36 C
Phnom Penh

លោក សម រង្ស៊ី៖ តុលាការ​បារាំង​នឹង​កោះហៅ​លោក ហ៊ុន សែន នៅ​ពេល​អស់​តំណែង​ជា​នាយករដ្ឋមន្ត្រី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី ព្រមាន​ថា ថ្ងៃ​ណា​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន អស់​តំណែង​ជា​នាយករដ្ឋមន្ត្រី គាត់​នឹង​ត្រូវ​តុលាការ​បារាំង​កោះហៅ​ទៅ​សួរ​ចម្លើយ​ជុំវិញ​អំពើ​ភេរវកម្ម​គប់​គ្រាប់បែក​សម្លាប់​មនុស្ស​នៅ​ទីក្រុង​ភ្នំពេញ​កាលពី ២៦​ឆ្នាំ​មុន​ជាមិនខាន។

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​១ ខែ​មិថុនា ឆ្នាំ​២០២៣ នេះ​ថា លោក ហ៊ុន សែន គឺជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​ត្រូវ​ទទួល​ខុសត្រូវ​ធំ​បំផុត​ក្នុង​អំពើ​ភេរវកម្ម​គប់​គ្រាប់បែក​សម្លាប់​មនុស្ស​កាលពី​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​១៩៩៧ ខណៈ​សាច់ញាតិ​ជនរងគ្រោះ​ដែល​បាន​ស្លាប់​ក្នុង​ព្រឹត្តិការណ៍​នោះ នៅតែ​បន្ត​ស្រែក​ទាមទារ​រក​យុត្តិធម៌​ពី​លោក ហ៊ុន សែន រហូត​ដល់​ពេលនេះ។

ការ​លើកឡើង​របស់​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​បែប​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ត្រូវ​គេ​រក​ឃើញ​ថា​ជា​អ្នក​នៅ​ពីក្រោយ​នៃ​អំពើ​ភេរវកម្ម​គប់​គ្រាប់បែក​កាលពី​ជាង ២០​ឆ្នាំ​មុន រួម​ទាំង​អំពើ​ឧក្រិដ្ឋកម្ម​ធំៗ​ជាច្រើន​នៅ​កម្ពុជា​ដែល​បាន​កើតឡើង​នា​ពេល​កន្លងមក។

កាលពី​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​១៩៩៧ ក្រុម​ឧក្រិដ្ឋជន​បាន​គប់​គ្រាប់បែក​ដៃ​ចំនួន ៤​គ្រាប់​នៅ​មុខ​អតីត​មន្ទីរ​រដ្ឋសភា​ជាតិ​ក្នុង​ទីក្រុង​ភ្នំពេញ ទៅ​លើ​ក្រុម​បាតុករ​ដែល​កំពុង​ធ្វើ​បាតុកម្ម​អហិង្សា បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​ចំនួន ១៦​នាក់ និង​រង​របួស​ជិត ៥០​នាក់ ប៉ុន្តែ​ចាប់តាំងពី​ឆ្នាំ​១៩៩៧ ដល់​ឆ្នាំ​២០២៣ អាជ្ញាធរ​រាជធានី​ភ្នំពេញ​មិនទាន់​វែក​មុខ​រក​ឃើញ​ឃាតករ​ពិត​យក​មក​ផ្ដន្ទាទោស​តាម​ផ្លូវច្បាប់​នៅឡើយ​ទេ។

អនុប្រធាន​វេទិកា​ពលរដ្ឋ លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២ មិថុនា នេះ​ថា កាលពី​ចុង​ឆ្នាំ​២០០៥ លោក សម រង្ស៊ី ធ្លាប់​បាន​ដក​ពាក្យបណ្ដឹង​ពី​តុលាការ​សហរដ្ឋ​អាមេរិក​ក្រុង NEW YORK ម្តង​រួច​មក​ហើយ​ពី​ការ​ប្តឹង​លោក ហ៊ុន សែន ចំពោះ​ការ​គប់​គ្រាប់បែក​នេះ ជា​ថ្នូរ​នឹង​ការ​ចូល​ស្រុក​របស់​គាត់ ដែល​ត្រូវ​គេ​រិះគន់​ថា​ជា​ការ​ដោះដូរ​ដោយ​ប្រើ​សាកសព​ជនរងគ្រោះ​ដែល​ត្រូវ​បាន​សម្លាប់​យ៉ាង​ព្រៃផ្សៃ​ក្នុង​ព្រឹត្តិការណ៍​សម្លាប់​មនុស្ស​កាលពី​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​១៩៩៧ កន្លង​ទៅ​នោះ។

លោក ម៉ែន ណាត បញ្ជាក់​ថា ល្បែង​នយោបាយ​រក​ផលប្រយោជន៍​ផ្ទាល់ខ្លួន​របស់​លោក សម រង្ស៊ី និង​លោក ហ៊ុន សែន ពី​ការ​ស្លាប់​របស់​ហ្វូង​បាតុករ​ស្លូតត្រង់​នេះ មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ជនរងគ្រោះ​មិន​ទទួល​បាន​យុត្តិធម៌​នោះ​ទេ ថែម​ទាំង​រុញ​កម្ពុជា​ឲ្យ​លង់​ក្នុង​អំណាច​ផ្ដាច់ការ​របស់​លោក ហ៊ុន សែន សម្លាប់​ប្រជាធិបតេយ្យ​រហូត​ដល់​សព្វថ្ងៃ​នេះ​ថែម​ទៀត។

ទាក់ទិន​នឹង​ករណី​នេះ អ្នកវិភាគ​ឯករាជ្យ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​ពេល​ថ្មីៗ​នេះ​ថា មេដឹកនាំ​ខ្មែរ​បាតដៃ​ប្រឡាក់​ឈាម លោក ហ៊ុន សែន បាន​ជាប់​ពាក់ព័ន្ធ​ក្នុង​ឧក្រិដ្ឋកម្ម​ធំៗ​ទាំងអស់​ដែល​កើតមាន​នៅ​ក្នុង​ប្រទេស​កម្ពុជា ដូចជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ឧក្រិដ្ឋកម្ម​សង្គ្រាម ឧក្រិដ្ឋកម្ម​ឈ្លានពាន និង​ឧក្រិដ្ឋកម្ម​បែប​ភេរវកម្ម​រដ្ឋ ឬ​ឧក្រិដ្ឋកម្ម​បែប​បណ្ដាញ ជាដើម ដែល​ភស្តុតាង​នៃ​ឧក្រិដ្ឋកម្ម​ទាំងនោះ គឺ​សុទ្ធតែ​មាន​ក្នុង​ដៃ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC) ទាំងអស់។

ជាក់ស្តែង កាលពី​ឆ្នាំ​១៩៩៧ លោក ហ៊ុន សែន បាន​ជាប់​ពាក់ព័ន្ធ​យ៉ាង​ខ្លាំង​នឹង​ឧក្រិដ្ឋកម្ម​សង្គ្រាម​អំឡុង​ពេល​ដែល​កម្លាំង​ប្រដាប់​អាវុធ​ដែល​ស្ថិត​ក្រោម​ការ​បញ្ជា​របស់​លោក ហ៊ុន សែន បាន​ធ្វើ​ទារុណកម្ម និង​សម្លាប់​ឈ្លើយសឹក​ដែល​បាន​សារភាព​ចុះចាញ់​ដោយ​គ្មាន​អាវុធ​ក្នុង​ដៃ​យ៉ាង​ព្រៃផ្សៃ​ដែល​ជា​ការ​រំលោភ​បំពាន​អនុសញ្ញា​ទីក្រុង​ហ្សឺណែវ ស្តីអំពី​ច្បាប់​សង្គ្រាម ជាដើម។

កាលពី​ថ្ងៃទី​២៩ ខែ​មីនា ឆ្នាំ​២០២២ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ បាន​ជំរុញ​ឲ្យ​តុលាការ​បារាំង​សហការ​ជាមួយ​ប៉ូលិស​អន្តរជាតិ​អាំងទែរប៉ូល ចាប់​ខ្លួន​មេ​អង្គរក្ស​ដ៏​មាន​ឥទ្ធិពល​ពីរ​រូប​របស់​លោក ហ៊ុន សែន គឺ​លោក ហ៊ុយ ពិសិដ្ឋ និង​លោក ហ៊ីង ប៊ុនហៀង ដែល​ពួកគេ​ទាំង​ពីរ​បាន​ជាប់​ពាក់ព័ន្ធ​យ៉ាង​ខ្លាំង​ក្នុង​ករណី​គប់​គ្រាប់បែក​ដៃ​ចូល​ក្រុម​បាតុករ​ដែល​មាន​លោក សម រង្ស៊ី ជា​អ្នក​ដឹកនាំ​កាលពី ២៦​ឆ្នាំ​មុន​នោះ។

ការ​ជំរុញ​នេះ ធ្វើឡើង​បន្ទាប់ពី​ចៅក្រម លោក សាប៊ីន ឃើរីស (Sabine Kheris) ដែល​ជា​អនុប្រធាន​ផ្នែក​ស៊ើបអង្កេត​នៃ​តុលាការ​ប្រទេស​បារាំង កាលពី​ថ្ងៃទី​៣០ ខែ​ធ្នូ ឆ្នាំ​២០២១ បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​អនុវត្ត​ដីកា​បង្គាប់​ឱ្យ​ចាប់​ខ្លួន​លោក ហ៊ុយ ពិសិដ្ឋ និង​លោក ហ៊ីង ប៊ុនហៀង ដែល​បាន​ចេញ​កាលពី​ថ្ងៃទី​១៩ ខែ​មីនា ឆ្នាំ​២០២០ កន្លងទៅ ដោយសារតែ​គេ​រក​ឃើញ​ថា ពួកគេ​គឺជា​អ្នក​អនុវត្ត​ផែនការ និង​ការ​រៀបចំ​អំពើ​វាយប្រហារ​ដោយ​គ្រាប់បែក​កាលពី​ឆ្នាំ​១៩៩៧។

តុលាការ​បារាំង​បញ្ជាក់​ថា ខ្លួន​ក៏​ធ្លាប់​បាន​ចេញ​ដីកា​កោះហៅ​លោក ហ៊ុន សែន ឱ្យ​មក​ឆ្លើយ​បំភ្លឺ​ជុំវិញ​តួនាទី​របស់​លោក​ក្នុង​អំពើ​វាយប្រហារ​ដោយ​គ្រាប់បែក​ដៃ​នេះ​ដែរ តែ​រដ្ឋាភិបាល​បារាំង​បាន​ជំទាស់​មិន​បញ្ជូន​បន្ត​មក​ឱ្យ​កម្ពុជា​ទេ ក្រោម​ហេតុផល​ថា លោក ហ៊ុន សែន ជា​មេដឹកនាំ​រដ្ឋ​មួយ​ដែល​មាន «អភ័យ​ឯកសិទ្ធិ»។

ទាក់ទិន​នឹង​បញ្ហា​នេះ ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា ទង្វើ​របស់​លោក ហ៊ុន សែន ដែល​បាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​សម្លាប់​ពលរដ្ឋ​ខ្មែរ​រាប់​លាន​នាក់​ក្នុង​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៨០ រហូត​ដល់​បច្ចុប្បន្ន គឺ​ដូច​គ្នា​ទៅ​នឹង​ទង្វើ​របស់​ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន ដែល​បាន​សម្លាប់​ពលរដ្ឋ​អ៊ុយក្រែន រហូត​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC) ចេញ​ដីកា​ចាប់​ខ្លួន​ពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម កាលពី​អំឡុង​ខែ​មីនា ឆ្នាំ​២០២៣ នេះ​ដែរ ដូច្នេះ​វាសនា​របស់​លោក ហ៊ុន សែន ក៏​នឹង​មិន​អាច​គេច​ផុត​ពី​ការ​ដាក់​ទោស​របស់​តុលាការ​អន្តរជាតិ​ឡើយ នៅ​ពេល​ដែល​គាត់​អស់​អំណាច​នៅ​ថ្ងៃ​ខាងមុខ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស