កូនប្រុសពៅរបស់បុរសខ្លាំងក្រាញអំណាចតត្រកូល លោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ានី ណែនាំឱ្យសមាជិកបក្សរបស់ខ្លួននៅមូលដ្ឋានទាំងអស់ ត្រៀមខ្លួនជានិច្ចដើម្បីទប់ស្កាត់គម្រោងការធ្វើបដិវត្តន៍ពណ៌ណាមួយដែលប្រឆាំងនឹងការដឹកនាំរបស់ឪពុករបស់លោកឲ្យបានជាដាច់ខាត។
កូនប្រុសបង្កើតរបស់លោក ហ៊ុន សែន ដែលចង់បានតំណែងជានាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ានី បានចេញមុខការពារឪពុករបស់ខ្លួន កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ នៅខេត្តបាត់ដំបង ក្នុងពិធីសំណេះសំណាលជាមួយសមាជិកគណបក្សនៅមូលដ្ឋានថា សមាជិកបក្សរបស់ខ្លួននៅមូលដ្ឋានទាំងអស់ត្រៀមខ្លួនជានិច្ច ដើម្បីទប់ស្កាត់គម្រោងការធ្វើបដិវត្តន៍ពណ៌ណាមួយដែលប្រឆាំងនឹងការដឹកនាំរបស់ឪពុករបស់លោក និងដើម្បីធានាឱ្យបាននូវសុខសន្តិភាពយូរអង្វែងទៅថ្ងៃអនាគត។
កូនប្រុសរបស់មេដឹកនាំដែលក្រាញអំណាចរូបនេះ អះអាងថា តម្លៃនៃសាមគ្គីភាព និងការឯកភាពផ្ទៃក្នុងរបស់បក្សកាន់អំណាចដែលជាភាពខ្លាំងរបស់ខ្លួនបច្ចុប្បន្ននេះ គឺមិនអាចកាត់ថ្លៃបានឡើយ។
សកម្មជនបក្សប្រឆាំង លោក ហ៊ុន កុសល បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៩ កញ្ញា នេះថា ការចេញមុខការពារគណបក្សរបស់លោក ហ៊ុន ម៉ានី មិនមែនជារឿងចម្លែកនោះទេ ប៉ុន្តែការចេញមុខការពារគណបក្សរបស់ក្រុមណាមួយជ្រុលហួសហេតុពេក ក៏បង្ហាញឱ្យឃើញផងដែរថា គណបក្សកាន់អំណាចអាចនឹងលែងជាកម្មសិទ្ធិរបស់សមាជិកបក្សទាំងនោះបន្តទៀតហើយ ប៉ុន្តែនឹងក្លាយជាកម្មសិទ្ធិរបស់បុគ្គល ឬគ្រួសារមួយក្តាប់តូចទៅវិញប៉ុណ្ណោះ។
លោក ហ៊ុន កុសល បញ្ជាក់ថា ការចេញមុខអះអាងថា គណបក្សរបស់ខ្លួនមិនបែកបាក់ផ្ទៃក្នុង ខណៈក្រុមដទៃទៀតដែលជាសមាជិកជាន់ខ្ពស់ផ្ទៃក្នុងរបស់ខ្លួននៅតែបន្តភាពស្ងៀមស្ងាត់នោះ ក៏ជាការបង្ហាញឱ្យឃើញផងដែរថា ស្ថានភាពផ្ទៃក្នុងបក្សរបស់ខ្លួនកំពុងមានបញ្ហាយ៉ាងពិតប្រាកដ។
ចំណែកប្រធានវេទិកាពលរដ្ឋ លោក គឹម សុខ ធ្លាប់បានអះអាងកាលពីពេលថ្មីៗនេះថា មានលក្ខខណ្ឌពីរដែលបង្ហាញថា ផ្ទៃក្នុងបក្សកាន់អំណាចកំពុងបែកបាក់ធ្ងន់ធ្ងរ គឺទី១ អង្គភាពកងអង្គរក្សរបស់លោក ហ៊ុន សែន ដែលក្រុមផ្សេងនៃផ្ទៃក្នុងរបស់ខ្លួនបានទាមទារឲ្យកាត់បន្ថយយ៉ាងច្រើននៅត្រឹម ២០០នាក់នោះ ក៏ត្រូវលោក ហ៊ុន សែន ចោទថាជាការប៉ុនប៉ងផ្តួលរំលំអំណាច និងធ្វើឃាតគាត់ទៅវិញ។
លោកបន្តថា ការលើកឡើងរបស់លោក ហ៊ុន សែន បែបនេះ គឺជាការទម្លាយការពិតចេញមកខាងក្រៅថា អំណាចទំនើងចិត្តដែលបានមកពីការប្លន់ផ្ទៃក្នុងបក្សរបស់ខ្លួន ដែលនឹងផ្ទេរបន្តទៅឱ្យលោក ហ៊ុន ម៉ាណែត គ្មានការគាំទ្រពីកងកម្លាំងប្រដាប់អាវុធនោះទេ គឺមានត្រឹមតែកងកម្លាំងអង្គរក្សផ្ទាល់ខ្លួនរបស់ក្រុមគ្រួសារគាត់ប៉ុណ្ណោះ។
លោក គឹម សុខ បញ្ជាក់ថា ចំណែកលក្ខខណ្ឌទី២ គឺក្រុមផ្សេងដែលជាមន្ត្រីជាន់ខ្ពស់បក្សកាន់អំណាចដែរនោះ ក៏កំពុងតែតស៊ូយ៉ាងខ្លាំងទាមទារឲ្យកាត់បន្ថយនូវអំណាចនៃការបញ្ជារបស់នាយករដ្ឋមន្ត្រីលើកងប្រដាប់អាវុធដែរនោះ ក៏ត្រូវលោក ហ៊ុន សែន បង្ហាញការខឹងសម្បាជាចំហ ដោយបញ្ជាក់ជាលក្ខខណ្ឌដាច់ណាត់ទៅកាន់ក្រុមនោះពីការហាមឃាត់ពួកគេមិនឱ្យបញ្ជាកម្លាំងប្រដាប់អាវុធក្រៅពីនាយករដ្ឋមន្ត្រីថែមទៀត។
កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ បុរសខ្លាំងក្រាញអំណាចទំនើងចិត្ត លោក ហ៊ុន សែន គំរាមថា ក្នុងអំឡុងពេលដែលលោកកំពុងនៅក្នុងតំណែងជានាយករដ្ឋមន្ត្រី លោកនឹងមិនឱ្យនរណាម្នាក់ធ្វើរដ្ឋប្រហារផ្តួលរំលំលោកជាដាច់ខាត ហើយកងកម្លាំងប្រដាប់អាវុធទាំងអស់ត្រូវតែមានតួនាទីការពារនាយករដ្ឋមន្ត្រីដោយឥតងាករេ។ ក្នុងន័យនេះ កងកម្លាំងប្រដាប់អាវុធទាំងនោះមិនត្រូវបានបញ្ជាដោយអ្នកណាផ្សេងក្រៅពីរូបលោកឡើយ៕