35 C
Phnom Penh

រដ្ឋមន្ត្រី​ការបរទេស​ចិន​បន្ត​បាត់​ខ្លួន​ជិត​មួយ​ខែ​មក​ហើយ​ដែល​គេ​សង្ស័យ​ថា​មាន​ជម្លោះ​ក្នុង​បក្ស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បណ្ដាញ​ផ្សាយ​ព័ត៌មាន​សហរដ្ឋ​អាមេរិក CNN បាន​បន្ត​ចុះផ្សាយ​ពី​រឿង​បាត់​ខ្លួន​លោក Qin Gang រដ្ឋមន្ត្រី​ការបរទេស​ចិន ជិត​មួយ​ខែ​ហើយ។ ការ​បាត់​ខ្លួន​លោក Qin Gang ចំ​ពេល​ដែល​ក្រុង​ប៉េកាំង កំពុង​មមាញឹក​សកម្មភាព​ការទូត។

រឿង​នេះ​បាន​ផ្ដើម​ឱ្យ​មាន​ការ​សង្ស័យ​ថា នៅ​ក្នុង​បក្ស​កុម្មុយនីស្ត​ចិន កំពុង​មាន​ជម្លោះ​នឹង​គ្នា​ជុំវិញ​ការ​ដណ្ដើម​ឥទ្ធិពល​នយោបាយ​ក្នុង​បក្ស ដើម្បី​អំណាច​នៅ​ចំពោះ​មុខ​មហាជន និង​វេទិកា​អន្តរជាតិ។

ប្រមុខ​ការទូត​ចិន Qin Gang អាយុ ៥៧​ឆ្នាំ មាន​អាជីព​ជា​អ្នក​ការទូត ជា​មន្ត្រី​បក្ស​ជំនិត​នឹង​លោក​ប្រធានាធិបតី ស៊ី ជីនពីង។ លោក​ត្រូវ​បាន​ដំឡើង​តួនាទី​ជា​រដ្ឋមន្ត្រី​ការបរទេស​នៅ​ខែ​ធ្នូ ឆ្នាំ​២០២២ ជំនួស​អ្នក​ការទូត​ជើងចាស់​លោក Wang Yi។ លោក Wang Yi ត្រូវ​បាន​ប្ដូរ​ទៅ​កាន់​តួនាទី​ជា​ប្រធាន​គោលនយោបាយ​ការបរទេស​របស់​គណបក្ស​កុម្មុយនីស្ត​ចិន មាន​ឋានៈ​ខ្ពស់​ជាង​លោក Qin ដែល​ជា​រដ្ឋមន្ត្រី​ការបរទេស។

លោក Qin Gang នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​ទំនាក់ទំនង​ការទូត​រវាង​អាមេរិក និង​ចិន កាន់តែ​ធ្លាក់​ចុះ​ខ្លាំង​ក្រោយពី​ទ័ព​មីស៊ីល​អាមេរិក​បាញ់​ទម្លាក់​បាឡុង​ចិន​ដែល​បាន​ហោះ​ចូល​លំហ​អាកាស​អាមេរិក​កាលពី​ប៉ុន្មាន​ខែ​មក​នេះ។

គេ​បាន​ឃើញ​វត្តមាន​របស់​លោក Qin Gang ដែល​បាន​ជួប​មន្ត្រី​ការទូត​ពី​ប្រទេស​វៀតណាម ស្រីលង្កា និង​រុស្ស៊ី នៅ​ថ្ងៃទី​២៥ មិថុនា នៅ​ទីក្រុង​ប៉េកាំង។

រដ្ឋមន្ត្រី​ការបរទេស​ចិន លោក Qin Gang ត្រូវ​បាន​រាយការណ៍​ថា​លោក​មិន​បាន​មក​ចូលរួម​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន និង​ចិន ដែល​ធ្វើឡើង​នៅ​ក្រុង​ហ្សាកាតា ថ្ងៃទី​១២ កក្កដា ដោយ​ជំនួស​មក​វិញ​គឺ​លោក Wang Yi។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន លោក Wang Wenbin បាន​និយាយ​ថា ‍លោក​ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រី​ការបរទេស Qin Gang មិន​អាច​ចូលរួម​ជំនួប​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​បាន​ទេ ពីព្រោះ​តែ​មូលហេតុ​សុខភាព តែ​លោក Wenbin មិន​បាន​និយាយ​លម្អិត​ថែម​ទៀត​ទេ។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន ត្រូវ​បាន​គេ​ចោទ​សួរ​អំពី​អត្ថបទ​មួយ​នៅ​ក្នុង​គេហទំព័រ​សារព័ត៌មាន​នយោបាយ​របស់​សហរដ្ឋ​អាមេរិក​ឈ្មោះ Politico ដែល​ថា​បញ្ហា​សុខភាព​អាច​ស្ថិត​នៅ​ពីក្រោយ​នៃ​អវត្តមាន​របស់​លោក Qin Gang។

ចំពោះ​អ្នក​នាំពាក្យ​សហភាព​អឺរ៉ុប បាន​និយាយ​ថា លោក Qin Gang ត្រូវ​ជួប​ប្រធាន​គោលនយោបាយ​ការបរទេស​សហភាព​អឺរ៉ុប លោក Josep Borrell នៅ​ក្នុង​ទីក្រុង​ប៉េកាំង នៅ​ថ្ងៃទី​៥ កក្កដា ក៏ប៉ុន្តែ​ជំនួប​នោះ​ត្រូវ​បាន​ពន្យារ​ពេល។

ចំណែក​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក លោក Antony Blinken ក៏​ត្រូវ​ជួប​លោក Qin Gang នៅ​ក្នុង​រដ្ឋធានី​ហ្សាកាតា ក្នុង​ពេល​លោក​ទៅ​ចូលរួម​ជំនួប​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន ក្នុង​ការ​ចរចា​ជាមួយ​ចិន ដែល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ស្វះស្វែង​ស្ដារ​ឡើងវិញ​ទំនាក់ទំនង​រវាង​មហាអំណាច​ធំ​ទាំង​ពីរ តែ​ជំនួស​មក​វិញ​ដោយ​លោក Wang Yi។

ការ​បាត់​មុខ​លោក Qin Gang បាន​នាំ​ឱ្យ​មាន​ការ​ចោទ​សួរ​អំពី​ការ​ប្រជែង​មុខមាត់ និង​អំណាច​ក្នុង​បក្ស​កុម្មុយនីស្ត។

Deng Yuwen អតីត​បណ្ណាធិការ​សារព័ត៌មាន​បក្ស​កុម្មុយនីស្ត​ដែល​កំពុង​រស់នៅ​លើ​ទឹកដី​អាមេរិក បាន​និយាយ​ថា ខណៈ​នេះ ចិន​កំពុង​ចុះ​ខ្សោយ​ឥទ្ធិពល​របស់​ខ្លួន​នៅ​លើ​ពិភពលោក ដែល​ចាំបាច់​ត្រូវ​មាន​អ្នក​ការទូត​ខ្លាំង ហើយ​ការ​បាត់​ខ្លួន​លោក Qin Gang គឺជា​រឿង​ចម្លែក។

ការ​បាត់​ខ្លួន​លោក Qin Gang ចំ​ពេល​មន្ត្រី​ជាន់ខ្ពស់​អាមេរិក ២​រូប គឺ​អ្នកស្រី Janet Yellen រដ្ឋមន្ត្រី​រតនាគារ និង​លោក John Kerry ប្រេសិត​លោក បៃដិន ទទួល​បន្ទុក​កិច្ចការ​បរិស្ថាន​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ក្រុង​ប៉េកាំង។

អ្នក​សង្កេតការណ៍ Deng Yuwen ថា​ឥឡូវ​នេះ​នៅ​ក្រុង​ប៉េកាំង កំពុងតែ​លេច​ឡើង​នូវ​ការ​ខ្វះ​តម្លាភាព​ក្នុង​ប្រព័ន្ធ​នយោបាយ​ក្នុង​បក្ស​កុម្មុយនីស្ត ដែល​នាំ​ឱ្យ​ព័ត៌មាន​អំពី​លោក Qin Gang កាន់តែ​ត្រូវ​បាន​បិទបាំង​ថែម​ទៀត។

លោក​បន្ត​ថា នៅ​ក្នុង​អំណាច​របស់​លោក ស៊ី ជីនពីង ការ​បង្ក្រាប​អ្នក​ប្រឆាំង និង​អ្នក​ធ្វើ​ការ​មិន​ចុះ​សម្រុង​គ្នា គឺ​មិន​ឱ្យ​មាន​ដាច់ខាត។ នេះ​ជា​វិធានការ​ក្នុង​ប្រព័ន្ធ​អំណាច​ផ្ដាច់ការ។

បើ​តាម​លោក Deng Yuwen ជា​ទម្លាប់​ទៅ​ហើយ​ដែល​មន្ត្រី​បក្ស​តែងតែ​បាត់​ខ្លួន​នៅ​ពេល​មេដឹកនាំ​កំពូល​ត្រូវ​បំបាត់​សំឡេង​របស់​អ្នក​ខ្វែង​គំនិត ហើយ​មន្ត្រី​ដែល​ប្រព្រឹត្ត​អំពើពុករលួយ ត្រូវតែ​កម្ចាត់​ចោល។ ករណី​នេះ កាសែត​ជប៉ុន Asahi Sihbun បាន​ធ្វើ​បច្ចុប្បន្នភាព​នៅ​ថ្ងៃទី​២០ កក្កដា ថា លោក​រដ្ឋមន្ត្រី​ការបរទេស Qin Gang នៅ​បន្ត​បាត់​ខ្លួន​នៅឡើយ​ទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស