សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ប្រកាសរៀបចំប្រារព្ធទិវាគ្រូបង្រៀនពិភពលោកនៅដើមខែតុលា ឆ្នាំ២០២៤ ខាងមុខ ក្រោមប្រធានបទ «សេរីភាពគ្រូបង្រៀន» និងគ្រោងដង្ហែញត្តិដាក់ជូនក្រសួងពាក់ព័ន្ធ។
សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានចេញសេចក្តីជូនដំណឹងមួយកាលពីថ្ងៃទី២៣ ខែកញ្ញា ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី២៤ កញ្ញា នេះ ទៅកាន់រដ្ឋបាលរាជធានីភ្នំពេញ ស្ដីពីការធ្វើពិធីប្រារព្ធអបអរសាទរទិវាគ្រូបង្រៀនពិភពលោកនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៤ ខាងមុខ នៅទីលានប្រជាធិបតេយ្យ ចាប់ពីវេលាម៉ោង ៨.០០នាទីព្រឹក។
ប្រភពដដែលលើកឡើងថា ទិវាគ្រូបង្រៀនពិភពលោកនៅឆ្នាំនេះ នឹងលើកយកប្រធានបទ «សេរីភាពគ្រូបង្រៀន» ដែលនឹងមានការចូលរួមពីសមាជិកសមាគម លោកគ្រូ អ្នកគ្រូ កម្មករ យុវជន សិស្សនិស្សិត សហជីព អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ និងមាតាបិតា សិស្សានុសិស្ស សរុបយ៉ាងតិច ១៥០នាក់។
សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បញ្ជាក់ថា ក្រោយការធ្វើពិធីប្រារព្ធនៅទីលានប្រជាធិបតេយ្យរួចរាល់ សមាគមនឹងដឹកនាំដង្ហែក្បួនចេញពីទីលានប្រជាធិបតេយ្យ ដើម្បីដាក់ញត្តិជូនក្រសួងអប់រំ យុវជន និងកីឡា ខុទ្ទកាល័យនាយករដ្ឋមន្ត្រី និងមន្ទីររដ្ឋសភា មុននឹងប្រកាសបិទកម្មវិធីនេះ។
ទិវាគ្រូបង្រៀនពិភពលោក ត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី៥ ខែតុលា ដើម្បីបំផុសនៅគ្រប់ភូមិសិក្សាទូទាំងប្រទេស និងការរំឭកពីគុណបំណាច់របស់គ្រូបង្រៀនដែលបានចំណាយពេលវេលា កម្លាំងកាយចិត្ត និងវិជ្ជាជីវៈក្នុងការបំពេញភារកិច្ចជាអ្នកបណ្ដុះបណ្ដាល ដើម្បីផ្ទេរនូវចំណេះដឹងដល់សិស្សានុសិស្ស។
យោងតាមរបាយការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា ឆ្នាំ២០២១-២០២២ បង្ហាញថា បុគ្គលិកអប់រំសរុបនៅទូទាំងប្រទេសមានចំនួនជាង ១សែននាក់ (១១៥៥៤៩នាក់) ក្នុងចំណោមគ្រឹះស្ថានអប់រំជាង ១ម៉ឺនកន្លែង (១៣៦៨១កន្លែង) ប៉ុន្តែបុគ្គលិកអប់រំទាំងនេះមិនត្រូវបានពង្រាយឱ្យគ្រប់ ឬស្មើគ្នានៅតាមគ្រឹះស្ថានអប់រំនៅទូទាំងប្រទេសទេ ដោយសារតែអំពើពុករលួយ។
គ្រូបង្រៀនតាមគ្រឹះស្ថានអប់រំទាំងអស់នៅទូទាំងប្រទេស ត្រូវបានរៀបចំឱ្យចុះឈ្មោះជាសមាជិករបស់គណបក្សប្រជាជនកម្ពុជាគ្រប់ៗគ្នា ទោះស្ម័គ្រចិត្ត ឬមិនស្ម័គ្រចិត្តក៏ដោយ។ ក្រោយចុះឈ្មោះជាសមាជិក គ្រូបង្រៀនម្នាក់ៗត្រូវមានកាតព្វកិច្ចបង់លុយជូនគណបក្សប្រជាជនកម្ពុជាប្រចាំឆ្នាំប្រមាណជាង ២ពាន់រៀលជារៀងរាល់ឆ្នាំ។
ក្រៅបង់លុយឱ្យបក្សកាន់អំណាចប្រចាំឆ្នាំ គ្រូបង្រៀនក៏តម្រូវឱ្យបង់លុយក្នុងកម្មវិធីមូលនិធិកាកបាទក្រហមប្រចាំឆ្នាំផងដែរ ខណៈមូលនិធិសន្សំសម្រាប់ឃោសនាគណបក្សប្រជាជនកម្ពុជានៅថ្នាក់ឃុំ ក៏តម្រូវឱ្យគ្រូបង្រៀនបង់លុយប្រចាំខែថែមទៀត៕