35 C
Phnom Penh

បណ្ឌិត សុខ ទូច ថា​ដើម្បី​កែប្រែ​កម្ពុជា​ទៅ​ជា​សួនច្បារ​សម្រាប់​ពិភពលោក រដ្ឋាភិបាល​ត្រូវតែ​ផ្ដល់​ជំនាញ​ដល់​យុវជន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល លើកឡើង​ថា ដើម្បី​កែប្រែ​កម្ពុជា​ទៅ​ជា​សួនច្បារ​សម្រាប់​ពិភពលោក​ទៅ​ថ្ងៃ​អនាគត​ពិតប្រាកដ រដ្ឋាភិបាល​ត្រូវតែ​ផ្ដល់​ជំនាញ​ដល់​យុវជន ដើម្បី​ឲ្យ​ពួកគេ​ធ្វើ​ម្ចាស់​លើ​ការងារ​ក្នុង​ស្រុក ឬ​ទៅ​ក្រៅ​ស្រុក​ដោយ​មាន​ជំនាញ​ពិតប្រាកដ។

ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា បណ្ឌិត សុខ ទូច បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា ថា កម្ពុជា​ត្រូវតែ​បង្ហាញ​ពី​អ្វី​ដែល​ខ្លួន​មាន និង​ឱ្យ​តម្លៃ​លើ​ជាតិ​របស់​ខ្លួន​ឱ្យ​អស់​លទ្ធភាព មុន​នឹង​ទទួលយក​របស់​ពី​បរទេស ក្នុង​នោះ​កម្ពុជា​ត្រូវតែ​បង្កើន​ផលិតផល​ក្នុង​ស្រុក​ឱ្យ​អស់​លទ្ធភាព ដើម្បី​កេរ្តិ៍ឈ្មោះ​របស់​ខ្លួន​លើ​ឆាក​អន្តរជាតិ។

បណ្ឌិត សុខ ទូច លើកឡើង​ថា ដើម្បី​ឱ្យ​កម្ពុជា​ប្រែ​ទៅ​ជា​ប្រទេស​មួយ​ដែល​ពិភពលោក​ទទួលស្គាល់​ថា​ជា​សួនច្បារ​របស់​ពួកគេ​ពិតប្រាកដ រដ្ឋាភិបាល​ត្រូវតែ​ផ្ដល់​ជំនាញ​ដល់​យុវជន ដើម្បី​អាច​ឲ្យ​ពួកគេ​ធ្វើ​ម្ចាស់​លើ​ការងារ​ក្នុង​ស្រុក ឬ​ទៅ​ក្រៅ​ស្រុក​ដោយ​មាន​ជំនាញ​ពិតប្រាកដ ដើម្បី​ជំរុញ​ឱ្យ​ពួកគេ​ស្រឡាញ់​ការងារ​របស់​ខ្លួន និង​ទទួល​ខុសត្រូវ​នូវ​អ្វី​ដែល​ពួកគេ​កំពុង​អនុវត្ត។

ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា​រូប​នេះ​បញ្ជាក់​ថា ភាព​អស្ចារ្យ​របស់​កម្ពុជា គឺ​កូន​ខ្មែរ​ត្រូវ​អាន​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​ឱ្យ​មាន​ការ​យល់ដឹង​គ្រប់ៗ​គ្នា ហើយ​ការងារ​ទាំងអស់​ដែល​កូន​ខ្មែរ​បាន​ធ្វើ ត្រូវ​ចងក្រង​ជា​ឯកសារ​សម្រាប់​អ្នក​បន្ត​វេន​ទៅ​ថ្ងៃ​ក្រោយ​គ្រប់ៗ​ជំនាន់។

ស្ថាបនិក​អង្គការ​អភិវឌ្ឍន៍​ផ្នត់គំនិត លោក សេក សុជាតិ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៧ វិច្ឆិកា នេះ​ថា ការ​លើកឡើង​របស់​បណ្ឌិត សុខ ទូច គឺជា​គំនិត​វិជ្ជមាន និង​ត្រឹមត្រូវ ប៉ុន្តែ​បើ​កម្ពុជា​នៅតែ​ស្ថិត​ក្នុង​ស្ថានភាព​នយោបាយ​ដូច​បច្ចុប្បន្ន​នេះ នោះ​គំនិត​បែប​នេះ​គ្រាន់តែ​បង្ហាញ​ពី​ការ​ចង់​បាន​របស់​គាត់​ប៉ុណ្ណោះ ប៉ុន្តែ​មិន​អាច​អនុវត្ត​ទៅ​រួច​ឡើយ ត្បិត​រដ្ឋាភិបាល​កម្ពុជា​ដែល​កំពុង​ដឹកនាំ​ដោយ​ឯក​បក្ស​ដូច​ដែល​គេ​ឃើញ​ជាក់ស្តែង​សព្វថ្ងៃ​នេះ មិន​អាច​ដឹកនាំ​កម្ពុជា​ទៅ​ដល់​ដំណាក់កាល​ដូច​បណ្ឌិត សុខ ទូច បាន​លើកឡើង​នោះ​ជាដាច់ខាត។

លោក សេក សុជាតិ លើកឡើង​ថា ដើម្បី​ឲ្យ​កម្ពុជា​ដើរ​ដល់​ដំណាក់កាល​ដែល​ក្លាយ​ទៅ​ជា​សួនច្បារ​សម្រាប់​ពិភពលោក ទាល់​តែ​រដ្ឋាភិបាល​បើក​ទូលាយ​ទាំង​សិទ្ធិ​សេរីភាព​បញ្ចេញមតិ បើក​សេរីភាព​អ្នក​នយោបាយ ដូចជា​លោក កឹម សុខា និង​ដោះលែង​អ្នកទោស​មនសិការ​ទាំងអស់ ដើម្បី​ឲ្យ​ពួកគេ​មាន​សិទ្ធិ​ពេញលេញ​ក្នុង​ការ​ចូលរួម​ជួយ​សង្គម​ជាតិ​ដោយ​ពិតប្រាកដ នោះ​ទើប​អាច​ធានា​នូវ​ការ​អភិវឌ្ឍ​មួយ​នៅ​កម្ពុជា​ក្នុង​កម្រិត​ខ្ពស់ ដែល​ពិភពលោក​ស្ងើចសរសើរ​ទៅ​ថ្ងៃ​អនាគត។

អ្នក​ស្រាវជ្រាវ​អំពី​ការ​អភិវឌ្ឍ​សង្គម​រូប​នេះ​បញ្ជាក់​ថា បើ​អ្នក​ក្តោប​ក្តាប់​អំណាច​នៅតែ​ប្រកាន់​ឥរិយាបថ​នយោបាយ​ដែល​ធ្វើ​ឲ្យ​បែកបាក់​ផ្ទៃក្នុង​ជាតិ​ដូច​សព្វថ្ងៃ​នេះ កុំ​ថា​ឡើយ​ដល់​ទៅ​ធ្វើ​ជា​សួនច្បារ​ពិភពលោក សូម្បី​ចង់​ធ្វើ​ខ្លួន​រួច​ផុត​ពី​ប្រទេស​ដែល​ជាប់​ក្នុង​បញ្ជី​ប្រផេះ​នៃ​ការ​លាង​លុយ​កខ្វក់ និង​ជា​ទីតាំង​ប្រព្រឹត្ត​អំពើ​ជួញដូរ​មនុស្ស ក៏​ប្រហែលជា​មិន​អាច​ទៅ​រួច​ដែរ ព្រោះ​ថា​ការ​ដឹកនាំ​បែប​កើត​ជំងឺ​តួឯក​ដូច​គណបក្ស​កាន់​អំណាច​ដឹកនាំ​បច្ចុប្បន្ន​នេះ ងាយ​នឹង​មាន​ជំងឺ​សង្គម​ខ្លាំង​ណាស់ ដូចជា​ជំងឺ​ពុករលួយ និង​ជំងឺ​ឈ្លោះ​បែកបាក់​ផ្ទៃក្នុង​ជាតិ ជាដើម ដែល​ជា​មូលហេតុ​មិន​អាច​ឲ្យ​កម្ពុជា​រីក​លូតលាស់​ទៅ​មុខ​បាន។

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​ឯក​បក្ស​ដែល​ដឹកនាំ​តាម​របៀប​កុម្មុយនីស្ត​ផ្ដាច់ការ​សព្វថ្ងៃ​នេះ មិន​អាច​សម្លឹង​ឃើញ​ភាព​ស្រស់​បំព្រង និង​ភាព​អស្ចារ្យ​ឱ្យ​ពិភពលោក​ទទួលស្គាល់​កើត​នោះ​ទេ ក្រៅតែ​ពី​ការ​ទាមទារ​ឱ្យ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ គោរព​សិទ្ធិមនុស្ស និង​ជា​ប្រទេស​ដែល​ត្រូវ​ស្ថិត​ក្នុង​បញ្ជី​តាមដាន​កម្រិត​ខ្ពស់​ពី​ការ​លាង​លុយ​កខ្វក់ និង​ការ​ប្រព្រឹត្ត​អំពើ​ជួញដូរ​មនុស្ស​ប៉ុណ្ណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស