រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ឌិត ទីណា អះអាងថា ៣ឆ្នាំចុងក្រោយ កម្ពុជាបាននាំចេញសត្វស្វាជិត ៧ម៉ឺនក្បាល ដែលស្របតាមអនុសញ្ញាស្ដីពីការហាមប្រាមការធ្វើពាណិជ្ជកម្មអន្តរជាតិលើប្រភេទសត្វ និងរុក្ខជាតិព្រៃដែលប្រឈមនឹងការជិតផុតពូជ (CITES) បន្ទាប់ពីអាជ្ញាធរអាមេរិកបានឃាត់ខ្លួនមន្ត្រីនៃក្រសួងកសិកម្ម ពីបទ «រត់ពន្ធខុសច្បាប់ និងការសមគំនិតគ្នាបំពានច្បាប់ (Lacey Act) និងច្បាប់ជិតផុតពូជ (Endangered Species Act)»។
លោក ឌិត ទីណា បានចេញសំណេរមួយចុះផ្សាយនៅលើគណនីបណ្ដាញសង្គម Twiter នាថ្ងៃទី២១ វិច្ឆិកា នេះថា ៣ឆ្នាំចុងក្រោយ កម្ពុជាបាននាំចេញសត្វស្វាចំនួន ៦៨០៧៦ក្បាល។ លោកថា ស្វាដែលអាមេរិកយល់ថាជាសត្វកម្រនោះ គឺត្រូវគេស្គាល់យ៉ាងទូលំទូលាយសម្រាប់ប្រជាជនកម្ពុជាថាជាស្វាវត្តភ្នំ។
បើតាមលោក ឌិត ទីណា អះអាងថា សត្វស្វាដែលកម្ពុជាបាននាំចេញកន្លងមកនេះគឺជាសត្វដែលត្រូវបានគេបង្កាត់ពូជ និងចិញ្ចឹមឡើងសម្រាប់នាំចេញ ក្នុងគោលដៅបម្រើដល់ការស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រ។
លោក ឌិត ទីណា បានចោទជាសំណួរថា ស្វាក្តាមដែលគេស្គាល់ថាស្វាវត្តភ្នំ គឺជាប្រភេទ «ជិតផុតពូជ» នៅក្នុងឧបសម្ពន្ធទី២ នៃអនុសញ្ញា CITES ដែលគោរពតាមអនុសញ្ញានេះ។ តើកម្ពុជាធ្វើដូចម្តេចអាចនាំចេញស្វាបានដល់ ១ម៉ឺន ៧ពាន់ក្បាលក្នុងមួយឆ្នាំ? លោកថា ចម្លើយគឺចិញ្ចឹមពួកវា។
ការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងកសិកម្មរូបនេះ ក្រោយពីអាជ្ញាធរអាមេរិកឃាត់ខ្លួនលោក គ្រី ម៉ះផល ប្រធាននាយកដ្ឋានសត្វព្រៃ និងជីវចម្រុះនៃរដ្ឋបាលព្រៃឈើរបស់ក្រសួងកសិកម្ម កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ពីបទ «រត់ពន្ធខុសច្បាប់ និងការសមគំនិតគ្នាបំពានច្បាប់ (Lacey Act) និងច្បាប់ជិតផុតពូជ (Endangered Species Act)»។
កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ ការិយាល័យព្រះរាជអាជ្ញាសហព័ន្ធសហរដ្ឋអាមេរិក បានចេញសេចក្ដីថ្លែងការណ៍មួយដោយលើកឡើងថា សំណុំរឿងរត់ពន្ធសត្វស្វាព្រៃខុសច្បាប់នេះមានជនសង្ស័យ ៨នាក់ ក្នុងនោះមន្ត្រីក្រសួងកសិកម្មចំនួន ២នាក់ និងបុគ្គលិក ៦នាក់របស់ក្រុមហ៊ុនស្រាវជ្រាវផ្នែកជីវសាស្ត្រឈ្មោះ Vanny Bio Research។
សេចក្តីថ្លែងការណ៍បញ្ជាក់ថា ជនសង្ស័យចំនួន ៨នាក់ ក្នុងនោះក៏មានប្រធាននាយកដ្ឋានសត្វព្រៃ និងជីវចម្រុះនៃរដ្ឋបាលព្រៃឈើ លោក គ្រី ម៉ះផល ដែលត្រូវបានចោទប្រកាន់ថាបានចាប់ប្រមូលសត្វស្វាក្ដាមនៅក្នុងឧទ្យានជាតិ និងតំបន់ការពារដើម្បីនាំចេញទៅអាមេរិក។
ក្រសួងកសិកម្មបញ្ជាក់ថា សត្វស្វាចំនួន ៣ពាន់ក្បាលត្រូវបានអនុញ្ញាតឲ្យស្របតាមច្បាប់ ហើយមន្ត្រីក្រសួងកសិកម្មក៏ទទួលការទូទាត់ជាសាច់ប្រាក់ត្រឡប់មកវិញ។
តួលេខរបស់ភ្នាក់ងារ U.S. Fish and Wildlife Services ឲ្យដឹងថា សត្វស្វាក្ដាមចំនួន ១ម៉ឺន ៧ពាន់ក្បាលត្រូវបានកម្ពុជានាំចេញទៅកាន់សហរដ្ឋអាមេរិកក្នុងឆ្នាំ២០២១។
របាយការណ៍ស្ដីពីសភាពការណ៍កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រចាំខែតុលា ឆ្នាំ២០២២ និងទិសដៅអនុវត្តបន្តរបស់ក្រសួងកសិកម្ម បានបង្ហាញថា កម្ពុជាមានកសិដ្ឋានបង្កាត់ស្វាក្ដាម ៦ទីតាំងដែលមានស្វាក្ដាមជិត ១៤ម៉ឺនក្បាល។ ដោយឡែកនៅក្នុងខែតុលា គឺមានកូនស្វាជាង ៤ពាន់ក្បាល។
កសិដ្ឋានបង្កាត់ពូជស្វាក្ដាមទាំង ៦ទីតាំងនោះ គឺមាននៅរាជធានីភ្នំពេញ ខេត្តកំពង់ធំ សៀមរាប កំពង់ចាម កំពង់ស្ពឺ ពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង។
របាយការណ៍ដដែលបានបង្ហាញថា ក្រសួងកសិកម្មបានចេញលិខិតអនុញ្ញាតដឹកជញ្ជូនសត្វព្រៃជូនក្រុមហ៊ុនចំនួន ២ច្បាប់ ដែលមានស្វាក្ដាមចំនួន ១៤៨៨ក្បាលសម្រាប់ខែតុលា ឆ្នាំ២០២២៕