42.2 C
Phnom Penh

បទ​អត្ថាធិប្បាយ៖ លោក ស៊ី លើក​ខ្លួន​ជា​ប្រធានាធិបតី​អាណត្តិ​ទី​៣​ដោយ​រុញ​ឱ្យ​សភា​ប្រថាប់​ត្រា​អនុម័ត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​នេះ លោក ស៊ី ជីនពីង បុរស​ខ្លាំង​របស់​ប្រទេស​ចិន ត្រូវ​បាន​សមាជិក​សភា​របស់​បក្ស​កុម្មុយនីស្ត​ចិន ប្រកាស​ឲ្យ​លោក​បន្ត​អាណត្តិ​ដឹកនាំ​បន្ត​ទៀត។

អ្នក​ណា​ក៏​ដឹង​ដែរ​ថា សភា​ប្រជាជន​ចិន​ដែល​អនុម័ត​ឱ្យ​លោក ស៊ី ក្លាយ​ជា​ប្រធានាធិបតី​បន្ត ៥​ឆ្នាំ​ទៀត ក៏​បាន​បោះឆ្នោត​ដោយ​គ្មាន​សំឡេង​ជំទាស់​សូម្បី​មួយ​សំឡេង​ក៏​គ្មាន​ផង គឺ ២៩៥២​សំឡេង​ទល់​នឹង​សូន្យ។

លោក ស៊ី នៅ​ឆ្នាំ​នេះ​មាន​អាយុ ៦៩​ឆ្នាំ​ហើយ ហើយ​លោក​បន្ត​អង្គុយ​លើ​អាសនៈ​ប្រធានាធិបតី​ចិន​ដ៏​មាន​អំណាច​នេះ​រហូត​អស់​មួយ​ជីវិត ឬ​រហូត​ដល់​លោក​អស់ចិត្ត​លែង​ចង់​កាន់​តំណែង​នេះ។

លោក​មិន​ត្រឹម​ជា​ប្រធានាធិបតី​នោះ​ទេ លោក​ក៏​ជា​អគ្គលេខាបក្ស​កុម្មុយនីស្ត​ចិន​ទៀត​ផង។ បុរស​រូប​នេះ​ឡើង​កាន់​អំណាច​នៅ​ឆ្នាំ​២០១២ ចំ​ពេល​ដែល​ប្រទេស​ចិន មាន​កម្លាំង​ខ្លាំង​ផ្នែក​សេដ្ឋកិច្ច ផ្នែក​កងទ័ព និង​ការទូត​ក្រោម​ការ​កែទម្រង់​របស់​អតីត​ប្រធានាធិបតី ហូ ជិនតាវ។ ក្នុង​អំឡុង​ពេល ១០​ឆ្នាំ​នៃ​ការ​កាន់​អំណាច បុរស​រដ្ឋ​មហាយក្ស​ចិន​រូប​នេះ​តែង​ចាប់​ដៃ​សមភាគី​បរទេស ដោយ​ងាក​មុខ​ចេញ ហើយ​ញញឹម​ខ្ជឹប​ដាក់​កាមេរ៉ា។

អ្នក​សង្កេតការណ៍​តាម​មើល​ចរិត​របស់​លោក ស៊ី ថា​ជា​មេដឹកនាំ​ចិន​ម្នាក់​ស្លូត​ខាងក្រៅ តែ​មាន​បេះដូង​កាច​សាហាវ។ មន្ត្រី​របស់​គាត់​ណា​ដែល​មិន​ស្អាតស្អំ មិន​រណប​គាត់ នឹង​ត្រូវ​ខ្ទាត់​ចេញពី​បក្ស និង​អស់​បុណ្យស័ក្តិ​ភ្លាមៗ។

នៅ​ក្នុង​សម័យប្រជុំ​បក្ស​កាលពី​ខែ​តុលា ឆ្នាំ​២០២២ កម្មាភិបាល​បក្ស​ម្នាក់​ជា​រៀមច្បង​របស់​លោក គឺ​អតីត​ប្រធានាធិបតី ហូ ជិនតាវ ត្រូវ​បាន​កង​សន្តិសុខ​ចូល​មក​គ្រៀក ហើយ​នាំ​ខ្លួន​ចេញពី​សាល​ប្រជុំ។ ការ​គ្រៀក​លោក ហូ ជិនតាវ ចេញពី​សាល​ប្រជុំ គេ​ឃើញ​លោក ហូ ជិនតាវ និង​លោក ស៊ី អង្គុយ​ជាប់​គ្នា។ លោក ស៊ី ដែល​មាន​អំណាច​ជា​ប្រធានាធិបតី​ដូចជា​មិន​បាន​ឃាត់ ឬ​សួរនាំ​កង​សន្តិសុខ​បន្តិច​ណា​នោះ​ទេ ប៉ុន្តែ​លោក ស៊ី អាច​ប្រាប់​លោក ហូ ជិនតាវ ថា​កុំ​ក្រាញ​អង្គុយ​ក្នុង​សាល​ប្រជុំ​នេះ​ទៀត គឺ​ត្រូវ​ស្រប​ខ្លួន​តាម​ស្ថានភាព​ជាក់ស្ដែង។

ក្នុង​ស្ថានភាព​នេះ មាន​តែ​លោក លី កែឈាង នាយករដ្ឋមន្ត្រី​ដែល​សភា​មិន​បន្ត​អាណត្តិ​ឱ្យ​លោក មើល​ទៅ​ដូចជា​ស្រឡាំងកាំង​បន្តិច ខណៈ​លោក​អង្គុយ​នៅ​ខាង​ឆ្វេង​ដៃ​ជាប់​នឹង​លោក ស៊ី ហើយ​ក្រៅពី​នោះ​ស្ថិត​ក្នុង​ភាព​ស្ងប់ស្ងាត់ ហើយ​ម្នាក់ៗ​រឹង​ខ្លួន​ស្ដូក។

កង​សន្តិសុខ​មិន​ត្រឹមតែ​ទាញ​លោក តាវ ឱ្យ​ដើរ​ចេញពី​កៅអី​នោះ​ទេ ក៏​បាន​យក​ឯកសារ​របស់​លោក តាវ ទៅ​ជាមួយ​ផង​ដែរ។ ពេល​នោះ លោក ជិនតាវ ដូចជា​មិន​អស់ចិត្ត ឬ​មិន​យល់ ហើយ​ក៏​បាន​និយាយ​បន្តិច​ទៅ​លោក ស៊ី ខណៈ​លោក​ងក់ក្បាល ដែល​ពេល​នោះ​កង​សន្តិសុខ​គ្រៀក​លោក តាវ ចេញពី​សាល​ប្រជុំ។

តាម​ការ​ចុះផ្សាយ​ជាច្រើន​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​បស្ចិម​ប្រទេស ថា​គេ​មិន​ទុក​ឱ្យ​លោក តាវ អង្គុយ​ក្នុង​សាល​ប្រជុំ​នេះ​ទេ ព្រោះ​គេ​អាច​គិត​ថា លោក តាវ នឹង​ឡើង​ជំទាស់​លោក ស៊ី មិន​ឱ្យ​បន្ត​អាណត្តិ​ទី​៣ ជា​ប្រធានាធិបតី​ចិន ដែល​លោក តាវ ធ្លាប់​បាន​ព្រលយ​ពាក្យ​ថា ជា​ការ​មិន​ល្អ​ចំពោះ​គោលនយោបាយ​បក្ស ហើយ​វា​ធ្វើ​ឱ្យ​មេដឹកនាំ​ជំនាន់​ក្រោយ​យក​គំរូ​តាម។

ជា​ការពិត គឺជា​រឿង​សាមញ្ញ វា​គ្មាន​អ្វី​ចម្លែក​នោះ​ទេ​ចំពោះ​ប្រទេស​ចិន ដែល​បក្ស​កុម្មុយនីស្ត​នៅ​ក្រោម​អគ្គលេខាបក្ស ដែល​លោក ស៊ី កាន់​តំណែង​នេះ ហើយ​ការពិត​លោក ស៊ី បាន​តែងតាំង​ខ្លួន​លោក​ជា​ប្រធានាធិបតី​ចិន​អាណត្តិ​ទី​៣ នៅ​ក្នុង​សម័យប្រជុំ​បក្ស​កាលពី​ខែ​តុលា ឆ្នាំ​២០២២ ហើយ​ពេល​នោះ​មាន​តែ​អតីត​ប្រធានាធិបតី ហូ ជិនតាវ ម្នាក់​គត់​ជំទាស់។ កិច្ចប្រជុំ​សភា​ប្រជាជន​ចិន កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​នេះ ពុំ​មាន​វត្តមាន​លោក តាវ នោះ​ទេ។ មក​ដល់​ពេលនេះ គេ​ពុំ​ដឹង​ថា​លោក តាវ មាន​សុខទុក្ខ​យ៉ាង​ណា​នោះ​ទេ។

ពុំ​មាន​អ្វី​ត្រូវ​ភ្ញាក់ផ្អើល​ដល់​មេដឹកនាំ​ពិភពលោក​ទេ ដែល​លោក ស៊ី ត្រូវ​បាន​សភា​បក្ស​កុម្មុយនីស្ត​ប្រថាប់​ត្រា​ឱ្យ​កាន់​តំណែង ៥​ឆ្នាំ​ទៀត។ ក្រុម​មេដឹកនាំ​បស្ចិម​ប្រទេស និង​មេដឹកនាំ​ប្រទេស​ដែល​ប្រកាន់​ប្រជាធិបតេយ្យ​ត្រឹមត្រូវ ពុំ​ឃើញ​បញ្ជូន​សារ​អបអរ​សាទរ​លោក ស៊ី នោះ​ទេ។

គេ​ឃើញ​មាន​មេដឹកនាំ​តិចតួច​នៃ​ប្រទេស​ផ្ដាច់ការ​ប៉ុណ្ណោះ​ដែល​បញ្ជូន​សារ​អបអរ​សាទរ​លោក ស៊ី។ គេ​ឃើញ​មាន​មេដឹកនាំ​ផ្ដាច់ការ​នៅ​កូរ៉េខាងជើង គីម ជុងអ៊ុន ប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀ ពូទីន ដែល​កំពុង​ផុង​ខ្លួន​ក្នុង​សង្គ្រាម​អ៊ុយក្រែន ហើយ​ក៏​មាន​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​រាជាណាចក្រ​កម្ពុជា​ផង​ដែរ។

តែ​ទោះជា​យ៉ាងនេះ​ក្ដី លោក ហ៊ុន សែន មិន​ចង់​កាន់​អំណាច​អស់​មួយ​ជីវិត​នោះ​ទេ ដែល​ខណៈ​នេះ​លោក​កំពុង​រិះរក​ពេលវេលា​ដើម្បី​ផ្ទេរ​តំណែង​របស់​លោក​ទៅ​ឱ្យ​កូនប្រុស​ចម្បង គឺ​លោក​ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត។

លោក ស៊ី ជីនពីង រះ​ឡើង​ចំ​ពេល​ចិន​កំពុង​មាន​អនុភាព​ខ្លាំង​ទាំង​សេដ្ឋកិច្ច កងទ័ព និង​ការទូត។ អ្វី​ដែល​លោក ស៊ី មិន​ទាន់​សម្រេច​ក្នុង​រយៈពេល ១០​ឆ្នាំ​ដែល​លោក​កាន់​អំណាច​ជា​ប្រធានាធិបតី​នៃ​ប្រទេស​មហាអំណាច​មួយ​នេះ គឺ​ការ​វាយលុក​ដើម្បី​កាន់កាប់​ដែន​កោះ​តៃវ៉ាន់ ដែល​ក្រុង​ប៉េកាំង ចាត់ទុក​ថា​ជា​ខេត្ត​មួយ​របស់​ចិន។ ម្យ៉ាង​ទៀត ចិន​នៅ​មាន​ឧត្តមភាព​ខ្សោយ​ជាង​អាមេរិក ទាំង​សេដ្ឋកិច្ច កងទ័ព និង​ការទូត​នៅ​លើ​ពិភពលោក។

អ្នក​សង្កេតការណ៍​ខ្លះ​លើកឡើង​ថា ដើម្បី​វាយ​យក​កោះ​តៃវ៉ាន់​បាន លុះត្រាតែ​ធ្វើ​ឱ្យ​អាមេរិក​ខ្លបខ្លាច​កម្លាំង​ទ័ព​របស់​ចិន​ជា​មុន​សិន។

ថ្លែង​នៅ​ចំពោះ​មុខ​សមាជិក​សភា​ប្រជាជន​ចិន បន្ទាប់ពី​លោក​បាន​សម្រេច​នូវ​ការ​លើក​ខ្លួនឯង​ជា​ប្រធានាធិបតី​មួយ​អាណត្តិ​ទៀត លោក ស៊ី ថា​ប្រទេស​ចិន​ត្រូវការ​ពង្រឹង​សន្តិសុខ​ដោយ​ការ​អភិវឌ្ឍ ហើយ​ត្រូវតែ​ធ្វើ​ទំនើបកម្ម​យោធា​របស់​ខ្លួន​ដើម្បី​ឱ្យ​ក្លាយ​ជា​មហា​កំផែង​ដែកថែប។

លោក ស៊ី ក៏​បាន​អំពាវនាវ​ឱ្យ​ចិន​បង្កើន​សមត្ថភាព​ការពារ​សន្តិសុខ​ជាតិ និង​គ្រប់គ្រង​សន្តិសុខ​សាធារណៈ​ផ្ទៃក្នុង​ប្រទេស​ឱ្យ​បាន​រឹងមាំ។ លោក​សង្កត់​ធ្ងន់​ថា៖ កត្តា​សន្តិសុខ​ជា​មូលដ្ឋានគ្រឹះ​សម្រាប់​ការ​អភិវឌ្ឍ ចំណែក​ស្ថិរភាព គឺជា​តម្រូវការ​ចម្បង​សម្រាប់​ភាព​រីកចម្រើន​របស់​ប្រទេស​ចិន។

នៅ​មុន​សម័យប្រជុំ​សភា​បោះឆ្នោត​ប្រថាប់​ត្រា​ឱ្យ​លោក​ឡើង​កាន់​តំណែង ៥​ឆ្នាំ​ទៀត ឬ​អាច​អស់​មួយ​ជីវិត លោក ស៊ី បាន​ថ្លែង​ក្នុង​វេទិកា​មួយ​របស់​កងទ័ព​រំដោះ​ប្រជាជន​ចិន ដែល​លោក​ថា​កម្លាំង​ទ័ព​ចិន​ត្រូវតែ​ខ្លាំង។ លោក​ព្រមាន​ថា បើ​តៃវ៉ាន់​មិន​ចូល​ខ្លួន​មក​នៅ​ក្រោម​ដំបូល​របស់​ក្រុង​ប៉េកាំង ទេ គឺ​ចិន​ត្រូវតែ​លើក​ទ័ព​វាយ​កាន់កាប់​ដែន​កោះ​នេះ​ឱ្យ​បាន​ពី​ក្រុម​បំបែក​ប្រទេស​នៅ​ត្រឹម​ឆ្នាំ​២០២៧ តែម្តង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស