40.8 C
Phnom Penh

ពាណិជ្ជកម្ម​ស្វា៖ មនុស្ស​៨​នាក់​រួម​មាន​មន្ត្រី​កម្ពុជា​២​រូប​ផង​ចាប់​ចោទ​ជួញដូរ​សត្វ​ស្វា​កន្ទុយ​វែង​ចូល​អាមេរិក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អត្ថបទ​ដោយ៖ ហាស់ សាន

មនុស្ស​ធ្វើ​ពាណិជ្ជកម្ម ឬ​ជំនួញ​សត្វ​ស្វា​ជាច្រើន​នាក់ មាន​ទាំង​ជនបរទេស មាន​ទាំង​មន្ត្រី​រាជការ​នៃ​រាជរដ្ឋាភិបាល​ប្រទេស​កម្ពុជា ជាប់​កុន​ក្នុង​សំណាញ់​ច្បាប់​សហរដ្ឋ​អាមេរិក​រហូត​ដល់​ខែ​មីនា ឆ្នាំ​២០២៤ នេះ។

សវនាការ​ជម្រះ​ក្តី​បាន​ផ្តើម​កាលពី​ថ្ងៃ​ចន្ទ ទី​១១ ខែ​មីនា ហើយ​បាន​បន្ត​រហូត​ដល់​ថ្ងៃទី​១៨ ប៉ុន្តែ​មិន​ទាន់​សម្រេច​ថា​យ៉ាងណា​នៅឡើយ​ទេ ក្រោយពី​ចៅក្រម រដ្ឋអាជ្ញា និង​មេធាវី​ការពារ​ជន​ជាប់ចោទ បាន​ព្រមព្រៀង​ជ្រើសរើស​គណៈ​ប្រជា​វិនិច្ឆ័យ​ក្តី ហៅថា jury pool ចំនួន​ប៉ុន្មាន​នាក់​រួច​មក។

ការិយាល័យ​រដ្ឋអាជ្ញា​ប្រចាំ​តំបន់​ខាងត្បូង​ក្នុង​រដ្ឋ​ផ្លរីដា នៃ​ក្រសួង​យុត្តិធម៌​សហរដ្ឋ​អាមេរិក បាន​ចោទ​តាម​ផ្លូវ​ច្បាប់​ពាណិជ្ជករ​ជំនួញ​សត្វ​ស្វា ៨​នាក់ រួម​ទាំង​មន្ត្រី​នាយកដ្ឋាន​ព្រៃឈើ​នៃ​ក្រសួង​កសិកម្ម ឈ្មោះ កែវ អូម៉ាលីស អាយុ ៥៨​ឆ្នាំ ឈ្មោះ គ្រី ម៉ះផល អាយុ ៤៦​ឆ្នាំ នាយករង​ខាង​នាយកដ្ឋាន​សត្វ​ព្រៃ និង​ជីវចម្រុះ​នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ។

មន្ត្រី​ខ្មែរ​នៃ​ក្រសួង​កសិកម្ម​មួយ​រូប​ឈ្មោះ គ្រី ម៉ះផល ត្រូវ​ប៉ូលិស​ឃាត់​ខ្លួន​នៅ​អាកាសយានដ្ឋាន John F. Kennedy នា​បុរី​ញ៉ូវយ៉ក បន្ទាប់ពី​អាជ្ញាធរ​អាមេរិកាំង​រក​ឃើញ​ថា​មន្ត្រី​រូប​នេះ​គប់គិត​គ្នា​នាំ​ស្វា​ប្រភេទ​មុខ​វែង/កន្ទុយ​វែង ហៅ​តាម​ពាក្យ​បច្ចេកទេស​ថា cynomolgus monkey ឬ​ស្វា​ស៊ី​ក្តាម ដែល​មាន​ចុះបញ្ជី​ហាម​មិន​ឲ្យ​ចាប់ ឬ​ធ្វើ​ជំនួញ ព្រោះ​ជា​អម្បូរ​ស្វា​ប្រឈម​ផុត​ពូជ endangered species។

មន្ត្រី​ជាប់ចោទ​រឿង​រត់​ពន្ធ​ស្វា កែវ អូម៉ាលីស និង គ្រី ម៉ះផល អះអាង​ថា សត្វ​ស្វា​ទាំងអស់​នោះ​ជា​សត្វ​ចិញ្ចឹម​ក្នុង​ទីតាំង​រដ្ឋ​គ្រប់គ្រង មិនមែន​ស្វា​ចាប់​យក​ពី​ព្រៃ​មក​នោះ​ទេ ហើយ​ថា​គេ​យក​ស្វា​ទាំងនោះ​ទៅ​ក្នុង​កិច្ចប្រជុំ​កំពូល​នៃ​អនុសញ្ញា​អន្តរជាតិ​ខាង​ជំនួញ​សត្វ-រុក្ខជាតិ​ប្រឈម​ការ​ដាច់​ពូជ ហៅ​កាត់ CITES (Convention on International Trade in Endangered Species of Wild Fauna and Flora) នៅ​ទីក្រុង​ប៉ាណាម៉ា ប្រទេស​ប៉ាណាម៉ា។ គ្រី ម៉ះផល មាន​ឈ្មោះ​ក្នុង​បណ្តឹង​ថា ម៉ក សុផល (Mark Sophal)។

ក្នុង​សវនាការ​នៃ​សាលាក្ដី​ពេញ​មួយ​សប្តាហ៍ រដ្ឋអាជ្ញា​អាមេរិកាំង​បាន​យក​ភ័ស្តុតាង​ជា​រូបភាព​ពី​សកម្មភាព​អាជីវកម្ម​ជាច្រើន​ឆ្នាំ សាក្សី អ្នកជំនាញ និង​លិខិតស្នាម​ទាក់ទង​គ្នា​ជា​អ៊ីមែល​រាប់​ពាន់​ទំព័រ​មក​លាតត្រដាង​បង្ហាញ​សមាជិក​គណៈ​ប្រជា​វិនិច្ឆ័យ​ក្តី អំពី​អំពើ​សមគំនិត​គ្នា និង​ទង្វើ​ល្មើស​ច្បាប់​សហរដ្ឋ​អាមេរិក ឈ្មោះ​ថា Lacy Act ធ្វើ​នៅ​ឆ្នាំ​១៩០០។

មេធាវី​ការពារ​ក្តី Paul Pelletier អះអាង​ដោយ​សម្អាង​រូបភាព​ថា ស្វា​មុខ​វែង/កន្ទុយ​វែង ឬ​ស្វា​ក្តាម មិន​ប្រឈម​នឹង​ការ​ផុត​ពូជ​ទេ ពីព្រោះ​ឃើញ​មាន​សន្ធឹកសន្ធាប់​ត្រាច់ចរ​ឆ្វាត់ឆ្វែង​តាម​តំបន់​ប្រាសាទ​បុរាណ​នៅ​ប្រទេស​កម្ពុជា ប៉ុន្តែ​អ្នក​ឯកទេស​ខាង​សត្វ​ស្វា​កន្ទុយ​វែង Augustin Fuentes ឆ្លើយតប​វិញ​ថា ស្វា​ដ៏​សន្ធឹកសន្ធាប់​ទាំងនោះ​មាន​តែ​នៅ​តាម​ប្រាសាទ​ក្នុង​ប្រទេស​ថៃ ឯណោះ មិនមែន​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ។

ក្រុម​ស៊ើបអង្កេត​ពី​អង្គការ​ហៅ​កាត់​ថា ភីតា PETA (People for Ethical Treatment of Animals) ឬ ប្រែ​ថា អ្នក​ថែរក្សា​សត្វ​ដោយ​អភិសមាចារ សហការ​ជាមួយ​អង្គការ​ពី​ប្រទេស​អង់គ្លេស និង​ភ្នាក់ងារ​សហរដ្ឋ​អាមេរិក​ផ្នែក​មច្ឆជាតិ និង​សត្វ​ព្រៃ (FWS) បាន​តាមដាន​ឃ្លាំមើល​ជំនួញ​សត្វ​ស្វា​ពី​ក្រៅ​ប្រទេស​ប្រមាណ ៥​ឆ្នាំ បាន​រក​ឃើញ​ថា ជំនួញ​សត្វ​ព្រៃ​អម្បូរ​ស្វា​មុខ​វែង/កន្ទុយ​វែង ឬ​ស្វា​ក្តាម ត្រូវ​បាន​គេ​ចាប់​ពី​ព្រៃ​ក្នុង​ប្រទេស​កម្ពុជា​យ៉ាងតិច ៥​ម៉ឺន ៥​ពាន់​ក្បាល ហើយ​ដាក់​ទ្រុង​យ៉ាងតិច ៣​ម៉ឺន​ក្បាល ដឹក​ចេញ​ទៅ​សហរដ្ឋ​អាមេរិក ថ្វីត្បិតតែ​មាន​ការដ្ឋាន​ចិញ្ចឹម​ស្វា​នៅ​ខេត្ត​ពោធិ៍សាត់ និង​នៅ​ជាយក្រុង​ភ្នំពេញ និង​ការ​អះអាង​ថា ស្វា​នាំចេញ​គឺ​ស្វា​ចិញ្ចឹម​ក្នុង​ការដ្ឋាន​ក្តី។

រដ្ឋអាជ្ញា​អាមេរិកាំង ក៏​បាន​កោះ​អញ្ជើញ​អ្នកបញ្ជា​ទិញ​ឈ្មោះ Worldwide Primates និង​អ្នក​ទទួល​ទិញ​ចូល​មន្ទីរ​ពិសោធន៍ Charles River Laboratories ក្នុង​រដ្ឋ​មែរីឡិន ដែរ Orient Bio Research Center ប៉ុន្តែ​មិនមែន​ក្នុង​នាម​ជា​អ្នក​ជាប់ចោទ។ ក្រុម​ស៊ើបអង្កេត​រក​ឃើញ​ទៀត​ថា ក្នុង​បញ្ជី​នាំចេញ​គេ​បាន​ដាក់​ថ្ងៃ ខែ ឆ្នាំ​កំណើត មាន​ទាំង​បញ្ជាក់​ថា ស្វា​មួយ​ណា​ជា​ឪ មួយ​ណា​ជា​ម៉ែ​កូន​ស្វា​នីមួយៗ​ទៀត​ផង ប៉ុន្តែ​ដល់​ពេល​រដ្ឋអាជ្ញា​ចេញ​ដីកា​កោះ បញ្ជី​កំណើត​ស្វា​ត្រូវ​គេ​លុបចោល​បាត់​អស់។

ជំនួញ​សត្វ​ស្វា​ប្រភេទ​មុខ​វែង/កន្ទុយ​វែង ធ្វើ​ឡើង​ជា​បណ្ដាញ​រៀបចំ​រកស៊ី​របៀប​ពុករលួយ និង​បំពាន​ច្បាប់ ដោយ​មាន​អ្នក​គ្រប់គ្រង​ជា​ជនជាតិ​ចិន ពី​ក្រុង​ហុងកុង ដែល​ដាក់​ទុន​បង្កើត​ការដ្ឋាន មណ្ឌល​ស្រាវជ្រាវ​ជីវសាស្ត្រ សាជីវកម្ម វ៉ាន់នី ធនធាន Vanny Bio Research Center Corporation។

ជន​ជាប់ចោទ ៦​នាក់​ទៀត គឺ​មាន៖

  1. ឈ្មោះ James Man Sang Lau ជនជាតិ​ចិន ពី​ក្រុង​ហុងកុង អាយុ ៦៤​ឆ្នាំ ជា​ម្ចាស់​គ្រប់គ្រង និង​ជា​ស្ថាបនិក;
  2. Dickson Lau អាយុ ២៩​ឆ្នាំ ជា​អគ្គនាយក​ចាត់ចែង​នៃ​ក្រុមហ៊ុន វ៉ាន់នី ធនធាន;
  3. Sunny Chan រស់នៅ​ក្រុង​ហុងកុង ជា​អគ្គនាយករង​ផ្នែក​ប្រតិបត្តិការ​នៃ​ក្រុមហ៊ុន វ៉ាន់នី ធនធាន;
  4. Raphael Cheung Man អាយុ ៧១​ឆ្នាំ រស់នៅ​ក្រុង​ភ្នំពេញ ជា​អ្នក​ធ្វើ​ទំនាក់ទំនង​សាធារណៈ និង​ជា​នាយក​ផ្នែក​នីហរ័ណ​នៃ​ក្រុមហ៊ុន​សាជីវកម្ម វ៉ាន់នី ធនធាន;
  5. Sarah Yeung រស់នៅ​ក្រុង​ហុងកុង ជា​នាយ​ផ្នែក​ហិរញ្ញវត្ថុ វ៉ាន់នី ហ្គ្រុប;
  6. Hing Ip Chung អាយុ ៦១​ឆ្នាំ រស់នៅ​ក្រុង​ភ្នំពេញ ជា​អគ្គនាយក​សាជីវកម្ម​ស្រាវជ្រាវ​ជីវសាស្ត្រ វ៉ាន់នី កម្ពុជា។

តាម​ឯកសារ​ទាក់ទង​គ្នា ស្វា​ដឹក​ចេញ​មួយ​ជើងៗ​មាន​ទឹកប្រាក់​ចាប់ពី ២​សែន​ដុល្លារ​ឡើង​ទៅ​ដល់​កន្លះ​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។ បើ​បូក​សរុប​ទឹកប្រាក់​ពី​ជំនួញ​សត្វ​ស្វា​ដឹក​ចេញទៅ​សហរដ្ឋ​អាមេរិក មាន​ចំនួន​ប្រមាណ ៤​លាន​ដុល្លារ ព្រោះ​ថា​ស្វា​ប្រភេទ​មុខ​វែង/កន្ទុយ​វែង ឬ​ស្វា​ក្តាម ឡើង​ថ្លៃ​នៅ​ឆ្នាំ​២០២១ គឺ​មួយ​ក្បាល​តម្លៃ​ពី ១​ម៉ឺន ២​ពាន់​ទៅ ១​ម៉ឺន ៥​ពាន់​ដុល្លារ។ តម្លៃ​មួយ​ក្បាលៗ​ពី​ឆ្នាំ​២០១៧-២០១៨ តែ​ត្រឹម​ពី ១៦០០-១៨០០​ដុល្លារ​ប៉ុណ្ណោះ។ ស្វា​អ្នក​ស្រុក​ចាប់ពី​ក្នុង​ព្រៃ​មួយ​ក្បាល ១៥០​ដុល្លារ បើ​ទិញ​ពី​នាយកដ្ឋាន​រុក្ខា តម្លៃ ២២០​ដុល្លារ។

នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០២០ បុគ្គលិក/កម្មករ​នៃ​ក្រុមហ៊ុន វ៉ាន់នី បាន​សុំ​ថវិកា ១០​ម៉ឺន ៥​ពាន់​ដុល្លារ​ពី​ក្រុមហ៊ុន ថា​យក​ទៅ​ទិញ​ចំណី​សត្វ ហើយ​សុំ ៧​ម៉ឺន​ដុល្លារ​ទៀត​យក​ទៅ​ធ្វើ​អំណោយ​ឲ្យ​រាជរដ្ឋាភិបាល។

មន្ទីរ​ពិសោធន៍​វេជ្ជសាស្ត្រ និង​ឱសថសាស្ត្រ​ក្នុង​សហរដ្ឋ​អាមេរិក ត្រូវការ​សត្វ​ស្វា​ប្រភេទ​មុខ​វែង/កន្ទុយ​វែង ឬ​ស្វា​ក្តាម cynomolgus monkey ធ្វើ​ពិសោធន៍ ដើម្បី​សិក្សា​ស្រាវជ្រាវ​ផលិត​ថ្នាំពេទ្យ ឬ​ថ្នាំ​បង្ការ vaccine។ គេ​ត្រូវការ​តែ​ស្វា​ដែល​ចិញ្ចឹម មិនមែន​ស្វា​ចាប់ពី​ក្នុង​ព្រៃ​នោះ​ទេ ប៉ុន្តែ​ការដ្ឋាន វ៉ាន់នី រក​ស្វា​បង្គ្រប់​ការ​ផ្គត់ផ្គង់​មិន​ទាន់​ពេល ក៏​រក​វិធី​ទិញ​ពី​អ្នក​ស្រុក​ដែល​ចូល​ព្រៃ​ទៅ​ទាក់​ស្វា​ទៅវិញ។

ជន​ជាប់ចោទ​ទាំង ៨​នាក់ មាន​កំហុស ៨​បទ​ចោទ ហើយ​បទ​ចោទ​នីមួយៗ​ម្នាក់ៗ​អាច​មាន​ទោស​ជាប់​ពន្ធនាគារ​ពី ៥ ទៅ ២០​ឆ្នាំ ហើយ​ពិន័យ​ជា​ប្រាក់ ២​សែន ៥​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក​ក្នុង​បទ​ចោទ​នីមួយៗ។ ក្នុង​ចំណោម​ជន​ជាប់ចោទ ៨​នាក់​នោះ មាន​តែ​មន្ត្រី​ក្រសួង​កសិកម្ម​ពីរ​នាក់​ប៉ុណ្ណោះ​ជាប់​ឈ្មោះ ហើយ​ម្នាក់​មាន​វត្តមាន ម្នាក់​គ្មាន​វត្តមាន​ក្នុង​តុលាការ រីឯ ៦​នាក់​ទៀត​ជា​ជនជាតិ​ចិន អវត្តមាន​ទាំងអស់។

យើង​នឹង​រាយការណ៍​ជូន​ព័ត៌មាន​ថ្មីៗ​បន្ថែម​ទៀត ពេល​ណា​គណៈ​ប្រជា​វិនិច្ឆ័យ​ក្តី​សម្រេច​ចាប់​កំហុស ហើយ​ចៅក្រម​នឹង​កាត់ទោស​ជនល្មើស​ទាំងនោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស