រដ្ឋាភិបាលវៀតណាម ស្នើកម្ពុជាជាថ្មីឲ្យជួយដោះស្រាយការលំបាកប្រជាជនវៀតណាម ដែលបានស្នើសុំសញ្ជាតិខ្មែរ និងការតាំងទីលំនៅថ្មីនៅកម្ពុជា ខណៈអ្នកឃ្លាំមើលចាត់ទុកការផ្ដល់សញ្ជាតិឲ្យជនជាតិវៀតណាម ដែលមានព្រំដែនជាប់ខ្មែរនេះ ជាហានិភ័យសម្រាប់ប្រទេសជាតិ។
ការស្នើរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ធ្វើឡើងក្នុងជំនួបទ្វេភាគីជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង អំឡុងពេលដែលលោកកំពុងទស្សនកិច្ចនៅទីក្រុងហាណូយ កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៣ បន្ទាប់ពីមានការអញ្ជើញពីភាគីវៀតណាម។
បើតាមសារព័ត៌មានវៀតណាម VNA ផ្សាយកាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣ ឲ្យដឹងថា ក្នុងជំនួបទ្វេភាគី នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានស្នើឲ្យក្រសួងមហាផ្ទៃកម្ពុជាបន្តពង្រឹងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មគ្រប់ប្រភេទ ជាពិសេសបទល្មើសឆ្លងដែន។ បន្ថែមពីនេះ លោក Pham Minh Chinh ក៏បានស្នើទៅលោក ស ខេង ឲ្យសម្របសម្រួលក្នុងការជួយសង្គ្រោះពលរដ្ឋវៀតណាម ដែលត្រូវបានឃុំខ្លួន និងបង្ខំឲ្យធ្វើការនៅក្នុងកន្លែងលេងល្បែងខុសច្បាប់នៅកម្ពុជាផងដែរ។

ក្រៅពីស្នើឲ្យជួយពលរដ្ឋកំពុងជាប់ឃុំ ឬបង្ខំហើយ នាយករដ្ឋមន្ត្រីវៀតណាមបានស្នើជាថ្មីទៀតទៅកាន់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ឲ្យបន្តជួយគាំទ្រដល់សហគមន៍វៀតណាមនៅកម្ពុជា និងឲ្យបន្តជួយពលរដ្ឋវៀតណាមដែលកំពុងរស់នៅខុសច្បាប់នៅកម្ពុជា ជាពិសេសឲ្យជួយដោះស្រាយការលំបាកប្រជាជនវៀតណាម ដែលសុំសញ្ជាតិខ្មែរដើម្បីស្នាក់នៅកម្ពុជាទៀតផង។
យ៉ាងណាក៏ដោយ ការអញ្ជើញលោក ស ខេង ទៅទស្សនកិច្ចនៅវៀតណាម ធ្វើឡើងស្របពេលដែលកន្លងមក រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ធ្លាប់បានបញ្ជាទៅសមត្ថកិច្ចឲ្យចាប់បញ្ជូនជនជាតិវៀតណាមដែលរស់នៅកម្ពុជាខុសច្បាប់ទៅប្រទេសកំណើតវិញ។ លោកបញ្ជាក់ថា ជនជាតិវៀតណាមខ្លះត្រូវបានសមត្ថកិច្ចបញ្ជូនទៅដល់ព្រំដែនហើយ ប៉ុន្តែបែរជាអាជ្ញាធរវៀតណាមមិនទទួលពលរដ្ឋខ្លួនទៅវិញ។
កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ លោក ប៉ោ ភក្តិ លើកឡើងថា អាជ្ញាធរវៀតណាមមិនព្រមទទួលយកជនអន្តោប្រវេសន៍វៀតណាមដែលរឹងរូស និងជនជាតិវៀតណាមដែលមានបំណងចង់ត្រឡប់ទៅប្រទេសកំណើតវិញឡើយ ដែលករណីនេះជាបញ្ហាប្រឈមសម្រាប់កម្ពុជា។
លោក ប៉ោ ភក្តិ ស្នើឱ្យរដ្ឋាភិបាលកម្ពុជាពន្លឿនការធ្វើវិសោធនកម្មច្បាប់អន្តោប្រវេសន៍ឆ្នាំ១៩៩៤ ដើម្បីធានាអំពីប្រសិទ្ធភាពនៃការគ្រប់គ្រងជនអន្តោប្រវេសន៍ខុសច្បាប់នៅកម្ពុជា។
ជារឿយៗ មេដឹកនាំវៀតណាមតែងតែស្នើសុំថ្នាក់ដឹកនាំកម្ពុជា ក្នុងនោះមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងប្រធានរដ្ឋសភា លោក ហេង សំរិន ជាដើម ដើម្បីឲ្យជួយផ្ដល់ភាពស្របច្បាប់ដល់ពលរដ្ឋវៀតណាមដែលកំពុងរស់នៅខុសច្បាប់ក្នុងប្រទេសកម្ពុជា អំឡុងពេលរដ្ឋាភិបាលកម្ពុជាទៅបំពេញទស្សនកិច្ចនៅវៀតណាម ឬក៏វៀតណាមមកបំពេញទស្សនកិច្ចនៅកម្ពុជា។
ប៉ុន្តែការស្នើរបស់មេដឹកនាំវៀតណាមម្ដងហើយម្ដងទៀតនេះ ត្រូវបានប្រធានរាជបណ្ឌិត្យសភាកម្ពុជា បណ្ឌិត សុខ ទូច ធ្លាប់បានលើកឡើងកាលពីខែសីហា ឆ្នាំ២០១៩ ថា ការសម្របសម្រួល និងផ្ដល់សញ្ជាតិដល់ជនអន្តោប្រវេសន៍ដែលមានព្រំប្រទល់ជាប់គ្នានេះ នឹងធ្វើឲ្យប្រទេសជួបហានិភ័យខ្លាំង។ លោកបន្តថា គ្មានប្រទេសណាមួយដែលនៅជិតខាងគ្នាឲ្យសញ្ជាតិជនជាតិក្បែរខាងនោះទេ។
លោកបន្តថា ប្រសិនបើជនជាតិវៀតណាមរស់នៅកម្ពុជាស្របច្បាប់ ហើយមានសញ្ជាតិ គឺមានសិទ្ធិអ្វីៗទាំងអស់ ហើយព្រមទាំងមានសិទ្ធិក្នុងការសម្រេចជោគវាសនា មានសិទ្ធិទិញដី និងមានសិទ្ធិបោះឆ្នោត។ ដូច្នេះ តើក្រុមហ្នឹងនឹងក្លាយទៅជាអ្វីនៅថ្ងៃអនាគត? តើពួកគេនឹងក្លាយជាម្ចាស់ជោគវាសនាប្រទេសកម្ពុជាដែរឬទេ?
បណ្ឌិត សុខ ទូច បានទាមទាររដ្ឋាភិបាលត្រូវបញ្ជូនជនអន្តោប្រវេសន៍ដែលរស់នៅដោយខុសច្បាប់ទៅប្រទេសដើមវិញ ដោយមិនត្រូវទុកឲ្យពួកគេរស់នៅប្រទេសកម្ពុជាទាំងខុសច្បាប់នោះទេ៕