33 C
Phnom Penh

ពលរដ្ឋ​ចិន​ឆ្លង​ជំងឺ​កូវីដ-១៩​ហក់​ឡើង​ជាង ១​ពាន់​លាន​នាក់​នៅ​រយៈពេល​ជាង​មួយ​ខែ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​សុខាភិបាល​ប្រទេស​ចិន ចាប់ផ្ដើម​ទទួលស្គាល់​នូវ​ភាព​កម្សោយ​របស់​ខ្លួន​ចំពោះ​ការ​ទប់ស្កាត់​មិន​បាន​សម្រេច​នូវ​ការ​រីក​រាលដាល​ការ​ឆ្លង​ជំងឺ​កូវីដ-១៩។

បើ​តាម​ការ​ចុះផ្សាយ​របស់​បណ្ដាញ​ផ្សាយ​ព័ត៌មាន Bloomberg ឲ្យ​ដឹង​ថា ៨០​ភាគរយ​នៃ​ចំនួន​ប្រជាជន​ចិន ១៤១០​លាន​នាក់ បាន​ឆ្លង​ជំងឺ​នេះ​នៅ​ទូទាំង​ប្រទេស ហើយ​តួលេខ​នេះ​គឺជា​ការ​បញ្ជាក់​របស់​អ្នកជំនាញ​ចិន Wu Zunyou ដែល​ជា​ប្រធាន​នៃ​មជ្ឈមណ្ឌល​ជាតិ​ចិន​គ្រប់គ្រង និង​បង្ការ​ជំងឺ​ឆ្លង។ តែ​លោក​បញ្ជាក់​ថា ទោះជា​បែប​នេះ​ក្ដី ពលរដ្ឋ​ចិន​បាន​ធន់​នឹង​ជំងឺ​នេះ​ហើយ។ ដូចនេះ វា​មិន​សូវ​ជា​ធ្ងន់ធ្ងរ​ពេក​នោះ​ទេ។

ការ​បញ្ជាក់​របស់​អ្នកជំនាញ​នេះ ទំនង​ឆ្លើយតប​ទៅ​អង្គការ​សុខភាព​ពិភពលោក​ដែល​បារម្ភ​ខ្លាំង​ថា រដូវ​ចូល​ឆ្នាំ​ចិន​នៅ​រដូវ​ត្រជាក់​នេះ នឹង​នាំ​ឲ្យ​មេរោគ​ផ្លូវដង្ហើម​ស្ទុះ​ឆ្លង​រីក​រាលដាល​ខ្លាំង​នៅ​ក្នុង​ប្រទេស​ចិន។

ក្រសួង​សុខាភិបាល​ចិន បាន​រាយការណ៍​ឱ្យ​ដឹង​ថា មនុស្ស​ជិត ១​ម៉ឺន ៣​ពាន់​នាក់​បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ នៅ​ក្នុង​មន្ទីរពេទ្យ​ចន្លោះ​ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃទី​១៩ ខែ​មករា នេះ បន្ទាប់ពី​អ្នកជំនាញ​សុខភាព​ចិន Wu Zunyou បាន​ទទួលស្គាល់​ថា​ប្រជាជន​ចិន​ភាគច្រើន​បាន​ឆ្លង​ជំងឺ​នេះ។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​នេះ មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ​ឆ្លង​នៃ​ប្រទេស​ចិន បាន​ឱ្យ​ដឹង​ថា អ្នកជំងឺ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ៦៨១​នាក់​បាន​ស្លាប់​ដោយសារ​មាន​បញ្ហា​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ ដែល​បង្ក​ឡើង​ដោយ​កូវីដ-១៩ និង ១១៩៧៧​នាក់​បាន​ស្លាប់​ដោយសារ​ជំងឺ​ដទៃ​ទៀត​ពាក់ព័ន្ធ​នឹង​ការ​ឆ្លង​កូវីដ-១៩។

តែ​ជាមួយ​គ្នា​នេះ មជ្ឈមណ្ឌល​នេះ​បាន​បញ្ជាក់​ថា តួលេខ​នេះ​មិន​បាន​រាប់​បញ្ចូល​អ្នក​ដែល​ស្លាប់​ដោយសារ​កូវីដ-១៩ នៅ​តាម​ផ្ទះ​នោះ​ទេ។ លើស​ពី​នេះ​ទៅ​ទៀត ការ​ប្រកាស​តួលេខ​អ្នក​ស្លាប់​នេះ​ទៀត​កើតមាន​ឡើង​ក្រោយ​ប្រធាន​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺឆ្លង លោក Wu Zunyou បាន​និយាយ​ថា ៨០​ភាគរយ​នៃ​ប្រជាជន​ចិន​បាន​ឆ្លង​កូវីដ-១៩។

តែ​កាលពី​រវាង​ថ្ងៃទី​៨ ដល់​ថ្ងៃទី​១២ មករា មជ្ឈមណ្ឌល​ដដែល​នេះ​បាន​ឱ្យ​ដឹង​ថា អ្នកជំងឺ​ស្លាប់​ដោយសារ​កូវីដ​មាន​ជិត ៦​ម៉ឺន​នាក់។

បើ​តាម​តួលេខ​ថ្មី​នេះ គឺ​អ្នក​ស្លាប់​មាន​ការ​ថយ​ចុះ តែ​អ្នក​ឆ្លង​មាន​ការ​ហក់​ឡើង​ខ្លាំង។ តែ​បែប​នេះ​ក្ដី ប្រទេស​ចិន​នៅតែ​អះអាង​ថា មនុស្ស​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ រយៈពេល​ជាង ១​ខែ​នេះ គឺ​ស្លាប់​មនុស្ស ៦​ម៉ឺន​នាក់​ប៉ុណ្ណោះ។ តែ​តួលេខ​នេះ​ត្រូវ​បាន​អ្នកជំនាញ​ផ្សេង​ទៀត​នៅ​មិន​ទាន់​ជឿ​ទុកចិត្ត ហើយ​គិត​ថា​ចំនួន​មនុស្ស​ស្លាប់​នៅ​ចិន​ព្រោះតែ​ជំងឺ​កូវីដ​ច្បាស់​ជា​ច្រើន​ជាង​តួលេខ​នេះ​ឆ្ងាយ​ណាស់។ ម្យ៉ាង​ទៀត មាន​ការ​សង្ស័យ​ថា រដ្ឋ​អំណាច​ចិន មិន​បាន​ស្រង់​ចំនួន​អ្នក​ស្លាប់​នៅ​តាម​ផ្ទះ​នោះ​ទេ។

នៅ​មុន​ចូល​ឆ្នាំ​ចិន ប្រធានាធិបតី ស៊ី ជីនពីង បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ចិន​មាន​ការ​ប្រុងប្រយ័ត្ន​ចំពោះ​ការ​រីក​រាលដាល​នៃ​ជំងឺ​នេះ។ លោក​ថា លោក​មាន​ការ​បារម្ភ​អំពី​ការ​ឆ្លង​លឿន​នៅ​តាម​ជនបទ។ តែ​យ៉ាងណា លោក​មិន​បាន​ចេញ​បម្រាម​ក្នុង​ការ​ជួបជុំ​ក្នុង​ពិធីបុណ្យ​ចូល​ឆ្នាំ​នោះ​ទេ។

ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន ឆ្នាំ​២០២៣ នេះ គេ​សង្កេត​ឃើញ​ប្រជាជន​ចិន​សប្បាយ​រីករាយ​នឹង​ការ​ដើរ​ហើរ​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ ពី​ទីក្រុង​ទៅ​ជនបទ ព្រោះតែ​ជា​ឱកាស​ត្រឡប់​ទៅ​លេង​ស្រុក​កំណើត ស្រុក​ដូនតា​របស់​ពួកគេ ដើម្បី​ជួបជុំ​គ្នា។

បុណ្យ​ចូល​ឆ្នាំ​ថ្មី​នៅ​ឆ្នាំ​នេះ ពលរដ្ឋ​ចិន​ខកខាន​មិន​បាន​ប្រារព្ធ​អស់​ពេល ៣​ឆ្នាំ​ទៅ​ហើយ​តាំងពី​ឆ្នាំ​២០២០ មក ព្រោះតែ​ប្រទេស​នេះ​ផ្ទុះ​ជំងឺ​ឆ្លង​នេះ​ដែល​នាំ​ឱ្យ​រដ្ឋ​អំណាច​ចិន​បិទ​ប្រទេស បិទ​ខ្ទប់​ចរាចរណ៍ និង​ពង្រឹង​វិធានការ​តឹងរ៉ឹង ដោយ​ការ​អនុវត្ត​នយោបាយ​កូវីដ​សូន្យ ដែល​លោក ស៊ី បាន​ទម្លាក់​ឱ្យ​អនុវត្ត។ យ៉ាងណា វិធានការ​នេះ​ទើប​តែ​ត្រូវ​បើក​ឡើងវិញ​ក្រោយពី​ពលរដ្ឋ​ចិន​រាប់​ម៉ឺន​នាក់​ធ្វើ​បាតុកម្ម​តវ៉ា​ប្រឆាំង ហើយ​រដ្ឋ​អំណាច​ចិន​ក៏​សម្រេច​លុប​ចោល​ទៅវិញ​នៅ​ចុង​ឆ្នាំ​២០២២។

បែប​នេះ​ក្ដី អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បាន​រិះគន់​ថា ប្រទេស​ចិន​កំពុង​ប្រឈម​នឹង​ការ​ឆ្លង​យ៉ាង​ខ្លាំង​នា​ពេល​បច្ចុប្បន្ន​នេះ ដែល​លោក​ទទូច​ថា ចិន​ត្រូវ​រក​មធ្យោបាយ​ជួយ​ទប់ស្កាត់​ឱ្យ​បាន​ជោគជ័យ។

សម្រាប់​អ្នកជំនាញ​ម្នាក់​មកពី​សាកលវិទ្យាល័យ​ប៉េកាំង លោក Michael Pettis សរសេរ​នៅ​លើ Twitter របស់​លោក​ថា ទាំង​ប្រជាជន ទាំង​រដ្ឋាភិបាល និង​អ្នកជំនាញ​ចិន គិត​ថា​ចិន​ពិត​ជា​ទប់ស្កាត់​បាន​នូវ​ជំងឺឆ្លង​ផ្លូវដង្ហើម​នេះ តែ​វា​ជា​រឿង​ធ្វេសប្រហែស​ទៅវិញ​ទេ។

លោក​បន្ត​ថា នៅ​ពេល​នេះ​ប្រព័ន្ធ​សុខាភិបាល​សាធារណៈ​ចិន​ដូច​ដើរ​ចូល​ក្នុង​អន្ទាក់​នៃ​ជំងឺ​នេះ​ហើយ។ ឥឡូវ​នេះ វា​ផ្ទុះ​សឹងតែ​ពាសពេញ​ប្រទេស​ទៅ​ហើយ ដែល​មន្ទីរពេទ្យ​តាម​ទីក្រុង និង​បណ្ដា​ខេត្ត​រក​គ្រែ​សម្រាប់​អ្នក​ជំងឺ​សឹងតែ​លែង​បាន​ទៅ​ហើយ។

ក្រុម​អ្នកជំនាញ​ខាង​ជំងឺឆ្លង​នៃ​ក្រុម​បស្ចិម​ប្រទេស ព្រមាន​ថា ពលរដ្ឋ​ចិន​អាច​ស្លាប់​ដល់​ទៅ​ជាង ២​លាន​នាក់​នៅ​អំឡុង​ឆ្នាំ​២០២៣ នេះ បើ​ការ​ឆ្លង​កាន់តែ​មាន​អត្រា​ខ្ពស់​ដូចនេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស