28 C
Phnom Penh

ចិន​ប្រឈម​ការ​សាយភាយ​ការ​ឆ្លង​កូវីដ​ដូច​ការ​សាយភាយ​គ្រាប់​នុយក្លេអ៊ែរ​ក្នុង​រដូវ​ត្រជាក់​ឆ្នាំ​១៩៤៥

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកជំនាញ​ផ្នែក​ជំងឺឆ្លង​ព្យាករ​ថា ៩០% នៃ​ប្រជាជន​ចិន​ជាង ១៤០០​លាន​នាក់ អាច​ប្រឈមមុខ​នឹង​ការ​ឆ្លង​ជំងឺ​កូវីដ-១៩។

អ្នកជំនាញ Feng Zijian អតីត​អនុប្រធាន​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺឆ្លង​នៃ​ក្រសួង​សុខាភិបាល​ប្រទេស​ចិន បាន​បញ្ជាក់​បន្ថែម​ថា ៦០% នឹង​ឆ្លង​ជំងឺ​នេះ​ដោយ​ជៀស​ពុំ​រួច​នោះ​ទេ​នៅ​ក្នុង​រលក​ដំបូង​នេះ។

នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន Bloomberg News លោក Feng Zijian ថា​ប្រទេស​ចិន​មិន​បាន​ត្រៀម​ខ្លួន​ដើម្បី​ទប់ទល់​នឹង​ស្ថានភាព​នេះ​ទេ ព្រោះ​អាង​ថា​ចិន​បាន​ឈ្នះ​ជំងឺ​នេះ​មុនគេ​ទាំងអស់។ លោក​ថា រលក​ឆ្លង​នៅ​ចិន​ពេលនេះ​មាន​សន្ទុះ​ខ្លាំង ដែល​វា​ផ្ទុះ​ដំបូង​ចេញពី​ក្រុង​ប៉េកាំង។

អ្នក​រស់នៅ​ក្រុង​ប៉េកាំង​ម្នាក់​ដែល​ប្រាប់​ថា​ខ្លួន​គេ​មាន​ឈ្មោះ Lin បាន​ផ្ដល់​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន Financial Times ថា​កូន​របស់​គាត់​បាន​ឆ្លង​ជំងឺ​នេះ ហើយ​គាត់​ដើរ​រក​ទិញ​ថ្នាំ​ដើម្បី​ជួយ​ព្យាបាល តែ​សូម្បី​ថ្នាំ​បំបាត់​គ្រុនក្តៅ ibuprofen ក៏​រក​បាន​យ៉ាង​លំបាក ព្រោះ​ហាង​លក់​ថ្នាំ​ខ្សត់​ខ្សោយ​ថ្នាំ​ជា​ខ្លាំង។

បើ​តាម​លោក Lin ការ​ផ្គត់ផ្គង់​ថ្នាំ​ពី​រដ្ឋាភិបាល​នៅ​តាម​ប​មន្ទីរពេទ្យ​ក៏​ខ្សត់​ខ្សោយ​ដែរ។ លោក​ថា​ស្ថានភាព​ឆ្លង​ដូចជា​លឿន​ពេក ដែល​នាំ​ឱ្យ​ការ​រៀបចំ​ខ្លួន​តាម​គ្រួសារ និង​សហគមន៍​តាម​មិនទាន់​សភាពការណ៍​អាសន្ន​នោះ​ទេ។

សម្រាប់​អ្នកជំនាញ​ម្នាក់​មកពី​សាកលវិទ្យាល័យ​ប៉េកាំង លោក Michael Pettis សរសេរ​នៅ​លើ Twitter ថា ទាំង​ប្រជាជន ទាំង​រដ្ឋាភិបាល និង​អ្នកជំនាញ គិត​ថា​ចិន​ពិត​ជា​ទប់ស្កាត់​បាន​នូវ​ជំងឺឆ្លង​ផ្លូវដង្ហើម​នេះ តែ​វា​ជា​រឿង​ធ្វេសប្រហែស​ទៅវិញ​ទេ។ លោក​បន្ត​ថា នៅ​ពេលនេះ​ប្រព័ន្ធ​សុខាភិបាល​សាធារណៈ​ដូចជា​ដើរ​ចូល​ក្នុង​អន្ទាក់​នៃ​ជំងឺ​ប្រភេទ​នេះ។ ឥឡូវ​នេះ​វា​ផ្ទុះ​សឹងតែ​ពាសពេញ​ប្រទេស​ទៅ​ហើយ ដែល​មន្ទីរពេទ្យ​តាម​ទីក្រុង និង​បណ្ដា​ខេត្ត​រក​គ្រែ​សម្រាប់​អ្នក​ជំងឺ​សឹងតែ​លែង​បាន​ទៅ​ហើយ។

បណ្ដាញ​ផ្សាយ​ព័ត៌មាន ១៩៤៥ បាន​ធ្វើ​អត្ថាធិប្បាយ​ដោយ​ដាក់​ចំណងជើង​ថា «China Is Facing COVID-19 ‘Nuclear Winter’. The CCP Can’t Stop It» ដែល​ប្រែ​សម្រួល​ថា «ប្រទេស​ចិន​ប្រឈមមុខ​នឹង​ការ​សាយភាយ​ការ​ឆ្លង​កូវីដ១៩ ដូច​ការ​សាយភាយ​គ្រាប់​នុយក្លេអ៊ែរ​ក្នុង​រដូវ​ត្រជាក់»។ ក្រុម​អ្នកជំនាញ​ព្រមាន​ថា អ្នកជំងឺ​អាច​ស្លាប់​យ៉ាងតិច​មួយ​លាន​នាក់ ហើយ​វា​អាច​ហក់​ឡើង ២​លាន ១​សែន​នាក់។

ទោះជា​យ៉ាង​ណា​ក្តី បក្ស​កុម្មុយនីស្ត​ចិន ប្រកាស​ថា​មិន​អាច​បន្ទោស​ទៅ​លើ​មនុស្ស​ណា​ម្នាក់ ឬ​ក្រុម​ណា​ម្នាក់​បាន​ឡើយ តែ​រដ្ឋាភិបាល​អះអាង​ថា​នឹង​អាច​គ្រប់គ្រង​ការ​សាយភាយ​ជំងឺ​នេះ​បាន។

ថ្លែង​នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​ដែល​ធ្វើឡើង​នៅ​រៀង​រាល់ថ្ងៃ អ្នកស្រី Mao Ning អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន បាន​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​ថា ចំណាត់ការ​ថ្មីៗ​នេះ​គឺជា​រឿង​មិន​សម​ហេតុផល​ចំពោះ​ប្រទេស​មួយ​ចំនួន​ដែល​រឹត​បន្តឹង​អ្នក​ដំណើរ​ពី​ប្រទេស​ចិន។

លោក Michael Ryan នាយក​កម្មវិធី​គ្រាអាសន្ន​នៃ​អង្គការ​សុខភាព​ពិភពលោក បាន​ថ្លែង​ថា អង្គការ​សុខភាព​ពិភពលោក​ជឿ​ថា តួលេខ​បច្ចុប្បន្ន​ដែល​ចិន​បាន​ផ្សព្វផ្សាយ​មិន​បាន​ឆ្លើយតប​ទៅ​នឹង​ចំនួន​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩ ជាក់ស្ដែង​នោះ​ទេ ដូចជា​ចំនួន​អ្នក​ចូល​ព្យាបាល​នៅ​មន្ទីរពេទ្យ និង​ចំនួន​អ្នក​ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់ ហើយ​ជាពិសេស​ទៀត​នោះ គឺ​ចំនួន​អ្នក​ស្លាប់​ដែល​ចិន​នៅតែ​បន្ត​លាក់​បាំង។

ប្រទេស​ដែល​រឹត​បន្តឹង​ការ​ចេញចូល​នៃ​ទេសចរ​ចិន​ដូចនេះ​មាន​សហរដ្ឋ​អាមេរិក ចក្រភព​អង់គ្លេស បារាំង កាណាដា កូរ៉េខាងត្បូង ជប៉ុន ឥណ្ឌា ម៉ាឡេស៊ី ហ្វីលីពីន អេស្ប៉ាញ និង​កាតា។

យ៉ាងណា ជាមួយ​គ្នា​នេះ​ប្រទេស​ចិន​បាន​ចាប់ផ្ដើម​សងសឹក​លើ​ប្រទេស​ណា​ដែល​បាន​ដាក់​កំហិត​រឿង​ជំងឺ​កូវីដ-១៩​លើ​អ្នក​ដំណើរ​មកពី​ប្រទេស​ចិន។

តាម​ទីភ្នាក់ងារ​សារព័ត៌មាន Reuters ចិន​ចាត់​វិធានការ​សងសឹក​ដូចជា​ការ​ផ្អាក​ការ​ចេញ​ទិដ្ឋាការ​រយៈពេល​ខ្លី​ដល់​អ្នក​ដំណើរ​មកពី​ប្រទេស​ទាំងនោះ។

ស្របពេល​នេះ​ដែរ អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បាន​បញ្ជាក់​ថា ប្រទេស​ចិន​កំពុង​ប្រឈម​នឹង​ការ​ឆ្លង​យ៉ាង​ខ្លាំង​នា​ពេល​បច្ចុប្បន្ន​នេះ ដែល​មន្ត្រី​អង្គការ​សុខភាព​ពិភពលោក​ត្រូវ​ជួប​ជាមួយ​នឹង​មន្ត្រី​ចិន ដើម្បី​ពិភាក្សា​អំពី​ការ​កើនឡើង​នៃ​ករណី​ឆ្លង​ដោយ​រក​មធ្យោបាយ​ជួយ​ទប់ស្កាត់​ឱ្យ​បាន​ជោគជ័យ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស