34.7 C
Phnom Penh

លោក ប្រាយុទ្ធ ទទូច​សុំ​ប្រជាជន​ថៃ​ស្ថិត​ក្នុង​ភាព​ស្ងប់ស្ងាត់ ខណៈ​លោក​នៅតែ​សន្យា​ផ្ទេរ​អំណាច​ទៅ​ឱ្យ​នាយករដ្ឋមន្ត្រី​ថ្មី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាយករដ្ឋមន្ត្រី​ចាំ​ផ្ទះ​នៃ​ប្រទេស​ថៃ លោក ប្រាយុទ្ធ ចាន់អូចា ទទូច​ដល់​ប្រជាជន​ថៃ ជាពិសេស​អ្នកគាំទ្រ​បក្ស​ចលនា​ឆ្ពោះ​ទៅ​មុខ ឱ្យ​ស្ថិត​ក្នុង​សភាព​ស្ងប់ស្ងាត់​ដែល​លោក​ថា​លោក​នៅតែ​រង់ចាំ​ផ្ទេរ​អំណាច​ទៅ​រដ្ឋាភិបាល​ថ្មី​ក្រោយពី​កើត​ចេញ​ជា​រូបរាង​ហើយ​នោះ។

យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន AFP ចុះផ្សាយ​នៅ​ថ្ងៃទី​២១ កក្កដា ការ​អំពាវនាវ​របស់​លោក ប្រាយុទ្ធ បន្ទាប់ពី​អ្នកគាំទ្រ​គណបក្ស​ចលនា​ឆ្ពោះ​ទៅ​មុខ​បាន​ប្រកាស​ស្វែងរក​កម្លាំង​ដ៏​ធំ​មួយ ដើម្បី​ធ្វើ​ការ​តវ៉ា​ប្រឆាំង​ស្ថាប័ន​សមាជិក​សភា និង​តុលាការ​ធម្មនុញ្ញ​ដែល​បាន​រាំង​ខ្ទប់​លោក ភីថា លឹមចារឿនរ៉ាត់ មិន​ឱ្យ​មាន​ឱកាស​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​ជាប់​ឆ្នោត។

គណបក្ស​ចលនា​ឆ្ពោះ​ទៅ​មុខ​ជា​បក្ស​ដែល​បាន​ឈ្នះ​អាសនៈ​ច្រើន​ជាងគេ​លំដាប់​ទី​១ បន្ទាប់​មក​គណបក្ស​ភឿថៃ និង​គណបក្ស​ភូមិចៃថៃ។ លោក ភីថា ដែល​ជា​មេ​បក្ស​ចលនា​ឆ្ពោះ​ទៅ​មុខ បាន​បរាជ័យ​លើក​ទី​២ ដែល​មិន​អាច​ក្លាយ​ជា​នាយករដ្ឋមន្ត្រី។

ស្ថាប័ន​ដែល​ត្រូវ​ចាត់ទុក​ថា​ជា​ឧបសគ្គ​ខ្លាំង​មិន​អាច​ឱ្យ​លោក ភីថា មាន​ឱកាស​ជា​នាយករដ្ឋមន្ត្រី គឺ​ក្រុម​សមាជិក​ព្រឹទ្ធសភា និង​សេចក្ដី​សម្រេច​របស់​តុលាការ​ធម្មនុញ្ញ​ដែល​ព្យួរ​សមាជិកភាព​លោក ភីថា ជា​អ្នក​តំណាងរាស្ត្រ។

ឥឡូវ​នេះ បើ​តាម​ការ​ផ្សាយ​ព័ត៌មាន​ពី​ទីក្រុង​បាងកក ប្រជាជន​ថៃ ជាពិសេស​គឺ​យុវជន​នៅ​ទីក្រុង​បាងកក ចាប់ផ្ដើម​ធ្វើការ​តវ៉ា​តាម​ដងផ្លូវ​នៅ​មុខ​មន្ទីរ​រដ្ឋសភា និង​នៅ​ខាង​មុខ​វិមាន​ប្រជាធិបតេយ្យ​នៅ​ក្រុង​បាងកក ទាមទារ​ឲ្យ​តុលាការ​ធម្មនុញ្ញ​ទម្លាក់​ចោល​សំណុំរឿង​របស់​គណៈកម្មការ​បោះឆ្នោត​ដែល​ប្ដឹង​លោក ភីថា ពី​បទ​រំលោភ​ច្បាប់​បោះឆ្នោត ព្រោះ​តែ​ចោទ​លោក ភីថា ថា​មាន​ភាគហ៊ុន​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​ជា​មុខជំនួញ​ហាម​សមាជិក​សភា​មាន​មុខជំនួញ​ដូចនេះ។

រឿង​នេះ លោក ភីថា ខ្លួន​លោក​ផ្ទាល់​បាន​បដិសេធ​ដោយ​បាន​អះអាង​ថា លោក​គ្មាន​ឈ្មោះ​នៅ​ក្នុង​ភាគហ៊ុន​នេះ​ទេ ហើយ​ភាគហ៊ុន​នេះ​គឺជា​កេរដំណែល​របស់​ឪពុក​របស់​លោក​តែប៉ុណ្ណោះ។

មួយ​វិញ​ទៀត នៅ​ក្នុង​ដៃ​របស់​តុលាការ​ធម្មនុញ្ញ គឺ​សំណុំរឿង​មួយ​ជា​សំណុំរឿង​ព្រហ្មទណ្ឌ​ធ្ងន់ធ្ងរ​ដែល​ប្ដឹង​ដោយ​មេធាវី​សកម្មជន​ម្នាក់​ប្ដឹង​លោក ភីថា ពី​បទ​ចង់​ផ្ដួល​រំលំ​របប​រាជា​និយម ព្រោះ​តែ​លោក ភីថា ព្យាយាម​រុះរើ​មាត្រា​១១២ នៃ​ក្រមព្រហ្មទណ្ឌ​ដែល​ប្រឆាំង​ជន​ទាំងឡាយ​ណា​ប្រមាថ​ចេស្ដា​ព្រះមហាក្សត្រ និង​ញាតិវង្ស ហើយ​មាត្រា​នេះ​មាន​ទម្ងន់​ទោស​រហូត​ដល់​ទៅ ១៥​ឆ្នាំ។

ក្រុម​អ្នក​តំណាងរាស្ត្រ​ប្រឆាំង ជាពិសេស​ក្រុម​សមាជិក​ព្រឹទ្ធសភា​ដែល​ជា​ស្ថាប័ន​មួយ​លើក​បន្តុប​ដោយ​ពួក​យោធា​តាមរយៈ​រដ្ឋប្រហារ​ឆ្នាំ​២០១៤ ពួកគេ​បង្ហាញ​កំហឹង​ប្រឆាំង​នឹង​លោក ភីថា ដែល​ថា​ចង់​រុះរើ​មាត្រា​នេះ គឺ​នាំ​ទៅ​រក​ការ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​របប​រាជា​និយម។

ប៉ុន្តែ​អ្នកវិភាគ​មើល​ឃើញ​ថា ការ​ដែល​លោក ភីថា ខកខាន​ចូល​កាន់​តំណែង​នាយករដ្ឋមន្ត្រី​ជា​គណបក្ស​ដែល​ឈ្នះ​ឆ្នោត​នោះ ក៏​ព្រោះតែ​ពួក​សមាជិក​សភា​បោះឆ្នោត​មិន​គាំទ្រ​លោក ហើយ​ក៏​មិន​ចង់​ឲ្យ​លោក​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​របស់​ថៃ បាន​នោះ​ទេ។

ឥឡូវ​នេះ លោក ភីថា បាត់បង់​ឱកាស​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​ទៅ​ហើយ។ មិន​តែប៉ុណ្ណោះ លោក​ប្រឈមមុខ​នឹង​ការ​បាត់បង់​សមាជិកភាព​ជា​អ្នក​តំណាងរាស្ត្រ​ទៀត​ផង ប្រសិនបើ​តុលាការ​ធម្មនុញ្ញ​រក​កំហុស​គាត់​ឃើញ​ដូច​ការ​ប្ដឹង​ក្នុង​សំណុំរឿង​ពីរ​ខាងលើ​នេះ។

តែ​សម្រាប់​អ្នកគាំទ្រ​បក្ស​ចលនា​ឆ្ពោះ​ទៅ​មុខ នៅ​ពេលនេះ​បាន​ចេញ​មុខ​ទាមទារ​រក​យុត្តិធម៌​សម្រាប់​លោក ភីថា។ ពួកគេ​បាន​ថ្លែង​ប្រហាក់ប្រហែល​គ្នា​ថា ពលរដ្ឋ​ជាង ១៤​លាន​នាក់​ដែល​គាំទ្រ​គណបក្ស​ចលនា​ឆ្ពោះ​ទៅ​មុខ មិន​ទទួលស្គាល់​បទ​ចោទ​ទាំងឡាយ​ប្រឆាំង​នឹង​លោក ភីថា នោះ​ទេ ហើយ​ថា​វា​ជា​គំនិត​កើត​ចេញពី​ពួក​ព្រឹទ្ធសភា​តែប៉ុណ្ណោះ។ មេដឹកនាំ​បាតុករ​ជាច្រើន​បាន​ប្រកាស​ថា ចាប់ពី​ថ្ងៃ​នេះ​តទៅ គេ​ត្រូវ​ធ្វើ​បាតុកម្ម​រហូត​រយៈពេល ១១​ថ្ងៃ គឺ​រហូត​ទាល់តែ​តុលាការ​ធម្មនុញ្ញ​ផ្ដល់​យុត្តិធម៌​ដល់​លោក ភីថា មក​វិញ។

អ្នកជំនាញ និង​អ្នកវិភាគ​ព្រមាន​ថា ទីក្រុង​បាងកក​ចាប់ពី​ពេលនេះ​តទៅ​មាន​តែ​ចលាចល និង​វឹកវរ​ដោយសារតែ​វិបត្តិ​នយោបាយ​ចាប់ផ្ដើម​ផ្ទុះ​ឡើង។

សម្រាប់​លោក ភីថា បាន​ប្រកាស​ថា លោក​ចង់​ឃើញ​ប្រជាជន​ថៃ​នៅ​ពីក្រោយ​លោក ដើម្បី​ទាញ​អំណាច​ពី​ពួក​យោធា គឺ​មិន​ឲ្យ​ក្រុម​នេះ​មាន​អំណាច​នោះ​ទេ ដែល​លោក​ថា​ព្រឹទ្ធសភា​មិន​តំណាង​ឲ្យ​ឆន្ទៈ​របស់​ប្រជាជន គឺ​មិន​ត្រូវ​មាន​សិទ្ធិ​ចូល​ទៅ​អង្គុយ​នៅ​ក្នុង​រដ្ឋសភា​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​ជំនួស​ប្រជាជន​នោះ​ទេ។

បើ​តាម​បេក្ខជន​ដែល​បរាជ័យ​មិន​អាច​ឡើង​ធ្វើ​នាយករដ្ឋមន្ត្រី​ថៃ​រូប​នេះ បាន​ថ្លែង​ថា ត្រូវតែ​កាត់​បន្ថយ​អំណាច​របស់​ពួក​យោធា ហើយ​ត្រូវតែ​ទប់ស្កាត់​ពួក​យោធា​មិន​ឲ្យ​មាន​អំណាច​នៅ​ក្នុង​ស្ថាប័ន​នីតិប្បញ្ញត្តិ និង​នីតិប្រតិបត្តិ​នោះ​ឡើយ។

សម្រាប់​លោក ភីថា ជា​អ្នក​នយោបាយ​វ័យ​ក្មេង​ដ៏​មាន​ប្រជាប្រិយភាព​នេះ បាន​ប្រកាស​ថា លោក​សម្រេច​ឲ្យ​គណបក្ស​ភឿថៃ ដែល​ជា​បក្ស​សម្ព័ន្ធភាព​ជាមួយ​នឹង​លោក​ត្រួសត្រាយ​ផ្លូវ​បញ្ជូន​បេក្ខជន​ម្នាក់​ទៅ​សភា ដើម្បី​សុំ​ការ​ទុកចិត្ត​ឡើង​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​ជំនួស​រូបលោក​ដែល​លោក​ទទួលស្គាល់​ពី​បរាជ័យ​របស់​លោក។

នៅ​ថ្ងៃទី​២៧ កក្កដា នេះ សភា​ទាំង​ពីរ​ថ្នាក់​នឹង​ប្រជុំ​គ្នា​ដើម្បី​ជ្រើសតាំង​នាយករដ្ឋមន្ត្រី​ម្នាក់​ឲ្យ​បង្កើត​គណៈរដ្ឋមន្ដ្រី​ថ្មី ដែល​គេ​រំពឹង​ថា​បេក្ខជន​ពីរ​រូប​មកពី​គណបក្ស​ភឿថៃ គឺ​លោក Srettha Thavisin និង​អ្នកស្រី ផែថោងថាន ស៊ីណាវ៉ាត់ កូនស្រី​របស់​អតីត​នាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត់ ជា​បេក្ខជន​នាយករដ្ឋមន្ត្រី។

ឥឡូវ​នេះ គណបក្ស​ភឿថៃ កំពុងតែ​សម្របសម្រួល​ជាមួយ​នឹង​គណបក្ស​ផ្សេងៗ​ទៀត​ក្រៅពី​សម្ព័ន្ធភាព ៨​គណបក្ស ធ្វើ​យ៉ាង​ណា​ឲ្យ​សំឡេង​គាំទ្រ​នាយករដ្ឋមន្ត្រី​អាច​មាន​សំឡេង​គ្រប់គ្រាន់ ៣៧៦​សំឡេង​ឡើង​កាន់​តំណែង​នាយករដ្ឋមន្ត្រី​ទី​៣០ របស់​រាជាណាចក្រ​នេះ។

បើ​តាម​ដំណឹង​មក​ថា បក្ស​ភឿថៃ កំពុងតែ​សម្របសម្រួល​ជាមួយ​សមាជិក​ព្រឹទ្ធសភា​ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស