26 C
Phnom Penh

អ្នក​គាំទ្រ​លោក ខឹម វាសនា ប្រមាណ​២​ម៉ឺន​នាក់​បន្ត​លាក់​ខ្លួន​បោះ​តង់​ក្នុង​ព្រៃ​ក្បែរ​ជើងភ្នំ​គូលែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​គាំទ្រ​លោក ខឹម វាសនា ប្រមាណ ២​ម៉ឺន​នាក់ កំពុង​នាំគ្នា​ពួន​សម្ងំ​លាក់​ខ្លួន​បោះ​តង់​ក្នុង​ព្រៃ​ក្បែរ​ជើងភ្នំ​គូលែន បន្ទាប់ពី​អាជ្ញាធរ​ខេត្ត​សៀមរាប ចេញ​លិខិត​ឱ្យ​រំសាយ​ការ​ជួបជុំ​នៅ​ថ្ងៃ​អង្គារ ទី​៣០ សីហា នេះ។

ក្រុម​អ្នក​គាំទ្រ​លោក ខឹម វាសនា បាន​នាំគ្នា​បោះ​ជំរំ​លាក់​ខ្លួន​នៅ​ក្នុង​ព្រៃ​ក្បែរ​ជើងភ្នំ​គូលែន នៅ​ថ្ងៃទី​៣០ ខែ​សីហា ឆ្នាំ​២០២២ នេះ ដែល​មាន​កងកម្លាំង​សណ្ដាប់ធ្នាប់​ជា​សមាជិក​បក្ស​ជួង ដើរ​ត្រួតពិនិត្យ​តាម​ទីតាំង​ដែល​ពួកគេ​បាន​បោះ​ជំរំ ក្នុង​នោះ​សមាជិក​ដែល​នៅ​ក្នុង​ជំរំ​បោះ​តង់​ទាំងនោះ​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ដើរ​ចេញ​ពី​ព្រៃ​ជើងភ្នំ​គូលែន​នោះ​ឡើយ ប៉ុន្តែ​មាន​តំណាង​របស់​ពួកគេ​ចេញ​មក​ខាង​ក្រៅ​ដើម្បី​ទិញ​វត្ថុ​ប្រើប្រាស់​ផ្សេងៗ​យក​ទៅ​ឱ្យ​អ្នក​ដែល​ពួន​សម្ងំ​នៅ​ក្នុង​ព្រៃ​ទាំងនោះ។

សមាជិក​បក្ស​ជួង​ដែល​កំពុង​លាក់​ខ្លួន​នៅ​ក្នុង​ព្រៃ​នោះ អង្គុយ​ជា​រង្វង់​ទល់​មុខ​គ្នា​តាម​ក្រុម​រៀងៗ​ខ្លួន​ក្នុង​ជំរំ​ដែល​ពួកគេ​ធ្វើ​ពី​តង់​កៅស៊ូ​ជាច្រើន​កន្លែង និង​ជាប់ៗ​គ្នា​ស្អេកស្កះ​រាប់​មិន​អស់ ស្ថិត​ក្នុង​ទឹកមុខ​ក្រៀមក្រំ ប៉ុន្តែ​ពួកគេ​មិន​សូវ​និយាយ​ស្តី​រក​គ្នា​ឡើយ ក្នុង​ចំណោម​នោះ​ក៏​មាន​អ្នក​ដែល​អង្គុយ​មើល​មេឃ​ដើម្បី​តាមដាន​ពពក ដែល​កំពុងតែ​កក​ពូន​ផ្តុំ​ជា​ពពក​ខ្មៅ​ចំ​ពី​លើ​ដី​ចម្ការ​របស់​លោក ខឹម វាសនា ផង​ដែរ។

កាលពី​ថ្ងៃទី​២៩ ខែ​សីហា ឆ្នាំ​២០២២ រដ្ឋបាល​ខេត្ត​សៀមរាប បាន​ចេញ​លិខិត​បញ្ជាក់​ថា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (LDP) លោក ខឹម វាសនា បាន​ឃោសនា​ប្រជាភិថុតិ​បែប​អបិយ​ជំនឿ និង​ប្រាសចាក​ពី​ការពិត ដែល​បាន​តាំងខ្លួន​ថា​ជា​ព្រះព្រហ្ម និង​ផ្សព្វផ្សាយ​បោក​បញ្ឆោត​ថា​មាន​អភូតហេតុ​គ្រោះ​ទឹកជំនន់​លិច​ទូទាំង​ពិភពលោក។

រដ្ឋបាល​ខេត្ត​សៀមរាប ក៏​បាន​ចេញ​លិខិត​ដាច់ដោយឡែក​មួយ​ទៀត​ដែរ ដោយ​បញ្ជា​ឱ្យ​លោក ខឹម វាសនា បញ្ឈប់​ការ​ប្រមូលផ្ដុំ និង​រំសាយ​ការ​ជួបជុំ​អ្នក​គាំទ្រ​របស់​ខ្លួន​ដែល​មិន​មាន​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​មូលដ្ឋាន​ចាប់ពី​ថ្ងៃទី​៣០ ខែ​សីហា ឆ្នាំ​២០២២ នេះ​តទៅ។

យ៉ាងណាក៏ដោយ នៅ​ថ្ងៃទី​៣០ ខែ​សីហា ឆ្នាំ​២០២២ នេះ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ បាន​ចេញ​លិខិត​បញ្ជាក់​ថា កម្មវិធី​ជួបជុំ​សមាជិក​គណបក្ស​ស្ថិត​ក្នុង​បរិវេណ​ដី​ចម្ការ​នៅ​ភូមិ​ថ្មជល់ ឃុំ​ត្បែង ស្រុក​បន្ទាយស្រី ខេត្ត​សៀមរាប នឹង​បន្ត​ប្រមូលផ្ដុំ​គ្នា​រហូត​ដល់​ដំណាច់​ខែ​កញ្ញា ក្រោយ​នេះ ព្រោះ​ថា​ពួកគេ​បាន​ជូនដំណឹង​ដល់​មេឃុំ​ត្បែង​រួច​រាល់​អស់​ហើយ​កាលពី​ថ្ងៃទី​២៧ ខែ​សីហា កន្លងទៅ​នេះ។

ទោះជា​បែប​នេះ​ក្តី នៅ​ថ្ងៃទី​៣០ ខែ​សីហា ឆ្នាំ​២០២២ នេះ ក្រុម​សមត្ថកិច្ច​បាន​ដាក់​កម្លាំង​តាម​ដងផ្លូវ​ដែល​មាន​ចម្ងាយ​ប្រមាណ ១​គីឡូម៉ែត្រ​ពី​ដី​ចម្ការ​របស់​លោក ខឹម វាសនា ដើម្បី​ហាមឃាត់​អ្នក​ដែល​មាន​បំណង​ចូល​ទៅ​ដី​ចម្ការ​នោះ ប៉ុន្តែ​នៅ​ថ្ងៃ​អង្គារ​នេះ ក៏​មិន​ឃើញ​មាន​ក្រុម​អ្នក​គាំទ្រ​លោក ខឹម វាសនា ធ្វើ​ដំណើរ​ចូល​ទៅ​ដី​ចម្ការ​នោះ​ដែរ ខណៈ​អ្នក​ដែល​ចាកចេញ​ពី​ទីតាំង​ដី​នោះ​មាន​ចំនួន​តិចតួច​ប៉ុណ្ណោះ។

អាជីវករ​ដែល​លក់ដូរ​នៅ​ម្តុំ​ដី​ចម្ការ​របស់​លោក ខឹម វាសនា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៣០ ខែ​សីហា ឆ្នាំ​២០២២ នេះ​ថា ពួកគេ​បាន​នាំគ្នា​ចូល​ទៅ​លក់​ផ្លែ​ទុរេន​នៅ​ទីនោះ​តាំងពី​ម៉ោង ៥​ជិត​ភ្លឺ​នៅ​ថ្ងៃ​អង្គារ​នេះ ប៉ុន្តែ​មិន​ឃើញ​សមាជិក​បក្ស​ជួង​នាំគ្នា​ដើរ​ចេញ​មក​លើ​ថ្នល់​ដូច​ថ្ងៃ​មុន​នោះ​ឡើយ ខណៈ​ស្ថានភាព​លើ​ដងផ្លូវ​នៅ​ថ្ងៃ​នេះ​មាន​ភាព​ស្ងប់ស្ងាត់​ជ្រងំ។

ប្រភព​ដដែល​អះអាង​ថា ពួកគេ​មាន​តំណាង​ក្រុម​ចេញ​មក​ទិញ​អីវ៉ាន់​ម្តងម្កាល ប៉ុន្តែ​អ្នក​ទាំងនោះ​មិន​និយាយ​ស្តី​រក​អ្នក​ណា ឬ​ឆ្លើយ​សំណួរ​របស់​អ្នកលក់​ឡើយ។ ពួកគេ​គ្រាន់តែ​ប្រាប់​របស់​ដែល​ខ្លួន​ចង់​ទិញ​នោះ​តែប៉ុណ្ណោះ។ អ្នកស្រី​បញ្ជាក់​ថា អ្នកស្រី​បាន​សួរ​ថា តើ​មនុស្ស​ទាំងអស់​បាត់​ទៅ​ណា ប៉ុន្តែ​គ្មាន​ការ​ឆ្លើយតប​ពី​ពួកគេ​នោះ​ទេ។

ការ​ជួបជុំ​ប្រមូលផ្ដុំ​ពលរដ្ឋ​មកពី​តាម​បណ្តា​ខេត្ត​នានា​ដែល​គាំទ្រ​លោក ខឹម វាសនា ដោយសារ​មាន​ការ​បំផុសបំផុល​ពលរដ្ឋ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​ថា នឹង​មាន​គ្រោះ​រញ្ជួយ​ផែនដី​កើតមាន​ទឹកជំនន់​ក្នុង​ពេល​ឆាប់ៗ​នេះ ហើយ​ពលរដ្ឋ​ត្រូវ​នាំគ្នា​ប្រញាប់​រត់​ទៅ​ជ្រកកោន​នៅ​ម្តុំ​ដី​ចម្ការ​របស់​គាត់​ដែល​មាន​ទំហំ​ជាង ១២​ហិកតារ នៅ​ភូមិ​ថ្មជល់ ឃុំ​ត្បែង ស្រុក​បន្ទាយស្រី ខេត្ត​សៀមរាប ក្បែរ​ជើងភ្នំ​គូលែន កាលពី​ថ្ងៃទី​២៦ ខែ​សីហា ឆ្នាំ​២០២២។

ការ​ជួបជុំ​ក្នុង​ចំនួន​ដ៏​ច្រើន​សន្ធឹកសន្ធាប់​មិន​ធ្លាប់​មាន​ពី​មុន​មក​នេះ នៅ​មិនទាន់​មាន​ការ​រំសាយ​នៅឡើយ​ទេ​រហូត​មក​ទល់​ពេល​នេះ ប៉ុន្តែ​ពួកគេ​បែរ​ជា​រត់​ចូល​ទៅ​ពួន​សម្ងំ​នៅ​ក្នុង​ព្រៃ​ក្បែរ​ជើងភ្នំ​គូលែន​ទៅវិញ។

នៅ​ពេល​ប៉ុន្មាន​នាទី​មុន​ការ​ផ្សាយ​នេះ​បន្តិច លោក ខឹម វាសនា បាន​សរសេរ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​ដោយ​ប្រើ​ពាក្យ​សម្ដី​យ៉ាង​អសុរោះ និង​អសីលធម៌​ជា​ខ្លាំង​ទៅ​លើ​ក្រុម​អ្នក​គាំទ្រ​របស់​លោក សម រង្ស៊ី និង​បាន​ជេរប្រមាថ​លោក ហ៊ុន សែន ជា​ខ្លាំង​ផង​ដែរ។

ទោះជា​បែប​នេះ​ក្តី នាយក​អង្គភាព​សារព័ត៌មាន​ដើម​អម្ពិល​ដែល​ស្និទ្ធ​នឹង​បុរស​ខ្លាំង លោក ហ៊ុន សែន បាន​សរសេរ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​ថា ប្រទេស​ខ្មែរ​មិន​អនុញ្ញាត​ឱ្យ​នរណា​ម្នាក់​បង្កើត​តំបន់​អបគមន៍​ជាដាច់ខាត។ ដូច្នេះ ជន​ឆ្កួត​លីលា​ទាំងឡាយ​ណា​ដែល​ប៉ុនប៉ង​បង្កើត​ចលាចល ឬ​អបគមន៍ ត្រូវតែ​បោស​សម្អាត ទោះ​ក្នុង​រូបភាព​ណា​ក៏ដោយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស