38.1 C
Phnom Penh

ចិន​បន្ត​លាក់​ទិន្នន័យ​អ្នក​ឆ្លង​កូវីដ ខណៈ​អ្នក​ឆ្លង​ហក់​ឡើង​២៥០​លាន​នាក់​អំឡុង​តែ​២០​ថ្ងៃ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​ទីបំផុត រដ្ឋាភិបាល​កុម្មុយនីស្ត​ចិន​នៅ​បន្ត​លាក់​ទិន្នន័យ​នៃ​អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩ ដែល​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន India Today បាន​ចុះផ្សាយ​នៅ​ថ្ងៃទី​២៥ ធ្នូ បាន​ឱ្យ​ដឹង​ថា សឹង​ទូទាំង​ប្រទេស​ចិន​បាន​កំពុង​ផ្ទុះ​ការ​ឆ្លង​ជំងឺ​កូវីដ។

បើ​តាម​ប្រភព​ដដែល​នេះ អំឡុង​តែ ២០​ថ្ងៃ​ប៉ុណ្ណោះ​មាន​អ្នក​ឆ្លង​កើនឡើង​ដល់​ទៅ ២៥០​លាន​នាក់ ខណៈ​ប្រទេស​ធំ​នេះ​មាន​ប្រជាជន​ជាង ១៤០០​លាន​នាក់។

យ៉ាងណា បើ​តាម​ទីភ្នាក់ងារ​សារព័ត៌មាន Reuters គណៈកម្មការ​សុខភាព​ជាតិ​ប្រទេស​ចិន​បាន​ទទួលស្គាល់​ថា​ពិត​ជា​មាន​ការ​ហក់​ឡើង​នូវ​អ្នក​ឆ្លង​ជំងឺ​ផ្លូវដង្ហើម​នេះ​នៅ​ក្នុង​រយៈពេល​មួយ​ខែ​ចុងក្រោយ​នេះ។

តែ​ប្រភព​របស់ Reuters ថា​គណៈកម្មការ​នេះ​មិន​បាន​ប្រកាស​ថា​មាន​ចំនួន​ប៉ុន្មាន​នាក់​នៅ​ទូទាំង​ប្រទេស​ដែល​កំពុង​ធ្លាក់​ខ្លួន​ឈឺ និង​ស្លាប់​នោះ​ទេ ប៉ុន្តែ​មន្ទីរពេទ្យ​នៅ​បណ្ដា​ក្រុង​ធំៗ រួម​ទាំង​នៅ​ក្រុង​ប៉េកាំង ដែល​មាន​ប្រជាជន​ជិត ២១​លាន​នាក់ កំពុង​បង្កើន​ចំនួន​គ្រែ ខណៈ​អ្នកជំងឺ​កំពុង​សម្រុក​បុក​ចូល​មក​ព្យាបាល។

អ្នកជំនាញ​ព្រមាន​ថា ប្រជាជន​ដែល​មាន​វ័យ​ចាស់​ជរា​អាយុ ៧០​ឆ្នាំ​ឡើង​ទៅ អាច​នឹង​ស្លាប់​ដល់ ២​លាន​នាក់​នៅ​ឆ្នាំ​២០២៣ ព្រោះ​ពួកគេ​ភាគច្រើន​មិន​បាន​ចាក់​វ៉ាក់សាំង​នោះ​ទេ ហើយ​ទោះជា​អ្នក​ខ្លះ​ចាក់​បាន​ត្រឹម​មួយ​ដូស ឬ ២​ដូស ក៏​មិន​អាច​ទប់ទល់​នឹង​ការ​ឆ្លង​បាន​ដែរ ព្រោះ​វ៉ាក់សាំង​ចិន​មិន​មាន​ប្រសិទ្ធភាព​យូរ​ទេ។

កាលពី​ថ្ងៃ​អាទិត្យ​កន្លងទៅ​នេះ ក្រសួង​សុខាភិបាល​ចិន​បាន​ប្រកាស​ថា ប្រទេស​ចិន​នឹង​លែង​ចេញ​ផ្សាយ​តួលេខ​ប្រចាំ​ថ្ងៃ​សម្រាប់​ករណី​ឆ្លង និង​ស្លាប់​នៃ​ជំងឺ​កូវីដ-១៩ ត​ទៀត​ហើយ បន្ទាប់ពី​ទម្លាប់​នៃ​ការ​ចេញ​ផ្សាយ​នេះ​បាន​ចាប់ផ្តើម​តាំងតែ​ពី​ដើម​ឆ្នាំ​២០២០ មក​នោះ។

យ៉ាងណា​ក្តី ក្រសួង​សុខាភិបាល​ចិន មិន​បាន​ផ្តល់​ការ​បកស្រាយ​លម្អិត​សម្រាប់​ការ​សម្រេច​ចិត្ត​របស់​ខ្លួន​ក្នុង​ការ​ឈប់​ចេញ​ផ្សាយ​ទិន្នន័យ​កូវីដ-១៩​ប្រចាំ​ថ្ងៃ​បែប​នេះ​ឡើយ ប៉ុន្តែ​ស្ថានការណ៍​ឆ្លង​រាលដាល​នៅ​ក្នុង​ប្រទេស​ចិន ហាក់​មាន​ការ​កើនឡើង​ខ្លាំង ក្រោយ​ការ​បិទ​បញ្ចប់​យុទ្ធសាស្ត្រ​សូន្យ​កូវីដ​របស់​លោក ស៊ី ជីនពីង។

ក្នុង​ស្ថានភាព​ដែល​ពិភពលោក​កំពុង​ទៅ​រក​ការ​ប្រកាស​អាសន្ន​ជា​ថ្មី​ដោយសារ​ការ​ផ្ទុះ​ខ្លាំង​កូវីដ​នៅ​ប្រទេស​ចិន ប្រធានាធិបតី​ចិន ស៊ី ជីនពីង បាន​ធ្វើ​សេចក្ដី​ថ្លែងការណ៍​ដោយ​ទទូច​ដល់​គ្រប់​មន្ទីរពេទ្យ ត្រូវ​បង្កើន​ការ​ជួយ​សង្គ្រោះ​ជីវិត​អ្នកជំងឺ ដែល​នេះ​ជា​ការ​កត់សម្គាល់​ជា​លើកដំបូង​របស់​លោក ស៊ី បន្ទាប់ពី​លោក​បាន​បញ្ជា​ឱ្យ​បិទ​បញ្ចប់​គោល​នយោបាយ​កូវីដ​សូន្យ ដែល​បាន​អនុវត្ត​បាន ៣​ឆ្នាំ​មក​នេះ។

លោក ស៊ី បាន​បន្ត​ថា កូវីដ​នេះ​មិនមែន​ជា​រលក​ថ្មី​នោះ​ទេ តែ​វា​ជា​ភារកិច្ច​ថ្មី​របស់​អ្នក​ជួយ​សង្គ្រោះ​អ្នកជំងឺ។ លោក ស៊ី បង្គាប់​ទៅ​មន្ទីរពេទ្យ និង​អាជ្ញាធរ​តាម​ស្រុក​ខេត្ត​ទាំងអស់ ត្រូវ​ចាប់ផ្ដើម​ចុះ​យុទ្ធនាការ​ទប់ស្កាត់​ការ​រីក​រាលដាល ដោយ​ការ​ផ្សព្វផ្សាយ​ទៅ​ទទួល​ថ្នាំ និង​វ៉ាក់សាំង​ជាបន្ទាន់។

សេចក្ដី​ថ្លែងការណ៍​របស់​លោក ស៊ី ត្រូវ​បាន​ផ្សព្វផ្សាយ​តាម​បណ្ដាញ​ទូរទស្សន៍​ចិន CCTV កាលពី​ថ្ងៃ​អាទិត្យ ទី​២៥ ធ្នូ។

ចិន​ជា​ប្រភព​នៃ​ការ​ផ្ទុះ​មេរោគ​កូរូណា ដែល​ជា​ជំងឺ​កូវីដ-១៩​មុនគេ​ទាំងអស់​ដែល​វា​ផ្ទុះ​ចេញពី​ក្រុង​វូហាន់ ជា​តំបន់​ឆ្នេរសមុទ្រ ប៉ុន្តែ​ក្រុង​វូហាន់ គឺជា​មជ្ឈមណ្ឌល​ពិសោធន៍​ជីវសាស្ត្រ​ដ៏​ធំ​នៅ​ប្រទេស​ចិន។

ចិន​ជា​ប្រទេស​ដែល​មិន​ទទួល​យក​ថ្នាំ​ដែល​មាន​ប្រសិទ្ធភាព​យូរ​ពី​សហរដ្ឋ​អាមេរិក និង​ប្រទេស​អង់គ្លេស ឬ​អាល្លឺម៉ង់​នោះ​ទេ។ ប្រទេស​នេះ​បាន​ផលិត​ថ្នាំ​វ៉ាក់សាំង​មុនគេ ហើយ​ថ្នាំ​របស់​ប្រទេស​នេះ​បាន​សម្រុក​ចែកចាយ​ទៅ​ប្រទេស​ក្រីក្រ និង​ជា​ប្រទេស​កូនបំណុល​ពាន់​លាន​ដុល្លារ។ តែ​ចុងក្រោយ ប្រទេស​ក្រីក្រ​ទាំងនោះ​បាន​សម្រុក​ទិញ និង​ស្នើសុំ​ជំនួយ​វ៉ាក់សាំង​ពី​អាមេរិក និង​អង់គ្លេស៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស