ផ្អែកតាមតារាងរចនាសម្ព័ន្ធស្ដីពីឋានានុក្រមក្នុងការគ្រប់គ្រងការរកស៊ីឈើខុសច្បាប់របស់សារព័ត៌មានអន្តរជាតិ Mongabay បានចុះផ្សាយកាលពីពេលកន្លងទៅនោះបង្ហាញថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត គឺជាមេខ្លោងនៅពីក្រោយឧក្រិដ្ឋជនព្រៃឈើដ៏ធំក្នុងការរកស៊ីឈើខុសច្បាប់នៅកម្ពុជា។
កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ សារព័ត៌មាន The Cambodia Daily បានដកស្រង់ខ្លឹមសារនៃអត្ថបទដែលចុះផ្សាយដោយសារព័ត៌មានអន្តរជាតិ Mongabay ប៉ុន្តែត្រូវបានមេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន និងកូនប្រុសត្រៀមស្នងតំណែងរបស់គាត់ គឺលោក ហ៊ុន ម៉ាណែត ដែលជាបេក្ខជនអនាគតនាយករដ្ឋមន្ត្រីដ៏ចម្រូងចម្រាសរបស់គណបក្សប្រជាជនកម្ពុជា ព្រមទាំងមន្ត្រីក្រោមឱវាទ បានចោទថា សារព័ត៌មាន The Cambodia Daily ប្រឌិតព័ត៌មានរបស់សារព័ត៌មានអន្តរជាតិ Mongabay ទៅវិញ។
កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ បេក្ខជនអនាគតនាយករដ្ឋមន្ត្រីបក្សកាន់អំណាច លោក ហ៊ុន ម៉ាណែត បានបង្ហោះវីដេអូបដិសេធថា លោកមិនមែនជាអ្នកនៅពីក្រោយការរកស៊ីឈើខុសច្បាប់នោះទេ ក្នុងនោះលោកបានទាមទារឱ្យសារព័ត៌មាន The Cambodia Daily បង្ហាញភស្តុតាងដែលលោកអះអាងថា The Cambodia Daily បានចុះផ្សាយខុសពីការពិត និងមានលក្ខណៈប្រឌិតខុសពីសេចក្តីរាយការណ៍ក្នុងកាសែតអន្តរជាតិ Mongabay ដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះ។
ចំណែកលោក ហ៊ុន សែន ជាឪពុកបង្កើតរបស់លោក ហ៊ុន ម៉ាណែត ដែលដឹកនាំប្រទេសជិត ៤០ឆ្នាំល្បីល្បាញខាងការបណ្តោយឲ្យមានការបំផ្លាញធនធានធម្មជាតិកម្ពុជា បានបង្ហោះវីដេអូឃ្លីបកូនប្រុសរបស់ខ្លួនលើទំព័រហ្វេសប៊ុកផ្លូវការកាលពីថ្ងៃទី២០ ខែមីនា ដោយសរសេរថា ហ៊ុន ម៉ាណែត ឆ្លើយតបទៅនឹង The Cambodia Daily Khmer ដែលចោទ ម៉ាណែត ថាជាមេបណ្ដាញរកស៊ីឈើខុសច្បាប់ដោយទាំងគ្មានភស្តុតាងច្បាស់លាស់។
មេដឹកនាំខ្មែរក្រាញអំណាចផ្ដាច់មុខនៅកម្ពុជា លោក ហ៊ុន សែន គំរាមថា បើសារព័ត៌មាន The Cambodia Daily ពិតជាសារព័ត៌មានវិជ្ជាជីវៈ និងគ្មានចេតនាទុច្ចរិតក្នុងការផ្សាយព័ត៌មានមិនពិតទេនោះ សូមបង្ហាញពីភស្តុតាង ហើយបើគ្មានភស្តុតាងទេ សូមធ្វើការកែសម្រួលជាបន្ទាន់។
ទោះជាយ៉ាងណាក៏ដោយ សារព័ត៌មានអន្តរជាតិ Mongabay បានលាតត្រដាងយ៉ាងច្បាស់ពីតារាងរចនាសម្ព័ន្ធឧក្រិដ្ឋជនព្រៃឈើនៅកម្ពុជា ដែលមាននាយករដ្ឋមន្ត្រីខ្មែរលោក ហ៊ុន សែន ជាអ្នកគ្រប់គ្រងកំពូល និងលោក ហ៊ុន ម៉ាណែត ដែលជាកូនប្រុសបង្កើតរបស់គាត់ គឺជាអ្នកគ្រប់គ្រងបន្ទាប់លើបណ្ដាញឧក្រិដ្ឋជនដែលជាថ្នាក់ក្រោមរបស់ខ្លួន ដូចជាឧកញ៉ា ម៉ឹក សុផាន់ណារ៉េត ហៅឧកញ៉ា ជ័យ ដែលល្បីល្បាញខាងរកស៊ីឈើខុសច្បាប់នៅខេត្តស្ទឹងត្រែង សព្វថ្ងៃនេះ។
សារព័ត៌មានអន្តរជាតិ Mongabay បានចេញផ្សាយរបាយការណ៍ស៊ើបអង្កេតរបស់ខ្លួនកាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ ដោយបង្ហាញរចនាសម្ព័ន្ធសែស្រឡាយដែលនៅពីក្រោយបទល្មើសរកស៊ីឈើខុសច្បាប់ និងក្រុមហ៊ុនមួយចំនួនយ៉ាងច្បាស់ក្រឡែត ក្នុងនោះគឺលោក ហ៊ុន សែន ជាអ្នកគ្រប់គ្រងផុតលេខក្នុងរចនាសម្ព័ន្ធនៃឧក្រិដ្ឋជនព្រៃឈើនេះ។ ចំណែកលោក ហ៊ុន ម៉ាណែត គឺជាអ្នកគ្រប់គ្រងលើរចនាសម្ព័ន្ធឧក្រិដ្ឋជនថ្នាក់ក្រោមដោយផ្ទាល់ ដូចជាអង្គភាពយុវជនគណបក្សប្រជាជនកម្ពុជាពិភពលោក (CPP Youth Organization Global) ក្រុមយុវជនគណបក្សប្រជាជនកម្ពុជានៅសហរដ្ឋអាមេរិក (CPP West Coast Team in United State) និងក្រុមការងារគណបក្សយុវជនកម្ពុជានៅសហរដ្ឋអាមេរិក (CPP Utah Working Group in United State) ជាដើម ដែលមានភរិយារបស់ឧកញ៉ា ម៉ឹក សុផាន់ណារ៉េត គឺអ្នកស្រី អាន សុខនីន រួមទាំងប្តីរបស់អ្នកស្រី គឺឧកញ៉ា ម៉ឹក សុផាន់ណារ៉េត ហៅឧកញ៉ាជ័យ ដែលជាសមាជិកជាន់ខ្ពស់នៃអង្គភាពខាងលើនេះ។
ក្នុងតារាងរចនាសម្ព័ន្ធនោះ បានបែងចែកពីមុខងារ និងទំនាក់ទំនងរបស់ពួកគេយ៉ាងច្បាស់លាស់ ដែលត្រូវគ្រប់គ្រងតាមឋានានុក្រមពីថ្នាក់កំពូលរហូតដល់ថ្នាក់ក្រោម ក្នុងនោះអ្នកគ្រប់គ្រងកំពូល គឺលោក ហ៊ុន សែន ខណៈលោក ហ៊ុន ម៉ាណែត ត្រូវគ្រប់គ្រងលើអង្គភាពយុវជនគណបក្សប្រជាជនកម្ពុជាពិភពលោក (CPP Youth Organization Global) ចំណែកអង្គភាពយុវជនគណបក្សប្រជាជនកម្ពុជាពិភពលោកត្រូវគ្រប់គ្រងលើអង្គភាពក្រុមយុវជនគណបក្សប្រជាជនកម្ពុជានៅសហរដ្ឋអាមេរិក (CPP West Coast Team in United State) បន្តទៀត។
ជាងនេះទៅទៀត អង្គភាពក្រុមយុវជនគណបក្សប្រជាជនកម្ពុជានៅសហរដ្ឋអាមេរិក (CPP West Coast Team in United State) ត្រូវគ្រប់គ្រងលើអង្គភាពក្រុមការងារគណបក្សយុវជនកម្ពុជានៅសហរដ្ឋអាមេរិក (CPP Utah Working Group in United State) ដែលអង្គភាពនេះមានអ្នកស្រី អាន សុខនីន ជាអនុប្រធាន និងឧកញ៉ា ម៉ឹក សុផាន់ណារ៉េត ហៅឧកញ៉ាជ័យ ជាប្រធាន។
ជាងនេះទៀត ក្នុងតារាងរចនាសម្ព័ន្ធនោះបានលាតត្រដាងពីក្រុមហ៊ុនឈើដែលអ្នកស្រី អាន សុខនីន និងឧកញ៉ា ម៉ឹក សុផាន់ណារ៉េត កំពុងប្រតិបត្តិការរកស៊ីដោយខុសច្បាប់ និងលាតត្រដាងពីមនុស្សមួយចំនួនដែលស្ថិតក្រោមការគ្រប់គ្រងរបស់ប្តីប្រពន្ធមួយគូនេះផងដែរ ក្នុងនោះអ្នកស្រី អាន សុខនីន គឺជាអគ្គនាយករបស់ក្រុមហ៊ុន ហួត ម៉េងរីតា (Hout Meng Rita) ដែលកំពុងគ្រប់គ្រងលើដីសម្បទានសេដ្ឋកិច្ចនៅខេត្តឧត្តរមានជ័យ និងមានក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនមួយចំនួនទៀតផងដែរ។
ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ហួត ម៉េងរីតា (Hout Meng Rita) រួមមានក្រុមហ៊ុន ធី ង៉ាន (Thy Nhan) កំពុងគ្រប់គ្រងដីសម្បទានសេដ្ឋកិច្ចនៅខេត្តព្រះវិហារ ដែលមានលោក ឡេង ឬទ្ធី ជាអគ្គនាយក និងក្រុមហ៊ុន អង្គរ ផ្លាយវូដ (Angkor Plywood) ដែលមានឧកញ៉ា ជា ពៅ ហៅ ហួ គឺជាអគ្គនាយក ដែលត្រូវបានគេរាយការណ៍ថាកំពុងប្រតិបត្តិការកាប់ឈើខុសច្បាប់ពាសពេញតំបន់អភិរក្សសត្វព្រៃព្រៃឡង់សព្វថ្ងៃនេះ។
តារាងរចនាសម្ព័ន្ធខាងលើបង្ហាញថា ប្រធានក្រុមហ៊ុន អង្គរ ផ្លាយវូដ (Angkor Plywood) របស់ឧកញ៉ា ជា ពៅ គឺជាបងប្អូនបង្កើតរបស់អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងជាគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) លោក ជា វុទ្ធី ផងដែរ ហើយបុគ្គលរូបនេះមានតួនាទីយ៉ាងសំខាន់ក្នុងការទទួលខុសត្រូវលើការអនុម័តដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន TSMW ដែលកំពុងគ្រប់គ្រងដីសម្បទានសេដ្ឋកិច្ចនៅខេត្តស្ទឹងត្រែង ដែលមានលោក ស សារ៉ាន់ ជាអគ្គនាយកសព្វថ្ងៃនេះ។
ចំណែកឧកញ៉ា ម៉ឹក សុផាន់ណារ៉េត ហៅឧកញ៉ាជ័យ គឺជាអ្នកជ្រោមជ្រែងនៅពីក្រោយក្រុមហ៊ុនTSMW យ៉ាងធំសព្វថ្ងៃនេះ ហើយលោកក៏មានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកស្រី តាំង សៀកមុំដែលជាអតីតអគ្គនាយកក្រុមហ៊ុន TSMW ផងដែរ ខណៈអ្នកស្រី តាំង សៀកមុំ ត្រូវជាមិត្តភ័ក្ដិជិតស្និទ្ធបំផុតរបស់កូនៗអ្នកស្រី អាន សុខនីន និងឧកញ៉ា ម៉ឹក សុផាន់ណារ៉េត ដែលមានឈ្មោះ ណារ៉េត លីហួត, ណារ៉េត លីម៉េង, និង ណារ៉េត ណារីតា។
ផ្អែកតាមតារាងរចនាសម្ព័ន្ធស្ដីពីឋានានុក្រមក្នុងការគ្រប់គ្រងការរកស៊ីឈើខុសច្បាប់នេះ បង្ហាញថា លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត គឺជាមេខ្លោងឧក្រិដ្ឋជនព្រៃឈើដ៏ធំក្នុងការរកស៊ីឈើខុសច្បាប់នៅកម្ពុជាដែលសារព័ត៌មានអន្តរជាតិ Mongabay បានចុះផ្សាយកាលពីពេលកន្លងទៅនេះ។
អនុប្រធានវេទិកាពលរដ្ឋ លោក ម៉ែន ណាត អះអាងថា ការយាយីរបស់លោក ហ៊ុន ម៉ាណែត និងលោក ហ៊ុន សែន គឺជាសញ្ញានៃការគំរាមកំហែងថ្មីមកលើបណ្ដាញសារព័ត៌មានឯករាជ្យ។ លោកបន្តថា ភស្តុតាងរបស់សារព័ត៌មាន Mongabay ដែលចុះផ្សាយនោះល្មមជាភស្តុតាងគ្រប់គ្រាន់សម្រាប់លោក ហ៊ុន ម៉ាណែត និងលោក ហ៊ុន សែន នោះហើយ។
ទាក់ទិននឹងបញ្ហានេះ ក្រុមអ្នកសង្កេតការណ៍អះអាងថា សេណារីយ៉ូថ្មីដែលកំពុងរៀបចំដោយក្រុមលោក ហ៊ុន សែន មានបំណងបំបិទសារព័ត៌មានឯករាជ្យក្នុងស្រុក និងព្រមទាំងមានចេតនាលាបពណ៌ និងទប់ស្កាត់សារព័ត៌មានឯករាជ្យនៅក្រៅប្រទេសផងដែរ ដូចជាសារព័ត៌មាន The Cambodia Daily ជាដើម ដើម្បីទប់ស្កាត់ពីការចុះផ្សាយអំពីទង្វើអាក្រក់របស់ខ្លួនដែលកំពុងប្រព្រឹត្តសព្វថ្ងៃនេះ។
ប្រភពដដែលត្អូញត្អែរថា ព្រៃឈើនៅកម្ពុជាត្រូវបានកាប់បំផ្លាញគ្មានសល់ពីមួយឆ្នាំទៅមួយឆ្នាំដោយស្នាដៃនៃក្រុមហ៊ុនរបស់ឧកញ៉ាដែលជាសែស្រឡាយ និងជាអ្នករកផលប្រយោជន៍ឱ្យគ្រួសាររបស់លោក ហ៊ុន សែន យ៉ាងអនាធិបតេយ្យសព្វថ្ងៃនេះ។
ជាក់ស្តែង ដូចជាឧកញ៉ាដែលស្និទ្ធនឹងលោក ហ៊ុន សែន មួយចំនួនដែលកំពុងប្រកបអាជីវកម្មលើបទល្មើសព្រៃឈើសព្វថ្ងៃនេះ ដូចជាម្ចាស់ក្រុមហ៊ុន ទ្រី ភាព ហ្គ្រុប គឺឧកញ៉ា ទ្រី ភាព រហស្សនាមស្តេចគ្រញូង លោក លី យ៉ុងផាត់ រហស្សនាមស្តេចកោះកុង និងយាយភូ ម្ចាស់ក្រុមហ៊ុន ភាពីម៉ិច ដែលជាមិត្តជិតស្និទ្ធនឹងភរិយាលោក ហ៊ុន សែន គឺអ្នកស្រី ប៊ុន រ៉ានី ជាដើម។
ជុំវិញបញ្ហានេះ អង្គការឃ្លាំមើលព្រៃឈើពិភពលោក បានចេញរបាយការណ៍របស់ខ្លួនកាលពីអំឡុងឆ្នាំ២០២១ ស្ដីពីឧក្រិដ្ឋកម្មព្រៃឈើនៅកម្ពុជាថា ការវិនាសព្រៃឈើខ្មែរក្នុងដែនជម្រកសត្វព្រៃព្រៃឡង់របស់កម្ពុជាសព្វថ្ងៃនេះ គឺបង្កឡើងដោយក្រុមហ៊ុនមួយចំនួនដែលរកស៊ីកាប់ឈើខុសច្បាប់បច្ចុប្បន្ននេះ ដូចជាក្រុមហ៊ុន Think Biotech ក្រុមហ៊ុន Angkor Plywood ក្រុមហ៊ុន Sam Oeun Sovann ក្រុមហ៊ុន PNT និងក្រុមហ៊ុន Thy Ngan Development ជាដើម។
ក្រមព្រហ្មទណ្ឌមាត្រា៥២៨ ចែងថា មន្ត្រីរាជការសាធារណៈមិនប្ដឹងបរិហារ និងមិនអើពើបង្ក្រាបបទល្មើសឋិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន នឹងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំដល់ ៣ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀលដល់ ៦លានរៀលថែមទៀត ប៉ុន្តែការអនុវត្តជាក់ស្តែង ឈ្មួញរកស៊ីឈើខុសច្បាប់ ដូចជាឧកញ៉ា លីម ប៊ុណ្ណា ហៅឧកញ៉ា ខ្នា និងនាយករងការិយាល័យបំភ័ន្តអក្ខរៈនៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ចាប សារ៉ន ជាដើម ដែលល្បីល្បាញខាងរកស៊ីខុសច្បាប់នៅតំបន់ព្រៃឡង់រហូតមក មិនត្រូវបានកាត់ទោសនោះទេ ប៉ុន្តែបែរជាត្រូវដំឡើងឋានន្តរស័ក្ដិជាមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល និងជាសមាជិកជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន ទៅវិញ។
យ៉ាងណាក៏ដោយ កាលពីចុងឆ្នាំ២០២១ លោក ហ៊ុន សែន ធ្លាប់បានរិះគន់ពលរដ្ឋ និងអ្នកដែលរិះគន់លោករឿងបាត់បង់ព្រៃឈើថា ពួកគេបាននាំគ្នាទៅទិញឈើដើម្បីសង់ផ្ទះដែលជាការលើកទឹកចិត្តឱ្យមានការកាប់បំផ្លាញព្រៃឈើ ប៉ុន្តែពួកគេបែរជានាំគ្នាទម្លាក់កំហុសមកលើលោកទៅវិញ។ បញ្ហានេះ លោក ហ៊ុន សែន ព្រមានថា លោកនឹងរុះរើផ្ទះរបស់ពលរដ្ឋទាំងអស់ដែលសាងសង់ក្រោយឆ្នាំ១៩៧៩ ដើម្បីប្រមូលឈើដែលបាត់បង់ទាំងនោះត្រឡប់មកវិញ។
កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បានចេញរបាយការណ៍មួយដោយបង្ហាញថា ព្រៃឈើចំនួនជាង ៦ពាន់ហិកតារ (៦២៧១ហិកតារ)ស្ថិតក្នុងដែនជម្រកសត្វព្រៃចំនួនពីរត្រូវបានកាប់បំផ្លាញ ក្នុងនោះមានដែនជម្រកសត្វព្រៃព្រៃឡង់ និងដែនជម្រកសត្វព្រៃព្រះរការ ដោយការកាប់ឈើខុសច្បាប់យ៉ាងច្រើនសន្ធឹកសន្ធាប់ដែលនាំឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សិទ្ធិ និងវប្បធម៌របស់ជនជាតិដើមភាគតិចសព្វថ្ងៃនេះ។
ទាក់ទិននឹងបញ្ហានេះ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានផ្តាច់ជំនួយពីរដ្ឋាភិបាលកម្ពុជាលើគម្រោង «ព្រៃឡង់បៃតង» ដែលជាការឆ្លើយតបនឹងវិធានការរបស់រដ្ឋាភិបាលដែលបិទខ្ទប់សកម្មភាពរបស់សកម្មជនការពារព្រៃឈើមិនឱ្យចូលល្បាតបទល្មើសព្រៃឈើនៅក្នុងតំបន់ព្រៃឡង់រហូតមក ស្របពេលដែលព្រៃឈើក្នុងតំបន់ការពារមួយនេះនៅតែបន្តរងនូវការកាប់បំផ្លាញដដែល។
ក្នុងរបាយការណ៍ស្រាវជ្រាវដែលមានកម្រាស់ ៥៣ទំព័ររបស់អង្គការគំនិតផ្ដួចផ្ដើមសាកលប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន (Global Initiative Against Transnational Organized Crime) បានចេញផ្សាយកាលពីចុងខែកញ្ញា ឆ្នាំ២០២២ អំពីការបង្កើតបណ្ដាញរកស៊ីឈើខុសច្បាប់យ៉ាងធំនៅកម្ពុជាជាមួយមន្ត្រី និងឧកញ៉ាខិលខូចថា គ្រួសារលោក ហ៊ុន សែន បានចែកគ្នាគ្រប់គ្រងឧកញ៉ារៀងៗខ្លួន ដើម្បីឲ្យឧកញ៉ាទាំងនោះរកស៊ីខុសច្បាប់រកលុយឲ្យខ្លួន ដូចជាការប្រព្រឹត្តបទល្មើសព្រៃឈើនៅកម្ពុជា ជាដើម ដែលគេបានរកឃើញក្នុងពេលបច្ចុប្បន្ននេះ៕