34 C
Phnom Penh

GDPព្រមាន​ថា​កម្ពុជា​កំពុង​តែ​ប្រែ​ក្លាយ​ទៅ​ជា​ប្រទេស​ដឹកនាំ​បែប​គ្រួសារ​និង​បក្សពួក​និយម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) ព្រមាន​ថា កម្ពុជា​កំពុងតែ​ប្រែ​ក្លាយ​ពី​ប្រទេស​ដែល​គ្រប់គ្រង​តាម​បែប​ប្រជាធិបតេយ្យ ទៅ​ជា​ប្រទេស​ដែល​មាន​ការ​ដឹកនាំ​ដែល​រៀបចំ​រចនាសម្ព័ន្ធ​បែប​គ្រួសារ និង​បក្សពួក​និយម ដោយ​មិន​គិត​អំពី​សមត្ថភាព និង​ផល​ប្រយោជន៍​ជាតិ។

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៥ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ថា ប្រទេស​មួយ​ដែល​ធ្លាប់​មាន​សន្តិភាព ប៉ុន្តែ​មិន​បើក​ឱ្យ​មាន​ការ​ប្រកួតប្រជែង​ក្នុង​ការ​បោះឆ្នោត​តាម​ដំណើរ​នៃ​លំហ​ប្រជាធិបតេយ្យ និង​ខ្វះ​ការ​ចូលរួម​កែលំអ​ការ​ដឹកនាំ​ពី​អង្គការ​សង្គម​ស៊ីវិល នឹង​បោះ​ជំហាន​ទៅ​ជា​ប្រទេស​មួយ​ដែល​នឹង​បង្កើត​រចនាសម្ព័ន្ធ​ដឹកនាំ​បែប​គ្រួសារ និង​បក្សពួក​និយម​ជាមិនខាន។

ប្រភព​ដដែល​លើកឡើង​ថា នៅ​ពេល​កម្ពុជា​ធ្លាក់​ចូល​ទៅ​ក្នុង​ការ​ដឹកនាំ​បែប​នេះ ពលរដ្ឋ​ខ្មែរ​នឹង​មិន​មាន​មោទកភាព​ជាតិ​ពិតប្រាកដ ដោយ​គ្រាន់តែ​ប្រើ​ពាក្យ​ថា អរគុណ​សន្តិភាព នោះ​ទេ ព្រោះ​ថា​ការ​ដឹកនាំ​បែប​នេះ​មាន​តែ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ខាត​ប្រយោជន៍ ហើយ​ប្រទេស​ជាតិ​អាច​នឹង​ជួប​ភាព​វឹកវរ​នៅ​ពេល​ខាងមុខ​ថែម​ទៀត ស្រប​ពេល​ដែល​កម្លាំង​អ្នក​ប្រជាធិបតេយ្យ​កាន់តែ​បែកបាក់ និង​ចុះ​ខ្សោយ​ជា​លំដាប់​សព្វថ្ងៃ​នេះ។

ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​គេ​មើល​ឃើញ​ថា ប្រព័ន្ធ​ដឹកនាំ​ប្រទេស​កម្ពុជា​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​ឯក​បក្ស​សព្វថ្ងៃ​នេះ កំពុង​ឃ្លាត​ចេញពី​គន្លង​ប្រជាធិបតេយ្យ​ដែល​មាន​ពលរដ្ឋ​ជា​ម្ចាស់ ដោយ​រំកិល​ទៅ​រក​ការ​គ្រប់គ្រង​បែប​ផ្ដាច់ការ​ដែល​ជា​ការ​គ្រប់គ្រង​ដឹកនាំ​ក្រោម​គ្រួសារ​អ្នក​មាន​អំណាច​ជំនួស​វិញ។

អ្នក​សង្កេតការណ៍​កម្ពុជា លោក សុខ សុគន្ធ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​ពេល​ថ្មីៗ​នេះ​ថា អ្នក​នយោបាយ​នៅ​កម្ពុជា គឺជា​ក្រុម​អ្នក​នយោបាយ​ដែល​គ្មាន​គោលដៅ​ដើម្បី​ជាតិ​នោះ​ទេ ប៉ុន្តែ​ពួកគេ​គ្រាន់តែ​ប្រើ​ទឹកដី​កម្ពុជា​ធ្វើជា​កន្លែង​ឈរជើង​យក​នយោបាយ​ធ្វើ​ជា​មុខរបរ ដើម្បី​ចិញ្ចឹម​សាច់ញាតិ និង​បក្ខពួក​ខ្លួន ក្នុង​បំណង​កេងប្រវ័ញ្ច​ទ្រព្យសម្បត្តិ​ជាតិ​របស់​ពលរដ្ឋ​ខ្មែរ​ប៉ុណ្ណោះ។

លោក សុខ សុគន្ធ លើកឡើង​ថា ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន មេដឹកនាំ​ដែល​មាន​អំណាច​កំពូលៗ​ទាំងនោះ​បាន​រៀបចំ​បណ្ដាញ​បក្ខពួក​របស់​ខ្លួន​ឱ្យ​ដឹកនាំ​ក្រសួង​ស្ថាប័ន​រដ្ឋ​តាំងពី​ឪពុក​រហូត​ដល់​កូន។ ជាង​នេះ​ទៀត ក៏​មាន​ការ​ចង​សែស្រឡាយ​បក្ខពួក​គ្នាឯង​តាមរយៈ​នៃ​ការ​ភ្ជាប់​សាច់​ភ្ជាប់​ឈាម​ធ្វើ​ជា​ដន្លង​នឹង​គ្នា ហើយ​យក​ស្ថាប័ន​ជាតិ​ចែក​គ្នា​គ្រប់គ្រង​តាម​អំពើ​ចិត្ត ដើម្បី​រក្សា​អំណាច​របស់​ពួកគេ​ឱ្យ​កាន់តែ​រឹងមាំ​បន្ត​ទៀត។

រយៈពេល​ជាង ៤០​ឆ្នាំ​ដែល​កម្ពុជា​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​មាន​លោក ហ៊ុន សែន ជា​មេដឹកនាំ ត្រូវ​គេ​មើល​ឃើញ​ថា ប្រព័ន្ធ​រដ្ឋបាល​របស់​ប្រទេស​មិន​ស្ថិត​ក្រោម​ការ​ដឹកនាំ​ដោយ​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​របស់​ជាតិ​នោះ​ទេ ប៉ុន្តែ​ត្រូវ​គ្រប់គ្រង​ចាត់ចែង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន ទៅវិញ ក្នុង​នោះ​ពួកគេ​បាន​ដាក់​ពង្រាយ​សមាជិក​បក្ស​ជាន់ខ្ពស់​របស់​ខ្លួន​ឱ្យ​គ្រប់គ្រង​ស្ថាប័ន​ជាតិ​ធំៗ ខណៈ​កូនៗ និង​សាច់ញាតិ​របស់​ពួកគេ ក៏​ត្រូវ​ដាក់​ឱ្យ​គ្រប់គ្រង​នៅ​ថ្នាក់​បន្ទាប់ ដោយឡែក​សមាជិក​បក្ស​ថ្នាក់​ក្រោម​ក៏​ត្រូវ​គ្រប់គ្រង​នៅ​មូលដ្ឋាន​ផង​ដែរ។

ជាក់ស្តែង លោក ហ៊ុន សែន កាន់​តួនាទី​ជា​នាយករដ្ឋមន្ត្រី ចំណែក​កូនៗ​បង្កើត​របស់​គាត់ ដូចជា​លោក ហ៊ុន ម៉ាណែត កាន់​តួនាទី​អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ព​ជើងគោក។ លោក ហ៊ុន ម៉ានិត កាន់​តួនាទី​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ស្រាវជ្រាវ​ចារកិច្ច​នៃ​ក្រសួង​ការពារ​ជាតិ ខណៈ​លោក ហ៊ុន ម៉ានី គឺជា​ប្រធាន​គណៈកម្មការ​អប់រំ យុវជន កីឡា ធម្មការ កិច្ចការ​សាសនា វប្បធម៌​នៃ​រដ្ឋសភា និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ថែម​ទៀត។

ចំណែក​លោក ស ខេង កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ខណៈ​លោក ស សុខា កាន់​តំណែង​ជា​រដ្ឋលេខាធិការ​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា។ បន្ថែម​ពី​នេះ លោក សាយ ឈុំ កាន់​តួនាទី​ជា​ប្រធាន​ព្រឹទ្ធសភា ចំណែក​លោក សាយ សំអាល់ គ្រប់គ្រង​ក្រសួង​បរិស្ថាន។ ដោយឡែក​លោក ឌិត មុន្ទី កាន់​តួនាទី​ជា​ប្រធាន​តុលាការ​កំពូល ចំណែក​លោក ឌិត ទីណា ត្រូវ​តែងតាំង​ជា​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម ជាដើម។ ក្រៅ​ពី​នេះ សមាជិក​បក្ស​កាន់​អំណាច​ផ្សេង​ទៀត​ក៏​ត្រូវ​រៀបចំ​ដូច​គ្នា​បែប​នេះ​ទាំងអស់។

ទាក់ទិន​នឹង​បញ្ហា​នេះ ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា បច្ចុប្បន្ន​នេះ ស្ថាប័ន​ដែល​ជា​សសរស្ដម្ភ​ធំៗ​ទាំង​៣ របស់​ជាតិ គឺ​ស្ថាប័ន​នីតិប្បញ្ញត្តិ ស្ថាប័ន​នីតិប្រតិបត្តិ និង​ស្ថាប័ន​តុលាការ បាន​ក្លាយ​ជា​ឧបករណ៍​របស់​បក្ស​កាន់​អំណាច​ទាំងស្រុង​ទៅ​ហើយ ព្រោះ​ថា​មេដឹកនាំ​បក្ស​កាន់​អំណាច​បាន​ពង្រាយ​សមាជិក​បក្ស​របស់​ពួកគេ​ចូល​ទៅ​គ្រប់គ្រង​ស្ថាប័ន​ទាំងនោះ​តាំងពី​ថ្នាក់​ជាតិ​រហូត​ដល់​ថ្នាក់​មូលដ្ឋាន ដែល​ធ្វើ​ឱ្យ​កម្ពុជា​បាត់បង់​នីតិរដ្ឋ និង​អធិបតេយ្យភាព​របស់​ខ្លួន​ទាំងស្រុង​សព្វថ្ងៃ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស