28 C
Phnom Penh

រដ្ឋមន្ត្រី​កសិកម្ម​ថា​នឹង​ជួយ​រក​យុត្តិធម៌​ឱ្យ​មន្ត្រី​ដែល​អាមេរិក​ចាប់​ខ្លួន​រឿង​រត់​ពន្ធ​សត្វ​ស្វា​ក្ដាម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម លោក ឌិត ទីណា ថ្លែង​ការពារ​មន្ត្រី​របស់​ខ្លួន​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​សហរដ្ឋ​អាមេរិក ថា​នឹង​ជួយ​រក​យុត្តិធម៌​ឲ្យ​មន្ត្រី​រូប​នោះ​ក្រោយពី​សហរដ្ឋ​អាមេរិក​បាន​ចោទប្រកាន់​ពី​បទ «ឧក្រិដ្ឋកម្ម» រត់​ពន្ធ​សត្វ​ស្វា​ក្ដាម​ចេញពី​កម្ពុជា។

ការ​ថ្លែង​ការពារ​របស់​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម លោក ឌិត ទីណា ដែល​ទើប​ឡើង​កាន់​តំណែង​ថ្មី​នៃ​ក្រសួង​នេះ ធ្វើឡើង​បន្ទាប់ពី​ប្រធាន​នាយកដ្ឋាន​សត្វ​ព្រៃ និង​ជីវចម្រុះ​នៃ​រដ្ឋបាល​ព្រៃឈើ លោក គ្រី ម៉ះផល ត្រូវ​បាន​ចាប់​ខ្លួន​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ ចន អេហ្វ កេណ្ណេឌី (John F. Kennedy) ក្នុង​រដ្ឋ​ញូវយ៉ក សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃទី​១៦ ខែ​វិច្ឆិកា។

បច្ចុប្បន្ន ប្រធាន​នាយកដ្ឋាន​សត្វ​ព្រៃ​រូប​នេះ​ត្រូវ​បាន​ចោទប្រកាន់ ខណៈ​អគ្គនាយក​រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួង​កសិកម្ម លោក កែវ អូម៉ាលីស ក៏​ត្រូវ​បាន​រក​ឃើញ​ថា​មាន​ជាប់​ពាក់ព័ន្ធ​ករណី​រត់​ពន្ធ​សត្វ​ស្វា​ព្រៃ​ខុស​ច្បាប់​ដែរ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​កសិកម្ម ចេញ​កាល​ពី​ថ្ងៃទី​១៧ ខែ​វិច្ឆិកា នេះ បង្ហាញ​ការ​ភ្ញាក់​ផ្អើល និង​ខកចិត្ត​ជា​ខ្លាំង​ចំពោះ​ការ​ចាប់​ខ្លួន​លោក គ្រី ម៉ះផល ខណៈ​លោក​ធ្វើ​ដំណើរ​ទៅ​ចូលរួម​កិច្ចប្រជុំ​អនុសញ្ញា​ការពារ​សត្វ និង​រុក្ខជាតិ​ជិត​ផុត​ពូជ​សាយតេស (CITES) នៅ​ប្រទេស​ប៉ាណាម៉ា។

ប្រភព​ដដែល​ឲ្យ​ដឹង​ថា នៅ​កម្ពុជា សត្វ​ស្វា​ក្ដាម​ជា​ប្រភេទ​សត្វ​សម្បូរ និង​មាន​វត្តមាន​នៅ​ទូទាំង​ប្រទេស ទាំង​ក្នុង​ព្រៃ​ធម្មជាតិ រួម​ទាំង​នៅ​តំបន់​ជាយក្រុង និង​ទីក្រុង ជាពិសេស​នៅ​រមណីយដ្ឋាន​វត្តភ្នំ​ក្នុង​រាជធានី​ភ្នំពេញ។ លើស​ពី​នេះ សត្វ​ស្វា​ក្តាម​ត្រូវ​បាន​ចិញ្ចឹម​នៅ​កម្ពុជា​តាំងពី​ឆ្នាំ​២០០៥ ហើយ​បាន​នាំចេញ​សម្រាប់​គោលដៅ​វេជ្ជសាស្ត្រ ជាពិសេស​សម្រាប់​ការ​ធ្វើ​ពិសោធ​ដើម្បី​ផលិត​ឱសថ វ៉ាក់សាំង ឬ​គ្រឿងសំអាង ដោយសារ​សត្វ​ស្វា​ក្តាម​ទាំងនេះ​មិនមែន​ត្រូវ​បាន​ចាប់ ហើយ​បញ្ជូន​ចេញ​ទៅ​ក្រៅ​ប្រទេស​នោះ​ទេ។

ក្រសួង​បញ្ជាក់​ទៀត​ថា កសិដ្ឋាន​ដែល​ចិញ្ចឹម​សត្វ​ស្វា​ក្តាម​ទាំងនេះ​ទម្រាំ​ទទួល​បាន​ការ​ទទួលស្គាល់​តាម​ផ្លូវច្បាប់ គឺ​សុទ្ធតែ​តម្រូវ​ឲ្យ​គោរព​តាម​បទដ្ឋាន​អនាម័យ និង​វិធីសាស្ត្រ​ចិញ្ចឹម​ត្រឹមត្រូវ ដើម្បី​រក្សា​ឲ្យ​បាន​នូវ​ហ្សេនេទិក​របស់​វា ដោយ​មិន​ឲ្យ​ផុត​ពូជ​នោះ​ឡើយ។

ក្រសួង​កសិកម្ម​បន្ត​ថា សមត្ថកិច្ច​គ្រប់គ្រង​សាយតេស​កម្ពុជា បាន​អនុញ្ញាត​ឲ្យ​នាំចេញ​សត្វ​ស្វា​ក្តាម​ដោយ​ផ្អែក​លើ​ច្បាប់ និង​បទប្បញ្ញត្តិ​ជាតិ និង​អន្តរជាតិ ហើយ​ថា​ការ​នាំចូល​ទៅ​កាន់​សហរដ្ឋ​អាមេរិក គឺ​ក្រុមហ៊ុន​ដែល​ប្រកប​អាជីវកម្ម​នាំចេញ​សត្វ​ស្វា​ក្តាម​នេះ​ត្រូវ​អនុវត្ត​ទៅ​តាម​នីតិវិធី​របស់​សហរដ្ឋ​អាមេរិក។

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក ឌិត ទីណា បាន​ថ្លែង​ការពារ​ថា រដ្ឋាភិបាល​កម្ពុជា​នឹង​ខិតខំ​ប្រឹងប្រែង​ឲ្យ​អស់​ពី​លទ្ធភាព ដើម្បី​ស្វែងរក​យុត្តិធម៌​ជូន​មន្ត្រី​របស់​ខ្លួន ជាពិសេស​អ្នក​ដែល​បំពេញ​កាតព្វកិច្ច​ផ្លូវការ​តំណាង​ប្រទេស​ស្រប​តាម​អនុសញ្ញា​អន្តរជាតិ។

កាលពី​ថ្ងៃទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ការិយាល័យ​ព្រះរាជអាជ្ញា​សហព័ន្ធ​សហរដ្ឋ​អាមេរិក បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​ដោយ​លើកឡើង​ថា សំណុំរឿង​រត់​ពន្ធ​សត្វ​ស្វា​ព្រៃ​ខុសច្បាប់​នេះ​មាន​ជនសង្ស័យ ៨​នាក់ ក្នុង​នោះ​មន្ត្រី​ក្រសួង​កសិកម្ម​ចំនួន ២​នាក់ និង​បុគ្គលិក ៦​នាក់​របស់​ក្រុមហ៊ុន​ស្រាវជ្រាវ​ផ្នែក​ជីវសាស្ត្រ​ឈ្មោះ Vanny Bio Research។

សេចក្តី​ថ្លែងការណ៍​បញ្ជាក់​ថា ជនសង្ស័យ​ចំនួន ៨​នាក់ ក្នុង​នោះ​ក៏​មាន​ប្រធាន​នាយកដ្ឋាន​សត្វ​ព្រៃ និង​ជីវចម្រុះ​នៃ​រដ្ឋបាល​ព្រៃឈើ លោក គ្រី ម៉ះផល ដែល​ត្រូវ​បាន​ចោទប្រកាន់​ថា​បាន​ចាប់​ប្រមូល​សត្វ​ស្វា​ក្ដាម​នៅ​ក្នុង​ឧទ្យាន​ជាតិ និង​តំបន់​ការពារ​ដើម្បី​នាំចេញ​ទៅ​អាមេរិក។

ក្រសួង​កសិកម្ម​បញ្ជាក់​ថា សត្វ​ស្វា​ចំនួន ៣​ពាន់​ក្បាល​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ស្រប​តាម​ច្បាប់ ហើយ​មន្ត្រី​ក្រសួង​កសិកម្ម​ក៏​ទទួល​ការ​ទូទាត់​ជា​សាច់ប្រាក់​ត្រឡប់​មកវិញ។

យោង​តាម​អង្គការ Action for Primates ដែល​មាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស បាន​ឱ្យ​ដឹង​ដោយ​ផ្អែក​លើ​តួលេខ​របស់​ភ្នាក់ងារ U.S. Fish and Wildlife Services ថា សត្វ​ស្វា​ក្ដាម​ចំនួន ១​ម៉ឺន ៧​ពាន់​ក្បាល​ត្រូវ​បាន​កម្ពុជា​នាំចេញ​ទៅ​កាន់​សហរដ្ឋ​អាមេរិក​ក្នុង​ឆ្នាំ​២០២១ កន្លងទៅ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស