31 C
Phnom Penh

អ្នក​សង្កេតការណ៍៖ ការ​ធ្លាក់​ចុះ​ការ​គោរព​សិទ្ធិមនុស្ស​ជា​កត្តា​ចម្បង​ធ្វើ​ឱ្យ​កម្ពុជា​បាត់បង់​ទាំង​សេដ្ឋកិច្ច​និង​ធនធាន​មនុស្ស​សម្រាប់​កសាង​ជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​សង្កេតការណ៍​ព្រមាន​ថា ការ​ធ្លាក់​ចុះ​នូវ​ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា នឹង​បាត់បង់​អ្វី​បន្តិច​ម្តងៗ​រាប់​ចាប់តាំងពី​សេដ្ឋកិច្ច​របស់​ប្រទេស និង​ធនធាន​មនុស្ស​សម្រាប់​កសាង​ជាតិ។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ​លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២២ មេសា នេះ​ថា រូបភាព​នានា​នៃ​ការ​គាបសង្កត់​សិទ្ធិមនុស្ស​នៅ​កម្ពុជា មិនមែន​ជា​មធ្យោបាយ​បំបាត់​ការ​តវ៉ា​របស់​ពលរដ្ឋ​ទេ ប៉ុន្តែ​វា​ជា​ចំណុច​ធ្វើ​ឱ្យ​ពលរដ្ឋ​មាន​កំហឹង​នៅ​ក្នុង​ចិត្ត​ទៅវិញ​ប៉ុណ្ណោះ។

លោក​បន្ថែម​ថា ចំណែក​អ្នក​វិនិយោគ​បរទេស​នានា ក៏​ខ្លាចរអា​មិន​ហ៊ាន​មក​រកស៊ី​នៅ​កម្ពុជា​ដែរ នៅ​ពេល​ដែល​គេ​សង្កេត​ឃើញ​ថា កម្ពុជា​មាន​ការ​គាបសង្កត់​សិទ្ធិ​ពលរដ្ឋ​នោះ ហើយ​បញ្ហា​នេះ​នឹង​ធ្វើ​ឱ្យ​កម្ពុជា​ខាតបង់​សេដ្ឋកិច្ច​ជាតិ​ដ៏​ធំ​ដោយ​ខ្លួនឯង។

លោក សេក សុជាតិ លើកឡើង​ថា ក្រៅពី​ខាតបង់​សេដ្ឋកិច្ច កម្ពុជា​ក៏​នឹង​បាត់បង់​ធនធាន​មនុស្ស​ក្នុង​ការ​កសាង​ជាតិ​ដែរ ព្រោះ​ថា​ធនធាន​មនុស្ស​សម្រាប់​អភិវឌ្ឍ​ប្រទេស​ជាតិ មិនមែន​ទាល់តែ​គាំទ្រ​រដ្ឋាភិបាល ឬ​បក្ស​កាន់​អំណាច​ទេ។ លោក​បន្ត​ថា ធនធាន​មនុស្ស​ដែល​គាំទ្រ​រដ្ឋាភិបាល​ខ្លះ ត្រូវ​គេ​រក​ឃើញ​ថា​មិន​បាន​ចូលរួម​កសាង​ប្រទេស​ជាតិ​ឡើយ ប៉ុន្តែ​ពួកគេ​មាន​បំណង​ទាញ​យក​ប្រយោជន៍​ពី​សង្គម​ជាតិ​របស់​ខ្លួន​ប៉ុណ្ណោះ រីឯ​អ្នក​រិះគន់​ពី​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល ក៏​មិនមែន​មាន​ន័យ​ថា ពួកគេ​បំផ្លាញ​ប្រយោជន៍​ជាតិ​នោះ​ដែរ។

លោក​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ពិចារណា​កែទម្រង់​ការ​ដឹកនាំ​របស់​ខ្លួន​ឱ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ឡើងវិញ ជាពិសេស​ការ​លើកស្ទួយ​ឱ្យ​មាន​ការ​គោរព​សិទ្ធិមនុស្ស​ឱ្យ​បាន​ទូលំទូលាយ ព្រោះ​ថា​ការ​ធ្វើ​ទុក្ខបុកម្នេញ​ទៅ​លើ​សកម្មជន​សង្គម សកម្មជន​សិទ្ធិមនុស្ស និង​សកម្មជន​បក្ស​ក្រៅ​រដ្ឋាភិបាល ជាដើម សុទ្ធតែ​នាំ​ឱ្យ​កម្ពុជា​ធ្លាក់​ទៅ​ក្នុង​ភាព​អន់ថយ ស្រប​ពេល​ដែល​កម្ពុជា​ក៏​រង​នូវ​ការ​រិះគន់​ពី​ការ​រឹតត្បិត​សេរីភាព​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ដែរ​នោះ។

កាលពី​ថ្ងៃទី​១៩ ខែ​មេសា ឆ្នាំ​២០២៤ អ្នកជំនាញ​ខាង​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បញ្ចប់​រាល់​ទង្វើ​នៃ​ការ​យាយី និង​ការ​កាត់ទោស​លើ​អ្នក​ការពារ​សិទ្ធិមនុស្ស និង​សកម្មជន​សង្គម​ស៊ីវិល ជាដើម ដោយ​ប្តូរ​មក​វិញ​នូវ​ការ​អនុញ្ញាត​ឱ្យ​ពួកគេ​អាច​អនុវត្ត​នូវ​សិទ្ធិ​នានា រួម​ទាំង​សិទ្ធិ​នយោបាយ​ដោយ​សេរី។

ប្រភព​ដដែល​លើកឡើង​ថា ពួកគេ​កំពុង​មើល​ឃើញ​ការ​អនុវត្ត​រំលោភ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ ការ​បង្កើត​សមាគម និង​ការ​ជួប​ប្រជុំ​ដោយ​សន្តិវិធី ដូច​ដែល​បាន​ធានា​ក្នុង​កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​ធ្ងន់ធ្ងរ​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា​សព្វថ្ងៃ​នេះ ហើយ​ការ​រឹតត្បិត​បែប​នេះ នឹង​បន្ត​ជះ​ឥទ្ធិពល​យ៉ាង​អាក្រក់​ដល់​ការងារ​សិទ្ធិមនុស្ស និង​រារាំង​មនុស្ស​ជាច្រើន​ពី​ការ​ចូលរួម​ក្នុង​ការ​ការពារ​សិទ្ធិមនុស្ស​នៅ​កម្ពុជា។

អ្នកជំនាញ​សិទ្ធិមនុស្ស អំពាវនាវ​ឱ្យ​អាជ្ញាធរ​កម្ពុជា​លុប​ចោល​ច្បាប់​មួយ​ចំនួន ជាពិសេស ក្រម​នីតិវិធី​ព្រហ្មទណ្ឌ ដែល​មិន​ស្រប​តាម​ស្តង់ដារ​ច្បាប់​អន្តរជាតិ ដោយ​ការ​ចូលរួម​ពី​គណបក្ស​ប្រឆាំង និង​តួអង្គ​សង្គម​ស៊ីវិល ដើម្បី​ចូលរួម​លើក​កម្ពស់​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ សមាគម និង​ការ​ជួប​ប្រជុំ​ដោយ​សន្តិវិធី ដែល​មាន​សារសំខាន់​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ។

យ៉ាងណា​ក៏ដោយ កាលពី​ថ្ងៃទី​២០ ខែ​មេសា ឆ្នាំ​២០២៤ ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​ការិយាល័យ​អង្គការ​សហប្រជាជាតិ​នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​បដិសេធ​ទាំងស្រុង​ចំពោះ​ការ​ចោទប្រកាន់​ថា រដ្ឋាភិបាល​កម្ពុជា​រំលោភ​បំពាន​សិទ្ធិ​សេរីភាព​បញ្ចេញមតិ សិទ្ធិ​បង្កើត​សមាគម និង​ធ្វើ​ទុក្ខបុកម្នេញ​លើ​អ្នក​ការពារ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​នា​ពេល​កន្លង​មក។

ទោះ​ជា​បែប​នេះ​ក្តី គេ​សង្កេត​ឃើញ​ថា សកម្មជន​នានា​របស់​សកម្មជន​សង្គម និង​សកម្មជន​នយោបាយ ជាដើម តែងតែ​រង​នូវ​ការ​គំរាមកំហែង​ជុំវិញ​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​បញ្ចេញមតិ​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ ដូចជា មេដឹកនាំ​សហជីព​កញ្ញា ឈឹម ស៊ីថរ សកម្មជន​សិទ្ធិមនុស្ស​កញ្ញា សេង ធារី ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​លោក កើត សារ៉ាយ និង​សកម្មជន​នយោបាយ​មួយ​ចំនួន​ទៀត ជាដើម។

មាត្រា ៤១ នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា​បាន​ចែង​ថា ពលរដ្ឋ​ខ្មែរ​មាន​សេរីភាព​ខាង​ការ​បញ្ចេញមតិ​យោបល់ សេរីភាព​ខាង​សារព័ត៌មាន សេរីភាព​ខាង​ការ​បោះពុម្ព​ផ្សាយ សេរីភាព​ខាង​ការ​ប្រជុំ ជាដើម ប៉ុន្តែ​ជាក់ស្តែង ត្រូវ​គេ​មើល​ឃើញ​ថា រដ្ឋាភិបាល​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​សព្វថ្ងៃ​នេះ កំពុង​អនុវត្ត​បញ្ច្រាស​ពី​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន​ទាំងស្រុង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស