30 C
Phnom Penh

ស្ថាប័ន​បោះឆ្នោត​ថៃ​ប្រកាស​ថា​បក្ស​ប្រឆាំង​ចលនា​ឆ្ពោះ​ទៅ​មុខ​ជា​បក្ស​ឈ្នះ​ឆ្នោត ខណៈ​លោក ប្រាយុទ្ធ ធានា​ការ​ផ្ទេរ​អំណាច

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណៈកម្មាធិការ​បោះឆ្នោត​របស់​រាជាណាចក្រ​ថៃ ប្រកាស​ជា​ផ្លូវការ​អំពី​ជ័យជម្នះ​របស់​គណបក្ស​ប្រឆាំង ចលនា​ឆ្ពោះ​ទៅ​មុខ ដែល​ដណ្ដើម​អាសនៈ​បាន​ច្រើន​ជាងគេ​នៅ​ក្នុង​ការ​បោះឆ្នោត​សភា​កាលពី​ថ្ងៃទី​១៤ ឧសភា។

យោង​តាម​សារព័ត៌មាន The Star នៃ​ប្រទេស​ម៉ាឡេស៊ី គណៈកម្មាធិការ​បោះឆ្នោត​នៃ​ប្រទេស​ថៃ កាលពី​ថ្ងៃទី​២៥ ឧសភា បាន​ទទួលស្គាល់​អាសនៈ​របស់​គណបក្ស​ចលនា​ឆ្ពោះ​ទៅ​មុខ (Move Forward) ដែល​ឈ្នះ​បាន​អាសនៈ​១៥១ ហើយ​ក៏​ទទួលស្គាល់​ផង​ដែរ​គណបក្ស​ប្រឆាំង​ធំ​មួយ​ទៀត គឺ​បក្ស​ភឿថៃ ដែល​បាន​អាសនៈ​១៤១។

ជាមួយ​គ្នា​នេះ ស្ថាប័ន​បោះឆ្នោត​របស់​រាជាណាចក្រ​នៅ​អាស៊ី​អាគ្នេយ៍​មួយ​នេះ ក៏​បាន​ទទួលស្គាល់​បក្ស​ជាច្រើន​ទៀត ដូចជា​បក្ស​ភូមិឆៃថៃ បាន ៧១​អាសនៈ បក្ស​ប៉ាល្ល័ងប្រាចារ៉ាត់ បាន ៤០​អាសនៈ បក្ស​ថៃ​រួបរួម​ជាតិ​របស់​នាយករដ្ឋមន្ត្រី​ចាំ​ផ្ទះ លោក ប្រាយុទ្ធ ចាន់អូចា បាន ៣៦​អាសនៈ បក្ស​ប្រជាធិបតេយ្យ បាន ២៥​អាសនៈ ហើយ​ក៏​ទទួលស្គាល់​អាសនៈ​របស់​បក្ស​ចំនួន ៦ ទៀត ដែល​បាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា។ រដ្ឋសភា​របស់​រាជាណាចក្រ​ថៃ មាន ៥០០​អាសនៈ។

តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិការ​បោះឆ្នោត​ថៃ សមាជិក​សភា​ជាប់​ឆ្នោត​ទាំងអស់​នឹង​ស្នើ​ឱ្យ​មក​អង្គុយ​ក្នុង​រដ្ឋសភា​នៅ​ថ្ងៃទី​១៣ កក្កដា ដើម្បី​ទទួលយក​សុពលភាព​របស់​ខ្លួន​ជា​អ្នក​តំណាងរាស្ត្រ ហើយ​នឹង​ធ្វើការ​កំណត់​ដើម្បី​ជ្រើសរើស​បេក្ខជន​នាយករដ្ឋមន្ត្រី​ឈាន​ទៅ​ដល់​ការ​បង្កើត​គណៈរដ្ឋមន្ត្រី​ថ្មី។

ក្រុម​ចម្រុះ​បក្ស​លម្អៀង​ទៅ​រក​ប្រជាធិបតេយ្យ​ដឹកនាំ​ដោយ​គណបក្ស​ចលនា​ឆ្ពោះ​ទៅ​មុខ បាន​ប្រកាស​បង្កើត​រដ្ឋាភិបាល​រួបរួម ដែល​លោក ភិថា លឹមចារឿងរ៉ាត់ ជា​បេក្ខជន​នាយករដ្ឋមន្ត្រី ព្រោះ​លោក​ជា​មេដឹកនាំ​របស់​បក្ស​ឈ្នះ​ឆ្នោត​សភា​ច្រើន​ជាងគេ​មកពី​បក្ស​ចលនា​ឆ្ពោះ​ទៅ​មុខ។ តាម​ការ​បូក​បញ្ចូល​គ្នា​នៃ​អាសនៈ​របស់​រដ្ឋសភា ក្រុម​ចម្រុះ​នេះ​មាន​អាសនៈ​៣១២ តែ​ចំនួន​អាសនៈ​ត្រឹម​ប៉ុន​នេះ​មិន​អាច​ឱ្យ​ក្រុម​នេះ​មាន​លទ្ធភាព​ពេញលេញ​ទៅ​បង្កើត​រដ្ឋាភិបាល​បាន​ទេ ដោយ​ត្រូវការ​សំឡេង ៣៧៦​អាសនៈ។ នេះ​បើ​យោង​តាម​រដ្ឋធម្មនុញ្ញ​ថៃ ឆ្នាំ​២០១៧។

យោង​តាម​ច្បាប់​កំពូល​ដែល​ពួក​យោធា​តាក់តែង​ឡើង មាន​ន័យ​ថា ក្រុម​ចម្រុះ​របស់​បក្ស​ចលនា​ឆ្ពោះ​ទៅ​មុខ ចាំបាច់​ត្រូវការ​សំឡេង​គាំទ្រ​ចេញពី​សមាជិក​ព្រឹទ្ធសភា ២៥០​រូប ដើម្បី​ជួយ​បង្គ្រប់​ឱ្យ​បាន ៣៧៦​សំឡេង។

តាម​កាសែត​បាងកក​ប៉ុស្តិ៍ គណបក្ស​ចលនា​ឆ្ពោះ​ទៅ​មុខ (Move Forward) កំពុងតែ​បញ្ចុះបញ្ចូល​សមាជិក​ព្រឹទ្ធសភា​ផង និង​ដាក់​គំនាប​ផង​ឱ្យ​យល់ព្រម​បោះឆ្នោត​គាំទ្រ​លោក ភិថា លឹមចារឿងរ៉ាត់ ជា​នាយករដ្ឋមន្ត្រី។ មក​ដល់​ពេលនេះ មាន​សមាជិក​ព្រឹទ្ធសភា ១៩​រូប​ចេញ​មុខ​ជា​ចំហ​គាំទ្រ​លោក ភិថា។

ក្រុម​ចម្រុះ​ដឹកនាំ​ដោយ​គណបក្ស​ចលនា​ឆ្ពោះ​ទៅ​មុខ ក្នុង​ពេល​បច្ចុប្បន្ន រួមមាន​គណបក្ស Pheu Thai បក្ស Prachachat បក្ស Thai Liberal បក្ស Thai Sang Thai បក្ស​យុត្តិធម៌ បក្ស Plung Sungkom Mai និង​គណបក្ស Pue Thai Rumphlang។

នៅ​ក្នុង​រដ្ឋាភិបាល​ចម្រុះ​នេះ​មាន ១៦​ក្រសួង។ គណបក្ស​ចលនា​ឆ្ពោះ​ទៅ​មុខ​របស់​លោក ភិថា ត្រូវ​កាន់កាប់ ១០​ក្រសួង ក្នុង​នោះ​មាន​ក្រសួង​ការពារ​ជាតិ ក្រសួង​ការបរទេស និង​ក្រសួង​សេដ្ឋកិច្ច។ ចំណែក​គណបក្ស​ភឿថៃ កាន់កាប់ ៦​ក្រសួង។ តាម​ច្បាប់​បោះឆ្នោត​នៅ​ប្រទេស​ថៃ ៦០​ថ្ងៃ​ក្រោយ​ការ​បោះឆ្នោត ត្រូវតែ​មាន​រដ្ឋាភិបាល​ថ្មី។

នាយករដ្ឋមន្ត្រី​ចាំ​ផ្ទះ​សន្យា​ផ្ទេរ​អំណាច​ទៅ​បក្ស​ឈ្នះ​ឆ្នោត៖

យ៉ាងណា អតីត​មេ​រដ្ឋប្រហារ​យោធា​នៅ​ឆ្នាំ​២០១៤ ដែល​បច្ចុប្បន្ន​ជា​នាយករដ្ឋមន្ត្រី​ចាំ​ផ្ទះ លោក ប្រាយុទ្ធ ចាន់អូចា បាន​ប្រកាស​ថា លោក​ត្រូវ​គោរព​តាម​ស្មារតី​ប្រជាធិបតេយ្យ និង​ឆន្ទៈ​របស់​ប្រជាជន​ចំពោះ​លទ្ធផល​នៃ​ការ​បោះឆ្នោត​សភា​កាលពី​ថ្ងៃ​អាទិត្យ ទី​១៤ ឧសភា។

ថ្លែង​នៅ​ចំពោះ​មុខ​អ្នក​សារព័ត៌មាន​កាលពី​ពេល​ថ្មីៗ​នេះ លោក ប្រាយុទ្ធ បាន​បញ្ជាក់​ថា ខណៈ​ប្រទេស​កំពុង​ឆ្ពោះ​ទៅ​មុខ លោក​នឹង​បន្ត​ធ្វើការ​ដើម្បី​សន្តិសុខ​ជូន​ប្រជាជន ដោយ​រង់ចាំ​រដ្ឋាភិបាល​ថ្មី​ឡើង​មក​កាន់​អំណាច។

លោក​បញ្ជាក់​ថា សម្រាប់​ខ្លួន​លោក​ផ្ទាល់ មិន​មាន​បញ្ហា​អ្វី​នោះ​ទេ​ជាមួយ​គ្រប់​ភាគី​ទាំងអស់ ព្រោះ​លោក​ត្រូវ​គោរព​តាម​នីតិវិធី​ប្រជាធិបតេយ្យ​ដែល​កំពុង​ដំណើរការ។

លោក ប្រាយុទ្ធ ប្រកាស​ថា លោក​សូម​ចេញ​មុខ​ធានា​ពី​ការ​ផ្ទេរ​អំណាច​ដោយ​សន្តិវិធី​ពី​រដ្ឋាភិបាល​ចាំ​ផ្ទះ​របស់​លោក​ទៅ​ឱ្យ​រដ្ឋាភិបាល​ថ្មី។

ដំណើរការ​បោះឆ្នោត​សភា​ថៃ ដើរ​លើ​គន្លង​ប្រជាធិបតេយ្យ​ដ៏​គួរ​ឱ្យ​សរសើរ៖

អង្គការ​បណ្ដាញ​អាស៊ី​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី ហៅ​កាត់​ថា ANFREL ដែល​បញ្ជូន​ភ្នាក់ងារ និង​អ្នកជំនាញ​កិច្ចការ​បោះឆ្នោត​ទៅ​អង្កេត​ការណ៍​បោះឆ្នោត​នៅ​ប្រទេស​ថៃ បាន​ហៅ​ដំណើរការ​បោះឆ្នោត​នៅ​ថៃ ថា​ជា​ផ្ទាំង​ប្រជាធិបតេយ្យ​ដ៏​ស្រស់​បំព្រង​នៃ​តំបន់​អាស៊ី​អាគ្នេយ៍។

អង្គការ​បណ្ដាញ​អាស៊ី​ដើម្បី​បោះឆ្នោត​ដោយ​សេរី​នេះ គឺជា​ក្រុម​ឃ្លាំមើល​ការ​បោះឆ្នោត​ឯករាជ្យ​មួយ​នៅ​អាស៊ី បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ដោយ​ពណ៌នា​ដំណើរការ​បោះឆ្នោត​នៅ​ថៃ ថា​ប្រកប​ដោយ​តម្លាភាព គ្មាន​ហិង្សា និង​ជា​ព្រឹត្តិការណ៍​គួរ​ឱ្យ​សរសើរ​មួយ​ក្នុង​ការ​បោះឆ្នោត​ជាច្រើន​នៅ​បណ្ដា​ប្រទេស​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ​ត្រឹមត្រូវ។ សេចក្ដី​ថ្លែងការណ៍​របស់ ANFREL បាន​ហៅ​ដំណើរការ​បោះឆ្នោត​របស់​ប្រទេស​ថៃ ប្រៀប​បាន​នឹង​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នៃ​ការ​ប្រតិបត្តិ​សេរីភាព​របស់​ប្រជាជន​ដែល​មិន​បាន​បំបាត់​ឆន្ទៈ និង​សំឡេង​របស់​ប្រជាជន​នោះ​ទេ។

លោក Rohana Hettiarachchi ប្រធាន​បេសកកម្ម​របស់​អង្គការ ANFREL បាន​ថ្លែង​ថា ដំណើរការ​បោះឆ្នោត​ប្រកប​ដោយ​អហិង្សា និង​សេរី យុត្តិធម៌។ លោក​បាន​ថ្លែង​កោតសរសើរ​ដល់​ប្រជាជន អ្នក​នយោបាយ ជាពិសេស​ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត​ថៃ ដែល​បំពេញ​តួនាទី​របស់​ខ្លួន​យ៉ាង​សកម្ម និង​ឥត​លម្អៀង។ លោក​បាន​ហៅ​ការ​ចេញ​ទៅ​បោះឆ្នោត​របស់​ប្រជាជន​ថៃ គឺជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ថ្មី​ទៀត​របស់​រាជាណាចក្រ​នេះ។

នៅ​ក្នុង​ការ​ឃោសនា​បោះឆ្នោត និង​ការ​បោះឆ្នោត មិន​មាន​ការ​លេច​ចេញ​នូវ​បាតុភូត​មិន​ប្រក្រតី​កើតឡើង​នោះ​ទេ ទាំង​ហិង្សា​នយោបាយ និង​ការ​បន្លំ​សន្លឹកឆ្នោត ឬ​ការ​ចែក​អំណោយ​ទិញ​ទឹកចិត្ត​អ្នក​បោះឆ្នោត។

ការ​បោះឆ្នោត​សភា​របស់​រាជាណាចក្រ​ថៃ បាន​ក្លាយ​ជា​ផ្ទាំង​ប្រជាធិបតេយ្យ​ដ៏​ស្រស់​បំព្រង​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ស្ថិត​ក្រោម​ក្រសែភ្នែក​របស់​អ្នក​សង្កេតការណ៍​អន្តរជាតិ ដោយ​ចាត់ទុក​ជា​ព្រឹត្តិការណ៍​អច្ឆរិយ​នៃ​ប្រទេស​មួយ​នៃ​ដង​ទន្លេមេគង្គ។ ប្រជាជន​ថៃ ដែល​បាន​ទៅ​បោះឆ្នោត និង​ប្រជាជន​ដែល​ខកខាន​ការ​បោះឆ្នោត ពួកគេ​មិន​បាន​បារម្ភ​ពី​ការ​លួច​ទិន្នន័យ ឬ​បន្លំ​សន្លឹកឆ្នោត​ឡើយ។ ក្រោយពី​បោះឆ្នោត​ហើយ ពួកគេ​ប្រមូលផ្ដុំ​គ្នា​តាម​ដង​វិថី និង​ទី​សាធារណៈ ដើម្បី​មើល​ទិដ្ឋភាព​នៃ​ការ​បញ្ចាំង​ផ្ទាល់​ពី​ការ​រាប់​សន្លឹកឆ្នោត គឺ​ដូច​ប្រទេស​កម្ពុជា​បញ្ចាំង​ផ្ទាល់​ការ​ប្រកួត​កីឡា​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​នៅ​កម្ពុជា​ដែល​ទើប​បិទ​បញ្ចប់​កាលពី​ថ្ងៃទី​១៧ ឧសភា។

ប្រជាជន​ថៃ មិន​ចាំបាច់​ដេក​យាម​ហិប​ឆ្នោត សន្លឹកឆ្នោត​របស់​ពួកគេ​នោះ​ទេ ព្រោះតែ​ស្ថាប័ន​បោះឆ្នោត​របស់​រាជាណាចក្រ​មួយ​នេះ​មិន​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​របស់​បក្ស​យោធា ឬ​បក្ស​នយោបាយ​ណា​មួយ​ឡើយ។ ស្ថាប័ន​នេះ​គ្មាន​លម្អៀង ហើយ​ក៏​ពុំ​ជួយ​ច្នៃប្រឌិត​ហេតុការណ៍​ណា​មួយ​នាំ​ឱ្យ​មាន​ការ​សង្ស័យ​ពី​ការ​ជួយ​បំពេញ​បន្ថែម​ទៅ​តាម​មហិច្ឆតា​របស់​បក្ស​កាន់​អំណាច​ឡើយ។

មន្ត្រី​កំពូលៗ​របស់​ស្ថាប័ន​បោះឆ្នោត​ប្រទេស​ថៃ ក៏​មិន​ជាប់​ពាក់ព័ន្ធ​ជាមួយ​បក្ស​នយោបាយ ឬ​បក្ស​របស់​ពួក​យោធា​នោះ​ដែរ។ ពួកគេ​បំពេញ​តាម​វិជ្ជាជីវៈ និង​តួនាទី​ឯករាជ្យ​របស់​ខ្លួន​ដោយ​មិន​ផ្គាប់ចិត្ត ឬ​ក្រោម​ខ្សែ​ញាក់ ឬ​ក្រោម​ឥទ្ធិពល​របស់​អ្នក​មាន​អំណាច​ឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស