27 C
Phnom Penh

លោក ថេង សាវឿន និង​សហការី​២​នាក់​មិន​ទាន់​ត្រូវ​បាន​ដោះលែង ខណៈ​ពលរដ្ឋ​តវ៉ា​ឱ្យ​ដោះលែង​វិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមត្ថកិច្ច​មិនទាន់​អនុញ្ញាត​ឲ្យ​ក្រុម​មេធាវី​ការពារ​ក្ដី​លោក ថេង សាវឿន ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា និង​សហការី ២​នាក់​ចូល​ជួប​កូនក្ដី​នៅឡើយ ខណៈ​ពលរដ្ឋ​រងគ្រោះ​ដីធ្លី​ជិត ២០០​នាក់ បាន​ប្រមូលផ្ដុំ​តវ៉ា​មុខ​ក្រសួង​មហាផ្ទៃ ទាមទារ​ឲ្យ​ដោះលែង​អ្នក​ទាំង​បី​នាក់​វិញ។

ការ​មិន​អនុញ្ញាត​ឲ្យ​ក្រុម​មេធាវី​ចូល​ជួប​កូនក្ដី​ចាប់តាំងពី​ថ្ងៃទី​១៨ ដល់​ថ្ងៃទី​១៩ ខែ​ឧសភា នេះ សមត្ថកិច្ច​អះអាង​ថា ខ្លួន​ធ្វើការ​សាកសួរ​អ្នក​ទាំង​បី​នៅ​មិនទាន់​បញ្ចប់។

លោក សំ ទិត្យសីហា មេធាវី​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​១៩ ឧសភា នេះ​ថា ក្រុម​បណ្តា​មេធាវី​របស់​អង្គការ​អាដហុក និង​អង្គការ​លីកាដូ នៅតែ​មិនទាន់​អាច​ចូល​ជួប​ក្រុម​លោក ថេង សាវឿន បាន​នៅឡើយ ដោយ​សមត្ថកិច្ច​បាន​អះអាង​ថា អាជ្ញាធរ​មាន​សមត្ថកិច្ច​នៅ​បន្ត​នីតិវិធី​សាកសួរ​លោក ថេង សាវឿន និង​មន្ត្រី​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា ចំនួន ២​រូប គឺ​លោក ញ៉ិល ភាព និង​លោក ថាន់ ហាច។

លោក​មេធាវី សំ ទិត្យសីហា បាន​ឲ្យ​ដឹង​ទៀត​ថា គេ​មិនទាន់​អាច​ដឹង​ពី​មូលហេតុ​ពិតប្រាកដ​នៃ​ការ​ចាប់​ខ្លួន​លោក ថេង សាវឿន និង​សហការី​ទាំង​ពីរ​នាក់​នៅឡើយ​នោះ​ទេ ក៏ប៉ុន្តែ​យ៉ាងណា លោក​បញ្ជាក់​ថា សមត្ថកិច្ច​កំពុង​សាកសួរ​ក្រុម​លោក ថេង សាវឿន អំពី​ការ​ជួបជុំ​របស់​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា នៅ​ក្នុង​ខេត្ត​រតនគិរី និង​ពី​ប្រធានបទ​ដែល​ក្រុម​លោក ថេង សាវឿន បាន​លើក​មក​ជជែក។

រីឯ​អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា លើកឡើង​នៅ​ថ្ងៃ​សុក្រ​នេះ​ដែរ​ថា មេធាវី​បាន​ចូល​រង់ចាំ​ជួប​លោក ថេង សាវឿន លោក ញ៉ិល ភាព និង​លោក ថាន់ ហាច នៅ​ក្នុង​រោង​បរិវេណ​ស្នងការដ្ឋាន​នគរបាល​ជា​យូរ​មក​ហើយ​តាំងពី​វេលា​ម៉ោង ២ និង ៤៥​នាទី តែ​មក​ទល់​ពេលនេះ មេធាវី​នៅតែ​មិនទាន់​បាន​ជួប​កូនក្ដី​របស់​ខ្លួន​នៅឡើយ ទោះ​ហួស ២៤​ម៉ោង។

ប្រភព​ដដែល​បាន​ដាក់​ជា​សំណួរ និង​បង្ហាញ​ការ​ងឿង​ឆ្ងល់​ចំពោះ​សមត្ថកិច្ច​ក្នុង​ការ​អនុវត្ត​នេះ។ លោក​ថា លោក​មិន​យល់​ពី​នីតិវិធី​ច្បាប់​ទេ។

អំឡុង​ពេល​ស្នងការដ្ឋាន​នគរបាល​ខេត្ត​រតនគិរី កំពុង​សាកសួរ​អ្នក​ទាំង​បី​នាក់​នៅ​ថ្ងៃ​សុក្រ​នេះ ប្រជាពលរដ្ឋ​ជិត ២០០​នាក់​មកពី​ខេត្ត​ចំនួន​៣ បាន​នាំគ្នា​ប្រមូលផ្ដុំ​តវ៉ា​នៅ​ខាង​មុខ​ក្រសួង​មហាផ្ទៃ ដើម្បី​ទាមទារ​ឲ្យ​ស្ថាប័ន​នេះ​អន្តរាគមន៍​ទៅ​អាជ្ញាធរ​ខេត្ត​រតនគិរី ដោះលែង​លោក ថេង សាវឿន ហើយ​លោក ញ៉ិល ភាព និង​លោក ថាន់ ហាច វិញ។

បើ​តាម​សមាគម​សិទ្ធិមនុស្ស​អាដ​ហុក ដែល​ចុះ​ទៅ​ឃ្លាំមើល ឲ្យ​ដឹង​ថា ប្រជា​សហគមន៍​រងគ្រោះ​ដីធ្លី​ដែល​ឡើង​ពី​មក​តវ៉ា​នៅ​ខាង​មុខ​ក្រសួង​មហាផ្ទៃ គឺ​មាន​ខេត្ត​កណ្តាល ខេត្ត​ស្វាយរៀង និង​ខេត្ត​កំពង់ស្ពឺ ដោយ​ការ​តវ៉ា​នោះ​ក្រោម​ការ​ឃ្លាំមើល និង​ថត​រូប​ក្រុម​ប្រជាពលរដ្ឋ​ពី​សំណាក់​កម្លាំង​សមត្ថកិច្ច​ប្រមាណ​ជា ៥០​នាក់។

ក្រៅពី​ប្រជា​សហគមន៍​រងគ្រោះ​ដីធ្លី​ហើយ កាលពី​ថ្ងៃទី​១៨ ខែ​ឧសភា សហភាព​ផ្ទះ​សាមគ្គី​ក៏​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​ដោយ​អំពាវនាវ​ទៅ​រដ្ឋាភិបាល និង​អាជ្ញាធរ​ខេត្ត​រតនគិរី ឱ្យ​ដោះលែង​លោក ថេង សាវឿន ហើយ​លោក ញ៉ិល ភាព​និង​លោក ថាន់ ហាច ឲ្យ​មាន​សេរីភាព​វិញ និង​បញ្ឈប់​សកម្មភាព​យាយី​មក​លើ​សកម្មជន​សិទ្ធិមនុស្ស​គ្រប់​រូបភាព​ផង​ដែរ។ ពួកគេ​ថា ការ​សាកសួរ ដក​ហូត​សម្ភារៈ និង​ឧបករណ៍​អេឡិចត្រូនិក​ទៅ​ត្រួតពិនិត្យ គឺជា​សកម្មភាព​រំលោភ​លើ​ឯកជនភាព​យ៉ាង​ធ្ងន់ធ្ងរ។ ករណី​នេះ​វា​ក៏​ជា​ទង្វើ​រំលោភ​នូវ​អំណាច​របស់​ស្ថាប័ន​រដ្ឋ និង​រំលោភ​សិទ្ធិមនុស្ស​យ៉ាង​ធ្ងន់ធ្ងរ​ពី​សំណាក់​អាជ្ញាធរ​រដ្ឋ​មក​លើ​សមាគម ដែល​បាន​និង​កំពុង​ធ្វើ​ការងារ​យ៉ាង​សកម្ម​លើ​ការ​លើក​កម្ពស់​សិទ្ធិមនុស្ស​ជា​មូលដ្ឋាន ដើម្បី​ផលប្រយោជន៍​ជន​ក្រីក្រ និង​ជន​ងាយ​រងគ្រោះ។

សហភាព​ផ្ទះ​សាមគ្គី​ចាត់ទុក​ករណី​នេះ​ថា​ជា​ទង្វើ​គំរាមកំហែង​ឥត​ឈប់​ឈរ​របស់​អាជ្ញាធរ​រដ្ឋ​មក​លើ​អង្គការ​សង្គម​ស៊ីវិល និង​ពលរដ្ឋ​ខ្លួនឯង ដែល​បញ្ហា​នេះ​វា​មិនមែន​ជា​លើក​ទី​១ ទេ ដែល​អាជ្ញាធរ​រដ្ឋ​បាន​ធ្វើ​ទុក្ខបុកម្នេញ​មក​ដល់​សមាជិក​សហភាព​ផ្ទះ​សាមគ្គី។

លោក ថេង សាវឿន ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា រួម​ទាំង​ក្រុម​ការងារ​សមាគម​ចំនួន ១៦​រូប​ទៀត ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ខេត្ត​ក្រចេះ ឃាត់​ខ្លួន​នៅ​ម៉ោង ១២ ថ្ងៃទី​១៧ ឧសភា តាម​ការ​ស្នើ​ឲ្យ​ឃាត់​ខ្លួន​ពី​ខាង​ស្នងការ​នគរបាល​ខេត្ត​រតនគិរី។

ក្រោយពី​ឃាត់​ខ្លួន និង​សាកសួរ​រួច សមត្ថកិច្ច​ក៏​បាន​ដោះលែង​សមាជិក ១៤​នាក់​វិញ ប៉ុន្តែ​លោក ថេង សាវឿន ហើយ​លោក ញ៉ិល ភាព និង​លោក ថាន់ ហាច គឺ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​រតនគិរី មិន​ទាន់​ដោះលែង​វិញ​នៅឡើយ។

ការ​ឃាត់​ខ្លួន​នេះ បន្ទាប់ពី​ត្រឡប់​ពី​កម្សាន្ត​នៅ​ខេត្ត​រតនគិរី មក​រាជធានី​ភ្នំពេញ​វិញ​ជាមួយ​បុគ្គលិក និង​ក្រុម​គ្រួសារ​ដែល​មាន​គ្នា​ប្រមាណ ៣០​នាក់ កាលពី​ថ្ងៃទី​១៧ ខែ​ឧសភា នេះ។

បើ​តាម​ភរិយា​លោក ថេង សាវឿន គឺ​អ្នកស្រី ញូង សុខហៀង ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា ដំណើរ​កម្សាន្ត​កាលពី​ថ្ងៃទី​១៣ ដល់​ថ្ងៃទី​១៤ ខែ​ឧសភា ឆ្នាំ​២០២៣ ស្វាមី​របស់​អ្នកស្រី​បាន​នាំគ្នា​ប្រជុំ​ដើម្បី​ពង្រឹង ក៏ដូចជា​កសាង​សមត្ថភាព​របស់​បុគ្គលិក និង​វិភាគ​អភិក្រម​សិទ្ធិ​ជា​មូលដ្ឋាន ដែល​ធ្វើឡើង​នៅ​ក្នុង​ខេត្ត​រតនគិរី។

ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា លោក ថេង សាវឿន ធ្លាប់​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​កាត់ទោស​ឲ្យ​លោក​ជាប់​ពន្ធនាគារ​រយៈពេល ៤​ឆ្នាំ ២៨​ថ្ងៃ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ញុះញង់​ឲ្យ​មាន​ការ​ប្រើប្រាស់​អំពើ​ហិង្សា​ពាក់ព័ន្ធ​នឹង​ករណី​បង្ក្រាប​បាតុកម្ម​របស់​កម្មករ​រោងចក្រ​រាជធានី​ភ្នំពេញ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស