39 C
Phnom Penh

PETA៖ ភស្តុតាង​ជាច្រើន​បង្ហាញ​ថា​រដ្ឋាភិបាល​កម្ពុជា​ជាប់​ពាក់ព័ន្ធ​ការ​រៀបចំ​ផ្គត់ផ្គង់​កសិដ្ឋាន​ចិញ្ចឹម​ស្វា​ក្តាម​ដោយ​ខុស​ច្បាប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការ​មនុស្ស​សម្រាប់​មើល​ថែ​សត្វ​ប្រកប​ដោយ​សីលធម៌ (People for the Ethical Treatment of Animals) ឬ​ហៅ​កាត់​ថា ភីតា (PETA) ទម្លាយ​ថា ខ្លួន​ទទួល​បាន​ភស្តុតាង​ជាច្រើន​ដែល​បង្ហាញ​ថា រដ្ឋាភិបាល​កម្ពុជា​បាន​ប្រើ​រយៈពេល​ពេញ ១​ឆ្នាំ​ក្នុង​ការ​រៀបចំ​ផ្គត់ផ្គង់​កសិដ្ឋាន​ចិញ្ចឹម​ស្វា​នៅ​កម្ពុជា ដែល​មាន​ឈ្មោះ​ថា Vanny Bio Research ជាមួយ​នឹង​សត្វ​ស្វា​ដែល​ចាប់​ដោយ​ខុស​ច្បាប់។

អង្គការ PETA បាន​រៀបរាប់​នៅ​លើ​គេហទំព័រ ឬ​វេបសាយ​របស់​ខ្លួន​កាលពី​ថ្ងៃទី​១៩ ខែ​មីនា ឆ្នាំ​២០២៤ នេះ​ថា ខ្លួន​ប្ដេជ្ញា​លាតត្រដាង​ការពិត​ជុំវិញ​សំណុំរឿង​រត់​ពន្ធ​ស្វា​ក្តាម​ខុស​ច្បាប់​របស់​បុគ្គលិក​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន Vanny Bio Research និង​ប្រធាន​នាយកដ្ឋាន​សត្វ​ព្រៃ និង​ជីវចម្រុះ​នៃ​រដ្ឋបាល​ព្រៃឈើ​របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក គ្រី ម៉ះផល ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​លើ​ទឹកដី​សហរដ្ឋ​អាមេរិក កាលពី​ចុង​ឆ្នាំ​២០២២ កន្លង​ទៅ​នោះ។

អង្គការ​មួយ​នេះ​បាន​អះអាង​ថា ក្នុង​សារ​អេឡិចត្រូនិក ឬ​អ៊ីមែល​ឆ្លើយឆ្លង​ដែល​ខ្លួន​ទទួល​បាន បង្ហាញ​ថា បុគ្គលិក​របស់​ក្រុមហ៊ុន Vanny Bio Research បាន​បញ្ជាក់​ថា មន្ត្រី​រដ្ឋបាល​ព្រៃឈើ​បាន​ចាប់​សត្វ​ស្វា​ក្តាម​ភ្លាមៗ​ឱ្យ​បាន​មុន​រដូវ​វស្សា​មក​ដល់ និង​ដឹកជញ្ជូន​យក​ទៅ​រក្សាទុក​នៅ​ក្រុមហ៊ុន Vanny Bio Research ក្នុង​នោះ បុគ្គលិក​ក្រុមហ៊ុន​មួយ​នេះ​ក៏​បាន​ស្នើសុំ​លុយ​ពី​ខាង​ក្រុមហ៊ុន​ចំនួន ២​ម៉ឺន ២​ពាន់​ដុល្លារ​អាមេរិក ដើម្បី​ផ្តល់​ឱ្យ​នាយកដ្ឋាន​រដ្ឋបាល​ព្រៃឈើ ដែល​បាន​ដឹក​សត្វ​ស្វា​យក​ទៅ​ក្រុមហ៊ុន​នៅ​ពេល​នោះ​ដែរ សម្រាប់​ការ​បង់​ថ្លៃ​លើ​សត្វ​ស្វា​ចំនួន ១០០​ក្បាល​ដំបូង។

ជាង​នេះ​ទៀត បុគ្គលិក​រូប​នេះ​បាន​សរសេរ​ថា សត្វ​ដែល​មិន​ផ្លូវការ នឹង​មិន​បង្ហាញ​នៅ​ក្នុង​របាយការណ៍​ប្រចាំ​ខែ​របស់​ខ្លួន​ទេ គឺ​ត្រូវ​រៀបចំ​ក្នុង​របាយការណ៍​ដោយឡែក​មួយ​ផ្សេង​ទៀត ខណៈ​រដ្ឋបាល​ព្រៃឈើ នឹង​ជួយ​បិទបាំង​របាយការណ៍​នេះ ទាំង​មន្ត្រី​រាជធានី​ភ្នំពេញ និង​រដ្ឋបាល​ខេត្ត​ពោធិ៍សាត់។

អង្គការ PETA បញ្ជាក់​ថា មាន​សារ​អេឡិចត្រូនិក​ផ្សេង​ទៀត​បាន​ពិពណ៌នា​អំពី​ចំនួន​ទឹកលុយ​ដែល​បាន​ដោះដូរ​រវាង​ក្រុមហ៊ុន Vanny Bio Research និង​រដ្ឋាភិបាល​កម្ពុជា សម្រាប់​ការ​ចាប់​សត្វ​ស្វា​ខុស​ច្បាប់ ប៉ុន្តែ​ពួកគេ​បាន​ប្រើ​ជា​ភាសា​កូដ​ដើម្បី​លាក់បាំង​ការពិត ដូចជា ពាក្យ​ថា “ការ​ផ្តល់​ចំណី” ឬ “ការ​បរិច្ចាគ” ជាដើម ក្នុង​នោះ​ក៏​មាន​សារ​ឆ្លើយឆ្លង​រវាង​បុគ្គលិក​របស់​ក្រុមហ៊ុន Vanny Bio Research ផង​ដែរ​ដែល​បាន​ពិពណ៌នា​អំពី​ចំនួន​ទឹកប្រាក់​ជាង ១​សែន​ដុល្លារ​អាមេរិក (១០៥០០០​ដុល្លារ) ក្នុង​របាយការណ៍​ដែល​មាន​ឈ្មោះ​ថា «វត្ថុ​ធាតុដើម​ចំណី​អាហារ» ឬ Feed Material និង​ទឹកប្រាក់​ចំនួន ៧​ម៉ឺន​ដុល្លារ​ទៀត​ដែល​បញ្ជាក់​ពី​ការ​ផ្តល់​ជា “អំណោយ” ដល់​រដ្ឋាភិបាល​កម្ពុជា កាលពី​អំឡុង​ខែ​វិច្ឆិកា ឆ្នាំ​២០២០ កន្លង​ទៅ​នោះ។

ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​តុលាការ​ក្រុង​ម៉ៃអាម៊ី (Miami) ក្នុង​រដ្ឋ​ហ្លូរីដា (Florida) កំពុង​ដំណើរ​រឿង​ក្តី​សំណុំរឿង​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​លោក គ្រី ម៉ះផល ដែល​រង​នូវ​ការ​ចោទប្រកាន់​ពី​បទ​ការ​នាំ​សត្វ​ស្វា​ដោយ​ខុស​ច្បាប់​ចូល​ទឹកដី​សហរដ្ឋ​អាមេរិក​សព្វថ្ងៃ​នេះ។

ប្រធាន​នាយកដ្ឋាន​សត្វព្រៃ និង​ជីវចម្រុះ លោក គ្រី ម៉ះផល ត្រូវ​បាន​សមត្ថកិច្ច​អាមេរិក​ចាប់​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ ចន អេហ្វ កេណ្ណេឌី (John F. Kennedy) ក្នុង​ទីក្រុង​ញូវយ៉ក សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០២២ កន្លង​ទៅ ពាក់ព័ន្ធ​នឹង​ការ​រត់​ពន្ធ​សត្វ​ស្វា​ព្រៃ ឬ​ស្វា​ក្តាម​ខុស​ច្បាប់ ខណៈ​អគ្គនាយក​រដ្ឋបាល​ព្រៃឈើ លោក កែវ អូម៉ាលីស ក៏​ត្រូវ​បាន​ចោទប្រកាន់​ក្នុង​ករណី​ដូច​គ្នា​នេះ​ដែរ ប៉ុន្តែ​អគ្គនាយក​រដ្ឋបាល​ព្រៃឈើ​រូប​នេះ​កំពុង​មាន​សេរីភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅឡើយ​សព្វថ្ងៃ​នេះ។

ការ​ចាប់​ខ្លួន​លោក គ្រី ម៉ះផល ធ្វើឡើង​អំឡុង​ពេល​ដែល​មន្ត្រី​កម្ពុជា​រូប​នេះ​ធ្វើ​ដំណើរ​ទៅ​ចូលរួម​កិច្ចប្រជុំ​លើក​ទី​១៩ នៃ​អនុសញ្ញា​អន្តរជាតិ​ស្ដីពី​ការ​ការពារ​សត្វ និង​រុក្ខជាតិ​ជិត​ផុត​ពូជ សាយតេស (CITES) ដែល​ធ្វើឡើង​នៅ​ប្រទេស​ប៉ាណាម៉ា ហើយ​ក្នុង​នោះ បុគ្គលិក ៦​នាក់​ផ្សេង​ទៀត​របស់​ក្រុមហ៊ុន Vanny Bio Research ក៏​ត្រូវ​បាន​ចោទប្រកាន់​ក្នុង​ករណី​ដូច​គ្នា​នេះ​ដែរ។

ជុំវិញ​ការ​ចាប់​ខ្លួន​ប្រធាន​នាយកដ្ឋាន​សត្វព្រៃ​រូប​នេះ នៅ​ថ្ងៃទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០២២ កន្លង​ទៅ ក្រសួង​ការបរទេស​កម្ពុជា និង​ក្រសួង​កសិកម្ម បាន​បង្ហាញ​ការ​ខកចិត្ត​យ៉ាង​ខ្លាំង និង​ជំរុញ​ឱ្យ​រដ្ឋាភិបាល​អាមេរិក​ដោះលែង​លោក គ្រី ម៉ះផល ជាបន្ទាន់។ ជាង​នេះ​ទៀត ក្រសួង​ការបរទេស​កម្ពុជា ក៏​បាន​ប្ដេជ្ញា​ស្វែងរក​យុត្តិធម៌​ឱ្យ​មន្ត្រី​ទាំង​ពីរ​រូប​របស់​ខ្លួន​ផង​ដែរ។

ជុំវិញ​បញ្ហា​នេះ ការិយាល័យ​មេធាវី​សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០២២ បាន​ចេញ​របាយការណ៍​ថា ជនសង្ស័យ​ទាំង ៨​នាក់​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ ពាក់ព័ន្ធ​នឹង​ការ​សមគំនិត​ក្នុង​ការ​រត់​ពន្ធ​សត្វព្រៃ និង​ការ​នាំចូល​ដោយ​ខុស​ច្បាប់ ដោយ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ និង​ការ​ដឹកជញ្ជូន​សត្វ​ស្វា​រាប់​រយ​ក្បាល ក្រោម​ឯកសារ​ក្លែងបន្លំ ទៅ​កាន់​រដ្ឋ​ផ្លរីដា (Florida) និង​រដ្ឋ​តិចសាស់ (Texas) តាមរយៈ​ក្រុមហ៊ុន​ស្រាវជ្រាវ​ផ្នែក​ជីវសាស្ត្រ​ឯកជន​មួយ​ឈ្មោះ វ៉ាន់នី បាយអូ រីស៊ើច (Vanny Bio Research) របស់​ចិន-ហុងកុង (Hong kong) នៅ​ក្នុង​ខេត្ត​ពោធិ៍សាត់ នៃ​ប្រទេស​កម្ពុជា។

ប្រភព​ដដែល​បញ្ជាក់​ថា ចន្លោះ​ពី​ខែ​មីនា ដល់​ខែ​តុលា ឆ្នាំ​២០២០ ក្រុមហ៊ុន វ៉ាន់នី បាយអូ រីស៊ើច (ខេមបូឌា) បាន​ចំណាយ​ប្រាក់​ចំនួន ២,៥​លាន​ដុល្លារ​អាមេរិក ដើម្បី​ទិញ​សត្វ​ស្វា​ព្រៃ​ពី​ទីផ្សារ​ងងឹត​ចំនួន ១​ម៉ឺន ៤​ពាន់​ក្បាល ដែល​ជា​មធ្យម គឺ​ប្រហែល ៦០ ទៅ ៧០​ក្បាល​ក្នុង​មួយ​ថ្ងៃៗ។

ជន​ជាប់ចោទ​ពី​បទ​រត់​ពន្ធ​ស្វា​ក្តាម​ទាំង ៨​នាក់​នេះ អាច​ត្រូវ​ប្រឈម​នឹង​ការ​កាត់ទោស​រហូត​ដល់ ៥​ឆ្នាំ​លើ​បទ​សមគំនិត និង​អាច​រហូត​ដល់ ២០​ឆ្នាំ ពី​បទ​ចោទប្រកាន់​រត់​ពន្ធ​ចំនួន ៧​ករណី និង​ត្រូវ​រង​ការ​ផាក​ពិន័យ​ជា​ទឹកប្រាក់​ប្រមាណ ១៥​ម៉ឺន​ដុល្លារ​អាមេរិក ឬ ២​ដង​នៃ​ប្រាក់​ចំណេញ​ពី​បទល្មើស​រត់​ពន្ធ​សត្វ​នេះ​ផង​ដែរ។

សត្វ​ស្វា​ក្តាម ជា​ប្រភេទ​ពូជ​ស្វា​ជិត​ផុត​ពូជ ដែល​ត្រូវ​បាន​ការពារ និង​រឹត​បន្តឹង​ក្រោម​ច្បាប់​ពាណិជ្ជកម្ម​អន្តរជាតិ។

របាយការណ៍​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ឱ្យ​ដឹង​ថា កម្ពុជា​មាន​ក្រុមហ៊ុន​បង្កាត់​ពូជ​ស្វា​ក្ដាម ៦​ទីតាំង គឺ​នៅ​រាជធានី​ភ្នំពេញ ខេត្ត​កំពង់ធំ សៀមរាប កំពង់ចាម កំពង់ស្ពឺ ពោធិ៍សាត់ និង​ខេត្ត​កំពង់ឆ្នាំង ដែល​មាន​ស្វា​ក្ដាម​ជាង ១​សែន ៣​ម៉ឺន ៩​ពាន់​ក្បាល​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។

សព្វថ្ងៃ​នេះ លោក គ្រី ម៉ះផល ត្រូវ​បាន​តុលាការ​អនុញ្ញាត​ឱ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន ប៉ុន្តែ​ប្រធាន​នាយកដ្ឋាន​សត្វព្រៃ និង​ជីវចម្រុះ​រូប​នេះ ត្រូវ​បាន​តុលាការ​អាមេរិក​បំពាក់​ប្រព័ន្ធ​តាមដាន GPS ជាប់​រហូត ចាប់តាំងពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០២២ មក និង​អាច​ធ្វើ​ដំណើរ​ទៅ​កន្លែង​ណា​ដែល​តុលាការ​អនុញ្ញាត​តែប៉ុណ្ណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស