27 C
Phnom Penh

លោក ហ៊ុន ម៉ានី អន់ចិត្ត​ដែល​លោក ហ៊ុន សែន បាត់បង់​ទំនុកចិត្ត​លើ​ខ្លួន​នា​ពេល​កន្លង​មក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន ម៉ានី កូនប្រុស​ពៅ​របស់​បុរស​ខ្លាំង​ក្រាញ​អំណាច​នៅ​កម្ពុជា លោក ហ៊ុន សែន ទម្លាយ​នូវ​ការ​អន់ចិត្ត​របស់​ខ្លួន​ដែល​លោក ហ៊ុន សែន ជា​ឪពុក​បាត់បង់​ទំនុកចិត្ត​លើ​រូបលោក​ជាច្រើន​ឆ្នាំ បន្ទាប់ពី​លោក​ធ្វើ​ឱ្យ​ខកខាន​កិច្ចការ​របស់​លោក ហ៊ុន សែន ដែល​ដាក់​ឲ្យ​នា​ពេល​កន្លងមក។

កូនប្រុស​ពៅ​របស់​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ានី ដែល​ជា​សមាជិក​គណៈកម្មាធិការ​កណ្តាល និង​ជា​អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​គណៈ​ចលនា​មហាជន ដែល​ប្រាថ្នា​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​របស់​កម្ពុជា បាន​លើកឡើង​ក្នុង​ពិធី​ផ្សព្វផ្សាយ​សៀវភៅ «ក្ដី​សង្ឃឹម ហ៊ុន ម៉ានី» នៅ​ខេត្ត​សៀមរាប កាលពី​ពេល​ថ្មីៗ​នេះ​ថា លោក ហ៊ុន សែន បាន​បាត់បង់​ទំនុកចិត្ត​លើ​រូបលោក​អស់​រយៈពេល ៣​ឆ្នាំ ដោយសារតែ​កំហុស​ឆ្គង​អំឡុង​ពេល​ដែល​លោក​ធ្វើការ​នៅ​ខុទ្ទកាល័យ​របស់​នាយករដ្ឋមន្ត្រី​កាលពី​ឆ្នាំ​២០០៨ ដែល​មាន​តួនាទី​ជា​អ្នក​កាន់​ឯកសារ​ឲ្យ​លោក ហ៊ុន សែន ផង និង​ជា​អ្នក​ដាស់​លោក ហ៊ុន សែន ឱ្យ​ភ្ញាក់​ពី​ដំណេក​ផង។

លោក ហ៊ុន ម៉ានី លើកឡើង​ថា កំហុស​លើក​ទី​១ គឺ​លោក​ធ្លាប់​អាក់ខាន​ចូលរួម​កិច្ចប្រជុំ​ទទួល​ជួប​ប្រតិភូ​បរទេស និង​ដៃគូ​អភិវឌ្ឍន៍​នានា​ម្តង ហើយ​លើក​ទី​២ លោក ហ៊ុន សែន បាន​ឱ្យ​លោក​វិនិច្ឆ័យ​លើ​ស្ថានភាព​នៃ​ប្រទេស​មួយ​ដែល​កំពុង​ជួប​វិបត្តិ​នយោបាយ ដែល​ត្រូវ​រើស​មេដឹកនាំ​ថ្មី​ដែល​ជា​កូន​របស់​មេដឹកនាំ​ចាស់​នៃ​ប្រទេស​នោះ ប៉ុន្តែ​លោក​បាន​ឆ្លើយ​ទៅ​កាន់​លោក ហ៊ុន សែន ថា លោក​មិន​ដឹង​ថា​គួរ​ត្រូវ​ជ្រើសរើស​កូន​មួយ​ណា​ឱ្យ​ឡើង​កាន់​តំណែង​បន្ត​នោះ​ទេ។

លោក ហ៊ុន ម៉ានី បញ្ជាក់​ថា ចម្លើយ​របស់​លោក​បែប​នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​លោក ហ៊ុន សែន បាត់បង់​ទំនុកចិត្ត​លើ​រូបលោក​យ៉ាង​ខ្លាំង។

អ្នកវិភាគ​ឯករាជ្យ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៥ សីហា នេះ​ថា លោក ហ៊ុន ម៉ានី ពិត​ជា​បរាជ័យ​ដែល​មិន​ទទួល​បាន​ទំនុកចិត្ត​ពី​លោក ហ៊ុន សែន ដែល​ជា​ឪពុក ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​កាន់​តំណែង​កំពូល គឺ​ការ​ស្នង​តំណែង​ជា​នាយករដ្ឋមន្ត្រី​នៅ​ពេល​អនាគត ហើយ​ការ​ទម្លាយ​អាថ៌កំបាំង​នេះ បង្ហាញ​ថា គាត់​មាន​សេចក្ដី​ប្រាថ្នា​ធំ​ណាស់​ក្នុង​ការ​ស្រមៃ​ប្រជែង​យក​តំណែង​នាយករដ្ឋមន្ត្រី​ជាមួយ​លោក ហ៊ុន ម៉ាណែត។

លោក គឹម សុខ លើកឡើង​ថា បន្ទាប់ពី​លោក ហ៊ុន សែន បង្ខំ​ឲ្យ​អង្គសន្និបាត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ប្រកាស​គាំទ្រ​លោក ហ៊ុន ម៉ាណែត ធ្វើ​ជា​អនាគត​នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ានី បាន​នាំ​គ្រួសារ​ទៅ​លេង​នៅ​ប្រទេស​មួយ​ចំនួន​នៅ​សហគមន៍​អឺរ៉ុប​អស់​ជាច្រើន​ថ្ងៃ ដែល​ជា​ការ​សម្ដែង​នូវ​ការ​ខកចិត្ត​របស់​គាត់​យ៉ាង​ខ្លាំង​ចំពោះ​ការ​តែងតាំង​នេះ។

អ្នកវិភាគ​រូប​នេះ​អះអាង​ថា ការ​ដែល​លោក ហ៊ុន សែន បាន​បញ្ជូន​លោក ហ៊ុន ម៉ានី ឲ្យ​ទៅ​ធ្វើ​ធំ​នៅ​រដ្ឋសភា គឺ​ដើម្បី​ឲ្យ​លោក ហ៊ុន ម៉ានី នៅ​ឱ្យ​កាន់តែ​ឆ្ងាយ​ពី​ផែនការ​នយោបាយ​របស់​គាត់ ហើយ​វិធី​នេះ គឺជា​របៀប​ចាត់ចែង​របស់​ពួក​កុម្មុយនីស្ត​ធ្លាប់​ប្រើ​រហូត​មក ព្រោះ​ថា នៅ​ពេល​ដែល​គេ​រុញ​មន្ត្រី​ជាន់ខ្ពស់​ណា​ម្នាក់​ឲ្យ​កាន់តែ​ខ្ពស់​ក្នុង​សភា មាន​ន័យ​ថា អ្នក​នោះ​បាន​បាត់បង់​ទំនុកចិត្ត​ស្ទើរតែ​ទាំងស្រុង​ពី​មេដឹកនាំ​បក្ស​ហើយ ឬ​គេ​ហៅ​ម្យ៉ាង​ទៀត​ថា អ្នកទោស​នយោបាយ​របស់​មេ​បក្ស។

ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បញ្ជាក់​ថា ការ​ប្រឈម​ឧបសគ្គ​ដែល​ឪពុក​ខ្លួន​បាត់​ទំនុកចិត្ត​មក​លើ​ខ្លួន និង​ប្រឹង​លើកតម្កើង​លោក ហ៊ុន ម៉ាណែត ជា​កូន​សំណព្វ​ចិត្ត​បែប​នេះ លោក ហ៊ុន ម៉ានី ក៏​ប្រឹង​បង្កើត​វេទិកា​ជាច្រើន​ដែរ​ដើម្បី​លើក​តម្កើង​ខ្លួនឯង ដូចជា​កម្មវិធី​ពិភាក្សា “ក្តី​សង្ឃឹម ហ៊ុន ម៉ានី” កាលពី​ថ្ងៃទី​១០ ខែ​សីហា នៅ​ខេត្ត​សៀមរាប ជាដើម។

កាលពី​ថ្ងៃទី​២៤ ខែ​ធ្នូ ឆ្នាំ​២០២១ គណបក្ស​ប្រជាជន​កម្ពុជា​បាន​សម្រេច​ជា​ឯកច្ឆន្ទ​ក្នុង​ការ​ជ្រើសរើស​កូនប្រុស​ច្បង​របស់​បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត ឲ្យ​ក្លាយ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​ស្នង​តំណែង​ពី​ឪពុក។ ចាប់តាំងពី​ពេល​នោះ​មក គេ​សង្កេត​ឃើញ​លោក ហ៊ុន សែន តែង​បង្ហោះ​រូប​របស់​លោក ហ៊ុន ម៉ាណែត ដោយ​ភ្ជាប់​នឹង​ការ​លើក​សរសើរ​ផ្សេងៗ​ជាច្រើន។

កាលពី​ឆ្នាំ​២០១៥ ក្នុង​ការ​ផ្សាយ​បន្ត​ផ្ទាល់​ដោយ​វិទ្យុ​ក្នុង​ស្រុក​មួយ បាន​ចោទ​ជា​សំណួរ​ទៅ​កាន់​លោក ហ៊ុន ម៉ានី ថា តើ​លោក​ចង់​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​ដែរ​ឬ​ទេ? ពេល​នោះ លោក ហ៊ុន ម៉ានី បាន​ឆ្លើយ​ថា តួនាទី​កំពូល​នេះ គឺជា​សុបិន​របស់​យុវវ័យ​គ្រប់​រូប​ទាំងអស់។

ចំណែក​លោក ហ៊ុន ម៉ាណែត វិញ​ក៏​បាន​ផ្តល់​កិច្ច​សម្ភាសន៍​ដល់​សារព័ត៌មាន ABC អូស្ត្រាលី​ដែរ​អំពី​សំណួរ​ដូច​គ្នា​នេះ តែ​លោក ហ៊ុន ម៉ាណែត មិន​បាន​ឆ្លើយ​ថា «បាទ ឬ​ក៏​ទេ» នោះ​ឡើយ។

ប៉ុន្តែ​បើ​ទោះបីជា​លោក ហ៊ុន ម៉ាណែត មិន​សារភាព​ក៏ដោយ ក៏​គេ​ស្តាប់​ចម្លើយ​របស់​បងប្អូន​បង្កើត​ទាំង​ពីរ​នេះ​ច្បាស់​ណាស់​ថា ពួកគេ​សុទ្ធតែ​មាន​មហិច្ឆតា​ចង់​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​ស្នង​ឪពុក​របស់​ខ្លួន​ដូច​គ្នា៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស