អ្នកតស៊ូមតិនៅក្រៅស្រុក អះអាងថា ប្រវត្តិនៃការដឹកនាំប្រទេសជាង ៤០ឆ្នាំរបស់មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន ចាប់តាំងពីកងទ័ពវៀតណាមលើកបន្តុបជានាយករដ្ឋមន្ត្រីកាលពីឆ្នាំ១៩៨៥ មក គឺមានតែការបំបែកបំបាក់ និងបំផ្លាញជាតិខ្មែរ។
អ្នកវិភាគឯករាជ្យ និងជាប្រធានវេទិកាពលរដ្ឋ លោក គឹម សុខ បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃទី២២ ខែធ្នូ ថា ចរិតពិតនៃការដឹកនាំនយោបាយរបស់លោក ហ៊ុន សែន គឺជាការដឹកនាំដណ្តើមអំណាច មិនមែនដឹកនាំដើម្បីរកផលប្រយោជន៍ឱ្យជាតិ ឬដើម្បីការពារអធិបតេយ្យជាតិសម្រាប់ខ្មែរនោះទេ ហើយមេដឹកនាំខ្មែររូបនេះក៏បានបំផ្លាញធនធានធម្មជាតិខ្មែរពេញផ្ទៃប្រទេស ដើម្បីតែផលប្រយោជន៍ក្រុមគ្រួសាររបស់ខ្លួនឯងដែរ។
លោក គឹម សុខ អះអាងថា ដើម្បីឱ្យប្រាកដថាលោក ហ៊ុន សែន ដឹកនាំប្រទេសដើម្បីតែបំបែកបំបាក់សាមគ្គីជាតិខ្មែរមែន ឬក៏អត់នោះ គេអាចមើលទៅលើរឿងរ៉ាវខុសច្បាប់ជាច្រើនដែលលោក ហ៊ុន សែន បានប្រព្រឹត្ត ដូចជាការធ្វើរដ្ឋប្រហារបង្ហូរឈាមកាលពីថ្ងៃទី៥ និងទី៦ ខែកក្កដា ឆ្នាំ១៩៩៧ ដែលធ្វើឱ្យផ្ទៃក្នុងជាតិខ្មែរទាំងមូលបែកបាក់រហូតសម្លាប់គ្នាឯងយ៉ាងរង្គាលលើកងទ័ពជាតិរាជានិយមពីសំណាក់កងទ័ពរដ្ឋកម្ពុជា ដែលបញ្ជាដោយលោក ហ៊ុន សែន នៅពេលនោះ។
ប្រធានវេទិកាពលរដ្ឋរូបនេះបញ្ជាក់ថា ការរំលាយគណបក្សសង្គ្រោះជាតិ គឺកាន់តែបង្ហាញយ៉ាងច្បាស់ពីអត្តចរិតដឹកនាំរបស់លោក ហ៊ុន សែន ដែលនៅតែមានបំណងបំផ្លាញនូវឯកភាពជាតិរបស់កម្ពុជាយ៉ាងធ្ងន់ធ្ងរថែមទៀត។
លោកបន្តថា រដ្ឋាភិបាលឯកបក្សរបស់គាត់បានរំលាយបក្សប្រឆាំងដ៏ធំនៅកម្ពុជាទាំងដែលខ្លួនមិនបានកាត់ទោសមេដឹកនាំបក្សនេះពីបទល្មើសណាមួយនៅឡើយ ដែលជាមូលហេតុធ្វើឱ្យបែកបាក់ផ្ទៃក្នុងជាតិកាន់តែខ្លាំង និងសម្លាប់ប្រជាធិបតេយ្យនៅកម្ពុជាដែលពិបាកនឹងស្រោចស្រង់ឡើងវិញសព្វថ្ងៃនេះ។
ចំណែកអតីតអ្នកទោសនយោបាយ លោក មាជ សុវណ្ណារ៉ា បានលើកឡើងក្នុងកិច្ចពិភាក្សានេះដែរថា ការប្រើវិធីគ្រប់បែបយ៉ាងរបស់លោក ហ៊ុន សែន គឺដើម្បីតែជោគជ័យលើនយោបាយដឹកនាំចំពោះគូប្រជែងរបស់គាត់ប៉ុណ្ណោះ មិនមែនដើម្បីសេចក្តីសុខសន្តិភាពរបស់កម្ពុជានោះទេ។
លោកបន្ថែមថា បើទោះបីជាសព្វថ្ងៃនេះបក្សកាន់អំណាចរបស់លោក ហ៊ុន សែន អះអាងថាមានសន្តិភាពក៏ដោយ ប៉ុន្តែពលរដ្ឋខ្មែរនៅតែបន្តរស់នៅក្នុងភាពភ័យខ្លាចពីការគំរាមកំហែងដដែល។
យ៉ាងណាក៏ដោយ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅ ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន អះអាងថា លោកបានធ្វើច្រើនណាស់ក្នុងការដឹកនាំជាតិរកការបង្រួបបង្រួមរវាងខ្មែរ និងខ្មែរ ប៉ុន្តែភាគីនយោបាយក្រុមប្រឆាំងមិនយល់អំពីការបង្រួបបង្រួមជាតិនេះទេ ហើយនៅពេលនេះគ្មានកិច្ចការនយោបាយណាដែលត្រូវដោះស្រាយដោយការចរចានោះឡើយ។
ទាក់ទិននឹងបញ្ហានេះ លោក ហ៊ុន សែន ក៏ត្រូវបានវិទ្យាស្ថានយុទ្ធសាស្ត្រសម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក (KSI) ប្រគល់ពានរង្វាន់សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើមពិភពលោកនៅវិមានសន្តិភាព ក្នុងទីក្រុងភ្នំពេញ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ នេះជុំវិញការដឹកនាំប្រទេសកម្ពុជាជាង ៤០ឆ្នាំរបស់បុរសខ្លាំងកម្ពុជារូបនេះ។
ទោះជាបែបនេះក្តី អ្នកវិភាគឯករាជ្យ លោក គឹម សុខ លើកឡើងថា មេដឹកនាំខ្មែរក្រហមឈ្មោះ ប៉ុល ពត ក៏គួរទទួលបានពានរង្វាន់មេដឹកនាំឆ្នើមនេះដែរនៅពេលដែលពានរង្វាន់នេះត្រូវបានវិទ្យាស្ថានយុទ្ធសាស្ត្រសម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក ប្រគល់ឱ្យលោក ហ៊ុន សែន នៅពេលនេះ។
លោកបន្ថែមថា លោក ហ៊ុន សែន ដឹកនាំប្រទេសកម្ពុជាមិនខុសគ្នានឹងលោក ប៉ុល ពត នោះទេ គឺមានតែព្រៃផ្សៃជាង ត្បិតលោក ហ៊ុន សែន បានលុតជង្គង់បម្រើមហិច្ឆតាវៀតណាម ដែលឈ្លានពានទឹកដីខ្មែរពេញមួយជីវិតនៃការដឹកនាំរបស់គាត់ទៅហើយនោះ។
អង្គការ Freedom House បានចេញរបាយការណ៍របស់ខ្លួននៅឆ្នាំ២០២២ នេះថា ប្រព័ន្ធនយោបាយរបស់ប្រទេសកម្ពុជាត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គ្រប់គ្រងផ្តាច់មុខទាំងស្រុង ក្នុងនោះគណបក្សប្រឆាំង បណ្ដាញសារព័ត៌មានឯករាជ្យ អ្នកតវ៉ាទាមទារសិទ្ធិសេរីភាព និងប្រជាពលរដ្ឋខ្មែររស់នៅក្នុងភាពភ័យខ្លាចគ្រប់ៗគ្នា។
ចំណែកអង្គការតម្លាភាពអន្តរជាតិ (Transparency International) បានលាតត្រដាងកាលពីដើមខែមករា ឆ្នាំ២០២២ នេះថា កម្ពុជាបានធ្លាក់ចូលទៅក្នុងប្រទេសដែលប្រព្រឹត្តអំពើពុករលួយធ្ងន់ធ្ងរចាប់តាំងពីឆ្នាំ២០១២ មក គឺស្ថិតក្នុងចន្លោះលំដាប់លេខរៀងចាប់ពី១៥៧ ដល់ជាង ១៦០ ក្នុងចំណោមប្រទេស ១៨០ នៅលើពិភពលោក។
ដោយឡែកអង្គការគម្រោងយុត្តិធម៌ពិភពលោក ក៏បានបន្តដាក់ពិន្ទុកម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់ដ៏ទាបជាថ្មីម្តងទៀតដែរ ដោយឲ្យឈរក្នុងលេខរៀងទី១៣៩ ក្នុងចំណោម ១៤០ប្រទេសដែលមាននីតិរដ្ឋទាបបំផុតកាលពីអំឡុងខែតុលា ឆ្នាំ២០២២ នេះ។
ក្រុមអ្នកសង្កេតការណ៍លើកឡើងថា រយៈពេលជាង ៣០ឆ្នាំ បើទោះបីជាកម្ពុជាមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ ដើម្បីបង្រួបបង្រួមបញ្ចប់វិបត្តិផ្ទៃក្នុងរបស់កម្ពុជាហើយក៏ដោយ ក៏កម្ពុជានៅតែមិនអាចរួបរួមគ្នាបានរវាងអ្នកនយោបាយ និងអ្នកនយោបាយដដែល ខណៈមេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន តែងប្រើយុទ្ធសាស្ត្រកម្ទេចគេឯងដើម្បីការពារអំណាចរបស់ខ្លួន ក្នុងបំណងបន្តការដឹកនាំតវង្សត្រកូលឱ្យកាន់តែយូរអង្វែងដូចប្រទេសកុម្មុយនីស្តដូច្នោះដែរ៕