អ្នកឃ្លាំមើលនិយាយថា វត្តមានរបស់កីឡាប្រដាល់លំដាប់ពិភពលោក ម៉ានី ប៉ាគីអាវ នៅកម្ពុជាក្នុងនាមជាទូតសុឆន្ទៈរបស់ក្រុមហ៊ុនស្រាបៀរ ហនុមាន (Hanuman Beverages) ជាសញ្ញានៃការលើកទឹកចិត្តឱ្យពលរដ្ឋខ្មែរប្រើប្រាស់គ្រឿងស្រវឹងកាន់តែខ្លាំង។
អ្នកផ្តល់ប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវលោក សេក សុជាតិ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៣១ ឧសភា នេះថា វត្តមានរបស់កីឡាករ ម៉ានី ប៉ាគីអាវ អាចផ្សព្វផ្សាយវិស័យកីឡាគុនខ្មែរទៅដល់ពិភពលោកមែន ប៉ុន្តែទន្ទឹមនេះ វត្តមានរបស់លោកក្នុងនាមជាទូតសុឆន្ទៈរបស់ក្រុមហ៊ុនស្រាបៀរនៅកម្ពុជា ក៏ជារឿងដែលគួរឱ្យព្រួយបារម្ភដែរ ព្រោះក្នុងនោះគឺបានបង្កប់នូវចេតនាជំរុញឱ្យមានការប្រើប្រាស់គ្រឿងស្រវឹងទៅដល់ពលរដ្ឋខ្មែរដែរ។
លោក សេក សុជាតិ លើកឡើងថា ដើម្បីថែរក្សាសុខភាពសម្រាប់រក្សាកម្លាំងក្នុងការប្រកួត គឺត្រូវចៀសវាងដាច់ខាតពីការប្រើប្រាស់គ្រឿងស្រវឹង ដូច្នេះការប្រើរូបភាពដែលមានវត្តមានកីឡាប្រដាល់លំដាប់ពិភពលោក ម៉ានី ប៉ាគីអាវ នៅកម្ពុជា ពិតមែនអាចជួយផ្សព្វផ្សាយពីគុនខ្មែរឱ្យពិភពលោកបានស្គាល់ ប៉ុន្តែក្រុមហ៊ុនស្រាបៀរ ហនុមាន ក៏រំពឹងពីផលវិជ្ជមានពីការផ្សព្វផ្សាយគ្រឿងស្រវឹងរបស់គេដែរជុំវិញព្រឹត្តិការណ៍នេះ។
អ្នកផ្តល់ប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិតរូបនេះបញ្ជាក់ថា លោកមើលមិនឃើញថាវត្តមានរបស់លោក ម៉ានី ប៉ាគីអាវ នៅពេលនេះ អាចជួយឲ្យវិស័យទេសចរណ៍របស់កម្ពុជាឱ្យមានសន្ទុះកើនឡើងនោះទេ ប៉ុន្តែការលើកទឹកចិត្តឱ្យមានការទទួលទានគ្រឿងស្រវឹង គឺកំពុងត្រូវបានជំរុញឱ្យធ្វើដំណើរទន្ទឹមគ្នានឹងការផ្សព្វផ្សាយគុនខ្មែរពីវត្តមានរបស់គាត់ ដែលត្រូវចុះកិច្ចព្រមព្រៀងធ្វើជាទូតសុឆន្ទៈរបស់ក្រុមហ៊ុនស្រាបៀរនៅកម្ពុជា។
កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត បានជួបជាមួយនឹងកំពូលកីឡាករប្រដាល់កម្រិតពិភពលោក និងជាអតីតសមាជិកព្រឹទ្ធសភានៃប្រទេសហ្វីលីពីន លោក ម៉ានី ប៉ាគីអាវ ក្នុងទីក្រុងភ្នំពេញ។
លោក ហ៊ុន ម៉ាណែត លើកឡើងថា វត្តមានរបស់លោក ម៉ានី ប៉ាគីអាវ ក្នុងនាមជាកីឡាករប្រដាល់ដ៏ល្បីល្បាញដែលប្រជាពលរដ្ឋកម្ពុជាគ្រប់រូបបានស្គាល់ នឹងចូលរួមចំណែកក្នុងការលើកស្ទួយវិស័យកីឡា វិស័យទេសចរណ៍ និងលើកកម្ពស់ទំនាក់ទំនងរវាងកម្ពុជា-ហ្វីលីពីន តាមរយៈការតភ្ជាប់រវាងប្រជាជន និងប្រជាជនជាមិនខាន។
ចំណែកកីឡាករប្រដាល់លោក ម៉ានី ប៉ាគីអាវ អះអាងថា លោកក៏ចង់ចែករំលែកពីតិចនិក និងបទពិសោធន៍ប្រដាល់ដល់កីឡាករគុនខ្មែរដែរ ហើយលោកសង្ឃឹមថានឹងត្រូវបានអញ្ជើញឱ្យមកប្រទេសកម្ពុជាម្តងទៀត ដើម្បីជួយបង្ហាត់ដល់កីឡាករគុនខ្មែររបស់កម្ពុជា។
កីឡាករលំដាប់ពិភពលោករូបនេះ ក៏នឹងមានវត្តមានក្នុងការប្រកួតកីឡាប្រដាល់គុនខ្មែរនៅឯមជ្ឈមណ្ឌលកោះពេជ្រ នៅយប់ថ្ងៃទី៣១ ឧសភា នេះផងដែរ បន្ទាប់ពីលោកបានចុះហត្ថលេខាផ្លូវការនៃកិច្ចព្រមព្រៀងធ្វើជាទូតសុឆន្ទៈរបស់ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស នៅសណ្ឋាគារ Hayatt Regency ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែឧសភា។
ទាក់ទិននឹងបញ្ហានេះ លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានប្រាប់សារព័ត៌មានក្នុងស្រុកថា វត្តមានរបស់កីឡាករលំដាប់ពិភពលោករូបនេះ នឹងមានឥទ្ធិពលជាវិជ្ជមានក្នុងវិស័យប្រដាល់គុនខ្មែរ ដូចជា ការទទួលស្គាល់គុនខ្មែរនៅលើពិភពលោក ជាដើម ព្រោះលោក ម៉ានី ប៉ាគីអាវ គឺជាកីឡាករប្រដាល់ល្បីល្បាញនៅលើពិភពលោកស្រាប់។
លោក ខូវ ឆាយ លើកឡើងថា ប្រទេសមួយដែលពីមុនគេមិនស្គាល់គុនខ្មែរ តែពេលនេះនឹងចាប់ផ្ដើមធ្វើឱ្យគេស្គាល់តាមរយៈលោក ម៉ានី ប៉ាគីអាវ នៅពេលនេះតែម្តង ហើយលោកក៏គ្រោងស្នើសុំលោក ម៉ានី ប៉ាគីអាវ ឱ្យជួយគាំទ្រដល់គុនខ្មែរផងដែរ។
ចំណែកអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) លោក វ៉ាត់ ចំរើន បានអះអាងថា ការមកទស្សនាប្រទេសកម្ពុជា និងទស្សនាការប្រកួតគុនខ្មែររបស់លោក ម៉ានី ប៉ាគីអាវ នៅពេលនេះ គឺជាការលើកទឹកចិត្តមិនត្រឹមតែសម្រាប់គុនខ្មែរទេ គឺសម្រាប់វិស័យកីឡាកម្រិតខ្ពស់ និងអាជីពទាំងមូលថែមទៀត។
កំពូលកីឡាករប្រដាល់កម្រិតពិភពលោក និងជាអតីតសមាជិកព្រឹទ្ធសភានៃសាធារណរដ្ឋហ្វីលីពីន លោក ម៉ានី ប៉ាគីអាវ បានធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសកម្ពុជាម្តងរួចមកហើយកាលពីឆ្នាំ២០១៦ ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte) នៅពេលនោះ។
កំពូលកីឡាករប្រដាល់កម្រិតពិភពលោក ម៉ានី ប៉ាគីអាវ កើតនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ១៩៧៨ ក្នុងប្រទេសហ្វីលីពីន និងបានចាប់ផ្តើមក្លាយជាអ្នកប្រដាល់អាជីពចាប់តាំងពីឆ្នាំ១៩៩៥ ក្នុងវ័យ ១៦ឆ្នាំ និងទទួលបណ្ណសរសើរពីសាកលវិទ្យាល័យ Southwestern University (SWU) អំពីជីវិតជោគជ័យក្នុងវិស័យប្រដាល់សកល និងសកម្មភាពមនុស្សធម៌ផ្សេងៗកាលពីដើមឆ្នាំ២០០៩។
ក្រោយជោគជ័យលើអាជីពជាអ្នកប្រដាល់រាប់ទសវត្សរ៍ កីឡាកររូបនេះបានឈានជើងចូលឆាកនយោបាយរបស់ប្រទេសហ្វីលីពីន នៅអំឡុងខែឧសភា ឆ្នាំ២០១០ និងត្រូវបានប្រជាជនហ្វីលីពីន បោះឆ្នោតគាំទ្រឲ្យក្លាយជាសមាជិករដ្ឋសភានៃការបោះឆ្នោតសកលកាលពីខែឧសភា ឆ្នាំ២០១៦ ក្នុងអាណត្តិដែលមានរយៈពេល ៦ឆ្នាំ និងត្រូវបានបញ្ចប់កាលពីអំឡុងឆ្នាំ២០២២ កន្លងទៅនេះ៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

