ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា ឲ្យដឹងថា រដ្ឋាភិបាលកម្ពុជា និងវៀតណាម បានឯកភាពគ្នាក្នុងការគោរព និងអនុវត្តឱ្យបានពេញលេញនូវសន្ធិសញ្ញាព្រំដែន ដែលបានចុះហត្ថលេខារវាងប្រទេសទាំងពីរដែលបានបោះបង្គោលព្រំដែនរួចចំនួន ៨០%។
ការលើកឡើងរបស់ស្ថានទូតវៀតណាមនេះ ធ្វើឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជីញ (Pham Minh Chinh) បានជួបពិភាក្សាជាមួយលោក ហ៊ុន សែន ទ្វេភាគីកាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២។
យោងតាមហ្វេសប៊ុកស្ថានទូតវៀតណាមប្រចាំកម្ពុជា សរសេរនៅថ្ងៃពុធ ទី៩ វិច្ឆិកា នេះថា ក្នុងជំនួបនោះ កម្ពុជា-វៀតណាមបានឯកភាពគ្នាគោរព និងអនុវត្តឲ្យបានពេញលេញនូវសន្ធិសញ្ញាព្រំដែនដែលបានចុះហត្ថលេខារវាងប្រទេសទាំងពីរ ហើយបន្តជំរុញការចរចា និងខិតខំប្រឹងប្រែងស្វែងរកដំណោះស្រាយដែលសមស្របចំពោះការបោះបង្គោលព្រំដែនគោកនៅសល់ ១៦% ទៀត។
ទន្ទឹមនឹងនោះ កម្ពុជា-វៀតណាមនឹងដោះស្រាយបញ្ហាដែលកើតឡើងបន្ថែមក្នុងស្មារតីសាមគ្គីភាព និងមិត្តភាព រួមចំណែកកសាងព្រំដែនវៀតណាម-កម្ពុជាប្រកបដោយសន្តិភាព ស្ថិរភាព និងសហប្រតិបត្តិការ។
ក្រៅពីជំរុញការបោះបង្គោលព្រំដែននោះ មេដឹកនាំវៀតណាម ក៏បានស្នើលោក ហ៊ុន សែន ឲ្យបង្កើតលក្ខខណ្ឌអំណោយផលបន្ថែមទៀតសម្រាប់សហគ្រាសវៀតណាម ចូលមកវិនិយោគ និងធ្វើអាជីវកម្មនៅកម្ពុជាប្រកបដោយស្ថិរភាព និងយូរអង្វែង ដោយឈរលើមូលដ្ឋាននៃការផ្ដល់ផលប្រយោជន៍គ្នាទៅវិញទៅមក។
លោក ផាម មិញជីញ (Pham Minh Chinh) បានអរគុណលោក ហ៊ុន សែន ដែលបន្តយកចិត្តទុកដាក់ និងបង្កលក្ខណៈងាយស្រួលបន្ថែមទៀតសម្រាប់សហគមន៍វៀតណាម រស់នៅ និងធ្វើការប្រកបដោយស្ថិរភាព និងស្របច្បាប់នៅកម្ពុជា រួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៃប្រទេសសាមី និងរួមចំណែករឹតបន្តឹងទំនាក់ទំនងមិត្តភាពប្រទេសជិតខាងរវាងប្រជាជាតិទាំងពីរ។
ក្រៅពីលើករឿងព្រំដែន និងសេដ្ឋកិច្ច ភាគីទាំងពីរបានឯកភាពគ្នាជំរុញការតភ្ជាប់ខឿនសេដ្ឋកិច្ចទាំងពីរ ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធរឹង ក៏ដូចជាច្បាប់ គោលនយោបាយ គាំទ្រគ្នាទៅវិញទៅមកក្នុងការកសាងសេដ្ឋកិច្ចឯករាជ្យ ស្វ័យភាពនៅប្រទេសនីមួយៗ ព្រមទាំងធានាការធ្វើសមាហរណកម្មអន្តរជាតិយ៉ាងទូលំទូលាយប្រកបដោយប្រសិទ្ធភាព។
យ៉ាងណាក៏ដោយ ទាក់ទងនឹងបញ្ហាព្រំដែននេះដែរ ក្រុមអ្នកសង្កេតការណ៍រិះគន់ថា ទំនាក់ទំនងកម្ពុជា-វៀតណាម ចាប់តាំងពីឆ្នាំ១៩៨៥ ដែលកងទ័ពវៀតណាម បានលើកបន្តុបមេដឹកនាំខ្មែរ លោក ហ៊ុន សែន មក រាល់ជំនួបទាំងអស់គ្មានអ្វីក្រៅការចរចា និងរកល្បិចបើកផ្លូវឱ្យរដ្ឋាភិបាលវៀតណាម ឈ្លានពានកម្ពុជានោះទេ ខណៈមេដឹកនាំខ្មែរ លោក ហ៊ុន សែន ក៏មិនដែលបដិសេធរាល់សំណើក្នុងចេតនាឈ្លានពានរបស់មេដឹកនាំវៀតណាម នោះដែរ។
អនុប្រធានវេទិកាពលរដ្ឋ លោក ម៉ែន ណាត បានប្រាប់សារព័ត៌មាន The Cambodia Daily កាលពីថ្ងៃទី៤ ខែវិច្ឆិកា ថា ដំណើរទស្សនកិច្ចរបស់មេដឹកនាំវៀតណាម លោក ផាម មិញជីញ ទៅជួបមេដឹកនាំកម្ពុជា លោក ហ៊ុន សែន ជាលក្ខណៈទ្វេភាគីនៅមុនកិច្ចប្រជុំអាស៊ាននៅពេលនេះ គឺដើម្បីរំឭក និងជំរុញឲ្យលោក ហ៊ុន សែន បន្តអនុវត្តឱ្យបានល្អបន្តទៀតជុំវិញកិច្ចព្រមព្រៀងខុសច្បាប់ជាលក្ខណៈទ្វេភាគីនានា មុនកម្ពុជាត្រូវអស់តួនាទីជាប្រធានអាស៊ាននៅចុងខែធ្នូ ឆ្នាំ២០២២ នេះ៕