31 C
Phnom Penh

បុរស​ខ្លាំង​ប្រកាស​លើកលែង​កាតព្វកិច្ច​ពាក់​ម៉ាស់​និង​តេស្ដ​រហ័ស​រក​មេរោគ​កូវីដ-១៩

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន ប្រកាស​លើកលែង​កាតព្វកិច្ច​ពាក់​ម៉ាស់ និង​ការ​ធ្វើ​តេស្ដ​រហ័ស​រក​មេរោគ​កូវីដ-១៩ សម្រាប់​ការ​ជួបជុំ​គ្រប់​ប្រភេទ​ទាំងអស់​នៅ​ទូទាំង​ប្រទេស​ចាប់ពី​ពេលនេះ​តទៅ ជាពិសេស​ការ​ចូលរួម​ទស្សនា​ព្រឹត្តិការណ៍​ស៊ីហ្គេម​នា​ពេល​ខាងមុខ​នេះ​ក៏​មិន​តម្រូវ​ឱ្យ​ពាក់​ម៉ាស់ និង​ធ្វើ​តេស្ដ​រក​ជំងឺ​កូវីដ-១៩ ដែរ។

លោក ហ៊ុន សែន ចេញ​ខ្សែអាត់​សំឡេង​នៅ​ថ្ងៃទី​១៩ មេសា នេះ​ថា អ្នក​ដែល​ត្រូវ​ចូលរួម​ក្នុង​ពិធី​ណា​មួយ មិន​តម្រូវ​ឱ្យ​ពាក់​ម៉ាស់​ទៀត​ទេ ប៉ុន្តែ​បុគ្គល​ម្នាក់ៗ​អាច​ពាក់​ម៉ាស់​តាម​ភាព​ចាំបាច់​របស់​ខ្លួន។ ជាង​នេះ​ទៀត ក៏​មិន​តម្រូវ​ឱ្យ​ធ្វើ​តេស្ត​រហ័ស​ណា​មួយ​ទៀត​ដែរ​សម្រាប់​ការ​ជួបជុំ​នានា ប៉ុន្តែ​បុគ្គល​ម្នាក់ៗ​អាច​ធ្វើ​តេស្ដ​ដោយ​ខ្លួនឯង​បាន បើ​មាន​លក្ខណៈ​សង្ស័យ​ណា​មួយ​នោះ។

លោក ហ៊ុន សែន លើកឡើង​ថា ការ​បន្ធូរបន្ថយ​កាតព្វកិច្ច​នេះ គឺជា​ការ​កាត់បន្ថយ​នូវ​ការ​ចំណាយ​មួយ​ផ្នែក​លើ​សម្ភារៈ​សម្រាប់​ការពារ​ជំងឺ​កូវីដ-១៩ ជាពិសេស​ការ​ចំណាយ​ទៅ​លើ​ម៉ាស់ និង​ឧបករណ៍​តេស្ដ​រហ័ស​ពេល​ចូលរួម​ពិធី​ធំៗ​ម្តងៗ ដូចជា​ពិធី​ចែក​សញ្ញាបត្រ​ដែល​លោក​នឹង​ចូលរួម​នៅ​ថ្ងៃ​ស្អែក​នេះ​ជាដើម។

លោក ហ៊ុន សែន បញ្ជាក់​ថា ប្រសិនបើ​នៅតែ​បន្ត​វិធានការ​ពាក់​ម៉ាស់ និង​ធ្វើ​តេស្ដ​រហ័ស​ទៀត​នោះ នឹង​បង្ក​ការ​លំបាក​ដល់​ក្រុម​គ្រូពេទ្យ និង​ពលរដ្ឋ​ដែល​ត្រូវ​ចូលរួម​ទស្សនា​ព្រឹត្តិការណ៍​ស៊ីហ្គេម​ខាងមុខ​នេះ​ជាមិនខាន ដូច្នេះ​ការ​ប្រកាស​បញ្ចប់​កាតព្វកិច្ច​មួយ​ចំនួន​សម្រាប់​ការពារ​ជំងឺ​កូវីដ-១៩ នៅ​ពេលនេះ ក៏​ជា​កាដូ​ជូន​ពលរដ្ឋ​សម្រាប់​ឆ្នាំ​ថ្មី​នេះ​ផង​ដែរ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​ការ​ឆ្លង​ថ្មី​នៃ​ជំងឺ​កូវីដ-១៩ ក្នុង​រយៈពេល​ចុងក្រោយ​នេះ​កាន់តែ​តិច​ទៅៗ ហើយ​ភាគច្រើន​គឺ​មិន​មាន​អ្នក​ឆ្លង​តែម្តង។

ចាប់តាំងពី​ដើម​ខែ​មករា ឆ្នាំ​២០២៣ មក ក្រសួង​សុខាភិបាល​បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩ តិចតួច​បំផុត ទាំង​ការ​ឆ្លង​ក្នុង​ប្រទេស និង​ការ​ចម្លង​មកពី​ក្រៅ​ប្រទេស ក្នុង​នោះ​ថ្ងៃ​ខ្លះ​រក​ឃើញ​ត្រឹមតែ ១​ករណី​ទៅ ២​ករណី​ប៉ុណ្ណោះ ប៉ុន្តែ​ភាគច្រើន គឺ​មិន​មាន​អ្នក​ឆ្លង​ថ្មី​នោះ​ទេ។

យ៉ាងណា​ក៏ដោយ ភ្នាក់ងារ​សារព័ត៌មាន AFP បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​អង្គារ ថា អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ព្រមាន​ថា ជំងឺ​កូវីដ-១៩ កំពុង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​មិន​អាច​ព្យាករ​បាន​នៅឡើយ ដែល​អាច​បង្ក​ជា​គ្រោះថ្នាក់​គ្រប់​ពេលវេលា។

នាយក​ទទួល​បន្ទុក​ស្ថានការណ៍​អាសន្ន​របស់ WHO លោក Michael Ryan បាន​គូសបញ្ជាក់​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ពេល​ថ្មីៗ​នេះ​ថា ពិត​មែន​មាន​ការ​ថយ​ចុះ​នៃ​ជំងឺ​កូវីដ-១៩ មែន ប៉ុន្តែ​នៅតែ​មាន​មនុស្ស​ជាច្រើន​បាន​ស្លាប់ និង​ធ្លាក់​ខ្លួន​ឈឺ ហើយ​ជំងឺ​នេះ​បាន​ប្រែ​ពី​ជំងឺឆ្លង​រាតត្បាត​សកល ក្លាយ​ជា​មេរោគ​ឆ្លង​ក្នុង​តំបន់​វិញ ហើយ​វា​នឹង​មិន​រលាយ​បាត់​ទៅ​ណា​នោះ​ទេ ប៉ុន្តែ​វា​អាច​ក្លាយ​ជា​ជំងឺ​ផ្ដាសាយ​មួយ​ដូច​គ្នា​ទៅ​នឹង​ជំងឺ​ផ្ដាសាយ «influenza» ដែរ ដែល​អាច​នឹង​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ដែល​មាន​សុខភាព​ទន់​ខ្សោយ។

គេហទំព័រ​តាមដាន​ការ​រីក​រាលដាល​ជំងឺ​កូវីដ-១៩ លើ​ពិភពលោក WORLDOMETER អះអាង​ថា គិត​ត្រឹម​ថ្ងៃទី​១៨ ខែ​មេសា ឆ្នាំ​២០២៣ នេះ កម្ពុជា​មាន​អ្នក​ឆ្លង​ជាង ១​សែន ៣​ម៉ឺន​នាក់ និង​អ្នក​ស្លាប់​ចំនួន​ជាង ៣​ពាន់​នាក់ ខណៈ​វៀតណាម​នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង​ច្រើន​ជាងគេ​ក្នុង​ចំណោម​ប្រទេស​ក្នុង​តំបន់​អាស៊ាន បន្ទាប់មក​គឺ​ប្រទេស​ឥណ្ឌូនេស៊ី និង​ប្រទេស​ម៉ាទ្បេស៊ី ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស