ប្រធានរដ្ឋសភានៃប្រទេសកម្ពុជា និងជាប្រធានកិត្តិយសបក្សកាន់អំណាច លោក ហេង សំរិន នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម និងប្រទេសលាវ (ឡាវ) នាពាក់កណ្តាលខែកញ្ញា នេះ ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី។
អគ្គលេខាធិការដ្ឋានរដ្ឋសភា លោក ឡេង ប៉េងឡុង បានចេញសេចក្តីជូនដំណឹងកាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ ថា ប្រធានរដ្ឋសភាកម្ពុជា និងជាប្រធានកិត្តិយសបក្សកាន់អំណាច លោក ហេង សំរិន នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែកញ្ញា និងបន្តទស្សនកិច្ចនៅប្រទេសលាវ (ឡាវ) ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ ខាងមុខនេះផងដែរ។
ប្រភពដដែលបានរៀបរាប់ឈ្មោះមេដឹកនាំជាន់ខ្ពស់វៀតណាម ដែលប្រធានរដ្ឋសភា លោក ហេង សំរិន នឹងត្រូវជួប មានអគ្គលេខាធិការបក្សនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក ង្វៀន ហ្វូ ជុង ប្រមុខរដ្ឋវៀតណាម លោក ង្វៀន ស៊ុន ហ្វូគ ប្រធានរដ្ឋសភាវៀតណាម លោក វឿង ឌិញ វ៉េ នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជីញ ប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា អ្នកស្រី ង្វៀន ធី ថាញ់ និងជួបជាមួយប្រធានក្រុមមិត្តភាពសភាវៀតណាម-កម្ពុជា លោក ង្វៀន ឌឹគ ហ៊ាយ ផងដែរ។
អគ្គលេខាធិការដ្ឋាននៃរដ្ឋសភានៃរាជាណាចក្រកម្ពុជា បានបញ្ជាក់ក្នុងសេចក្តីជូនដំណឹងថា ក្នុងជំនួបជាមួយមេដឹកនាំជាន់ខ្ពស់នៃសាធារណរដ្ឋសង្គមនិយមវៀតណាមនេះ ក៏មានការទស្សនាបន្ទប់ប្រពៃណីក្នុងរដ្ឋសភាវៀតណាម និងមានពិធីចុះហត្ថលេខាលើសៀវភៅអនុស្សាវរីយ៍មាសនៅវិមានរដ្ឋសភាវៀតណាមផងដែរ។
អ្នកវិភាគឯករាជ្យ និងជាប្រធានវេទិកាពលរដ្ឋ លោក គឹម សុខ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៨ កញ្ញា នេះថា មុនការផ្ទេរអំណាចទៅអ្នកជំនាន់ថ្មីនៃបក្សកាន់អំណាច ពួកមេដឹកនាំវៀតណាមអាចមានផែនការហៅក្រុមមេដឹកនាំចាស់ៗរបស់គណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំស្ថាប័នកំពូលសំខាន់ៗនៅប្រទេសកម្ពុជា មកសួរបញ្ជាក់ថា តើក្រុមអ្នកបន្តវេនជំនាន់ថ្មីរបស់ពួកគេអាចមានសមត្ថភាពអនុវត្តមហិច្ឆតារបស់វៀតណាមទៅថ្ងៃមុខបានដែរឬក៏អត់។
លោកបន្ថែមថា ជាពិសេសការរឹតចំណងមិត្តភាពយុទ្ធសាស្ត្រស៊ីជម្រៅរវាងរដ្ឋកុម្មុយនីស្តវៀតណាម និងអ្នកជំនាន់ថ្មីនៃបក្សកាន់អំណាចដែលមានលោក ហ៊ុន ម៉ាណែត ជាមេដឹកនាំ ក្នុងគោលដៅដែលវៀតណាមសម្លឹងរកឱកាសក្ដោបក្តាប់កម្ពុជាឲ្យកាន់តែណែន ហើយប្រើឧបាយកលបំផ្លាញពូជសាសន៍ខ្មែរតាមរយៈពួកគេទៅថ្ងៃអនាគត។
លោក គឹម សុខ លើកឡើងថា ក្នុងជំនាន់លោក ហ៊ុន ម៉ាណែត ដឹកនាំប្រទេស រដ្ឋកុម្មុយនីស្តវៀតណាម នឹងផ្ដោតលើរណសិរ្សសេដ្ឋកិច្ច គឺការក្ដោបក្តាប់កម្ពុជាដោយប្រើរូបភាពសេដ្ឋកិច្ច ពាណិជ្ជកម្មគ្រប់ខ្នាត រណសិរ្សប្រជាសាស្ត្រ គឺការក្ដោបកម្ពុជាដោយប្រើនយោបាយបញ្ចូលជនជាតិវៀតណាមឲ្យកាន់តែច្រើនលើសលប់លើជនជាតិខ្មែរ និងរណសិរ្សសង្គមវប្បធម៌ គឺការពង្វក់យុវជនខ្មែរដោយប្រើអំពើអបាយមុខ ជាដើម ហើយវៀតណាមក៏នឹងឆ្លៀតឱកាសពង្រីកវប្បធម៌ និងភាសារបស់គេក្នុងសង្គមខ្មែរថែមទៀត។
លោកបន្តថា វៀតណាមក៏មានផែនការបង្កើតយុទ្ធនាការពង្រីករណសិរ្សឈ្លានពានតាមវិធីសាស្ត្រជាច្រើនបន្ថែមទៀត ដែលត្រូវសម្រួលការអនុវត្តដោយអ្នកបន្តវេនគណបក្សប្រជាជនកម្ពុជា ដែលមានលោក ហ៊ុន ម៉ាណែត ជាមេខ្លោង ដូច្នេះវៀតណាមត្រូវតែទាមទារឲ្យមានការធានាពីមេដឹកនាំចាស់ៗពីបក្សកាន់អំណាច ដូចជាលោក ហេង សំរិន លោក ហ៊ុន សែន លោក ស ខេង លោក ទៀ បាញ់ អ្នកស្រី ម៉ែន សំអន និងលោក សាយ ឈុំ ជាដើម។
ទាក់ទិននឹងបញ្ហានេះ មេដឹកនាំដែលត្រូវបក្សកុម្មុយនីស្តវៀតណាមលើកបន្តុប គឺលោក ហ៊ុន សែន ធ្លាប់បានអះអាងកាលពីពេលកន្លងទៅថា ក្នុងនាមគណបក្សប្រជាជនកម្ពុជា រាជរដ្ឋាភិបាល ប្រជាពលរដ្ឋខ្មែរ និងរូបលោកផ្ទាល់ តែងយកចិត្តទុកដាក់ដល់ការថែរក្សានូវចំណងមិត្តភាព សាមគ្គីភាព និងរួមសុខរួមទុក្ខជាមួយនឹងសាធារណរដ្ឋសង្គមនិយមវៀតណាមនៅគ្រប់កាលៈទេសៈទាំងអស់ ស្របតាមទិសស្លោកថា ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី យុទ្ធសាមគ្គីភាព កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង៕