាំរបស់លោក ជាពិសេសអ្នកដែលលោកចោទថាមានបំណងធ្វើចលនាឱ្យមានបដិវត្តន៍ពណ៌។
មុនថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរ អតីតមេកម្មាភិបាលខ្មែរក្រហមដែលសល់ពីរបបវាលពិឃាត លោក ហ៊ុន សែន បានគំរាមតាមរយៈសារលិខិតអបអរសាទរក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរថា រដ្ឋាភិបាលរបស់លោកប្រឆាំងដាច់ខាតរាល់សកម្មភាពដែលពាក់ព័ន្ធនឹងបដិវត្តន៍ពណ៌ ឬការញុះញង់ណាមួយដែលផ្ទុយនឹងរដ្ឋធម្មនុញ្ញ។ ជាងនេះទៀត លោក ហ៊ុន សែន ប្ដេជ្ញាថា លោកនឹងការពារឯករាជ្យជាតិ សន្តិភាព អធិបតេយ្យជាតិ និងបូរណភាពទឹកដីឱ្យបានលុះដល់ជីវិតចុងក្រោយ ទោះត្រូវលះបង់ក្នុងតម្លៃណាក៏ដោយ។
ជុំវិញការប្ដេជ្ញាបែបនេះ កាលពីខែមិថុនា ឆ្នាំ២០១៧ កន្លងទៅ លោក ហ៊ុន សែន ធ្លាប់គំរាមតាមកម្ទេចក្រុមប្រឆាំងឲ្យអស់ជាច្រើនរយនាក់ផងដែរ ដើម្បីការពារសន្តិភាពសម្រាប់ពលរដ្ឋខ្មែររាប់លាននាក់ដែលលោកចោទថា អ្នកទាំងនោះមានគម្រោងធ្វើបដិវត្តន៍ពណ៌ផ្តួលរំលំរដ្ឋាភិបាលរបស់លោក។
អ្នកតាមដានស្ថានការណ៍នយោបាយកម្ពុជា លោក សុខ សុគន្ធ ធ្លាប់លើកឡើងថា ដើម្បីលុបបំបាត់នូវចលនាបដិវត្តន៍ពណ៌ រដ្ឋាភិបាលលោក ហ៊ុន សែន គ្រាន់តែអនុវត្តទៅតាមច្បាប់របស់កម្ពុជាឲ្យបានត្រឹមត្រូវ នោះគឺអាចទប់ស្កាត់បានជាមិនខាន។ ជាងនេះទៀត លោក ហ៊ុន សែន ក៏ត្រូវបញ្ឈប់ការអនុវត្តបទបញ្ជារបស់ខ្លួនពីលើច្បាប់តទៅទៀតដែរ។
ចំណែកឯសកម្មជននៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស លោក ស្រ៊ុន ស្រ៊ន បានលើកឡើងក្នុងកម្មវិធី Idea Talk កាលពីថ្ងៃទី១២ មេសា កន្លងទៅថា ទម្រង់ដឹកនាំរបស់បក្សកាន់អំណាចដែលពោរពេញទៅដោយអំពើពុករលួយ អំពើនិទ្ទណ្ឌភាព និងភាពអយុត្តិធម៌សង្គមសព្វថ្ងៃនេះ បានប្រែក្លាយកម្ពុជាទៅជាប្រទេសដែលគ្មាននីតិរដ្ឋទៅហើយ ដែលជាហានិភ័យមួយបង្កឱ្យមានបដិវត្តន៍ពីពលរដ្ឋខ្លួនឯងដែលកំពុងរងភាពអយុត្តិធម៌ពីការដឹកនាំរបស់ខ្លួនសព្វថ្ងៃនេះ។
លោក ស្រ៊ុន ស្រ៊ន អះអាងថា ជាក់ស្តែងរដ្ឋាភិបាលកម្ពុជាបានអនុវត្តផ្ទុយពីខ្លឹមសារនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងខ្លឹមសាររដ្ឋធម្មនុញ្ញរបស់ខ្លួនទាំងស្រុង ដែលគេអាចមើលឃើញពីទិដ្ឋភាពសង្គមជាក់ស្តែងយ៉ាងច្បាស់ពីការរំលោភយកដីធ្លីរបស់ពលរដ្ឋពីសំណាក់អ្នកមានអំណាច ការបំបិទសិទ្ធិមូលដ្ឋានរបស់ពលរដ្ឋ និងការមិនទទួលបានយុត្តិធម៌តាមប្រព័ន្ធតុលាការសម្រាប់ជនរងគ្រោះ ជាដើម ដែលទង្វើទាំងអស់នេះសុទ្ធសឹងតែជាដើមចមនៃការបង្កកំហឹង និងការឈឺចាប់ដល់ពលរដ្ឋខ្មែរយ៉ាងធ្ងន់ធ្ងរ៕