30.8 C
Phnom Penh

លោក គ្រី ម៉ះផល រួច​ពី​ការ​ចោទប្រកាន់​របស់​តុលាការ​អាមេរិក តែ​ភស្តុតាង​បង្ហាញ​ថា​មន្ត្រី​ខ្មែរ​និង​បក្ស​កាន់​អំណាច​ជាប់​ពាក់ព័ន្ធ​ការ​ជួញដូរ​ស្វា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តុលាការ​អាមេរិក សម្រេច​ជា​ឯកច្ឆន្ទ​លើកលែង​ការ​ចោទប្រកាន់​លើ​ប្រធាន​នាយកដ្ឋាន​សត្វព្រៃ និង​ជីវចម្រុះ លោក គ្រី ម៉ះផល ពី​បទ​សមគំនិត និង​រត់​ពន្ធ​ស្វា​ព្រៃ នៅ​រសៀល​ថ្ងៃទី​២២ ខែ​មីនា ឆ្នាំ​២០២៤ នេះ ប៉ុន្តែ​ភស្តុតាង​ដែល​ដាក់​ក្នុង​តុលាការ បង្ហាញ​ឲ្យ​ឃើញ​អំពើពុករលួយ​ក្នុង​ការ​ជួញដូរ​សត្វ​ស្វា​ក្ដាម​ខុស​ច្បាប់​ជាប់​ពាក់ព័ន្ធ​ជាមួយ​មន្ត្រី​ខ្មែរ និង​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ទ្រង់ទ្រាយ​ធំ។

ក្រោយ​ជំនុំ​ជម្រះក្តី​ដែល​ប្រព្រឹត្ត​ទៅ​អស់​រយៈពេល​ពីរ​សប្តាហ៍ (ពី​ថ្ងៃទី​១១ ដល់​ថ្ងៃទី​២២ ខែ​មីនា) គណៈវិនិច្ឆ័យ​ទាំង ១២​រូប​នៃ​តុលាការ​សហព័ន្ធ​អាមេរិក នៅ​ទីក្រុង​ម៉ៃអាម៊ី (Miami) ក្នុង​រដ្ឋ​ហ្លូរីដា (Florida) សហរដ្ឋ​អាមេរិក សម្រេច​ថា​លោក គ្រី ម៉ះផល ដែល​ជា​ជន​ជាប់ចោទ​ម្នាក់​ក្នុង​ចំណោម​ជន​ជាប់ចោទ​ប្រាំបី​នាក់ មិន​ជាប់​ពិរុទ្ធ​ពី​បទ​ចោទ​ទាំង​ពីរ គឺ​បទ​សមគំនិត និង​រត់​ពន្ធ​ស្វា​ព្រៃ (ស្វា​ក្ដាម) នោះ​ឡើយ។

សត្វ​ស្វា

ក្នុង​ការ​ជំនុំជម្រះ​ក្ដី​នេះ តុលាការ​អាមេរិក​លើក​យក​តែ​ករណី​សហរដ្ឋ​អាមេរិក​ប្រឆាំង​នឹង​លោក គ្រី ម៉ះផល មក​ជំនុំជម្រះ​សិន​ប៉ុណ្ណោះ។ ករណី​សហរដ្ឋ​អាមេរិក​ប្រឆាំង​នឹង​លោក កែវ អូម៉ាលីស និង​ជន​ជាប់ចោទ​ប្រាំមួយ​នាក់​ទៀត​ដែល​ជា​ជនជាតិ​ចិន និង​ជា​បុគ្គលិក​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន Vanny Bio Research តុលាការ​មិនទាន់​យក​មក​ជំនុំជម្រះ​នៅឡើយ​ទេ។

ប្រធាន​នាយកដ្ឋាន​សត្វព្រៃ និង​ជីវចម្រុះ លោក គ្រី ម៉ះផល ត្រូវ​បាន​សមត្ថកិច្ច​អាមេរិក​ចាប់​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ ចន អេហ្វ កេណ្ណេឌី (John F. Kennedy) ក្នុង​រដ្ឋ​ញូវយ៉ក សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០២២ កន្លង​ទៅ ពាក់ព័ន្ធ​នឹង​ការ​រត់​ពន្ធ​សត្វ​ស្វា​ព្រៃ ឬ​ស្វា​ក្តាម​ខុស​ច្បាប់ ខណៈ​អគ្គនាយក​រដ្ឋបាល​ព្រៃឈើ លោក កែវ អូម៉ាលីស ក៏​ត្រូវ​បាន​ចោទប្រកាន់​ក្នុង​ករណី​ដូច​គ្នា​នេះ​ដែរ ប៉ុន្តែ​អគ្គនាយក​រដ្ឋបាល​ព្រៃឈើ​រូប​នេះ​កំពុង​មាន​សេរីភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅឡើយ​សព្វថ្ងៃ​នេះ។

លោក គ្រី ម៉ះផល (ឆ្វេង) ប្រធាន​នាយកដ្ឋាន​សត្វព្រៃ និង​ជីវចម្រុះ​នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​លោក កែវ អូម៉ាលីស អគ្គនាយក​រដ្ឋបាល​ព្រៃឈើ។

ការ​ចាប់​ខ្លួន​លោក គ្រី ម៉ះផល ធ្វើឡើង​អំឡុង​ពេល​ដែល​មន្ត្រី​កម្ពុជា​រូប​នេះ​ធ្វើ​ដំណើរ​ទៅ​ចូលរួម​កិច្ចប្រជុំ​លើក​ទី​១៩ នៃ​អនុសញ្ញា​អន្តរជាតិ​ស្ដីពី​ការ​ការពារ​សត្វ និង​រុក្ខជាតិ​ជិត​ផុត​ពូជ សាយតេស (CITES) ដែល​ធ្វើឡើង​នៅ​ប្រទេស​ប៉ាណាម៉ា ក្នុង​នោះ បុគ្គលិក ៦​នាក់​ផ្សេង​ទៀត​របស់​ក្រុមហ៊ុន Vanny Bio Research ក៏​ត្រូវ​បាន​ចោទប្រកាន់​ក្នុង​ករណី​ដូច​គ្នា​នេះ​ដែរ។

ទោះជា​យ៉ាងនេះ​ក្ដី ភស្តុតាង​ដែល​បាន​ពី​អតីត​បុគ្គលិក​នៅ​កសិដ្ឋាន Vanny Bio Research គឺ​លោក ហ្វ្រានសេស យឹង ដែល​ដាក់​បង្ហាញ​ក្នុង​តុលាការ បង្ហាញ​ឲ្យ​ឃើញ​អំពី​អំពើពុករលួយ និង​ការ​ជួញដូរ​សត្វ​ស្វា​ក្ដាម​យ៉ាង​រង្គាល ដែល​ក្នុង​នោះ​ពាក់ព័ន្ធ​នឹង​លោក គ្រី ម៉ះផល និង​មេ​កើយ​របស់​លោក គឺ​លោក កែវ អូម៉ាលីស ដែល​ជា​មន្ត្រី​ជាន់ខ្ពស់​ផ្នែក​រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ។

ភស្តុតាង​ក្នុង​តុលាការ​បង្ហាញ​អំពី​សារ​ទំនាក់ទំនង​រវាង​មន្ត្រី​គ្រប់គ្រង​កសិដ្ឋាន Vanny Bio Research ដែល​ឃុបឃិត​គ្នា​ជាមួយ​លោក កែវ អូម៉ាលីស រឿង​រត់​ពន្ធ​ស្វា​ក្ដាម​នេះ ដោយ​ក្រុមហ៊ុន​នេះ​ទិញ​ថ្លៃ ១៥០​ដុល្លារ​ក្នុង​ស្វា​ក្ដាម​ផ្លូវការ​មួយ​ក្បាល និង ២២០​ដុល្លារ​សម្រាប់​ស្វា​ក្ដាម​ក្រៅ​ផ្លូវការ។

ក្នុង​ឯកសារ​ភស្តុតាង​បង្ហាញ​ថា យ៉ាងហោចណាស់​មាន​ស្វា​ក្ដាម​ផ្លូវការ ២០០០​ក្បាល និង​ក្រៅ​ផ្លូវការ ៣០០០​ក្បាល​ដែល​ក្រសួង​កសិកម្ម តាមរយៈ​លោក កែវ អូម៉ាលីស និង​ដៃស្តាំ​របស់​លោក គឺ​លោក គ្រី ម៉ះផល បាន​ប្រគល់​ឲ្យ​ក្រុមហ៊ុន Vanny Bio Research ដើម្បី​រត់​ពន្ធ​មក​សហរដ្ឋ​អាមេរិក។

សត្វ​ស្វា​ក្ដាម​ទាំងនេះ អាច​នាំចូល​មក​សហរដ្ឋ​អាមេរិក​បាន ដោយសារ​ការ​ក្លែង​ឯកសារ​ដោយ​ដាក់​ថា ស្វា​បង្កាត់​ពូជ និង​ចិញ្ចឹម​ក្នុង​កសិដ្ឋាន Vanny Bio Research ដែល​តាម​ការពិត គឺ​ចាប់ពី​ព្រៃ​ដឹក​ទៅ​លក់​នៅ​អាមេរិក​ភ្លាមៗ​តែម្តង។ អំពើពុករលួយ​នេះ ក៏​មាន​ជាប់​ឈ្មោះ​គណបក្ស​ប្រជាជន​កម្ពុជា​ផង​ដែរ ដោយ​ក្នុង​សារ​ឆ្លើយឆ្លង​គ្នា​របស់​អ្នក​គ្រប់គ្រង​កសិដ្ឋាន Vanny Bio Research បាន​និយាយ​អំពី​ការ​ប្រគល់​ប្រាក់​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ខ្ទង់​ម៉ឺន​ដុល្លារ។

ការ​បែក​ការណ៍​នេះ គឺ​ដោយសារ​លោក ហ្វ្រានសេស យឹង ធ្វើជា​រនុកក្នុង​ឲ្យ​រដ្ឋាភិបាល​អាមេរិក និង​លួច​ថត​រាល់​សកម្មភាព​ដឹក​ស្វា​ចូល​កសិដ្ឋាន និង​លួច​ផ្តល់​រាល់​ឯកសារ​កត់ត្រា​ចំនួន​ស្វា​ក្នុង​កសិដ្ឋាន​នេះ។ ឯកសារ​ភស្តុតាង​ឯ​ទៀត​បាន​ពី​អ៊ីមែល​របស់​ជនជាតិ​ចិន ដែល​ជា​ម្ចាស់​គ្រប់គ្រង​កសិដ្ឋាន Vanny Bio Research ដែល​តុលាការ​អាមេរិក​ចេញ​ដីកា​បង្គាប់​ឲ្យ​ទាញ​យក​ពី Google។

រូបថត​វីដេអូ​ជាច្រើន​ដែល​លោក ហ្វ្រានសេស យឹង ថត​បាន និង​ដាក់​បញ្ចាំង​ក្នុង​សវនាការ​សាធារណៈ បង្ហាញ​ឲ្យ​ឃើញ​លោក គ្រី ម៉ះផល និង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ បាន​ដឹក​សត្វ​ស្វា​ក្ដាម​ដែល​ចាប់ពី​ព្រៃ​យក​ទៅ​ឲ្យ​កសិដ្ឋាន Vanny Bio Research។

ក្នុង​វីដេអូ​មួយ​មាន​រូប​ឈ្មួញ​ជួញដូរ​សត្វ​ស្វា​ព្រៃ​ដ៏​ល្បី​ឈ្មោះ​ដែល​មាន​រហស្សនាម​ថា “យាយ​សៀមរាប” និង​កូនប្រសា​ប្រុស​របស់​គាត់ បាន​ដឹក​ស្វា​ក្ដាម​ច្រក​ថង់កៅស៊ូ​បិទ​ជិត យក​ទៅ​លក់​ឲ្យ​កសិដ្ឋាន វ៉ាន់នី។

តាម​របាយការណ៍​របស់​សាក្សី យាយ​សៀមរាប នេះ រត់​ពន្ធ​ស្វា​ក្ដាម​ទៅ​លក់​ឲ្យ​កសិដ្ឋាន វ៉ាន់នី យ៉ាងហោចណាស់ ២៧០០០​ក្បាល។

ក្រៅពី​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ជាច្រើន​នាក់​ដែល​ពាក់ព័ន្ធ​ក្នុង​អំពើ​រត់​ពន្ធ​ស្វា​ក្ដាម​នេះ មាន​ឈ្មួញ​រត់​ពន្ធ​ស្វា​ក្ដាម​យក​មក​លក់​ឲ្យ​កសិដ្ឋាន Vanny Bio Research ជាច្រើន​នាក់​ទៀត​ពី​តាម​បណ្ដា​ខេត្ត​ផ្សេងៗ ដែល​កសិដ្ឋាន វ៉ាន់នី ដាក់​លេខ​កូដ​សម្ងាត់ ដោយ​ហៅ​អ្នក​ទាំងនោះ​ថា​អ្នក​ផ្គត់ផ្គង់​ស្វា A, B, C, D, E ជាដើម។

បើ​តាម​សាក្សី​ដែល​ជា​អតីត​បុគ្គលិក​នៅ​កសិដ្ឋាន វ៉ាន់នី នោះ យ៉ាងហោចណាស់​មាន​ស្វា​ក្ដាម​ជាង ១២០០០​ក្បាល ត្រូវ​ដុត​ចោល ដោយសារតែ​មិន​គ្រប់​លក្ខណៈ​នាំចេញ។

តម្លៃ​ស្វា​ក្ដាម​នេះ​កាលពី​ដើម​ឆ្នាំ​២០១០ អាមេរិក​ទិញ​ក្នុង​តម្លៃ​មួយ​ក្បាល​ក្រោម ២០០០​ដុល្លារ ប៉ុន្តែ​តម្លៃ​នេះ​កាន់តែ​កើន​ឡើង​ជា​លំដាប់​រហូត​ដល់​មួយ​ក្បាល​ជិត ២០០០០​ដុល្លារ​នៅ​ក្រោយ​ផ្ទុះ​ជំងឺ​កូវីដ។ ស្វា​ក្ដាម​ទាំងនេះ អាមេរិក​ទិញ​យក​ដើម្បី​ធ្វើ​ពិសោធន៍​វេជ្ជសាស្ត្រ។

នៅ​កម្ពុជា​មាន​កសិដ្ឋាន​បង្កាត់​ពូជ​ស្វា​ក្ដាម​នេះ​សរុប ៦​ក្រុមហ៊ុន ក្នុង​នោះ​មាន​ក្រុមហ៊ុន​មួយ​ជា​កម្មសិទ្ធិ​របស់​ប្អូនស្រី​លោក ហ៊ុន សែន គឺ​លោកស្រី ហ៊ុន សេងនី។ កសិដ្ឋាន វ៉ាន់នី មាន​ទីតាំង​ស្តុក​ទុក​សត្វ​ស្វា​ក្ដាម​នេះ​ពីរ​កន្លែង មួយ​នៅ​ខេត្ត​ពោធិ៍សាត់ និង​មួយ​ទៀត​នៅ​ភ្នំពេញ។

លោកស្រី ហ៊ុន សេងនី ប្អូនស្រី​របស់​លោក ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា

ក្នុង​មួយ​ឆ្នាំ សហរដ្ឋ​អាមេរិក មាន​ស្វា​ក្តាម​ប្រមាណ ៣០០០០​ក្បាល​នាំចូល​មក​អាមេរិក ដែល​ក្នុង​នោះ ៦០% នាំចូល​ពី​ប្រទេស​កម្ពុជា។ ដោយសារ​តម្រូវការ​ស្វា​ក្ដាម​នេះ​កើនឡើង កសិដ្ឋាន វ៉ាន់នី មិន​អាច​បង្កាត់​ពូជ​សត្វ​នេះ​បាន​ទាន់​លក់ ទើប​បែក​គំនិត​ចាប់​ស្វា​ក្តាម​ពី​ព្រៃ​ដើម្បី​នាំចេញ​ភ្លាមៗ។

បើ​តាម​ចម្លើយ​សាក្សី ហ្វ្រានសេស យឹង ដើម្បី​ចាប់​ស្វា​ព្រៃ​បាន​ច្រើន​សន្ធឹក ក្រុមហ៊ុន​នេះ​ឃុបឃិត​គ្នា​ជាមួយ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​កម្ពុជា​ដែល​មាន​លោក កែវ អូម៉ាលីស ចូល​ដៃ​បង្កើត​លិខិត​អនុញ្ញាត​ពី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដោយ​អនុញ្ញាត​ឲ្យ​ចាប់​ស្វា​ក្តាម ២០០០​ក្បាល។

លិខិត​អនុញ្ញាត​នេះ​បាន​បើក​ផ្លូវ​ឲ្យ​រដ្ឋបាល​ព្រៃឈើ អាច​ដើរ​ចាប់​ស្វា​ពី​តាម​ទី​សាធារណៈ ដោយ​យក​លេស​ថា​ចាប់​ស្វា​ដែល​រំខាន​អ្នកស្រុក ជាដើម។ ឆ្លៀត​ឱកាស​មាន​លិខិត​នេះ វាសនា​ស្វា​ក្ដាម ៣០០០​ក្បាល​ទៀត​ក៏​ត្រូវ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ចាប់​យក​មក​លក់​ឲ្យ​កសិដ្ឋាន វ៉ាន់នី ក្នុង​មួយ​ក្បាល ២២០​ដុល្លារ។

ទោះបី​ភស្តុតាង​មិន​គ្រប់គ្រាន់​ក្នុង​ការ​ភ្ជាប់​លោក គ្រី ម៉ះផល ទៅ​នឹង​បទល្មើស​នៃ​ការ​សមគំនិត និង​រត់​ពន្ធ​សត្វ​ស្វា​ក្ដាម​ខុស​ច្បាប់​មក​សហរដ្ឋ​អាមេរិក​យ៉ាងណាក្ដី ក៏​អ្នកស្រី​ចៅក្រម​ដែល​ជា​អធិបតី​នៃ​អង្គ​កាត់ក្ដី​នេះ លើកឡើង​ថា ជន​ជាប់ចោទ​ឯ​ទៀត​នៃ​ក្រុមហ៊ុន វ៉ាន់នី មិន​រួច​ខ្លួន​ពី​ការ​ចោទប្រកាន់​នៃ​បទចោទ​ទាំងនេះ​នោះ​ឡើយ។

ធាតុ​ផ្សំ​មួយ​នៃ​បទល្មើស​នៃ​បទ​សមគំនិត និង​រត់​ពន្ធ​សត្វ​ស្វា​ក្ដាម​ទៅ​អាមេរិក​នេះ គឺ​ការ​ដឹង​ថា​ស្វា​ទាំងនេះ​នឹង​ត្រូវ​ដឹក​មក​លក់​នៅ​សហរដ្ឋ​អាមេរិក។ ពុំ​មាន​ភស្តុតាង​ណា​មួយ​ដែល​បញ្ជាក់​ថា លោក គ្រី ម៉ះផល ដឹង​ថា​ស្វា​ក្ដាម​ដែល​គាត់​យក​ទៅ​កសិដ្ឋាន វ៉ាន់នី នឹង​រត់​ពន្ធ​ទៅ​សហរដ្ឋ​អាមេរិក​នោះ​ឡើយ។

ទោះជា​យ៉ាងនេះ​ក្ដី ភស្តុតាង​បង្ហាញ​ឲ្យ​ឃើញ​អំពី​ការ​ឃុបឃិត​គ្នា និង​អំពើពុករលួយ​ចាក់ស្រេះ ដែល​ពាក់ព័ន្ធ​នឹង​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា និង​អ្នក​គ្រប់គ្រង​កសិដ្ឋាន វ៉ាន់នី ក្នុង​ការ​រត់​ពន្ធ​ស្វា​ក្ដាម​នេះ។

អង្គការ​មនុស្ស​សម្រាប់​មើល​ថែ​សត្វ​ប្រកប​ដោយ​សីលធម៌ (People for the Ethical Treatment of Animals) ឬ​ហៅ​កាត់​ថា ភីតា (PETA) ស្នើ​ឲ្យ​សហរដ្ឋ​អាមេរិក​បិទ​ការ​នាំចូល​សត្វ​ស្វា​ក្ដាម​ទាំងស្រុង។ អង្គការ​នេះ​ទម្លាយ​ថា ខ្លួន​ទទួល​បាន​ភស្តុតាង​ជាច្រើន​ដែល​បង្ហាញ​ថា រដ្ឋាភិបាល​កម្ពុជា​បាន​ប្រើ​រយៈពេល​ពេញ ១​ឆ្នាំ​ក្នុង​ការ​រៀបចំ​ផ្គត់ផ្គង់​កសិដ្ឋាន​ចិញ្ចឹម​ស្វា​នៅ​កម្ពុជា​ដែល​មាន​ឈ្មោះ​ថា Vanny Bio Research ជាមួយ​នឹង​សត្វ​ស្វា​ដែល​ចាប់​ដោយ​ខុស​ច្បាប់។

តុលាការ​អាមេរិក​ខ្វះ​ធាតុ​ផ្សំ​នៃ​បទល្មើស​សមគំនិត និង​រត់​ពន្ធ​ស្វា​ក្ដាម​មក​អាមេរិក ពាក់ព័ន្ធ​នឹង​លោក គ្រី ម៉ះផល ប៉ុន្តែ​ភស្តុតាង​មាន​ច្រើន​សន្ធឹក​ពាក់ព័ន្ធ​នឹង​ការ​ឃុបឃិត​គ្នា​របស់​មន្ត្រី​ខ្មែរ​ក្នុង​ការ​ចាប់​ស្វា​ក្ដាម​នេះ​ដោយ​ខុស​ច្បាប់​ក្នុង​ក្របខ័ណ្ឌ​ផ្ទៃ​ស្រុក។

ចុះ​តុលាការ​កម្ពុជា នឹង​ចាត់ការ​មន្ត្រី​រូប​នេះ និង​លោក កែវ អូម៉ាលីស បែប​នេះ​ទាក់ទង​នឹង​ការ​ឃុបឃិត​គ្នា និង​រត់​ពន្ធ​ស្វា​ក្ដាម​ដោយ​ខុស​ច្បាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឯណោះ​វិញ?៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស