27 C
Phnom Penh

រដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​សមាគម​ប្រារព្ធ​ទិវា​គ្រូបង្រៀន​នៅ​ទីលាន​ប្រជាធិបតេយ្យ​ប៉ុន្តែ​មិន​ឱ្យ​ហែ​ក្បួន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលា​រាជធានី​ភ្នំពេញ អនុញ្ញាត​ឲ្យ​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ រៀបចំ​ប្រារព្ធ​ទិវា​គ្រូបង្រៀន​ពិភពលោក នៅ​ទីលាន​ប្រជាធិបតេយ្យ នា​ថ្ងៃទី​៥ ខែ​តុលា ខាងមុខ​នេះ ប៉ុន្តែ​មិន​អនុញ្ញាត​ឲ្យ​ដង្ហែ​ក្បួន ដោយ​សាលាក្រុង​នឹង​អញ្ជើញ​ឲ្យ​មន្ត្រី​តំណាង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ទៅ​ទទួល​ញត្តិ​នៅ​ទីលាន​ប្រជាធិបតេយ្យ​តែម្ដង។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​សាលា​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃទី​២៨ ខែ​កញ្ញា ឆ្នាំ​២០២២ ឲ្យ​ដឹង​ថា ក្រោយពី​បាន​ជួប​ប្រជុំ​ជាមួយ​តំណាង​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​មក សាលា​រាជធានី​ភ្នំពេញ​អនុញ្ញាត​ឲ្យ​សមាគម​គ្រូបង្រៀន​ប្រារព្ធ​ទិវា​គ្រូបង្រៀន​ពិភពលោក នា​ថ្ងៃទី​៥ ខែ​តុលា ខាងមុខ​នេះ។

ការ​អនុញ្ញាត​នេះ ក្រោយពី​សាលា​រាជធានី​ភ្នំពេញ​បាន​ដឹង​ពី​គោលបំណង ពេលវេលា និង​ចំនួន​អ្នក​ចូលរួម​ជាក់លាក់ ប៉ុន្តែ​បើសិនជា​អ្នក​ចូលរួម​លើស​ពី​ចំនួន​កំណត់​នោះ សាលា​រាជធានី​ភ្នំពេញ​នឹង​ស្នើសុំ​គោលការណ៍​ពី​ក្រសួង​មហាផ្ទៃ។

ចំពោះ​ញត្តិ​ដែល​សមាគម​គ្រូបង្រៀន​ចង់​យក​ដាក់​ទៅ​ក្រសួង​អប់រំ និង​រដ្ឋសភា​វិញ សាលា​រាជធានី​ភ្នំពេញ​នឹង​ធ្វើ​ការ​សម្របសម្រួល​ដោយ​អញ្ជើញ​ឲ្យ​មន្ត្រី​តំណាង​ស្ថាប័ន​ទាំងអស់​នោះ​ទៅ​ទទួល​ញត្តិ​នៅ​ទីលាន​ប្រជាធិបតេយ្យ​តែម្ដង។ មួយ​វិញ​ទៀត ក្នុង​ទិវា​នោះ ត្រូវ​ផ្សព្វផ្សាយ​ក្រមសីលធម៌​ដល់​សមាជិក​ចូលរួម ដើម្បី​កុំ​ឲ្យ​យក​វេទិកា​នេះ​ធ្វើ​សកម្មភាព​វាយប្រហារ​ដល់​ព្រះមហាក្សត្រ ឥស្សរជន​ជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល ឬ​បំផុស​ញុះញង់​ពលរដ្ឋ​ឲ្យ​កើត​ជា​អំពើ​ហិង្សា​ផ្ទុយ​ពី​ខ្លឹមសារ និង​គោលបំណង​នៃ​ការ​រៀបចំ​ពិធី​នេះ ឬ​បំបែក​បំបាក់​សាមគ្គីភាព​ជាតិ ប្រើ​សារ​នយោបាយ និង​ប្រាសចាក​ពី​រដ្ឋធម្មនុញ្ញ។

ជាមួយ​គ្នា​នេះ មិន​អនុញ្ញាត​ឲ្យ​អ្នក​ដែល​ត្រូវ​បាន​ហាមឃាត់​សិទ្ធិ​ធ្វើ​នយោបាយ​ដោយ​តុលាការ​កំពូល​បាន​ចេញ​ដីកា​ហាមឃាត់ និង​ចូលរួម​កម្មវិធី​នោះ​ឡើយ ខណៈ​ការ​ពិនិត្យ និង​ទទួល​ខុសត្រូវ​លើ​ខ្លឹមសារ​បដា​របស់​ខ្លួន និង​អ្នក​ឡើង​ថ្លែង​មតិ​មិន​ឲ្យ​ប្រាសចាក​ពី​គោលបំណង​នៃ​ការ​ប្រារព្ធ​ទិវា​គ្រូបង្រៀន​ពិភពលោក។

ចំពោះ​ឧបករណ៍​បំពង​សំឡេង​វិញ មិន​ត្រូវ​បាន​បំពង​សំឡេង​ខ្លាំងៗ​នាំ​ឲ្យ​រំខាន​ដល់​អ្នក​ជិតខាង​ជាដើម ប៉ុន្តែ​ករណី​មិន​គោរព​តាម​ខ្លឹមសារ​ដែល​បាន​ឯកភាព​គ្នា​នោះ តំណាង​សមាគម​គ្រូបង្រៀន​ត្រូវ​ទទួល​ខុសត្រូវ​ទាំងស្រុង​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន។

បើ​តាម​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ឲ្យ​ដឹង​ថា ការ​ប្រារព្ធ​ទិវា​គ្រូបង្រៀន​ពិភពលោក​ក្នុង​គោលបំណង​ដើម្បី​រំលឹក​ដឹងគុណ​ដល់​គ្រូបង្រៀន​ដែល​ចូលរួម​តស៊ូ​មតិ និង​ពលី​ជីវិត​ទាមទារ​ការ​ដំឡើង​ប្រាក់​បៀវត្ស និង​លក្ខខណ្ឌ​ការងារ​ល្អ​ប្រសើរ​សម្រាប់​គ្រូបង្រៀន​កាលពី​ពេល​កន្លងមក និង​ជា​ការ​បន្ត​ទាមទារ​ប្រាក់​បៀវត្ស​ជា​បន្ត​ទៀត ដោយ​ថា​បច្ចុប្បន្ន លក្ខខណ្ឌ​ការងារ​របស់​គ្រូបង្រៀន​នៅ​មិន​ទាន់​ល្អ​ប្រសើរ​ឡើយ។

ជា​រៀង​រាល់​ឆ្នាំ សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ និង​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន តែងតែ​ប្រារព្ធ​ទិវា​គ្រូបង្រៀន​ពិភពលោក​នៅ​ទីលាន​ប្រជាធិបតេយ្យ និង​ទីកន្លែង​ផ្សេងៗ ដើម្បី​បង្ហាញ​ពី​ទុក្ខ​កង្វល់ និង​ផល​លំបាក​របស់​គ្រូបង្រៀន​ដែល​កំពុង​ជួបប្រទះ។

ក្រៅពី​បង្ហាញ​ទុក្ខ​លំបាក​ហើយ ពួកគេ​ក៏​បាន​ស្នើ​ទៅ​រដ្ឋាភិបាល​ដើម្បី​សុំ​ដំឡើង​ប្រាក់ខែ និង​ដោះស្រាយ​បញ្ហា​នានា​សម្រាប់​គ្រូបង្រៀន​ផង​ដែរ។

ទិវា​គ្រូបង្រៀន​ពិភពលោក ត្រូវ​បាន​ប្រកាស​ដោយ​អង្គការ​យូណេស្កូ (UNESCO) កាលពី​ថ្ងៃទី​៥ ខែ​តុលា ឆ្នាំ​១៩៩៤៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស