27 C
Phnom Penh

ពលរដ្ឋ​ខ្លះ​លក់​ទ្រព្យសម្បត្តិ​និង​ទុក​ផ្ទះ​ចោល ហើយ​នាំ​កូន​ប្រពន្ធ​ទៅ​រស់នៅ​ក្បែរ​ដី​ចម្ការ​លោក ខឹម វាសនា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋ​មួយ​ចំនួន​រស់នៅ​ក្នុង​ខេត្ត​សៀមរាប បាន​លក់​ទ្រព្យសម្បត្តិ គោ មាន់ ទា និង​ម៉ូតូ ដោយ​ទុក​ផ្ទះ​ចោល ដើម្បី​នាំគ្នា​ទៅ​រស់នៅ​ក្បែរ​ដី​ចម្ការ​ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (LDP) លោក ខឹម វាសនា ដែល​ពួកគេ​ជឿ​ថា​នឹង​ការពារ​ជីវិត​របស់​ពួកគេ​ឱ្យ​រួច​ខ្លួន​ពី​គ្រោះ​ទឹកជំនន់ ដែល​នឹង​កើតឡើង​អំឡុង​ពេល ២ ឬ ៣​ថ្ងៃ​ខាងមុខ​នេះ។

ពលរដ្ឋ​ចំនួន ៥​គ្រួសារ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily កាលពី​ថ្ងៃទី​២៨ ខែ​សីហា ឆ្នាំ​២០២២ នេះ​ថា ពួកគេ​ពិត​ជា​ជឿ​ថា គ្រោះ​ធម្មជាតិ​ទឹកជំនន់​នឹង​ឡើង​លិច​ពិភពលោក​ប្រាកដ​មែន ព្រោះ​ថា​លោក ខឹម វាសនា គឺជា​ព្រះព្រហ្ម​ដែល​បាន​ដឹង​ពី​បាតុភូត​ធម្មជាតិ​ដែល​នឹង​កើតឡើង​ក្នុង​ពេល​ខាងមុខ​នេះ។

ក្រុម​គ្រួសារ​ទាំងនេះ​អះអាង​ថា ពេល​មាន​គ្រោះ​ធម្មជាតិ​ទឹកជំនន់​ឡើង​លិច​ទូទាំង​ពិភពលោក មេ​បក្ស​ជួង លោក ខឹម វាសនា នឹង​សម្ដែង​ឫទ្ធិ​បញ្ចៀស​គ្រោះ​ធម្មជាតិ​ទាំងនោះ​មិន​ឱ្យ​ប៉ះពាល់​ដល់​ជីវិត​របស់​ពួកគេ​ឡើយ ហើយ​អ្នក​ដែល​នៅ​ឆ្ងាយៗ​មិន​បាន​មក​នៅ​លើ​ដី​ចម្ការ​នោះ គ្រាន់តែ​ស្រែក​ហៅ​ឈ្មោះ​លោក ខឹម វាសនា ក៏​នឹង​ត្រូវ​បាន​សង្គ្រោះ​ឱ្យ​រួច​ជីវិត​ពី​គ្រោះ​ទឹកជំនន់​នេះ​ដែរ។

ការ​អះអាង​នេះ ធ្វើឡើង​អំឡុង​ពេល​ដែល​ពួកគេ​កំពុង​បោះ​តង់​ធ្វើ​ជា​ជម្រក​ស្នាក់នៅ​ក្បែរ​ដី​ចម្ការ​របស់​មេ​បក្ស​ជួង​ក្នុង​ចំណោម​អ្នក​ជឿ និង​បោះ​តង់​ស្នាក់នៅ​ទីនោះ​ជាច្រើន។

ក្រុម​អាជ្ញាធរ​ដែល​កំពុង​ប្រចាំការ​លើ​ទីតាំង​នៅ​ទីនោះ បាន​អះអាង​កាលពី​ថ្ងៃទី​២៨ សីហា នេះ​ថា ក្រុម​អ្នក​គាំទ្រ​បក្ស​ជួង​ប្លែក​មុខ​ថ្មីៗ​បាន​នាំគ្នា​ធ្វើ​ដំណើរ​មកពី​ខេត្ត​ផ្សេងៗ​ជា​បន្តបន្ទាប់ ខ្លះ​ប្រើប្រាស់​យានជំនិះ​ផ្ទាល់ខ្លួន ខ្លះ​ទៀត​ជួល​ឡាន​ទេសចរណ៍​ខ្នាត​ធំ​ចូល​ទៅ​ដី​ចម្ការ​នោះ​ជា​រៀងរាល់​ថ្ងៃ ដែល​ធ្វើ​ឱ្យ​ចំនួន​មនុស្ស​កើនឡើង​ជា​រៀងរាល់​ថ្ងៃ។

លោក តេង ច័ន្ទណាត ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀមរាប លើកឡើង​ថា ត្រឹម​ថ្ងៃទី​២៦ ខែ​សីហា ឆ្នាំ​២០២២ របាយការណ៍​ត្រួសៗ​បញ្ជាក់​ថា​មាន​មនុស្ស​ប្រមាណ ១,៥​ម៉ឺន​នាក់​ហើយ​ដែល​បាន​ទៅ​ស្នាក់នៅ​ផ្ទះ​ចម្ការ និង​ដី​ក្បែរ​ចម្ការ​របស់​លោក ខឹម វាសនា ហើយ​ដែល​អ្នក​ខ្លះ​ស្នាក់នៅ​ក្នុង​ផ្ទះ និង​ខ្លះ​ទៀត​បោះ​តង់ ឬ​រោង​នៅ​ខាងក្រៅ​ផ្ទះ​នៃ​ចម្ការ​របស់​លោក ខឹម វាសនា ក្នុង​ស្រុក​បន្ទាយស្រី។

នៅ​ថ្ងៃទី​៣០ ខែ​សីហា នេះ គឺជា​ថ្ងៃ​ដែល​ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ លោក ខឹម វាសនា ត្រូវ​ធ្វើ​តាម​ការ​សន្យា​រំសាយ​អ្នកគាំទ្រ​របស់​ខ្លួន​ហើយ បន្ទាប់ពី​លោក​បាន​សន្យា​ជាមួយ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ស្រាវជ្រាវ​ចារកិច្ច​នៃ​ក្រសួង​ការពារ​ជាតិ លោក ហ៊ុន ម៉ានិត កាលពី​ថ្ងៃទី​២៧ ខែ​សីហា ឆ្នាំ​២០២២ កន្លងទៅ​នេះ។

ក្នុង​ជំនួប​ដោយ​មាន​លោក ហ៊ុន ម៉ានិត អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ស្រាវជ្រាវ​ចារកិច្ច​នៃ​ក្រសួង​ការពារ​ជាតិ និង​ដែល​ជា​កូនប្រុស​ទី​២​របស់​លោក ហ៊ុន សែន ផង​នោះ លោក ទៀ សីហា អភិបាល​ខេត្ត​សៀមរាប បាន​បញ្ជា​ដោយ​ផ្ទាល់​ឲ្យ​លោក ខឹម វាសនា បញ្ឈប់​នូវ​សកម្មភាព​បំផុសបំផុល​តទៅទៀត។ លោក​បាន​ចាត់ទុក​សកម្មភាព​របស់​លោក ខឹម វាសនា ថា​កំពុង​ធ្វើ​ឲ្យ​ពលរដ្ឋ​ចលាចល និង​ខាតបង់​ប្រយោជន៍​គ្រួសារ​របស់​ពួកគេ​ធ្ងន់ធ្ងរ។

ក្នុង​ខ្សែ​វីដេអូ​ដែល​មាន​ប្រវែង​ប្រមាណ​ជា ៥​នាទី ត្រូវ​បាន​គេ​ថត​អំឡុង​ពេល​ដែល​លោក ហ៊ុន ម៉ានិត ស្នើសុំ​ឱ្យ​លោក ខឹម វាសនា បញ្ឈប់​ប្រមូល​អ្នកគាំទ្រ​របស់​លោក​ឱ្យ​ទៅ​នៅ​លើ​ដី​ចម្ការ​នោះ លោក ខឹម វាសនា បាន​បដិសេធ​ថា គាត់​មិន​បាន​ហៅ​ឱ្យ​អ្នកគាំទ្រ​របស់​គាត់​ឲ្យ​ទៅ​នៅ​លើ​ដី​ចម្ការ​នោះ​ទេ គឺ​ពួកគេ​ទៅ​ដោយ​ខ្លួនឯង​តែប៉ុណ្ណោះ។

ទោះជា​បែប​នេះ​ក្តី កាលពី​ថ្ងៃទី​២៣ ខែ​សីហា ឆ្នាំ​២០២២ មេ​បក្ស​ជួង លោក ខឹម វាសនា បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​ដោយ​អំពាវនាវ​ឱ្យ​អ្នកគាំទ្រ​របស់​លោក​នាំគ្នា​ទៅ​រស់នៅ​លើ​ដី​ចម្ការ​របស់​លោក​នៅ​ខេត្ត​សៀមរាប។ លោក​អះអាង​ថា មាន​តែ​ខេត្ត​សៀមរាប​ប៉ុណ្ណោះ​ដែល​ក្លាយ​ជា​នគរ​របស់​កម្ពុជា​ថ្មី។

ចាប់តាំងពី​ថ្ងៃទី​២៦ ខែ​សីហា ឆ្នាំ​២០២២ មក អ្នកគាំទ្រ​លោក ខឹម វាសនា បាន​នាំគ្នា​សម្រុក​ពី​គ្រប់​ខេត្ត​ក្រុង រួម​ទាំង​ពលករ​ខ្មែរ​ដែល​កំពុង​បម្រើការ​នៅ​ប្រទេស​កូរ៉េ និង​ជប៉ុន ដែល​មិន​ទាន់​ចប់​កុងត្រា​ការងារ​ផង​នោះ បាន​នាំគ្នា​សម្រុក​ទៅ​រស់នៅ​ក្បែរ​ដី​ចម្ការ​របស់​លោក ខឹម វាសនា ក្នុង​ខេត្ត​សៀមរាប រហូត​ដល់​ថ្ងៃ​នេះ គឺ​មាន​រយៈពេល ៤​ថ្ងៃ​ហើយ ខណៈ​អាជ្ញាធរ​នៅ​មិនទាន់​មាន​វិធានការ​ណា​មួយ​នៅឡើយ​ទេ​ចំពោះ​ការ​ប្រមូលផ្ដុំ​នេះ។

ក្រុម​អ្នក​ឃ្លាំមើល​សង្គម លើកឡើង​ថា បើ​ប្រៀបធៀប​ការ​ប្រមូលផ្ដុំ​របស់​សកម្មជន​បរិស្ថាន​ដែល​តវ៉ា​ដើម្បី​ឱ្យ​មាន​ការ​ការពារ​បរិស្ថាន​ត្រឹមតែ ១០​នាក់ ត្រូវ​អាជ្ញាធរ​ចោទប្រកាន់​ពី​បទ ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម ប៉ុន្តែ​មេ​បក្ស​ជួង លោក ខឹម វាសនា ប្រមូល​មនុស្ស​ជិត ២​ម៉ឺន​នាក់ នៅតែ​រក្សា​ភាព​ស្ងៀមស្ងាត់​ដដែល៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស