មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងអះអាងថា លោក ហ៊ុន សែន បានគំរាមកំហែងផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជាយ៉ាងធ្ងន់ធ្ងរ ដោយបង្ខំឱ្យអង្គសន្និបាតបក្សបោះឆ្នោតជាចំហដោយលើកដៃគាំទ្រលោក ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រី ខណៈលោក ហ៊ុន ម៉ានី ដែលប្រាថ្នាចង់បានតំណែងនេះបង្ហាញពីការច្រណែនបងប្អូនខ្លួនឯងក្នុងវង្សត្រកូលបន្តវេន។
អតីតអ្នកទោសនយោបាយ និងជាមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីថ្ងៃទី២៥ សីហា ថា ដើម្បីឲ្យផែនការផ្ទេរអំណាចតត្រកូលរបស់ខ្លួនបានជោគជ័យ លោក ហ៊ុន សែន មានតែបង្ខំឱ្យអង្គសន្និបាតបក្សកាន់អំណាចបោះឆ្នោតជាចំហដោយលើកដៃតែប៉ុណ្ណោះ ដែលជារូបភាពមួយបង្ហាញពីការគំរាមកំហែងផ្ទៃក្នុងបក្សយ៉ាងធ្ងន់ធ្ងរ ខណៈលោក ហ៊ុន ម៉ានី ដែលប្រាថ្នាចង់បានតំណែងកំពូលនេះ ក៏រងនូវភាពអយុត្តិធម៌ពីទង្វើរបស់លោក ហ៊ុន សែន ផងដែរ។
លោក មាជ សុវណ្ណារ៉ា អះអាងថា ដើម្បីជ្រើសរើសបេក្ខជននាយករដ្ឋមន្ត្រីនាពេលអនាគតឲ្យមានតម្លាភាព និងចៀសវាងនូវការច្រណែនគ្នារវាងកូនៗមន្ត្រីជាន់ខ្ពស់បក្សកាន់អំណាច ពួកគេគួរតែដាក់បញ្ជីឈ្មោះកូនរៀងៗខ្លួនសម្រាប់អ្នកចង់បានតំណែងនេះ ដើម្បីឱ្យសន្និបាតបក្សបោះឆ្នោតជ្រើសរើសជាសម្ងាត់ នោះទើបរកឃើញនូវបេក្ខជនដែលមានការគាំទ្រពីផ្ទៃក្នុងគណបក្សពិតប្រាកដ និងជាបេក្ខជនដែលគេអបអរសាទរភាគច្រើនក្នុងគណបក្សផងដែរ។
លោកបញ្ជាក់ថា ការបោះឆ្នោតសម្ងាត់នេះ គឺជាវិធីដ៏យុត្តិធម៌មួយដែលបុរសខ្លាំងកម្ពុជា លោក ហ៊ុន សែន មិនហ៊ានធ្វើជាដាច់ខាត ព្រោះថាការអនុវត្តវិធីបោះឆ្នោតសម្ងាត់បែបនេះ នឹងផ្តល់សេរីភាពពេញលេញដល់អ្នកបោះឆ្នោតដែលអាចគេចផុតពីការគំរាមកំហែងរបស់លោក ហ៊ុន សែន ហើយពេលនោះ លោក ហ៊ុន ម៉ាណែត អាចនឹងមិនជាប់ជាបេក្ខជននាយករដ្ឋមន្ត្រីថែមទៀត។ បញ្ហានេះដែលអាចធ្វើឱ្យផែនការក្តាប់អំណាចសម្រាប់ត្រកូលហ៊ុន នឹងត្រូវបរាជ័យទាំងស្រុង។
ក្នុងពិធីផ្សព្វផ្សាយសៀវភៅ «ក្ដីសង្ឃឹម ហ៊ុន ម៉ានី» នៅខេត្តសៀមរាប កាលពីពេលថ្មីៗនេះ កូនប្រុសពៅលោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ានី ដែលប្រាថ្នាកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់កម្ពុជា បានសម្ដែងនូវភាពអស់សង្ឃឹមថា លោក ហ៊ុន សែន បានបាត់បង់ទំនុកចិត្តលើរូបលោកអស់រយៈពេលជាច្រើនឆ្នាំ បន្ទាប់ពីលោកធ្វើឱ្យខកខានកិច្ចការដែលលោក ហ៊ុន សែន ដាក់ឱ្យលោកធ្វើនាពេលកន្លងមក។
ក្រុមអ្នកសង្កេតការណ៍លើកឡើងការទម្លាយអាថ៌កំបាំងរបស់លោក ហ៊ុន ម៉ានី បានបង្ហាញពីការអាក់អន់ចិត្តយ៉ាងខ្លាំង ដែលលោកមិនទទួលបានការយកចិត្តទុកដាក់ពីលោក ហ៊ុន សែន ដូចលោក ហ៊ុន ម៉ាណែត ហើយក៏ជាការបង្ហាញពីការច្រណែនឈ្នានីសបងប្អូនខ្លួនឯងក្នុងវង្សត្រកូលដែលក្តោបក្តាប់អំណាចនេះផងដែរ។
ប្រភពដដែលអះអាងថា ការដណ្តើមអំណាចគ្នាក្នុងវង្សត្រកូលក្តោបក្តាប់អំណាចបែបនេះ គឺជារឿងដែលចៀសមិនផុតនោះទេ បើទោះបីជាលោក ហ៊ុន សែន ដែលជាឪពុកបានប្រកាសគាំទ្រលោក ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រីបន្តវេនកាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅនេះក៏ដោយ ក៏លោក ហ៊ុន ម៉ានី ដែលមានបំណងចង់បានតំណែងកំពូលនេះតាំងពីយូរមកហើយនោះ មិនបោះបង់ឆន្ទៈរបស់ខ្លួនដែរ។
កាលពីដើមឆ្នាំ២០២១ គេហទំព័រ List of current longest-ruling Leaders បានចេញផ្សាយថា លោក ហ៊ុន សែន ជាមេដឹកនាំម្នាក់ក្នុងចំណោមមេដឹកនាំផ្ដាច់ការទាំង៥ ដែលកាន់កាប់អំណាចយូរជាងគេនៅលើពិភពលោក ខណៈអំណាចនេះត្រូវបានលោក ហ៊ុន សែន រៀបចំបន្តឱ្យកូនប្រុសរបស់ខ្លួនគ្រប់គ្រងតាមរបៀបសន្តតិវង្សដូចប្រទេសកាន់របបកុម្មុយនីស្តកូរ៉េខាងជើង ដែលបានផ្ទេរអំណាចពីឪពុកទៅកូន ហើយផ្ទេររហូតទៅដល់ចៅថែមទៀតនោះ៕