38 C
Phnom Penh

លោក ហ៊ុន សែន៖ អ្នក​សង្កេតការណ៍​ជិត​៨​ម៉ឺន​នាក់​បង្ហាញ​ថា​ការ​បោះឆ្នោត​មាន​តម្លាភាព

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន អះអាង​ថា ក្នុង​ដំណើរការ​នៃ​ការ​បោះឆ្នោត​អាណត្តិ​ទី​៥ នេះ មាន​អ្នក​ចូលរួម​សង្កេតការណ៍​ជាតិ និង​អន្តរជាតិ​ជិត ៨​ម៉ឺន​នាក់​មកពី ២០​ស្ថាប័ន គឺជា​ភស្តុតាង​មួយ​បង្ហាញ​ថា ដំណើរការ​បោះឆ្នោត​នៅ​ឆ្នាំ​២០២២ នេះ ធានា​បាន​នូវ​តម្លាភាព និង​យុត្តិធម៌។

មេដឹកនាំ​ដែល​ក្រាញ​អំណាច​យូរ​ជាងគេ​ក្នុង​តំបន់​អាស៊ី​រូប​នេះ​អះអាង​កាលពី​ថ្ងៃទី​៥ ខែ​មិថុនា បន្ទាប់​ពី​បាន​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​នៅ​សាលា​គរុកោសល្យ និង​វិក្រឹត្យការ​ក្រុង​តាខ្មៅ ក្នុង​ខេត្ត​កណ្តាល ថា ដើម្បី​ធានា​បាន​នូវ​តម្លាភាព និង​យុត្តិធម៌​នៃ​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​នេះ រដ្ឋាភិបាល​កម្ពុជា​បាន​អនុញ្ញាត​ឱ្យ​មាន​អ្នក​សង្កេតការណ៍​យ៉ាង​ច្រើន​ទាំង​ថ្នាក់​ជាតិ និង​អន្តរជាតិ។

លោក​អះអាង​ថា មាន​អ្នក​ចូលរួម​សង្កេតការណ៍​ជាតិ​សរុប​ជាង ៧​ម៉ឺន ៤​ពាន់​នាក់ ក្នុង​នោះ​អ្នក​សង្កេតការណ៍​អន្តរជាតិ​មាន​ចំនួន ២០​ស្ថាប័ន និង​ភ្ញៀវ​ពិសេស​មាន​ចំនួន ៥​ស្ថាប័ន​ដែល​ជា​សក្ខីភាព​មួយ​បញ្ជាក់​ថា ការ​បោះឆ្នោត​កាលពី​ថ្ងៃ​អាទិត្យ ទី​៥ មិថុនា នេះ ធ្វើឡើង​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ស្រប​ទៅ​តាម​ច្បាប់​របស់​កម្ពុជា​ដែល​មាន​ចែង​អំពី​ដំណើរការ​នៃ​ការ​បោះឆ្នោត​នេះ។

ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​ការ​បោះឆ្នោត​ឆ្នាំ​២០២២ នេះ ត្រូវ​គេ​មើល​ឃើញ​ថា​ជា​ការ​បោះឆ្នោត​ដែល​រំលោភ​រដ្ឋធម្មនុញ្ញ និង​ជា​ការ​ប្លន់​ប្រព័ន្ធ​បោះឆ្នោត​នៅ​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ ខណៈ​សហគមន៍​អន្តរជាតិ​បាន​បដិសេធ​ការ​បោះឆ្នោត​នេះ​ទាំងស្រុង។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​៤ ខែ​មិថុនា ឆ្នាំ​២០២២ នេះ​ថា គ.ជ.ប បាន​ចុះឈ្មោះ​អ្នក​សង្កេតការណ៍​ជាតិ​ចំនួន ៧២​ស្ថាប័ន អ្នក​សង្កេតការណ៍​អន្តរជាតិ​មាន​ចំនួន ២០​ស្ថាប័ន និង​ភ្ញៀវ​ពិសេស​មាន​ចំនួន ៥​ស្ថាប័ន​ផង​ដែរ ដើម្បី​ឲ្យ​ពួកគេ​អាច​ចូលរួម​សង្កេតការណ៍​ការ​បោះឆ្នោត​នេះ។

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក ហ៊ុន កុសល បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៦ មិថុនា ថា ការ​បោះឆ្នោត​នេះ​មិនមែន​ធ្វើឡើង​ក្នុង​លំហ​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ​នោះ​ទេ គ្រាន់តែ​ជា​សង្វៀន​នយោបាយ​សម្រាប់​តែ​គណបក្ស​កាន់​អំណាច​ប៉ុណ្ណោះ ដូច្នេះ​ហើយ​បាន​ជា​ប្រទេស​លោក​សេរី​មិន​គាំទ្រ​ការ​បោះឆ្នោត​នេះ។

ចំណែក​អ្នក​នាំពាក្យ​គណបក្ស​ភ្លើង​ទៀន លោក ថាច់ សេដ្ឋា បាន​ថ្លែង​ថា ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ដែល​បាន​បិទ​បញ្ចប់​ទៅ​នៅ​ថ្ងៃ​អាទិត្យ ទី​៥ មិថុនា នេះ មាន​រូបភាព​គំរាមកំហែង ខ្វះ​ភាព​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។

លោក​ថា​អំឡុង​ថ្ងៃ​បោះឆ្នោត​មាន​វត្តមាន​មេភូមិ រហូត​អភិបាល​ស្រុក​នៅ​ជិត​ការិយាល័យ​បោះឆ្នោត និង​ខ្លះ​ចែក​លុយ ខ្លះ​អង្គុយ​កត់​ឈ្មោះ​អ្នក​ដែល​ទៅ​បោះឆ្នោត ជាដើម។ លោក​ថា ទង្វើ​បែប​នេះ​មិន​ត្រូវ​បាន​ចាត់​វិធានការ​ផ្លូវច្បាប់​ចំពោះ​អ្នក​ប្រព្រឹត្តិ​ទាំងអស់​នោះ​ទេ ដែល​លោក​ចាត់ទុក​ថា​លទ្ធផល​នេះ​អាក្រក់​ជាង​បោះឆ្នោត​ឆ្នាំ​២០១២ ទៅ​ទៀត។

ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ ឆ្នាំ​២០២២ បាន​ប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃទី​៥ ខែ​មិថុនា ឆ្នាំ​២០២២ ដែល​ធ្វើឡើង​ក្នុង​ឃុំ-សង្កាត់​ទូទាំង​ប្រទេស​ចំនួន ១៦៥២ តាម​ការិយាល័យ​ជាង ២​ម៉ឺន ៣​ពាន់​កន្លែង​នៅ​ទូទាំង​ប្រទេស និង​មាន​ពលរដ្ឋ​ទៅ​បោះឆ្នោត​ជាង ៧​លាន ១​សែន​នាក់ ក្នុង​ចំណោម​ពលរដ្ឋ​ដែល​បាន​ចុះឈ្មោះ​បោះឆ្នោត​ជាង ៩​លាន ២​សែន​នាក់ ដែល​បាន​ចេញ​ផ្សាយ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​កាលពី​ថ្ងៃទី​៥ មិថុនា កន្លងទៅ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស