26.3 C
Phnom Penh

អតីត​ប្រធាន​បក្ស​កម្លាំង​ជាតិ​សម្រេច​មិន​ប្ដឹង​ទាស់​ទៅ​ឧទ្ធរណ៍ ដោយសារ​អស់​ជំនឿ​លើ​តុលាការ​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​ប្រធាន​បក្ស​ក្រៅ​រដ្ឋាភិបាល​ដែល​កំពុង​ជាប់​ឃុំ ច្រានចោល​សេចក្តី​សម្រេច​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ ប៉ុន្តែ​បែរជា​បដិសេធ​ប្តឹង​ជំទាស់​ទៅ​សាលា​ឧទ្ធរណ៍ ដោយសារតែ​អស់​ជំនឿ​លើ​ប្រព័ន្ធ​យុត្តិធម៌​នៅ​ប្រទេស​កម្ពុជា។

អតីត​ប្រធាន​គណបក្ស​កម្លាំង​ជាតិ លោក ស៊ុន ចន្ធី បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ពី​ពន្ធនាគារ​កាលពី​ពេល​ថ្មីៗ​នេះ​ថា លោក​បាន​ស្គាល់​តុលាការ​នៅ​ប្រទេស​កម្ពុជា​គ្រប់​ជាន់ថ្នាក់​អស់​ហើយ តាំងពី​សាលាដំបូង​រហូត​ដល់​សាលា​កំពូល គឺជា​ស្ថាប័ន​គ្មាន​ឯករាជ្យ គ្មាន​យុត្តិធម៌ និង​ជា​ស្ថាប័ន​ដែល​ពោរពេញ​ដោយ​អំពើពុករលួយ ធ្វើ​តាម​តែ​បញ្ជា​អ្នក​មាន​អំណាច​តែប៉ុណ្ណោះ។

លោក ស៊ុន ចន្ធី លើកឡើង​ថា ការ​ចាប់​ខ្លួន​លោក​ដាក់​ពន្ធនាគារ​នៅ​ពេលនេះ គឺជា​ហេតុផល​នយោបាយ​សុទ្ធសាធ ដើម្បី​បង្ក្រាប​សំឡេង​ប្រឆាំង​ពិតប្រាកដ​នៅ​ប្រទេស​កម្ពុជា ព្រោះ​ការ​ដក​សិទ្ធិ​នយោបាយ​របស់​លោក​អស់​មួយ​ជីវិត​នៅ​ពេលនេះ គឺជា​ភស្តុតាង​បញ្ជាក់​យ៉ាង​ច្បាស់​ថា លោក ហ៊ុន ម៉ាណែត ដែល​ត្រូវ​ឈរ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​នៅ​អាណត្តិ​ក្រោយៗ​ទៀត គឺជា​មនុស្ស​ទន់ខ្សោយ​ដោយសារតែ​បាត់បង់​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ម្ចាស់​ឆ្នោត។

អតីត​មន្ត្រី​ជាន់ខ្ពស់​បក្ស​ក្រៅ​រដ្ឋាភិបាល​រូប​នេះ​បញ្ជាក់​ថា ការ​កាត់ទោស​ឱ្យ​លោក​ជាប់​ពន្ធនាគារ ២​ឆ្នាំ និង​ដកហូត​សិទ្ធិ​នយោបាយ​អស់​មួយ​ជីវិត​បែប​នេះ គឺ​បង្ហាញ​អំពី​ចរិត​បង្ក្រាប​ដ៏​សាហាវ​ឃោរឃៅ​របស់​អ្នក​នយោបាយ​បក្ស​កាន់​អំណាច​កាន់តែ​ព្រៃផ្សៃ​មក​លើ​រូបលោក និង​អ្នក​នយោបាយ​ប្រឆាំង​ដទៃ​ទៀត​ដែល​មាន​ឆន្ទៈ​ចង់​ជួយ​ប្រទេស​ជាតិ​ពិតប្រាកដ។

ការ​ចេញ​សេចក្ដី​ថ្លែងការណ៍​នេះ ធ្វើឡើង​បន្ទាប់ពី​តុលាការ​ក្រុង​ភ្នំពេញ​សម្រេច​ដកហូត​សិទ្ធិ​នយោបាយ​អតីត​ប្រធាន​គណបក្ស​កម្លាំង​ជាតិ អស់​មួយ​ជីវិត និង​ដាក់​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល ២​ឆ្នាំ​នៅ​ពេលនេះ។

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៥ កុម្ភៈ នេះ​ថា ការ​សម្រេច​ចិត្ត​របស់​លោក ស៊ុន ចន្ធី គឺជា​រឿង​ត្រឹមត្រូវ ព្រោះ​តុលាការ​ក្នុង​ប្រទេស​កម្ពុជា​សព្វថ្ងៃ​នេះ​គ្រាន់តែ​ជា​ស្ថាប័ន​តេឡេ​សម្រាប់​អ្នក​មាន​អំណាច​បញ្ជា​ស្រេច​តែ​នឹង​ចិត្ត​ប៉ុណ្ណោះ ដូច្នេះ​ទោះជា​លោក ស៊ុន ចន្ធី ប្តឹង​ជំទាស់​ក៏​មិន​ទទួល​បាន​យុត្តិធម៌​ដែរ។

លោក អ៊ុំ សំអាន លើកឡើង​ថា ការ​សម្រេច​ចិត្ត​របស់​លោក ស៊ុន ចន្ធី បែប​នេះ ក៏​បង្ហាញ​ពី​ការ​តំណាង​ឆន្ទៈ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ជាច្រើន​ទៀត​ដែរ ដែល​អស់​ជំនឿ​លើ​ប្រព័ន្ធ​យុត្តិធម៌​ខ្មែរ​សព្វថ្ងៃ​នេះ គ្រាន់តែ​ពួកគេ​រង​នូវ​ការ​គំរាមកំហែង​មិន​ហ៊ាន​បញ្ចេញមតិ​ប៉ុណ្ណោះ។

មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា ការ​បាត់បង់​ជំនឿ​ចិត្ត​ពី​ពលរដ្ឋ​លើ​ប្រព័ន្ធ​យុត្តិធម៌​បែប​នេះ នឹង​ជះ​ឥទ្ធិពល​អាក្រក់​យ៉ាង​ខ្លាំង​ទៅ​ដល់​កេរ្តិ៍ឈ្មោះ​ប្រទេស​កម្ពុជា ដែល​ជា​ហេតុ​នាំ​ឱ្យ​ជនបរទេស​ទាំង​អ្នក​វិនិយោគ ទាំង​អ្នក​ទេសចរ ជាដើម មិន​ហ៊ាន​ចូល​ទៅ​ប្រទេស​កម្ពុជា ដើម្បី​បណ្ដាក់ទុន ឬ​ធ្វើ​ដំណើរ​កម្សាន្ត​ឡើយ។

កាលពី​ថ្ងៃទី​២៦ ខែ​ធ្នូ ឆ្នាំ​២០២៤ កន្លង​ទៅ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើក​សវនាការ​លើ​សំណុំរឿង​អតីត​ប្រធាន​គណបក្ស​កម្លាំង​ជាតិ លោក ស៊ុន ចន្ធី ពី​បទ «ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» ដោយ​សម្រេច​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​កំណត់​ពេល ២​ឆ្នាំ និង​ត្រូវ​ដកហូត​សិទ្ធិ​មិន​ឱ្យ​បោះឆ្នោត និង​សិទ្ធិ​ឈរឈ្មោះ​ឲ្យ​គេ​បោះឆ្នោត​មួយ​ជីវិត​ថែម​ទៀត៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស