37 C
Phnom Penh

អាជ្ញាធរ​មិន​ឱ្យ​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ដង្ហែ​ក្បួន​ក្នុង​ទិវា​គ្រូបង្រៀន​ពិភពលោក​នោះ​ទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលា​រាជធានី​ភ្នំពេញ​មិន​អនុញ្ញាត​ឲ្យ​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ហែ​ក្បួន​ក្នុង​អំឡុង​ទិវា​គ្រូបង្រៀន​ពិភពលោក ក្រោម​លេស​ថា បង្ក​ឲ្យ​មាន​បញ្ហា​កកស្ទះ​ចរាចរណ៍ និង​ប៉ះពាល់​សណ្ដាប់ធ្នាប់​សាធារណៈ។

ការ​សម្រេច​នេះ ធ្វើឡើង​នៅ​ក្នុង​កំណត់ហេតុ​ប្រជុំ​ពិភាក្សា​ស្ដីពី​ការ​រៀបចំ​ប្រារព្ធ​ទិវា​គ្រូបង្រៀន​ពិភពលោក កាលពី​ថ្ងៃទី​២៨ ខែ​កញ្ញា ឆ្នាំ​២០២៣ រវាង​សាលា​រាជធានី​ភ្នំពេញ ជាមួយ​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ។

អភិបាលរង​សាលា​រាជធានី​ភ្នំពេញ លោក មាន ចាន់យ៉ាដា លើកឡើង​ថា អាជ្ញាធរ​អនុញ្ញាត​ឲ្យ​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ប្រារព្ធ​ទិវា​គ្រូបង្រៀន​ពិភពលោក​ចាប់ពី​ម៉ោង ៨​ព្រឹក​ដល់​វេលា​ម៉ោង ១២​ថ្ងៃ​ត្រង់ នៅ​ទីលាន​ប្រជាធិបតេយ្យ នា​ថ្ងៃទី​០៥ ខែ​តុលា ខាងមុខ​នេះ ប៉ុន្តែ​មិន​អនុញ្ញាត​ឲ្យ​ដង្ហែ​ក្បួន​នោះ​ទេ ពីព្រោះ​វា​នឹង​បង្ក​ឲ្យ​មាន​បញ្ហា​កកស្ទះ​ចរាចរណ៍ និង​ប៉ះពាល់​សណ្ដាប់ធ្នាប់​សាធារណៈ ខណៈ​ញត្តិ​របស់​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​វិញ អាជ្ញាធរ​នឹង​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​មក​ទទួល​នៅ​ទីលាន​ប្រជាធិបតេយ្យ។

ក្រៅពី​នេះ សាលា​រាជធានី​ភ្នំពេញ​ក៏​តម្រូវ​ឲ្យ​សមាគម​គ្រូបង្រៀន​ឯករាជ្យ ផ្សព្វផ្សាយ​ក្រមសីលធម៌​ដល់​សមាជិក​របស់​ខ្លួន ក្រោម​លេស​ថា ដើម្បី​កុំ​ឲ្យ​យក​វេទិកា​នេះ​ធ្វើ​សកម្មភាព​វាយប្រហារ​ដល់​ព្រះមហាក្សត្រ ឥស្សរជន​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល ឬ​បំផុស​ញុះញង់​ពលរដ្ឋ​ឲ្យ​មាន​ជា​អំពើ​ហិង្សា ផ្ទុយ​ពី​ខ្លឹមសារ និង​គោលបំណង​នៃ​ការ​រៀបចំ​ពិធី​នេះ ឬ​បំបែក​បំបាក់​សាមគ្គីភាព​ជាតិ ប្រើ​សារ​នយោបាយ និង​ប្រាសចាក​ពី​រដ្ឋធម្មនុញ្ញ។

មួយ​វិញ​ទៀត អាជ្ញាធរ​រាជធានី​ភ្នំពេញ​ក៏​បាន​ទាមទារ​ឱ្យ​សមាគម​គ្រូបង្រៀន​ឯករាជ្យ ពិនិត្យ និង​ទទួល​ខុសត្រូវ​លើ​ខ្លឹមសារ​បដា​របស់​ខ្លួន និង​អ្នក​ឡើង​ថ្លែង​មតិ មិន​ឲ្យ​ប្រាសចាក​ពី​គោលបំណង​នៃ​ការ​ប្រារព្ធ​ទិវា​គ្រូបង្រៀន​ពិភពលោក និង​មិន​ឲ្យ​ប្រើ​ឧបករណ៍​បំពង​សំឡេង​ខ្លាំងៗ​ផង​ដែរ ក្រោម​លេស​ថា រំខាន​ដល់​អ្នក​ជិតខាង ជាដើម។

លើស​ពី​នេះ សាលា​រាជធានី​ភ្នំពេញ​ក៏​បាន​ព្រមាន​ចាត់​វិធានការ​ច្បាប់​លើ​តំណាង​សមាគម ក្រោម​ហេតុផល​ថា មិន​គោរព​តាម​ខ្លឹមសារ​ដែល​បាន​ឯកភាព​ជាមួយ​សាលា​រាជធានី​ភ្នំពេញ​ដែល​បាន​ដាក់​ឲ្យ​ទេ​នោះ។

សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ គ្រោង​នឹង​រៀបចំ​ប្រារព្ធ​ពិធី​អបអរ​សាទរ​ទិវា​គ្រូបង្រៀន​ពិភពលោក​នា​ថ្ងៃទី​០៥ ខែ​តុលា ឆ្នាំ​២០២៣ នៅ​ទីលាន​ប្រជាធិបតេយ្យ ក្រោម​ប្រធានបទ «សេរីភាព​សមាគម» ដោយ​មាន​អ្នក​ចូលរួម​យ៉ាងតិច​ចំនួន ១៥០​នាក់ មកពី​អង្គការ​សង្គម​ស៊ីវិល​ជាតិ អន្តរជាតិ និង​មាតាបិតា​សិស្ស ព្រមទាំង​សមាជិក​សមាជិកា​សមាគម លោកគ្រូ​អ្នកគ្រូ កម្មករ យុវជន សិស្ស និស្សិត និង​សហជីព។

ក្រោយ​ពេល​ជួប​ប្រជុំ​នៅ​ទីលាន​ប្រជាធិបតេយ្យ សមាគម​គ្រោង​ដឹកនាំ​ដង្ហែ​ក្បួន​ចេញពី​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​ដាក់​ញត្តិ​ជូន​ក្រសួង​អប់រំ យុវជន និង​កីឡា ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី និង​មន្ទីរ​រដ្ឋសភា បន្ទាប់​មក​នឹង​ប្រកាស​បិទ​កម្មវិធី​តែម្តង។

ទិវា​គ្រូបង្រៀន​ពិភពលោក ត្រូវ​បាន​ប្រកាស​ដោយ​អង្គការ​យូណេស្កូ (UNESCO) នៅ​ថ្ងៃទី​៥ ខែ​តុលា ឆ្នាំ​១៩៩៤។ កន្លង​ទៅ សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ធ្លាប់​បាន​ប្រារព្ធ​ទិវា​នេះ​នៅ​ទីលាន​ប្រជាធិបតេយ្យ ដោយ​បង្ហាញ​ពី​ទុក្ខ​លំបាក​របស់​គ្រូបង្រៀន​កំពុង​ជួប​ប្រទះ។ លើស​ពី​នេះ សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ក៏​តែងតែ​ស្នើសុំ​រដ្ឋាភិបាល​ឲ្យ​ដំឡើង​ប្រាក់ខែ និង​ដោះស្រាយ​បញ្ហា​នានា​សម្រាប់​គ្រូបង្រៀន​ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស