31 C
Phnom Penh

អង្គការ​១៤២​ស្ថាប័ន​ទាមទារ​ឱ្យ​បញ្ឈប់​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​បំបាក់​ស្មារតី​អ្នក​ការពារ​សិទ្ធិមនុស្ស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការ​សង្គម​ស៊ីវិល​ជាង ១០០​ស្ថាប័ន ទាមទារ​ឲ្យ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​បញ្ឈប់​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ដើម្បី​បំបាក់​ស្មារតី​អ្នក​ការពារ​សិទ្ធិមនុស្ស ដែល​ធានា​ការ​លើក​កម្ពស់​សកម្មភាព​ការពារ​សិទ្ធិមនុស្ស ស្របតាម​រដ្ឋធម្មនុញ្ញ និង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដែល​កម្ពុជា​បាន​សន្យា​ជា​អន្តរជាតិ។

ការ​ទាមទារ​របស់​អង្គការ​សង្គម​ស៊ីវិល​ចំនួន ១៤២​ស្ថាប័ន បន្ទាប់ពី​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​តុលាការ​កំពូល លោក និល ណុន កាលពី​ថ្ងៃទី​១៨ ខែ​វិច្ឆិកា កន្លងទៅ បាន​កាត់ទោស​ឲ្យ​មន្ត្រី​ការពារ​សិទ្ធិមនុស្ស​អាដហុក ៣​រូប និង​អតីត​មន្ត្រី​អាដហុក ២​រូប​ឲ្យ​ជាប់​ពន្ធនាគារ​ម្នាក់ៗ ៥​ឆ្នាំ​ដូច​សាលា​ឧទ្ធរណ៍ និង​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ដែរ។

បុគ្គលិក និង​អតីត​បុគ្គលិក​ការពារ​សិទ្ធិមនុស្ស​អាដហុក ៥​រូប ក្នុង​នោះ​មាន​លោក នី សុខា អ្នកស្រី លឹម មុន្នី លោក យី សុខសាន្ត លោក ណៃ វ៉ង់ដា និង​លោក នី ចរិយា។

ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​អង្គការ​សង្គម​ស៊ីវិល​ស្ដីពី​សេចក្តី​សម្រេច​ផ្ដន្ទាទោស​អ្នក​ការពារ​សិទ្ធិមនុស្ស ចេញ​នៅ​ថ្ងៃទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ឲ្យ​ដឹង​ថា ពួកគេ​មាន​ក្ដី​បារម្ភ​ចំពោះ​សេចក្តី​សម្រេច​របស់​តុលាការ ដែល​អាច​ប៉ះពាល់​ដល់​សកម្មភាព​របស់​អង្គការ​សង្គម​ស៊ីវិល ដូចជា​គោលការណ៍​ជួយ​ឧបត្ថម្ភ​ដល់​ជនរងគ្រោះ​ខ្លះ​ដែល​អាច​ក្លាយ​ទៅ​ជា​មាន​ទោស​ព្រហ្មទណ្ឌ​ពី​បទ​សូកប៉ាន់​សាក្សី ដូច​ការ​សម្រេច​របស់​តុលាការ​បែប​នេះ​ទៅវិញ។

ក្នុង​សេចក្ដី​ថ្លែងការណ៍​ដដែល​ថា មួយ​វិញ​ទៀត សកម្មភាព​របស់​បុគ្គលិក និង​អតីត​បុគ្គលិក​សមាគម​អាដហុក គឺជា​ការ​បំពេញ​ការងារ​ស្រប​ទៅ​តាម​ច្បាប់​ជាតិ និង​ច្បាប់​អន្តរជាតិ​ដែល​មាន​ចែង​ជា​ធរមាន ជាពិសេស​គោលការណ៍​សិទ្ធិមនុស្ស និង​គោល​នយោបាយ​នានា​លើ​ការ​ការពារ និង​លើក​កម្ពស់​សិទ្ធិមនុស្ស។

ជាក់ស្ដែង បើ​តាម​មាត្រា​១៥ ភាគ​ទី​៣ ស្ដីពី​សិទ្ធិមនុស្ស​នៃ​កិច្ចព្រមព្រៀង​ស្ដីពី​ដំណោះស្រាយ​នយោបាយ​រួម​មួយ​នៃ​ជម្លោះ​កម្ពុជា (កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស) មាន​ចែង​ពី​កម្ពុជា​ត្រូវ​សន្យា​ធានា​ការ​គោរព​សិទ្ធិមនុស្ស ហើយ​គាំទ្រ​សិទ្ធិ​របស់​ពលរដ្ឋ​កម្ពុជា​ទាំងអស់ ក្នុង​ការ​ធ្វើ​សកម្មភាព​ជំរុញ និង​ការពារ​សិទ្ធិមនុស្ស និង​សេរីភាព​ជា​មូលដ្ឋាន។

បន្ថែម​ពី​នេះ​ទៀត មាត្រា​៣១ នៃ​រដ្ឋធម្មនុញ្ញ​ចែង​ថា ព្រះរាជាណាចក្រ​កម្ពុជា​ទទួលស្គាល់ និង​គោរព​សិទ្ធិមនុស្ស​ដូច​មាន​ចែង​ក្នុង​ធម្មនុញ្ញ​នៃ​អង្គការ​សហប្រជាជាតិ សេចក្ដី​ប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិមនុស្ស និង​កតិកាសញ្ញា ព្រមទាំង​អនុសញ្ញា​ទាំងឡាយ​ទាក់ទង​ទៅ​នឹង​សិទ្ធិមនុស្ស សិទ្ធិ​នារី និង​សិទ្ធិ​កុមារ។

អង្គការ​សង្គម​ស៊ីវិល​សូម​អំពាវនាវ​ដល់​ស្ថាប័ន​តុលាការ និង​ស្ថាប័ន​ពាក់ព័ន្ធ ឲ្យ​ធ្វើការ​កែលំអ និង​ពង្រឹង​ការ​អនុវត្ត​ប្រព័ន្ធ​ច្បាប់​នៅ​កម្ពុជា​ឲ្យ​មាន​យុត្តិធម៌​ពេញលេញ និង​ស្របតាម​គោលការណ៍​នីតិរដ្ឋ​ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្នុង​ឋានៈ​កម្ពុជា​ជា​សមាជិក​នៃ​អង្គការ​សហប្រជាជាតិ​ផង​ដែរ។

ជាមួយ​គ្នា​នេះ​ដែរ ពួកគេ​ក៏​ស្នើ​ទៅ​រដ្ឋសភា​ដែល​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ ពិនិត្យ​ច្បាប់​ឡើងវិញ និង​ត្រូវ​ធ្វើ​វិសោធនកម្ម​ចៀសវាង​សកម្មភាព និង​ការ​គាំទ្រ​មនុស្សធម៌​ចំពោះ​ជនរងគ្រោះ​សិទ្ធិមនុស្ស​ដោយ​សុឆន្ទៈ បែរ​ទៅ​ជា​មាន​ទោស​ព្រហ្មទណ្ឌ​ទៅវិញ ដែល​អាច​ប៉ះពាល់​ដល់​កិច្ចការ​សង្គ្រោះ​ប្រជាពលរដ្ឋ​ស្លូតត្រង់​ជាច្រើន និង​ដើម្បី​ធានា​ដល់​សិទ្ធិ​សេរីភាព​ប្រជាពលរដ្ឋ​ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ។

សេចក្ដី​ថ្លែងការណ៍​របស់​អង្គការ​សង្គម​ស៊ីវិល ទទូច​ឲ្យ​ធានា​ការ​លើក​កម្ពស់​សកម្មភាព​ការពារ​សិទ្ធិមនុស្ស និង​អ្នក​ការពារ​សិទ្ធិមនុស្ស​ក្នុង​ប្រទេស​កម្ពុជា​ស្របតាម​រដ្ឋធម្មនុញ្ញ និង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដែល​កម្ពុជា​បាន​សន្យា​ជា​អន្តរជាតិ និង​ជា​កាតព្វកិច្ច​របស់​ខ្លួន។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួន ១៤២​ស្ថាប័ន ក៏​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​ធ្វើ​ទុក្ខបុកម្នេញ​ដល់​អ្នក​ការពារ​សិទ្ធិមនុស្ស អង្គការ​សង្គម​ស៊ីវិល​តាមរយៈ​ការ​ប្រើប្រាស់​យន្តការ​តុលាការ ដើម្បី​គំរាមកំហែង បំបាក់​ស្មារតី ដោយ​ចោទប្រកាន់ ចាប់​ខ្លួន ដាក់​ទោស​ទណ្ឌ​ទាំង​បំពាន​ចំពោះ​សកម្មជន​អ្នក​ការពារ​សិទ្ធិមនុស្ស ផ្ទុយ​ពី​ច្បាប់​ជាតិ និង​អន្តរជាតិ។

ក្រៅពី​ទាមទារ​បញ្ឈប់​ការ​ធ្វើ​ទុក្ខបុកម្នេញ​ហើយ ពួកគេ​ស្នើ​ឲ្យ​រដ្ឋាភិបាល​ត្រូវ​ខិតខំ​បង្កើត​យន្តការ​ធ្វើ​យ៉ាង​ណា​ដើម្បី​ធានា​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​ដល់​អ្នក​ការពារ​សិទ្ធិមនុស្ស។

អង្គការ​សង្គម​ស៊ីវិល​ចំនួន ១៤២​ស្ថាប័ន​ដែល​ចេញ​សេចក្ដី​ថ្លែងការណ៍​ក្នុង​នោះ​មាន​ដូចជា សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA) អង្គការ​គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា (COMFREL) សហភាព​ការងារ​កម្ពុជា (CLC) សហព័ន្ធ​សហជីព​កម្ពុជា (CATU) អង្គការ​សកម្មភាព​ដើម្បី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស (APPA) និង​សម្ព័ន្ធភាព​ការពារ​សិទ្ធិមនុស្ស​កម្ពុជា (CHRAC) ជាដើម។

ការ​ចេញ​សេចក្ដី​ថ្លែងការណ៍​នេះ ក្រោយពី​ពួកគេ​បាន​តាមដាន​សេចក្តី​សម្រេច​របស់​តុលាការ​ទាំង ៣​ថ្នាក់ លើ​អ្នក​ការពារ​សិទ្ធិមនុស្ស​អាដហុក ថា​ធ្វើឡើង​ទាំង​អយុត្តិធម៌។

នៅ​ឆ្នាំ​២០២២ នេះ​អង្គការ​អន្តរជាតិ​បន្ត​ដាក់​ចំណាត់ថ្នាក់​អាក្រក់​ដល់​កម្ពុជា ថា​ជា​ប្រទេស​គោរព​នីតិរដ្ឋ​ទាប​ដូច​ពីរ​ឆ្នាំ​កន្លងមក​ដែរ។

របាយការណ៍​អង្គការ​គម្រោង​យុត្តិធម៌​ពិភពលោក (World Justice Project) ចេញផ្សាយ​កាលពី​ថ្ងៃទី​២៦ ខែ​តុលា ឆ្នាំ​២០២២ បាន​ដាក់​ចំណាត់ថ្នាក់​កម្ពុជា​នៅ​ជិត​បាត​តារាង ដោយ​ស្ថិត​នៅ​លេខ​រៀង​១៣៩ ក្នុង​ចំណោម​ប្រទេស​១៤០ លើ​ពិភពលោក។

របាយការណ៍​បញ្ជាក់​ថា មូលហេតុ​ចម្បង​ដែល​ទាញ​ទម្លាក់​នីតិរដ្ឋ​នៅ​កម្ពុជា​ឱ្យ​ធ្លាក់​ចុះ​ដល់​បាត​តារាង​នេះ ដោយសារតែ​អំណាច​នយោបាយ​ជ្រៀតជ្រែក​ស្ថាប័ន​សភា និង​តុលាការ ដែល​ជា​សសរស្ដម្ភ​កំពូល​របស់​ជាតិ ដែល​ធ្វើ​ឱ្យ​បាត់បង់​ប្រព័ន្ធ​ត្រួតពិនិត្យ​អំណាច​តាម​បែប​ប្រជាធិបតេយ្យ កម្សោយ​លើ​ការ​ទប់ស្កាត់​អំពើពុករលួយ និង​ការ​រំលោភ​សិទ្ធិមនុស្ស រួម​ទាំង​អយុត្តិធម៌​សង្គម ជាដើម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស