គណៈកម្មាធិការមួយថៃពិភពលោក WMO (World Of Muaythai Organization) សម្រេចដកខ្សែក្រវាត់ WMO របស់កីឡាករ Thiago Teixeira ជនជាតិប្រេស៊ីល និងហាមឃាត់រាល់ការប្រកួតក្នុងព្រឹត្តិការណ៍ WMO នាពេលអនាគត បន្ទាប់ពីកីឡាកររូបនេះប្រកួតតំណាងឱ្យគុនខ្មែររបស់ប្រទេសកម្ពុជា។
ប្រធានស្ថាប័នមួយថៃពិភពលោក (WMO) លោក Chinawut Sirisampan បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ នេះ ដោយប្រកាសដកខ្សែក្រវាត់ WMO ពីកីឡាករ Thiago Teixeira បន្ទាប់ពីកីឡាកររូបនេះផ្តួលគូប្រកួតកីឡាករអង់គ្លេស Joe Craven ឱ្យសន្លប់ទឹកទី២ ក្នុងកម្មវិធី APEX Fight Series នៅសង្វៀន LKH Arena ប្រទេសអាល្លឺម៉ង់ កាលពីយប់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ នេះ ដោយសារតែកីឡាករ Thiago Teixeira ស្លៀកខោមានអក្សរគុនខ្មែរជាសម្គាល់ក្នុងនាមតំណាងឱ្យប្រទេសកម្ពុជា។
ប្រធានស្ថាប័នមួយថៃខាងលើលើកឡើងថា ជោគជ័យរបស់កីឡាករ Thiago បានធ្វើឱ្យថ្នាក់ដឹកនាំស្ថាប័ន WMO ខកចិត្តយ៉ាងខ្លាំង ដោយសារតែអាកប្បកិរិយាអ្នកប្រដាល់រូបនេះបានធ្វើឱ្យប៉ះពាល់ដល់កិត្តិយសស្ថាប័នមួយថៃពិភពលោកក្នុងព្រឹត្តិការណ៍ WMO នេះ។
លោក Chinawut Sirisampan បានលើកឡើងថា Thiago បានហ្វឹកហាត់មួយថៃអស់រយៈពេលជាច្រើនឆ្នាំ និងរស់នៅកោះសាមុយក្នុងប្រទេសថៃ ព្រមទាំងបានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កំពូលៗជាច្រើននាពេលកន្លងមក។
ការសម្រេចដកខ្សែក្រវាត់ WMO ពីកីឡាករ Thiago Teixeira នេះ ធ្វើឡើងភ្លាមៗបន្ទាប់ពីកីឡាករជនជាតិប្រេស៊ីលរូបនេះប្រកួតឈ្នះកីឡាករជនជាតិអង់គ្លេស ក្នុងនាមតំណាងឱ្យគុនខ្មែររបស់ប្រទេសកម្ពុជា។
កាលពីថ្ងៃទី១ រំលងអធ្រាត្រខែមេសា ឆ្នាំ២០២៣ កីឡាករ Thiago Teixeira បានយកឈ្នះកីឡាករអង់គ្លេស Joe Craven ក្នុងកម្មវិធី APEX Fight Series នៅសង្វៀន LKH Arena ប្រទេសអាល្លឺម៉ង់។ នៅពេលការប្រកួតត្រូវបានបញ្ចប់ភ្លាម កីឡាករ Thiago បានយកទង់ជាតិរបស់កម្ពុជាមកចងជាប់នឹងខ្លួន ដោយឆ្លើយទៅកាន់សំណួរពិធីករថា ជើងឯកពិភពលោក WMO គុនខ្មែរជាក្បាច់គុនមានដើមកំណើតពីកម្ពុជា។ បន្ថែមលើនេះ កីឡាករ Thiago Teixeira ក៏បានបង្ហោះវីដេអូខ្លីមួយទៀតផងដែរ បន្ទាប់ពីការប្រកួតបានបញ្ចប់ ដោយនិយាយជាភាសាខ្មែរថា៖ «គុនខ្មែរ! គុនខ្មែរ! គុនខ្មែរ! ជាក្បាច់គុនមានដើមកំណើតពីកម្ពុជា»។
កីឡាករ Thiago Teixeira តំណាងឱ្យមួយថៃ បានចាញ់កីឡាករ ធឿន ធារ៉ា តំណាងឱ្យគុនខ្មែរកាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅ ប៉ុន្តែក្រោយចាញ់ការប្រកួត កីឡាករ Thiago Teixeira បានសម្រេចចិត្តទៅលេងប្រទេសកម្ពុជា និងទៅទស្សនារូបចម្លាក់ក្បាច់គុននៅលើផ្ទាំងសិលាប្រាសាទអង្គរវត្តថែមទៀត។
បន្ទាប់ពីឈ្វេងយល់ពីកំណើតក្បាច់គុន កីឡាករប្រេស៊ីលរូបនេះបានសរសេរលើលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនកាលពីពេលកន្លងទៅថា «នេះជាបទពិសោធន៍ដ៏មិនគួរឲ្យជឿមួយ ហើយពិតជារីករាយខ្លាំងណាស់ដែលបានឃើញទីកន្លែងនៃក្បាច់គុន ដែលលោកបានហាត់រៀនតាំងពីអាយុ ១៦ឆ្នាំមុន ជាក្បាច់គុនដែលលោកបានហៅថា Muy Thai ប៉ុន្តែថ្ងៃនេះលោកបានស្វែងរកឃើញថា អ្វីដែលលោកតែងតែហាត់នោះ គឺជាគុនខ្មែរសោះ!។»
សព្វថ្ងៃនេះ កីឡាករប្រេស៊ីល Thiago កំពុងស្នាក់នៅក្នុងរាជធានីភ្នំពេញ ត្រៀមបើកក្លឹបប្រដាល់គុនខ្មែរនៅក្នុងប្រទេសកម្ពុជានៅពេលខាងមុខ។
ទាក់ទិននឹងបញ្ហានេះ កាលពីចុងខែមករា ឆ្នាំ២០២៣ អនុប្រធានគណៈកម្មាធិការជាតិអូឡាំពិកថៃ (NOCT) លោក Charoen Wattanasin អះអាងថា សហព័ន្ធកីឡាថៃនឹងមិនបញ្ជូនអត្តពលិករបស់ខ្លួនទៅចូលរួមប្រកួតកីឡាស៊ីហ្គេមនៅកម្ពុជាទេនៅដើមខែឧសភា ឆ្នាំ២០២៣ នេះ បន្ទាប់ពីកម្ពុជាស្នើសុំផ្លាស់ប្ដូរវិញ្ញាសាមួយថៃ មកជាគុនខ្មែរនោះ ប៉ុន្តែចុងក្រោយ ថៃក៏បានប្តូរចិត្តបញ្ជូនអត្តពលិករបស់ខ្លួនឱ្យមកចូលរួមវិញ។
សារព័ត៌មានប្រទេសថៃ ដែលមានឈ្មោះថា ONE SIAM បានចុះផ្សាយកាលពីពេលកន្លងទៅថា ភស្តុតាងបុរាណវិទ្យាមួយបង្ហាញថា មួយថៃ (Muay Thai) មានប្រភពមកពីអាណាចក្រខ្មែរ។ ថ្ងៃនេះកម្ពុជាមានគុនខ្មែរ ឡាវ មានមួយឡាវ និងប្រទេសថៃ មានមួយថៃ (Muay Thai)។
ប្រភពដដែលបញ្ជាក់ថា កីឡាទាំងបីនេះមានលក្ខណៈស្រដៀងគ្នាខ្លាំងណាស់ ប៉ុន្តែដោយសារកង្វះខាតកំណត់ត្រាជាលាយលក្ខណ៍អក្សរ វាពិបាកក្នុងការផ្ទៀងផ្ទាត់ណាស់ ថាតើផ្នែកណាខ្លះជា មួយថៃ (Muay Thai) តែគេគ្រាន់តែសម្គាល់បានថា មួយថៃ (Muay Thai) ពិតជាបានចាប់ផ្តើមក្នុងអាណាចក្រខ្មែរប្រាកដមែន៕