នៅថ្ងៃសុក្រ ទី៣០ ខែកញ្ញា ទីក្រុងបាងកក ស្ថិតក្នុងភាពរំជើបរំជួលជាខ្លាំង។ ពលរដ្ឋ និងអ្នកនយោបាយរង់ចាំអ៊ុតសេចក្ដីសម្រេចរបស់តុលាការធម្មនុញ្ញ អំពីជោគវាសនារបស់លោក ប្រាយុទ្ធ ចាន់អូចា ថាតើអតីតមេរដ្ឋប្រហាររូបនេះអាចត្រូវបានអនុញ្ញាតឲ្យបន្តកាន់តំណែងជានាយករដ្ឋមន្ត្រីទៅមុខទៀត ឬមួយត្រូវបញ្ចប់តំណែង។
ទីបំផុត តុលាការធម្មនុញ្ញបានសម្រេចឲ្យលោក ប្រាយុទ្ធ បន្តកាន់តំណែងនាយករដ្ឋមន្ត្រីបន្តទៀត។ យោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ តុលាការធម្មនុញ្ញបានសម្រេចថា រដ្ឋធម្មនុញ្ញត្រូវបានបង្កើតនៅឆ្នាំ២០១៧ ដែលនាំឲ្យលោក ប្រាយុទ្ធ មិនបានកាន់តំណែងហួសអាណត្តិកំណត់ ៨ឆ្នាំនោះទេ។ មានន័យថា តុលាការមិនបានរាប់ថយក្រោយនោះទេ ដែលការពិត លោក ប្រាយុទ្ធ បានកាន់តំណែងជានាយករដ្ឋមន្ត្រីនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៤ គឺក្រោយរយៈពេលជាង ២ខែប៉ុណ្ណោះ។
បើយោងតាមរដ្ឋធម្មនុញ្ញឆ្នាំ២០១៧ មានន័យថា លោក ប្រាយុទ្ធ នៅបន្តឈរជាបេក្ខជននាយករដ្ឋមន្ត្រីបានទៀតសម្រាប់ការបោះឆ្នោតនៅខែមីនា ឆ្នាំ២០២៣។
ប្រសិនបើលោកឡើងកាន់តំណែងបានទៀត គឺយ៉ាងតិចជិត ៣ឆ្នាំទើបលោក ប្រាយុទ្ធ ផុតអាណត្តិរយៈពេល ៨ឆ្នាំ។ រដ្ឋប្រហារនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៤ ដឹកនាំដោយលោក ប្រាយុទ្ធ ដែលនៅពេលនោះលោកគឺជាមេបញ្ជាការកងទ័ពជើងគោក។
តាមដំណឹងចុងក្រោយនេះ បាតុកម្មប្រឆាំងលោក ប្រាយុទ្ធ កំពុងផ្ទុះពេញក្រុងបាងកក។ ក្រុមអ្នកគាំទ្របក្សប្រឆាំង និងចលនានិស្សិតប្រជាធិបតេយ្យ បានប្រមូលផ្ដុំគ្នាច្រើនក្រុមនៅក្រុងបាងកក។ ពួកគេបានទាមទារឱ្យលោក ប្រាយុទ្ធ ចុះចេញពីតំណែង ព្រោះបាតុករចាត់ទុកលោក ប្រាយុទ្ធ ជាមេរដ្ឋប្រហារ ហើយឆក់យកអំណាចនៅឆ្នាំ២០១៩ ក៏អាចកើតចេញពីរដ្ឋប្រហារផងដែរ។
អ្នកសង្កេតការណ៍គិតថា ចាប់ពីថ្ងៃនេះទៅ ទីក្រុងបាងកក ស្ថិតក្នុងភាពរំជើបរំជួលនយោបាយ និងបាតុកម្មប្រឆាំងលោក ប្រាយុទ្ធ រហូតដល់ថ្ងៃបោះឆ្នោតនៅខែមីនា ឆ្នាំ២០២៣៕