ពលរដ្ឋខេត្តមណ្ឌលគិរី អះអាងថា សកម្មភាពឈ្មួញរកស៊ីឈើកំពុងតែសកម្មដឹកឈើទៅលក់នៅប្រទេសវៀតណាម តាមច្រកប៉ុស្តិ៍លេខ១០ ស្ថិតក្នុងឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។
ពួកគេនិយាយថា សកម្មភាពដឹកឈើឆ្លងដែនទៅលក់នៅប្រទេសវៀតណាម ទាំងនេះ បានកើតឡើងជារៀងរាល់យប់ ដោយក្រុមឈ្មួញធ្វើការដឹកជញ្ជូនតាមម៉ូតូ រថយន្តយីឌុប និងរថយន្តឡង់ហ្គ្រីស៊ឺ (Land Cruiser)។
ពលរដ្ឋម្នាក់ដែលរស់នៅក្នុងឃុំដាក់ដាំ បានប្រាប់ ឌឹ ខេមបូឌា ដេលី ក្នុងលក្ខណសុំមិនបញ្ចេញឈ្មោះ ឲ្យដឹងថា នៅច្រកព្រំដែនប៉ុស្តិ៍លេខ១០ ជារៀងរាល់យប់តែងតែមានសកម្មភាពដឹកឈើចេញពីកម្ពុជាយកទៅលក់នៅប្រទេសវៀតណាម ដោយតម្លៃក្នុងមួយម៉ែត្រគីប ៤០ម៉ឺនរៀល។
ពួកគេអះអាងថា ឈើទាំងនោះត្រូវក្រុមឈ្មួញបានប្រមូលទិញពីប្រជាពលរដ្ឋដែលបានលួចចូលទៅកាប់ក្នុងតំបន់ព្រៃការពារនានានៅក្នុងខេត្តមណ្ឌលគិរី ហើយឈើដែលអាចដឹកចេញទៅបាន លុះត្រាតែមានការបង់ប្រាក់ជាថ្នូរដល់សមត្ថកិច្ចដែលយាមកាមតាមផ្លូវនៅតំបន់នោះ។
ក្រុមពលរដ្ឋជនជាតិដើមពូនង លោក គ្រើង តុលា អះអាងថា នៅស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ក៏មានសកម្មភាពដឹកឈើយកទៅលក់នៅប្រទេសវៀតណាមដូចគ្នា ដោយក្រុមឈ្មួញទាំងនោះបានប្រមូលទិញឈើពីអ្នកភូមិដែលដឹកចេញពីស្រុកកោះញែក ស្រុកពេជ្រាដា តាមរថយន្តយីឌុបឆ្ពោះទៅកាន់ទីរួមខេត្ត ក្នុងបំណងដឹកទៅលក់នៅប្រទេសវៀតណាម តាមច្រកដាក់ដាំ។
លោកស្នើដល់សមត្ថកិច្ចជំនាញ គួរស្រាវជ្រាវឲ្យបានច្បាស់លាស់ រួចចាត់វិធានការតាមផ្លូវច្បាប់ ព្រោះសកម្មភាពទាំងនេះជាទង្វើខុសច្បាប់ទាំងស្រុង។
ឌឹ ខេមបូឌា ដេលី មិនអាចសុំការបកស្រាយពីអភិបាលខេត្ត និងប្រធានមន្ទីរបរិស្ថានខេត្តនៅឡើយទេរហូតមកដល់ម៉ោងផ្សាយនេះ។
ចំណែកសកម្មជនព្រៃឈើ លោក ហេង ស្រស់ អះអាងថា វាមិនចម្លែកនោះទេដែលខេត្តជាប់ព្រំដែនជាមួយនឹងប្រទេសវៀតណាម រកស៊ីខុសច្បាប់នោះ។ លោកបន្តថា ករណីរកស៊ីដឹកឈើឆ្លងដែននេះមិនមែនកើតមានតែនៅឆ្នាំនេះទេ វាបានកើតឡើងយូរណាស់មកហើយ អាជ្ញាធរនៅតំបន់នោះហាក់មិនយកចិត្តទុកដាក់ក្នុងការបង្ក្រាបបទល្មើសទាំងនេះនោះទេ តែផ្ទុយទៅវិញ បែរជានាំគ្នាប្រព្រឹត្តនូវអំពើពុករលួយទៅវិញ។
លោកបន្តថា រូបលោកគ្មានជំនឿទៅលើសមត្ថកិច្ចនៅតំបន់នោះទៀតទេ ដោយទុកឲ្យប្រជាពលរដ្ឋជាអ្នកកាត់ក្ដី និងសមត្ថកិច្ចអន្តរជាតិដែលជាអ្នកមានភារកិច្ចធ្វើរឿងទាំងអស់នេះ។
កាលពីចុងឆ្នាំ២០១៩ គណៈកម្មាធិការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានធ្វើការបង្ក្រាប និងចាប់ខ្លួនឧកញ៉ាពីររូប ព្រមទាំងបក្សពួកជាង ២០នាក់ និងមួយចំនួនទៀតបានរត់គេចខ្លួន ដោយការជាប់ពាក់ព័ន្ធជាមួយការកាប់ឈើ និងដឹកជញ្ជូនឈើខុសច្បាប់ទៅលក់នៅក្រៅប្រទេស។
នៅក្នុងវិស័យព្រៃឈើនេះដែរ កម្ពុជាក៏បានបាត់បង់ការគាំទ្រពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) នៅក្នុងការអនុវត្តគម្រោងព្រៃឡង់បៃតង នៅតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់ដែរ ដែលមានរយៈពេល ៥ឆ្នាំ ចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៣ ដោយមានទឹកប្រាក់ប្រមាណ ២១លានដុល្លារអាមេរិក៕