30 C
Phnom Penh

បទវិភាគ៖ ចិន​ថា​តៃវ៉ាន់​ជា​ដែនដី​របស់​ខ្លួន-ហេតុ​អ្វី​ចិន​មិន​ប្ដឹង​ឧទ្ធរណ៍​ទៅ UN បង្ខំ​តៃវ៉ាន់​មក​នៅ​ក្រោម​អំណាច​របស់​ខ្លួន?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រី​ការបរទេស​ចិន លោក Wang Yi ក៏ដូចជា​ប្រធានាធិបតី​ចិន លោក ស៊ី ជិនពីង និង​បក្ស​កុម្មុយនីស្ត​ចិន​ទាំងមូល តែងតែ​ថ្លែង​នៅ​គ្រប់​វេទិកា​អន្តរជាតិ​ថា ដែន​កោះ​តៃវ៉ាន់ គឺជា​ខេត្ត​មួយ​របស់​ចិន។

មេដឹកនាំ​ចិន​អះអាង​នេះ​បើ​យោង​តាម​សេចក្ដី​សម្រេច​នៃ​ដំណោះស្រាយ​លេខ​២៧៥៨ របស់​មហាសន្និបាត​អង្គការ​សហប្រជាជាតិ ដែល​បាន​អនុម័ត​កាលពី​ថ្ងៃទី​២៥ ខែ​តុលា ឆ្នាំ​១៩៧១។

នៅ​ក្នុង​ព្រឹត្តិការណ៍​នោះ​ហើយ​ដែល​ចិន​ក្រុង​ប៉េកាំង​សព្វថ្ងៃ​នេះ​ដណ្ដើម​បាន​អាសនៈ​ពី​សាធារណរដ្ឋ​ចិន គឺ​កោះ​តៃវ៉ាន់។ នៅ​ក្នុង​ការ​បោះឆ្នោត​របស់​មហាសន្និបាត​អង្គការ​សហប្រជាជាតិ គឺ​មាន​សំឡេង​គាំទ្រ​ដកហូត​អាសនៈ​របស់​រដ្ឋាភិបាល​សាធារណរដ្ឋ​ចិន​ពី​តៃវ៉ាន់ ដោយ​សំឡេង ៧៦​គាំទ្រ ៣៥​សំឡេង​ជំទាស់ និង ១៧​សំឡេង​អនុប្បវាទ។

ដោយ​ផ្អែក​តាម​មាត្រា​១៨ នៃ​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ បាន​កំណត់​ថា អាសនៈ​នៅ​ពេលនោះ​លែង​ជា​របស់​តៃវ៉ាន់​ទៀត​ហើយ។

ចំពោះ​របប​សាធារណរដ្ឋ​ប្រជាមានិត​ចិន គឺ​ម្ចាស់​អាសនៈ​នេះ​ហើយ​មាន​ដែន​អធិបតេយ្យ​ទាំងមូល​ដោយ​រាប់​បញ្ចូល​ទាំង​កោះ​តៃវ៉ាន់​ផង​ដែរ។

ដោយ​ឈរ​លើ​មូលដ្ឋាន​នៃ​ដំណោះស្រាយ​របស់​អង្គការ​សហប្រជាជាតិ​លេខ ២៧៥៨​នេះ​ហើយ ដែល​ថ្នាក់​ដឹកនាំ​បក្ស​កុម្មុយនីស្ត​ចិន ជា​អ្នក​ឈ្នះ​សង្គ្រាម​ស៊ីវិល​នៅ​ឆ្នាំ​១៩៤៩ ទៅ​លើ​កងទ័ព​នៃ​រដ្ឋាភិបាល​សាធារណរដ្ឋ​ចិន ដឹកនាំ​ដោយ​ប្រធានាធិបតី ចាក កៃជៀក តែងតែ​ឆ្លើយ​ចាំ​មាត់​ថា ដំណោះស្រាយ​លេខ​២៧៥៨ នេះ គឺ​តៃវ៉ាន់​សព្វថ្ងៃ​នេះ​ពុំ​មាន​កាតព្វកិច្ច និង​យុត្តាធិការ​ថា​ខ្លួន​ជា​រដ្ឋ​ឯករាជ្យ​បាន​ឡើយ។ ចំពោះ​ប្រទេស​ដទៃ​ទៀត​ក៏​មិន​ត្រូវ​ចេញ​មុខ​អះអាង​ជំនួស​តៃវ៉ាន់​នោះ​ទេ។

រដ្ឋមន្ត្រី​ការបរទេស​ចិន លោក Wang Yi បាន​ថ្លែង​នៅ​ក្នុង​វេទិកា​អន្តរជាតិ​មួយ​នៅ​ប្រទេស​បង់ក្លាដេស នៅ​ថ្ងៃ​អាទិត្យ ទី​៧ ខែ​សីហា នេះ​ថា តៃវ៉ាន់​ពុំ​មាន​អ្វី​ជា​ផ្នែក​មួយ​នៃ​អធិបតេយ្យភាព​របស់​អាមេរិក​នោះ​ទេ គឺ​តៃវ៉ាន់​ជា​ដែន​អធិបតេយ្យ​របស់​ចិន។ លោក​បន្ត​ថា សហរដ្ឋ​អាមេរិក​មិន​ត្រូវ​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន​នោះ​ទេ ព្រោះ​ពុំ​មាន​ច្បាប់​ណា​បញ្ជាក់​ថា តៃវ៉ាន់​ជា​ដែនដី​ផ្សេង​ពី​ចិន​នោះ​ដែរ។

លោក​ទទូច​ឲ្យ​អាមេរិក និង​ប្រទេស​មួយ​ចំនួន​បញ្ឈប់​ការ​ចូល​ខ្លួន​ពាក់ព័ន្ធ និង​តាំង​ខ្លួន​ជា​ខ្នងបង្អែក​របស់​តៃវ៉ាន់។ តាម​មើល​ដូច​នេះ​ហើយ​បាន​ជា​ចិន ដាក់​ផែនការ​គាប​សង្កត់​តៃវ៉ាន់ ទាំង​មធ្យោបាយ​ការទូត និង​យោធា។

ជាក់ស្ដែង​ចុងក្រោយ​នេះ ក្រោម​លេស​ប្រតិកម្ម​នឹង​អ្នកស្រី ណាន់ស៊ី ប៉េឡូស៊ី ប្រធាន​រដ្ឋសភា​អាមេរិក​ដែល​បាន​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​តៃវ៉ាន់ ពេលនោះ​ចិន​បាន​បញ្ជា​នាវាចម្បាំង ១៣​គ្រឿង និង​យន្តហោះ​ចម្បាំង​ជិត ១០០​គ្រឿង ធ្វើ​សមយុទ្ធ​ឡោមព័ទ្ធ​កោះ​តៃវ៉ាន់ និង​យន្តហោះ​ហោះ​ចូល​ដែនអាកាស​តៃវ៉ាន់​យ៉ាង​សម្បើម​រយៈពេល​មួយ​សប្ដាហ៍។ មិន​តែប៉ុណ្ណោះ ចិន​បាន​បាញ់​មីស៊ីល​ផ្លោង​អន្តរទ្វីប​ចំនួន ១១​គ្រាប់​ឲ្យ​ហោះ​រំលង​កោះ​តៃវ៉ាន់ ដោយ​ធ្លាក់​ទៅ​សមុទ្រ​ចិន​ខាងកើត។

អ្នក​ជំនាញ​យោធា​មើល​ឃើញ​ថា ចិន​ត្រៀម​បើក​វាយ​កាន់កាប់​កោះ​តៃវ៉ាន់ ព្រោះ​សមយុទ្ធ​នេះ​គឺជា​សញ្ញា​ប្រកាស​អាសន្ន​ដល់​ប្រជាជន​តៃវ៉ាន់​ឱ្យ​ប្រុងប្រៀប​រត់​រក​ទី​សុវត្ថិភាព។

ចុះ​ហេតុ​អ្វី​បាន​ជា​ចិន ចាំបាច់​អ្វី​ត្រូវ​រៀបចំ​ប្រើ​ទ័ព​គំរាម​វាយ​កាន់កាប់​តៃវ៉ាន់ ដោយ​មិន​ព្រម​ប្ដឹង​ទៅ​ក្រុមប្រឹក្សា​សន្តិសុខ​ឱ្យ​កោះ​ប្រជុំ​មហាសន្និបាត​ជា​ថ្មី​ម្ដង​ទៀត សម្រេច​ចាប់​បង្ខំ​ឱ្យ​អាជ្ញាធរ​តៃវ៉ាន់​សព្វថ្ងៃ​នេះ​រៀបចំ​ខ្លួន​ធ្វើ​សមាហរណកម្ម​ចូល​មក​ក្រោម​ដំបូល​របស់​បក្ស​កុម្មុយនីស្ត​ចិន​តាម​រូបមន្ត​ប្រទេស​មួយ​ប្រព័ន្ធ​ពីរ​ដូច​ក្រុង​ហុងកុង?

បើ​និយាយ​ដល់​ចំណុច​នេះ គេ​ត្រូវ​រំឭក​បន្តិច​អំពី​ការ​បោះឆ្នោត​មិន​បាន​ជោគជ័យ​ម្ដង​របស់​ចិន​នៅ​ឆ្នាំ​១៩៧០ គឺ​ពេលនោះ​ពុំ​មាន​សំឡេង​គ្រប់គ្រាន់​ដើម្បី​ដកហូត​អាសនៈ​ពី​កោះ​តៃវ៉ាន់​ដែល​កាន់កាប់​ក្រោម​រដ្ឋាភិបាល​សាធារណរដ្ឋ​ចិន។

នៅ​ពេល​ដល់​ដើម​ឆ្នាំ​១៩៧១ ចិន​បើក​យុទ្ធនាការ​ការទូត​យ៉ាង​សម្បើម ហើយ​បញ្ចុះបញ្ចូល​ប្រទេស​ជា​សមាជិក​នៃ​អង្គការ​សហប្រជាជាតិ​ឱ្យ​គាំទ្រ​ខ្លួន​ដើម្បី​យក​អាសនៈ​ពី​តៃវ៉ាន់​ឱ្យ​បាន ប៉ុន្តែ​នៅ​ឆ្នាំ​១៩៧១ នោះ គឺជា​ឆ្នាំ​ដែល​គេ​កត់សម្គាល់​ថា ប្លុក​កុម្មុយនីស្ត​ដែល​មាន​សហភាព​សូវៀត​ជា​មេខ្លោង ហើយ​ចិន​ខ្លួនឯង​ផ្ទាល់​ជា​ប្រទេស​កុម្មុយនីស្ត​ធំ​នៅ​អាស៊ី ក៏​មាន​ឥទ្ធិពល​ខ្លាំង​នៅ​ឯ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ។

សមាជិក​មហាសន្និបាត​ពេលនោះ គឺ​ភាគច្រើន​ទោរទន់ និង​ធ្លាក់​ក្រោម​ឥទ្ធិពល​ប្លុក​កុម្មុយនីស្ត គេ​ហៅ​ថា​សម័យ​នៃ​សង្គ្រាម​ត្រជាក់។ ទីបំផុត មហាសន្និបាត​បាន​សម្រេច​ប្រជុំ​ម្ដង​ទៀត​តាម​ការ​ផ្ដល់​អនុសាសន៍​របស់​ក្រុមប្រឹក្សា​សន្តិសុខ ហើយ​ទីបំផុត ចិន​ដណ្ដើម​បាន​អាសនៈ​ពី​តៃវ៉ាន់​ដោយ​សំឡេង​ភាគច្រើន គឺ ៧៦ ទល់​នឹង ៣៥ ខណៈ​អនុប្បវាទ ១៧​សំឡេង។

អាសនៈ​សាធារណរដ្ឋ​ចិន​ធ្លាក់​នៅ​ក្រោម​ការ​កាន់កាប់​ដោយ​សាធារណរដ្ឋ​ប្រជាមានិត​ចិន។ បន្ថែម​លើ​នេះ ដំណោះស្រាយ​លេខ​២៧៥៨ បាន​ចែង​អំពី​អធិបតេយ្យភាព​របស់​ចិន ក៏​មាន​កោះ​តៃវ៉ាន់​ផង​ដែរ។ បើ​ដូចនេះ​ជា​ថ្មី​ម្ដង​ទៀត ចិន​គួរ​ជំរុញ​ឱ្យ​ក្រុមប្រឹក្សា​សន្តិសុខ​ស្នើ​ទៅ​មហាសន្និបាត​ឱ្យ​ធ្វើ​ការ​បោះឆ្នោត​អនុវត្ត​ដំណោះស្រាយ​២៧៥៨ ដោយ​ឱ្យ​អាជ្ញាធរ​តៃវ៉ាន់​ប្រគល់​សិទ្ធិ​រដ្ឋបាល​ដែនដី​មក​ឱ្យ​ក្រុង​ប៉េកាំង ដែល​មិន​បាច់​ប្រើ​កម្លាំង​ទ័ព​នោះ​ទេ។

ហេតុ​អ្វី​ចិន​ធ្វើ​មិន​កើត?

គេ​អាច​គិត​ថា​ចិន​ដឹង​ខ្លួន​ថា នៅ​ពេលនេះ​មិន​មែន​សម័យ​សង្គ្រាម​ត្រជាក់​នោះ​ទេ​ដែល​ប្លុក​កុម្មុយនីស្ត​មាន​ប្រៀប​លើ​ប្លុក​សេរី មាន​ប្រៀប​លើ​អ្នក​ប្រជាធិបតេយ្យ។ បើ​ដូចនេះ ចិន​មិន​អាច​រក​សំឡេង​បាន​ដូច​ឆ្នាំ​១៩៧១ ទៀត​នោះ​ទេ។

មាន​ន័យ​ថា បើ​ហ៊ាន​ធ្វើ​ដូចនេះ គឺ​បរាជ័យ​ធ្ងន់ធ្ងរ ហើយ​ចង់​មិន​ចង់​នាំ​ឱ្យ​តៃវ៉ាន់​មាន​ឱកាស​រក​អាសនៈ​បាន​នៅ​ឯ​អង្គការ​សហប្រជាជាតិ​ឡើងវិញ​ក៏​ថា​បាន។

ឧទាហរណ៍​ជាក់ស្ដែង នៅ​ពេល​ដែល​រុស្ស៊ី​លើក​ទ័ព​ឈ្លានពាន​អ៊ុយក្រែន គឺ​សំឡេង​ក្នុង​មហាសន្និបាត​លើសលប់​ថ្កោលទោស​រុស្ស៊ី ដោយ​ទាមទារ​ឱ្យ​រុស្ស៊ី​ដក​ទ័ព​ចេញពី​អ៊ុយក្រែន។ មិន​តែប៉ុណ្ណោះ មហាសន្និបាត​សម្រេច​ដក​សិទ្ធិ និង​បុព្វសិទ្ធិ​របស់​រុស្ស៊ី​ចេញពី​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ទៀត​ផង។

ទឡ្ហីករណ៍​នេះ​ហើយ​ដែល​នាំ​ឱ្យ​ចិន​ដឹង​ច្បាស់​ណាស់​ថា បើ​ចិន​សម្រេច​ប្ដឹង​ឧទ្ធរណ៍​ឱ្យ​មាន​ការ​បង្ខំ​អនុវត្ត​សាលដីកា ២៧៥៨ គឺ​អាច​ប្រឈមមុខ​នឹង​បរាជ័យ។

ដូច្នេះ សរុប​សេចក្ដី​ទៅ ចិន​មាន​រូបមន្ត​ពីរ​នៃ​ការ​យក​កោះ​តៃវ៉ាន់ គឺ​ទី​មួយ យក​កោះ​តៃវ៉ាន់​ដោយ​កម្លាំង​យោធា និង​ទី​ពីរ រង់ចាំ​ឱកាស​ដែល​កោះ​តៃវ៉ាន់​ធ្លាក់​ក្នុង​ការ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​បច្ចុប្បន្ន​នេះ ឬ​ក៏​រង់ចាំ​ការ​ចុះចាញ់​របស់​រដ្ឋាភិបាល​តៃវ៉ាន់​បច្ចុប្បន្ន​នេះ​នៅ​ចំពោះ​មុខ​ការ​គំរាមកំហែង​ពី​សំណាក់​កងទ័ព​ចិន​យ៉ាង​ធ្ងន់ធ្ងរ​បំផុត​នា​ពេលនេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស