32.5 C
Phnom Penh

លោក ហ៊ុន ម៉ានី ចំអក​ឱ្យ​អ្នកវិភាគ​ដែល​ថា​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន​ប្រជែង​អំណាច​គ្នា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន ម៉ានី កូនប្រុស​ពៅ​បុរស​ខ្លាំង​ក្រាញ​អំណាច​របស់​កម្ពុជា លោក ហ៊ុន សែន ចាត់ទុក​ការ​វិភាគ​ដែល​ថា​រូបលោក និង​បង​បង្កើត​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត ប្រជែង​អំណាច​គ្នា គ្រាន់តែ​ជា​ការ​បង្ហាញ​ឱ្យ​ឃើញ​កាន់តែ​ច្បាស់​អំពី​ការ​ភិតភ័យ​របស់​ក្រុម​អ្នកវិភាគ​ចំពោះ​កម្លាំង​សាមគ្គី​ដ៏​រឹងមាំ​របស់​ត្រកូល «ហ៊ុន» និង​គណបក្ស​កាន់​អំណាច​តែប៉ុណ្ណោះ។

កូនប្រុស​ពៅ​របស់​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ានី ដែល​ប្រាថ្នា​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​របស់​កម្ពុជា បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​៣១ ខែ​សីហា ឆ្នាំ​២០២២ នេះ​ថា កន្លងមក​តែង​មាន​ការ​បកស្រាយ និង​ការ​វិភាគ​ជា​បន្តបន្ទាប់​អំពី​រូបលោក និង​លោក ហ៊ុន ម៉ាណែត ដែល​ជា​ចេតនា​អុជអាល និង​ញុះញង់​ឱ្យ​មាន​ទំនាស់​នៅ​ក្នុង​គ្រួសារ​របស់​លោក​ប៉ុណ្ណោះ។

លោក ហ៊ុន ម៉ានី អះអាង​ថា លោក​អរគុណ​អ្នកវិភាគ​ទាំងនោះ​ទៅវិញ​ទេ​ដែល​ពួកគេ​ធ្វើការ​វិភាគ​បែប​នេះ ព្រោះ​ថា​ការ​បកស្រាយ​ទាំងនោះ​បាន​ក្លាយ​ទៅ​ជា​មូលដ្ឋាន​សាមគ្គីភាព​ផ្ទៃក្នុង​សម្រាប់​ក្រុម​គ្រួសារ​របស់​លោក​កាន់តែ​ខ្លាំង​បន្ថែម​ទៀត ត្បិត​ក្រុម​គ្រួសារ​របស់​លោក​បាន​យល់​ច្បាស់​ពី​ចរិត​នៃ​ការ​បកស្រាយ និង​បទវិភាគ​ក្នុង​ចេតនា​បំបែក​បំបាក់​ទាំងនេះ​រួច​អស់​ទៅ​ហើយ។

កូនប្រុស​ពៅ​បុរស​ខ្លាំង​ក្រាញ​អំណាច​របស់​កម្ពុជា​រូប​នេះ​បញ្ជាក់​ថា លោក​ធ្លាប់​បាន​បកស្រាយ​ជា​សាធារណៈ​កាលពី​ពេល​កន្លងមក​ហើយ​ថា គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​បេក្ខភាព​លោក ហ៊ុន ម៉ាណែត ជា​បេក្ខជន​អនាគត​នាយករដ្ឋមន្ត្រី ហើយ​ការ​គាំទ្រ​នេះ​មិន​ត្រឹមតែ​ស្តែង​ចេញពី​ការ​លើកឡើង​របស់​លោក​ជា​ហូរហែ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​បាន​ស្ដែង​ចេញ​តាម​ទង្វើ​ទាំងឡាយ​ដែល​លោក​កំពុង​ធ្វើ​នា​ពេល​កន្លងមក​ថែម​ទៀត។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​មាន​អ្នកវិភាគ​បាន​លើកឡើង​ថា កូនប្រុស​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន កំពុង​ប្រជែង​ដណ្តើម​អំណាច​គ្នា​បន្ត​ពី​ឪពុក​សព្វថ្ងៃ​នេះ។

កាលពី​ថ្ងៃទី​៣១ ខែ​សីហា ឆ្នាំ​២០២២ បុរស​ខ្លាំង លោក ហ៊ុន សែន បាន​លើកឡើង​ដែល​សំដៅ​ទៅ​កាន់​អ្នកវិភាគ លោក គឹម សុខ ថា​កូនប្រុស​ពៅ​របស់​លោក គឺ​លោក ហ៊ុន ម៉ានី គ្មាន​មហិច្ឆតា​ដណ្តើម​តំណែង​នាយករដ្ឋមន្ត្រី​ពី​បងប្រុស​បង្កើត​ខ្លួនឯង គឺ​លោក ហ៊ុន ម៉ាណែត នោះ​ឡើយ ព្រោះ​ថា​កូនៗ​របស់​លោក​ចេះ​គោរព​បងប្អូន​ខ្លួនឯង​ណាស់។

ការ​អះអាង​បែប​នេះ ធ្វើឡើង​បន្ទាប់ពី​អ្នកវិភាគ​ឯករាជ្យ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​លើកឡើង​កាលពី​ថ្ងៃទី​២៩ ខែ​សីហា នៅ​លើ The Cambodia Daily ថា លោក ហ៊ុន ម៉ាណែត និង​លោក ហ៊ុន ម៉ានី កំពុង​ប្រជែង​ដណ្តើម​មុខមាត់​គ្នា​ទៅវិញ​ទៅមក​ស្រប​ពេល​ដែល​ការ​ផ្ទេរ​អំណាច​បន្ត​កាន់កាប់​ត្រកូល «ហ៊ុន» កាន់តែ​ខិត​ជិត​មក​ដល់។

លោក គឹម សុខ បញ្ជាក់​ថា លោក ហ៊ុន សែន ទំនង​ជា​ងាក​ទៅ​ស្ទាបស្ទង់​ការ​សម្រេច​ចិត្ត​របស់​សមាជិក​គ្រួសារ​របស់​លោក ដើម្បី​ឱ្យ​មាន​ការ​អន្តរាគមន៍​លើ​បញ្ហា​នេះ ប៉ុន្តែ​បើ​នៅតែ​មិន​ដាច់ស្រេច​ទៀត នោះ​ចុងក្រោយ​រវាង​លោក ហ៊ុន ម៉ាណែត និង​លោក ហ៊ុន ម៉ានី អាច​មាន​ម្នាក់​គ្រោះថ្នាក់​ធំ ដើម្បី​លុប​បំបាត់​ការ​ជ្រែក​អំណាច​ពី​អ្នក​ស្នង​តំណែង​កំពូល​នេះ ហើយ​វា​ក៏​ជា​វិធី​ចុងក្រោយ​របស់​ពួក​កុម្មុយនីស្ត​ដែល​និយម​ប្រើ​នោះ​ដែរ។

ស្ថាបនិក​អង្គការ​អភិវឌ្ឍន៍​ផ្នត់គំនិត លោក សេក សុជាតិ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១ ខែ​កញ្ញា នេះ​ថា ប្រសិនបើ​មាន​ករណី​ដណ្តើម​អំណាច​គ្នា​រវាង​លោក ហ៊ុន ម៉ានី និង​លោក ហ៊ុន ម៉ាណែត មែន នោះ​អ្នក​រងគ្រោះ​ជា​ប្រទេស​ជាតិ និង​ពលរដ្ឋ។ លោក​បន្ត​ថា ក្នុង​ប្រវត្តិសាស្ត្រ​ក៏​មាន​ការ​លាតត្រដាង​ពី​ការ​ធ្លាក់​ចុះ​នៃ​អំណាច​របស់​អាណាចក្រ​ខ្មែរ​ដែល​បណ្តាល​មកពី​ការ​ដណ្តើម​រាជ្យ​រវាង​បងប្អូន​ខ្លួនឯង​នេះ​ដែរ។

លោក សេក សុជាតិ បញ្ជាក់​ថា នៅ​ពេល​គ្រួសារ​ដែល​កាន់​អំណាច​កំពូល​មួយ​កំពុងតែ​បែកបាក់​សាមគ្គី​ផ្ទៃក្នុង គ្រួសារ​ដែល​កំពុង​ក្តោប​ក្តាប់​អំណាច​នៅ​ថ្នាក់​បន្ទាប់​ក៏​នឹង​រង់ចាំ​ឱកាស​ដើម្បី​ដណ្តើម​អំណាច​នោះ​មក​ក្តោប​ក្តាប់​ខ្លួនឯង​ដែរ ដូច្នេះ​វិបត្តិ​ក្នុង​គ្រួសារ​ដែល​ក្តោប​ក្តាប់​អំណាច​កំពូល​នោះ នឹង​ជួប​បញ្ហា​កាន់តែ​ធ្ងន់ធ្ងរ ហើយ​អំណាច​របស់​គណបក្ស​ប្រជាជន​កម្ពុជា​របស់​ពួកគេ​នឹង​ធ្លាក់​ចុះ​ជាមិនខាន។

ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា ការ​ចេញ​មុខ​បដិសេធ​របស់​លោក ហ៊ុន សែន មិនមែន​សំដៅ​តែ​ទៅ​លើ​តែ​អ្នកវិភាគ​តែ​ម្យ៉ាង​នោះ​ទេ ប៉ុន្តែ​គាត់​ក៏​សំដៅ​ដល់​មន្ត្រី​ក្នុង​បក្ស​កាន់​អំណាច​ផង​ដែរ ព្រោះ​គាត់​ដឹង​ថា អ្នក​ដែល​គិត​ថា​កូនៗ​របស់​គាត់​ដណ្តើម​អំណាច​គ្នា មិនមែន​មាន​តែ​អ្នកវិភាគ​នោះ​ទេ ត្បិត​លោក ហ៊ុន ម៉ានី ក៏​ធ្លាប់​បង្ហាញ​បំណង​ចង់​បាន​តំណែង​កំពូល​នេះ​កាលពី​ពេល​កន្លង​ទៅ​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស