លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់ផ្តើមបញ្ចេញយុទ្ធនាការវាយប្រហារលើអ្នកវិភាគឯករាជ្យនៅក្រៅស្រុក ដែលតែងតែរិះគន់ការដឹកនាំមិនត្រឹមត្រូវរបស់លោក ដោយបង្កើតបទចម្រៀងប្រមាថមាក់ងាយក្នុងកម្មវិធីសាធារណៈ។
លោក ហ៊ុន សែន បានបង្ហោះបទចម្រៀងមួយបទកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ ដែលមានចំណងជើងថា «កុំជឿសម្ដីក្រុមអ្នកស៊ីឈ្នួលវិភាគបង្អាប់ខ្មែរ» ដោយក្នុងខ្លឹមសារនៃបទចម្រៀងនោះបានរៀបរាប់ថា មានមាត់អាងថា អាចារ្យតែថាំ វិភាគច្រើនឆ្នាំ គុកចាំទទួល អាងរត់ចោលស្រុក ចាក់រុកកាច់មួល បានស៊ីពែឈ្នួល វិភាគបំពាន។
ក្នុងខ្លឹមសារនៃបទចម្រៀងរបស់មេដឹកនាំខ្មែររូបនេះ ក៏បានសរសេរលើកតម្កើងនូវការដឹកនាំរបស់ខ្លួនផងដែរថា ស្រុកខ្មែរចម្រើន កើនគ្រប់វិស័យ សមិទ្ធផលថ្មីៗតម្លៃសែនលាន អគារ លំនៅ សាលា ផ្លូវស្ពាន ឈានអភិវឌ្ឍ។
ការបញ្ចេញបទចម្រៀងវាយប្រហារលើអ្នកវិភាគនៅក្រៅស្រុកនេះ ត្រូវគេដឹងថា លោក ហ៊ុន សែន ហាក់មានចេតនាសំដៅទៅលើអ្នកវិភាគឯករាជ្យ លោក គឹម សុខ ដែលជាមនុស្សតែងត្រូវបានលោក ហ៊ុន សែន ប្រមាថជាបន្តបន្ទាប់។
អ្នកវិភាគឯករាជ្យ និងជាប្រធានវេទិកាពលរដ្ឋ លោក គឹម សុខ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៩ ធ្នូ នេះថា លោក ហ៊ុន សែន បានប្រយ័ត្នប្រយែងចំពោះរូបលោកមិនខុសពីការប្រយ័ត្នប្រយែងចំពោះលោក កឹម សុខា និងលោក សម រង្ស៊ី នោះទេ ក្នុងដំណាក់កាលដែលគាត់កំពុងរៀបផែនការផ្ទេរអំណាចឱ្យកូនប្រុសបង្កើតរបស់គាត់ គឺលោក ហ៊ុន ម៉ាណែត ឱ្យធ្វើជាអ្នកស្នងមត៌កអំណាចសម្រាប់ត្រកូល ហ៊ុន នៅពេលនេះ។
លោក គឹម សុខ លើកឡើងថា លោក ហ៊ុន សែន ទំនងជាព្រួយគ្រប់ដង្ហើមចេញចូលខ្លាចរូបលោកក្លាយជាគូប្រជែងនឹងកូនប្រុសរបស់គាត់ គឺលោក ហ៊ុន ម៉ាណែត នៅថ្ងៃមុខ។
លោកបន្ថែមថា រឿងដែលធ្វើឱ្យលោក ហ៊ុន សែន កាន់តែព្រួយចិត្តទៀតនោះ គឺការគំរាមចាប់រូបលោកដាក់គុក និងការប៉ុនប៉ងយកអាយុជីវិតរបស់លោកម្តងហើយម្តងទៀត ហើយដែលលោកនៅតែមិនញញើតដូចពេលនេះ ជាដើម។ លោកបន្តថា ដើម្បីបំភាន់មហាជន លោក ហ៊ុន សែន មានតែចោទរូបលោកទាំងបំពានទៅតុលាការ ដើម្បីកុំឱ្យលោកមានឱកាសប្រកួតប្រជែងជាមួយលោក ហ៊ុន ម៉ាណែត នៅថ្ងៃមុខប៉ុណ្ណោះ។
ទាក់ទិននឹងបញ្ហានេះ ក្នុងពិធីជួបសំណេះសំណាលជាមួយពលរដ្ឋខ្មែរនៅអឺរ៉ុប កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ លោក ហ៊ុន សែន បានហៅអ្នកវិភាគឯករាជ្យ លោក គឹម សុខ ថាជាក្មេងពាលកែមិនឡើង ហើយជាអ្នកដែលចិញ្ចឹមចិត្តប្រឆាំងនឹងរូបលោករហូតមក ក្នុងនោះ លោក ហ៊ុន សែន បានយកវីដេអូឃ្លីបមួយដែលលោក គឹម សុខ បានឡើងថ្លែងកាលពីអំឡុងឆ្នាំ២០០៨ ក្នុងនាមជាអ្នកតំណាងគណបក្សហ៊្វុនស៊ិនប៉ិច ដែលបានប្រឆាំងនឹងការដឹកនាំតាមជំហានគីង្គក់របស់លោក ហ៊ុន សែន នៅពេលនោះ។
យ៉ាងណាក៏ដោយ អ្នកវិភាគឯករាជ្យ លោក គឹម សុខ បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីថ្ងៃទី១៣ ធ្នូ ថា ការដែលលោក ហ៊ុន សែន ហៅរូបលោកថាជាក្មេងពាល គឺមានបំណងចង់ឱ្យលោកឆ្លើយឆ្លងជាមួយគាត់ត្រឹមតែរឿងកំប៉ិកកំប៉ុកផ្ទាល់ខ្លួន ក្នុងចេតនាបង្វែរកុំឱ្យរូបលោកនិយាយពីការដឹកនាំមិនត្រឹមត្រូវ និងការបំផ្លាញជាតិរបស់លោក ហ៊ុន សែន តែប៉ុណ្ណោះ។
លោកថា លោក ហ៊ុន សែន ក៏ព្យាយាមបង្វែរសាច់រឿងដែលលោកបានដាក់លក្ខខណ្ឌថ្មីៗទៅកាន់មេដឹកនាំខ្មែររូបនេះផងដែរ ដូចជាការទាមទារឱ្យទម្លាក់ចោលបទចោទប្រកាន់ទាំងអស់លើរូបលោក ដើម្បីឲ្យលោកអាចទៅចូលរួមធ្វើបាតុកម្មដោយអហិង្សាជាមួយពលរដ្ឋខ្មែរ តាមការអះអាងរបស់គាត់កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ កន្លងទៅនោះ។
អ្នកវិភាគរូបនេះបញ្ជាក់ថា ការរំលឹករបស់លោកដដែលៗបែបនេះ បានធ្វើឲ្យលោក ហ៊ុន សែន ខឹងសម្បាកាន់តែខ្លាំង ស្របពេលដែលគាត់ក៏មិនបានគោរពពាក្យសន្យា ខណៈលក្ខខណ្ឌថ្មីៗដែលលោកបានទាមទារ លោក ហ៊ុន សែន ក៏មិនហ៊ានឆ្លើយតបថែមទៀតនោះ ដូច្នេះមានតែប្រើវិធីឈ្លោះជាមួយលោកជារឿងបុគ្គល ដើម្បីបន្លប់សាច់រឿងដែលគាត់បានបំផ្លាញជាតិប៉ុណ្ណោះ។
កាលពីខែសីហា ឆ្នាំ២០១៧ លោក ហ៊ុន សែន បានប្តឹងលោក គឹម សុខ ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបទបរិហារកេរ្តិ៍រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ជាសាធារណៈពាក់ព័ន្ធករណីថាបានបង្កើតជាប្រព័ន្ធនៃការសម្លាប់មនុស្សលើឃាតកម្មធំៗ ហើយរកឃាតករពិតមិនឃើញ។
ពាក់ព័ន្ធករណីនេះ សាលាដំបូងរាជធានីភ្នំពេញបានសម្រេចផ្ដន្ទាទោសអ្នកវិភាគនយោបាយរូបនេះឲ្យជាប់ពន្ធនាគាររយៈពេល ១៨ខែ។ ជាងនេះទៀត តុលាការបង្គាប់ឲ្យលោកបង់ប្រាក់ពិន័យចំនួន ៨លានរៀលចូលថវិកាជាតិ និងសំណងជំងឺចិត្តដល់លោក ហ៊ុន សែន ដែលជាដើមបណ្ដឹងចំនួន ៨០០លានរៀល ឬប្រមាណជា ២០ម៉ឺនដុល្លារអាមេរិកផងដែរ។
ដោយមានការគំរាមកំហែងសុវត្ថិភាពពីរដ្ឋាភិបាលកម្ពុជាឥតស្រាកស្រាន្ត លោក គឹម សុខ បានភៀសខ្លួនទៅក្រៅប្រទេសកាលពីចុងឆ្នាំ២០១៨ ក្រោយពេលលោកចេញពីពន្ធនាគារវិញ និងបានទទួលសិទ្ធិជ្រកកោននៅប្រទេសហ្វាំងឡង់ ជាមួយកូនស្រីរបស់លោករហូតមកដល់ពេលបច្ចុប្បន្ននេះ។
យ៉ាងណាក៏ដោយ នាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែននៃក្រសួងមហាផ្ទៃ បានប្តឹងលោក គឹម សុខ មួយករណីទៀតពីបទញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដែលសាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការជំនុំជម្រះកាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅ ក្រោមបទល្មើសដែលពួកគេអះអាងថា មានភស្តុតាងជាវីដេអូគ្រប់គ្រាន់ដែលថាលោក គឹម សុខ បានជេរប្រមាថថ្នាក់ដឹកនាំនៅលើបណ្ដាញសង្គមផ្ទាល់ខ្លួនកាលពីអំឡុងខែមិថុនា ដល់ខែសីហា ឆ្នាំ២០២០ កន្លងទៅ។
ជុំវិញបញ្ហានេះ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញអះអាងថា ខ្លួននឹងប្រកាសសាលក្រមក្នុងសំណុំរឿងអ្នកវិភាគនយោបាយរូបនេះនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ ខាងមុខ ខណៈលោក គឹម សុខ ចោទថាជាការលួចប្ដឹង និងលួចកាត់ទោសលើរូបលោកសុទ្ធសាធ។ លោក គឹម សុខ បានចាត់ទុកសវនាការនេះថាជាសវនាការតាមបែបរបប ប៉ុល ពត ដែលជារបបវាលពិឃាតប៉ុណ្ណោះ៕