31.8 C
Phnom Penh

កាសែត​អូស្ត្រាលី៖ ឧកញ៉ា ហ៊ុន តូ ត្រូវ​បាន​សង្ស័យ​ថា​ជាប់​ពាក់ព័ន្ធ​ការ​គំរាម​សម្លាប់​ភរិយា​បណ្ឌិត កែម ឡី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សារព័ត៌មាន The Australian កាលពី​ដើម​សប្តាហ៍​នេះ បាន​ចុះផ្សាយ​ថា ក្មួយប្រុស​របស់​លោក ហ៊ុន សែន គឺ​ឧកញ៉ា ហ៊ុន តូ ដែល​មាន​ទ្រព្យ​ដ៏​មហាសាល​ក្នុង​ទីក្រុង Melboume ហើយ​ត្រូវ​បាន​ចោទប្រកាន់​ថា​មាន​ជាប់​ពាក់ព័ន្ធ​ក្នុង​រឿង​គ្រឿងញៀន និង​ក្រុម​លាង​លុយ​ក្នុង​ប្រទេស​អូស្ត្រាលី សង្ស័យ​ថា​ជាប់​ពាក់ព័ន្ធ​នឹង​ការ​គំរាម​សម្លាប់​លោកស្រី ប៊ូ រចនា ភរិយា​របស់​បណ្ឌិត កែម ឡី។

នៅ​ក្នុង​បទសម្ភាសន៍​ឆ្នាំ​២០១៨ ជាមួយ ABC ឧកញ៉ា ហ៊ុន តូ ធ្លាប់​បាន​សារភាព​ថា ប៉ូលិស Victoria បាន​សាកសួរ​គាត់​អំពី​ការ​គំរាម​សម្លាប់​លោកស្រី ប៊ូ រចនា ប៉ុន្តែ​លោក​បាន​បដិសេធ​ថា លោក​មិន​មាន​ការ​ជាប់​ពាក់ព័ន្ធ​នោះ​ទេ។

សារព័ត៌មាន The Australian ដែល​បាន​ចេញ​ផ្សាយ​កន្លងមក​ដោយ​បាន​ដាក់​ចំណងជើង​ធំៗ​របស់​ខ្លួន​ភ្ជាប់​ជាមួយ​រូបថត​បច្ចុប្បន្នភាព​គ្រួសារ​លោកស្រី ប៊ូ រចនា ជាមួយ​នឹង​កូនប្រុស​ចំនួន​បី​នាក់​នោះ​ថា «ស្ត្រី​មេម៉ាយ​ក្រោក​ឡើង​តតាំង​ចំពោះ​អំពើ​អាក្រក់​នៅ​កម្ពុជា» បាន​អះអាង​ថា អតីត​កម្មាភិបាល​ខ្មែរក្រហម លោក ហ៊ុន សែន បាន​គំរាម​ដល់​អាយុជីវិត​កូនៗ​របស់​អ្នកស្រី​ដល់​ប្រទេស​អូស្ត្រាលី បើ​ទោះជា​អ្នកស្រី​បាន​រត់​គេច​ខ្លួន​ដើម្បី​សុវត្ថិភាព និង​ស្វែងរក​យុត្តិធម៌​ឲ្យ​ស្វាមី​របស់​លោកស្រី​ក៏ដោយ។

The Australian បាន​ចុះផ្សាយ​កាលពី​ដើម​សប្តាហ៍​នេះ​ថា លោកស្រី ប៊ូ រចនា គឺជា​ស្ត្រី​ដែល​ក្លាយ​ជា​និមិត្តរូប​នៃ​ការ​តស៊ូ​ប្រឆាំង​នឹង​របប​លោក ហ៊ុន សែន ដែល​ពុករលួយ​នោះ បាន​ទៅ​ដល់​ប្រទេស​អូស្ត្រាលី​តែ​ពីរ​សប្តាហ៍​ប៉ុណ្ណោះ​ក្នុង​ការ​ស្វែងរក​ទីជម្រក​សុវត្ថិភាព បន្ទាប់ពី​ប្តី​របស់​លោកស្រី​ត្រូវ​បាន​ប្រហារ​ជីវិត​ក្រៅ​ប្រព័ន្ធ​ច្បាប់។

សារព័ត៌មាន​ដដែល​បាន​ដកស្រង់​សម្ដី​អ្នកស្រី ប៊ូ រចនា ថា លោកស្រី​នៅតែ​អាច​ឮ​ការ​គំរាមកំហែង​ដល់​អាយុជីវិត​កូនៗ​របស់​គាត់​ដែល​ព្យួរ​នៅ​លើ​អាកាស ហើយ​ដែល​ជា​ការ​គំរាម​ដោយ​បើក​ចំហ​នៅ​លើ​ទឹកដី​អូស្ត្រាលី ដែល​ស្តោះ​ចេញពី​មាត់​របស់​បុរស​ខ្លាំង​លោក ហ៊ុន សែន។

ការ​គំរាម​នេះ​មិន​បាន​ធ្វើ​ឱ្យ​លោកស្រី រចនា ភ្ញាក់ផ្អើល​នោះ​ទេ ប៉ុន្តែ​ការពិត ជន​ផ្ដាច់ការ​បាន​បញ្ចេញ​វា​នៅ​ចំពោះ​មុខ​ភ្ញៀវ​របស់​រដ្ឋាភិបាល​អូស្ត្រាលី ដោយ​គ្មាន​ការ​ញញើត​បន្តិច​សោះ​ឡើយ។

លោកស្រី ប៊ូ រចនា ឆ្ងល់​ថា លោកស្រី​បាន​រស់នៅ​ប្រទេស​អូស្ត្រាលី​ទៅ​ហើយ តើ​ហេតុ​អ្វី​បាន​ជា​លោក ហ៊ុន សែន តាម​គំរាម​លោកស្រី​ដល់​អូស្ត្រាលី​នេះ​ទៅ​ទៀត?

អតីត​មេ​ទ័ព​ខ្មែរក្រហម​ដែល​បាន​បំពេញ​ទស្សនកិច្ច​ក្នុង​ទីក្រុង​ស៊ីដនី (Sydney) ប្រទេស​អូស្ត្រាលី សម្រាប់​កិច្ចប្រជុំ​អាស៊ាន​កាលពី​ខែ​មីនា ឆ្នាំ​២០១៨ បាន​និយាយ​នៅ​ឯ​សណ្ឋាគារ ShangriLa ថា លោកស្រី ប៊ូ រចនា ក៏​ស្ថិត​ក្នុង​ចំណោម​បាតុករ​មួយ​ក្រុម​ដែល​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្នុង​ឧទ្យាន ហាយ ផាក (Hyde Park) នោះ​ដែរ។

លោក ហ៊ុន សែន បាន​និយាយ​ជា​សាធារណៈ​នៅ​ចំពោះ​មុខ​មន្ត្រី​រដ្ឋាភិបាល​អូស្ត្រាលី ថា ភរិយា​លោក កែម ឡី សូម​គិត​បន្តិច​ក្នុង​តួនាទី​ជា​ម្ដាយ តើ​លោកស្រី​ចង់​ឲ្យ​កូន​របស់​លោកស្រី​ស្លាប់​ដែរ​ទេ?

សារព័ត៌មាន​ដដែល​ក៏​បាន​លើកឡើង​ថា ក្មួយប្រុស​របស់​លោក ហ៊ុន សែន គឺ​ឧកញ៉ា ហ៊ុន តូ ដែល​តែង​ចេញ​ចូល​ញឹកញាប់​ទៅ​កាន់​ទីក្រុង Melboume ហើយ​ត្រូវ​បាន​ចោទប្រកាន់​នៅ​ក្នុង​សភា​សហព័ន្ធ​អូស្ត្រាលី ថា​មាន​ជាប់​ពាក់ព័ន្ធ​ក្នុង​រឿង​គ្រឿងញៀន និង​ក្រុម​លាង​លុយ​ក្នុង​ប្រទេស​អូស្ត្រាលី សង្ស័យ​ថា​ជាប់​ពាក់ព័ន្ធ​នឹង​ការ​សម្លាប់​បណ្ឌិត កែម ឡី ក៏​ធ្លាប់​បាន​គំរាម​សម្លាប់​លោកស្រី ប៊ូ រចនា ផង​ដែរ។

នៅ​ក្នុង​បទសម្ភាសន៍​ឆ្នាំ​២០១៨ ជាមួយ ABC ឧកញ៉ា ហ៊ុន តូ ធ្លាប់​បាន​សារភាព​ថា ប៉ូលិស Victoria បាន​សាកសួរ​គាត់​អំពី​ការ​គំរាម​សម្លាប់​លោកស្រី ប៊ូ រចនា ប៉ុន្តែ​លោក​បាន​បដិសេធ​ថា​លោក​មិន​មាន​ការ​ជាប់​ពាក់ព័ន្ធ​នោះ​ទេ។

ឧកញ៉ា ហ៊ុន តូ ថ្មីៗ​នេះ​ត្រូវ​បាន​សង្ស័យ​ថា​មាន​ទំនាក់ទំនង​នឹង​ប្រតិបត្តិការ​ជួញដូរ​មនុស្ស​ដ៏​ធំ​នៅ​កម្ពុជា ដែល​គ្រប់គ្រង​ដោយ​ឧក្រិដ្ឋជន​ជា​ជនជាតិ​ចិន។ អាជ្ញាធរ​អូស្ត្រាលី​បង្ហាញ​ពី​បណ្ដាញ​ឧក្រិដ្ឋកម្ម​ដ៏​មាន​ឥទ្ធិពល​របស់​ប្រទេស​ចិន កំពុង​ទទួល​បាន​ភាព​ងាយស្រួល​ក្នុង​ការ​ចូល​ទៅ​អូស្ត្រាលី តាមរយៈ​អ្នក​មាន​ខ្មែរ​ដែល​មាន​ទំនាក់ទំនង​យ៉ាង​ស៊ីជម្រៅ​ជាមួយ​នឹង​របប​លោក ហ៊ុន សែន ដែល​ពុករលួយ។

ក្រឡេក​មក​មើល​ឃាតកម្ម​បណ្ឌិត កែម ឡី វិញ លោកស្រី រចនា បាន​ថ្លែង​ថា លោកស្រី​មិន​សង្ឃឹម​ថា​នឹង​ទទួល​បាន​យុត្តិធម៌​នោះ​ទេ ព្រោះ​វា​ជា​យុត្តិធម៌​ក្លែងក្លាយ ដោយសារ​ជន​ដែល​ត្រូវ​ចូល​ទទួល​ទោស គឺជា​មនុស្ស​សិប្បនិមិត្ត។ លោកស្រី​ថា របប​នេះ​មិន​ដែល​ព្យាយាម​ស្វែងរក​អ្នក​បញ្ជា​ឲ្យ​មាន​ការ​បាញ់​សម្លាប់​ប្តី​របស់​អ្នកស្រី​នោះ​ទេ។

នៅ​ក្នុង​ពិធី​រម្លឹក​ខួប ៦​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​បណ្ឌិត កែម ឡី មន្ត្រី​សង្គម​ស៊ីវិល និង​សហជីព​មួយ​ចំនួន​បាន​បង្ហាញ​ការ​មើល​ឃើញ​ស្រដៀង​គ្នា​ថា «ជួប សម្លាប់» មិនមែន​ជា​ឃាតក​ពិត​ក្នុង​ការ​បាញ់​សម្លាប់​បណ្ឌិត កែម ឡី នោះ​ទេ ដោយសារ​ភស្តុតាង​មិន​ស៊ីសង្វាក់​ជាមួយ​នឹង​អង្គហេតុ​ដែល​កើតឡើង​រវាង​ជនរងគ្រោះ និង​អ្នក​ប្រព្រឹត្តិ។

ទីប្រឹក្សា​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​មុខ​ស្តារ​ម៉ាត​ស្តុប​បូកគោ រាជធានី​ភ្នំពេញ​ថា បណ្ឌិត កែម ឡី កាល​នៅ​រស់​ហ៊ាន «និយាយ​ការពិត មិន​និយាយ​ការពារ» លោក​បាន​ជួយ​សង្គម​ជាតិ​ជាច្រើន​រហូត​បន្សល់​ទុក​សារ ឬ​បណ្ដាំ​ផ្ដល់​ជា​ដំបូន្មាន​ដល់​កូនចៅ​ជំនាន់​ក្រោយ​ឱ្យ​យក​គំរូ​តាម ក្នុង​ការ​កសាង​ប្រទេស​ជាតិ​ខ្មែរ ស្រប​តាម​គោលការណ៍​ប្រជាធិបតេយ្យ​ពិតប្រាកដ។

អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម និង​ជា​អ្នកវិភាគ​នយោបាយ បណ្ឌិត កែម ឡី ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​កាលពី​ថ្ងៃទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦ នៅ​ក្នុង​ស្តារ​ម៉ាត​ស្តុប​បូកគោ រាជធានី​ភ្នំពេញ ទាំង​ព្រឹក​ព្រលឹម។ ការ​បាញ់​សម្លាប់​បណ្ឌិត កែម ឡី កើតឡើង​តែ ២​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ពេល​លោក​បាន​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​របាយការណ៍​មួយ​របស់​អង្គការ​ឃ្លាំមើល​អន្តរជាតិ (Global Witness) ដែល​មាន​ឈ្មោះ​ថា «អាណាចក្រ​អាជីវកម្ម​ត្រកូល ហ៊ុន នៅ​កម្ពុជា»

របាយការណ៍​នោះ​បាន​លាតត្រដាង​ពី​ការ​ក្ដោប​ក្ដាប់​អាជីវកម្ម​របស់​ក្រុម​គ្រួសារ​របស់​បុរស​ខ្លាំង លោក ហ៊ុន សែន យ៉ាង​ច្រើន​នៅ​កម្ពុជា ដែល​មាន​តម្លៃ​រាប់​រយ​លាន​ដុល្លារ​អាមេរិក ហើយ​បញ្ហា​នេះ បណ្ឌិត កែម ឡី យល់​ឃើញ​ពេល​នោះ​ថា នឹង​ធ្វើ​ឱ្យ​មាន​ទំនាស់​ផលប្រយោជន៍​រវាង​ជំនួញ និង​ការ​ដឹកនាំ​ប្រទេស។

ជាង ៨​ខែ​ក្រោយ​ឃាតកម្ម​ដ៏​កក្រើក​នេះ​មក គឺ​នៅ​ដើម​ខែ​មីនា ឆ្នាំ​២០១៧ តុលាការ​ក្រុង​ភ្នំពេញ​បាន​កាត់ទោស​បុរស​តែ​ម្នាក់​ឈ្មោះ អឿត អាង ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ពី​បទ «ឃាតកម្ម​គិត​ទុក​ជា​មុន» និង​បទ​ចោទ​មួយ​ទៀត គឺ «កាន់កាប់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត»

លោកស្រី ប៊ូ រចនា បាន​លើកឡើង​ថា លោកស្រី​មិន​សង្ឃឹម​នឹង​ទទួល​បាន​យុត្តិធម៌​នោះ​ទេ ដូច្នេះ​លោកស្រី​ចង់​ឱ្យ​រដ្ឋាភិបាល​សហព័ន្ធ​អូស្ត្រាលី​បញ្ឈប់​ការ​ផ្តល់​ទិដ្ឋាការ​ដល់​ក្រុម និង​បក្ខពួក​របស់​លោក ហ៊ុន សែន និង​បញ្ឈប់​លំហូរ​នៃ​ទ្រព្យសម្បត្តិ​ដែល​ទទួល​បាន​ដោយ​ពុករលួយ​របស់​ពួកគេ​ទៅ​កាន់​ប្រទេស​អូស្ត្រាលី។

លោកស្រី​ថា មនុស្ស​សាមញ្ញ​មិន​មាន​លុយ​ច្រើន​ដល់​ថ្នាក់​យក​មក​ប្រទេស​អូស្ត្រាលី​នោះ​ទេ ប៉ុន្តែ​ក្រុម​គ្រួសារ​របស់​អ្នក​ដឹកនាំ​ខ្មែរ បាន​យក​លុយ​មក​កាន់​ប្រទេស​នេះ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ទៅវិញ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស