39 C
Phnom Penh

ជនរងគ្រោះ​ក្នុង​ព្រឹត្តិការណ៍​បង្ក្រាប​ដោយ​ហិង្សា​នៅ​ផ្លូវ​វេងស្រេង​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ថ្មី​ផ្ដល់​យុត្តិធម៌​ដល់​ពួកគេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សកម្មជន​សិទ្ធិមនុស្ស​រងគ្រោះ​ពី​ការ​បង្ក្រាប​ដោយ​ហិង្សា និង​ព្រៃផ្សៃ​ពី​សំណាក់​កង​ទាហាន​ឆត្រ​យោង​៩១១ ទាមទារ​ឱ្យ​រដ្ឋាភិបាល​ថ្មី​លាង​ជម្រះ​ភាព​អយុត្តិធម៌​សង្គម និង​ផ្តល់​យុត្តិធម៌​ដល់​ពួកគេ​ដែល​ជា​ជនរងគ្រោះ​អស់​រយៈពេល ១០​ឆ្នាំ​កន្លង​មក។

ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វន់ ពៅ បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​៣ មករា ថា «១០​ឆ្នាំ​ហើយ​ស្លាកស្នាម​ដិតដាម​ក្រឡៅ​នៅ​ជាប់​ជានិច្ច ព្យាយាម​រក​យុត្តិធម៌ តែ​ហាក់​នៅ​សែន​ឆ្ងាយ ឆ្ងាយ​ដូច​ជើងមេឃ ឬ​ដូច​កំពុងតែ​រាវ​ម្ជុល​នៅ​ក្នុង​បាត​សមុទ្រ​ដែល​រលក​កំពុងតែ​បោក​បក់​ដូច្នោះ​ដែរ»

លោក​បាន​សរសេរ​រៀបរាប់​ថា «សព្វថ្ងៃ​លោក​បាន​រស់នៅ​ក្រៅ​ឃុំ​មែន តែ​គុក​កម្ម​ប្រចាំ​កាយ​វា​ហាក់ដូចជា​ស្រមោល​អន្ទោល​តាម​ប្រាណ​ដូច្នោះ​ដែរ។ អ្នក​ផ្សេង​គេ​អាច​បំភ្លេច​រឿង​នេះ​បាន តែ​សម្រាប់​ពួក​លោក​ជា​អ្នក​រងគ្រោះ នៅតែ​មិន​អាច​បំភ្លេច​បាន​ទេ ព្រោះ​ស្លាកស្នាម​ដិតដាម​នៅ​លើ​រាងកាយ និង​ផ្លូវចិត្ត មិន​អាច​រលុប​បាន​ទេ ដរាប​ណា​គ្មាន​យុត្តិធម៌​ពិតប្រាកដ»

លោក វន់ ពៅ អះអាង​ថា រជ្ជកាល​ថ្មី​ហើយ គួរតែ​ត្រូវ​បាន​ផ្តល់​យុត្តិធម៌​សម្រាប់​លោក និង​ជនរងគ្រោះ​ដទៃ​ទៀត។ ម្យ៉ាង​ទៀត ឆ្នាំ​ថ្មី​២០២៤ ហើយ គួរតែ​ធ្វើ​ឲ្យ​ពួក​លោក​ជា​ជនរងគ្រោះ​មាន​ពន្លឺ​យុត្តិធម៌​ផង។

ចំណែកឯ​លោក ថេង សាវឿន ប្រធាន​សមាគម​បណ្ដាញ​សហគមន៍​កសិករ​កម្ពុជា បាន​សរសេរ​ថា អ្វី​ដែល​លោក​នៅ​ចងចាំ​មិន​ភ្លេច​នោះ គឺ​គ្រប់​រូបភាព​នៃ​ការ​ប្រើប្រាស់​អំពើ​ហិង្សា​យ៉ាង​ព្រៃផ្សៃ​ជាទីបំផុត​របស់​កង​ទាហាន​ឆត្រ​យោង​៩១១ មក​លើ​រូបលោក។ លោក​ថា លោក​និង​ជនរងគ្រោះ​ផ្សេង​ទៀត​កំពុង​រង់ចាំ​យុត្តិធម៌​អស់​រយៈពេល ១០​ឆ្នាំ​ហើយ ដោយសារតែ​ការ​ទាមទារ​ដំឡើង​ប្រាក់ខែ​គោល​ឲ្យ​កម្មករ ១៦០​ដុល្លារ​កាលពី​ឆ្នាំ​២០១៣។

ប្រភព​ដដែល​ថា ការ​កាត់​ក្ដី​ឲ្យ​លោក​ជាប់​ពន្ធនាគារ​រយៈពេល ៤​ខែ និង ២៨​ថ្ងៃ ថា​ជា​ការ​សម្រេច​ក្តី​ដោយ​អយុត្តិធម៌ និង​ថា​លោក​នៅតែ​តស៊ូ​មតិ​ស្វែងរក​យុត្តិធម៌​ក្នុង​ទិដ្ឋភាព​ច្បាប់។ ក្នុង​រយៈពេល ១០​ឆ្នាំ​មក​នេះ និង​ក្នុង​នាម​ជា​ជនរងគ្រោះ​ម្នាក់ លោក​ស្នើ​ទៅ​គណៈកម្មាធិការ​កែទម្រង់​ប្រព័ន្ធ​យុត្តិធម៌​ដែល​ត្រូវ​បាន​ព្រះមហាក្សត្រ​តែងតាំង​កាលពី​ថ្ងៃទី​៣០ ខែ​ធ្នូ ឆ្នាំ​២០២៣ ឲ្យ​ជំរុញ​ទៅ​តុលាការ​កំពូល​ទម្លាក់​ការ​ចោទប្រកាន់​ទៅ​លើ​ពួកគេ ដែល​ជា​ជនរងគ្រោះ​ក្នុង​ព្រឹត្តិការណ៍​ផ្លូវ​វេងស្រេង។

កាលពី​ថ្ងៃទី​២ ខែ​មករា ឆ្នាំ​២០១៤ ទាហាន​កង​ឆត្រ​យោង​នៃ​កងពលតូច​លេខ​៩១១ ដែល​ដឹកនាំ​ដោយ​លោក ចាប ភក្តី បាន​ប្រើ​អំពើ​ហិង្សា​ជា​ខ្លាំង​លើ​ក្រុម​សកម្មជន​សិទ្ធិមនុស្ស សកម្មជន​ដីធ្លី និង​កម្មករ​នៅ​មុខ​រោងចក្រ យ៉ាកជីន។ មួយ​ថ្ងៃ​ក្រោយ​មក មាន​ការ​បង្ក្រាប​បង្ហូរ​ឈាម​ពី​សំណាក់​កងកម្លាំង​ចម្រុះ​នៃ​របប​លោក ហ៊ុន សែន រាប់​រយ​នាក់ ប្រដាប់​ដោយ​អាវុធ​ទំនើបៗ​គ្រប់​ដៃ បាញ់​រះ​ទៅ​លើ​កម្មករ​នៅ​លើ​ផ្លូវ​វេងស្រេង។

ព្រឹត្តិការណ៍​ទាំង​ពីរ​នេះ បណ្ដាល​ឱ្យ​កម្មករ ៤​នាក់​ស្លាប់ និង​បាត់​ខ្លួន​ម្នាក់​រហូត​មក​ទល់​ពេល​បច្ចុប្បន្ន ព្រមទាំង​រង​របួស​ជាច្រើន​នាក់។

យោង​តាម​របាយការណ៍​របស់​អង្គការ​លីកាដូ បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃទី​០៣ ខែ​មករា ឆ្នាំ​២០១៤ កងកម្លាំង​សមត្ថកិច្ច​ចម្រុះ​បាន​បាញ់​ប្រហារ​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​យ៉ាងតិច ៤​នាក់ និង​រង​របួស​យ៉ាងតិច ៣៨​នាក់។ កម្មករ​និយោជិត និង​អ្នក​ការពារ​សិទ្ធិមនុស្ស​ចំនួន ២៣​នាក់ ត្រូវ​បាន​ចាប់​ខ្លួន និង​ផ្ដន្ទាទោស​ពី​បទ​ហិង្សា​ដោយ​ចេតនា បទ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ដោយ​ចេតនា បទ​រារាំង​ចរាចរណ៍​សាធារណៈ និង​បទ​ប្រមាថ។ ការ​បង្ក្រាប​នៅ​ពេល​នោះ ធ្វើឡើង​ពាក់ព័ន្ធ​ទៅ​នឹង​ការ​តវ៉ា​សុំ​ដំឡើង​ប្រាក់ខែ​ឈ្នួល​ដោយ​សន្តិវិធី​នៅ​លើ​មហាវិថី​វេងស្រេង។

អង្គការ​លីកាដូ បាន​ឲ្យ​ដឹង​ថា ការ​ស៊ើបអង្កេត​ក្រោយ​មក​ទៅ​លើ​ការ​បាញ់​ប្រហារ​នេះ ត្រូវ​បាន​រាយការណ៍​ថា ធ្វើឡើង​ត្រឹម​រយៈពេល ៣​សប្ដាហ៍​ប៉ុណ្ណោះ ហើយ​ពុំ​មាន​នរណា​ម្នាក់​ត្រូវ​បាន​យក​មក​ផ្ដន្ទាទោស​ចំពោះ​ការ​ស្លាប់​នេះ​ទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស